ពលរដ្ឋ​រងគ្រោះ​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​ឧបទ្រព​ចង្រៃ​នៅ​ឆ្នាំ​ចាស់ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី

0:00 / 0:00

នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​មក​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះស្រាយ​ឱ្យអស់​នូវ​បញ្ហា​ជា​ឧបទ្រព​ចង្រៃ និងរឿង​ជាប់​គាំង​នៅ​ក្នុង​ឆ្នាំ​ចាស់ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី។

ពិធី​បុណ្យ​ចូល​ឆ្នំា​ថ្មី គឺ​ជា​ឱកាស​ដែល​គ្រួសារ​ខ្មែរ​ភាគ​ច្រើន​ជួប​ជុំ​គ្រួសារ ដើម្បី​អបអរ​សាទរ​និង​សប្បាយ​រីករាយ​ឆ្នាំ​ថ្មី ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ខ្លះ​ មិន​មាន​ឱកាស​បាន​ជួបជុំ​គ្នា​នោះ​ទេ ដោយសារសមាជិក​គ្រួសារ​ជាប់​ពន្ធនាគារ ខណៈ​អ្នក​ខ្លះទៀត កំពុង​រងទុក្ខ​វេទនា និង​អំពើ​អយុត្តិធម៌។

ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ ជាតិ ដែល​កំពុង​ជាប់​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្ដា សំណូមពរ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ឱ្យ​បាន​ជួបជុំ​គ្រួសារ​ក្នុង​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ ពីព្រោះ​ពួកគាត់​ជា​អ្នក​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាធិបតេយ្យ និង​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ។

លោកស្រី ទៀង ចិន្តា បច្ចុប្បន្ន​រស់នៅ​ខេត្តកណ្តាល​អះអាង​ថា តុលាការ​កាត់​ទោស​ឱ្យ​ប្ដី​របស់​លោកស្រី ជាប់​ពន្ធនាគារ​រហូត​ដល់ ១១ឆ្នាំ ទាំង​គ្មាន​កំហុស គឺ​ជា​រឿង​អយុត្តិធម៌​ណាស់ ហើយ​បង្ក​ការ​ឈឺ​ចាប់ និង​ការ​លំបាក​យ៉ាង​ ខ្លាំង​ដល់​គ្រួសារ​ទាំងមូល។

លោកស្រី ទៀង ចិន្ដា៖ «ខ្ញុំ​ជួប​បញ្ហា​សព្វ​គ្រប់​បែប​យ៉ាង បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ជំពាក់​ធនាគារ​ហើយ ខ្ញុំ​ត្រូវ​មើល​កូន​តែ​ម្នាក់​ឯង រ៉ាប់​រង​គ្រប់​យ៉ាង​ហើយ ត្រូវ​មើល​ថែ​ប្ដី​នៅ​ពន្ធនាគារ ត្រូវ​រក​ប្រាក់​សម្រាប់​គាត់។ អ៊ីចឹង បន្ទុក​គ្រប់​យ៉ាង​លើ​ខ្ញុំ​តែ​ម្នាក់់។ អ៊ីចឹង វា​ពិត​ណាស់​បង អ៊ីចឹង​បាន​ជា​ខ្ញុំ​នៅ​ទទូច​ហើយ ទទូច​ទៀត ទាមទារ​សុំ​ឱ្យ​រាជរដ្ឋាភិបាល​ថ្មី ដោះលែង​អ្នក​ទោស​មនសិការ»។

រីឯ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ លោកស្រី លូត សាឡា ធ្វើ​សំណូមពរ​ដល់​រដ្ឋាភិបាល ឱ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​គាត់ និង​អ្នក​ស្រុក​ នៅ​ទីនោះ ដោយ​យុត្តិធម៌។

លោកស្រី​អង្វរ​ឱ្យ​អាជ្ញាធរ និង​តុលាការ​បញ្ឈប់​ការ​តាម​ចាប់​ពួក​គាត់ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ និង​ដោះ​លែង​អ្នក​ភូមិ​ប្រមាណ ៣០នាក់ ដែល​​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ព្រោះ​សង្វេគ​កូន​តូចៗ របស់​ពួក​គាត់ ដែល​យំ​ពេញ​ព្រៃ​រក​ឪពុក​ម្ដាយ។

លោកស្រី លូត សាឡា៖ «កូន​ដែល​កំពុង​ស្រែក រាល់​ថ្ងៃ​គាត់​កំពុង​រក​ម្ដាយ គឺ​អ្នក​ដែល​រងទុក្ខ​ដូច​ពួក​ខ្ញុំ គឺ​រងទុក្ខ​លំបាក​ខ្លាំង​មែន​ទែន ចង់​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ លក្ខណៈ​ចូល​ឆ្នាំ​សង្ក្រាន្ត​គេ​ជួប​ជុំ​ទៅ តែ​លក្ខណៈ​ពួក​យើង​រស់នៅ​ក្នុង​ព្រៃ ហើយ​កូន​យំ​រក​ម្ដាយ គឺ​យើង​សង្វេគ​ខ្លាំង​មែន​ទែន»។

ចំណែក​ឯ​ពលរដ្ឋ​នៅ​ស្រុកក្រឡាញ់ ខេត្តសៀមរាប លោកស្រី យំ សំអាង ដែល​លោក​ស្រី និង​ប្អូនៗ ចាញ់​បោក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)របស់​អ្នកស្រី ឡេង ចាន់ណា អស់​លុយ ៤ម៉ឺន​ដុល្លារ បាន​អង្វរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ជួយ​ដោះស្រាយ​ឱ្យ​បាន​នៅ​ដើម​ឆ្នាំ​ថ្មី​នេះ។

លោកស្រី​រៀប​រាប់​ថា ដោយសារ​តែ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ធ្វើ​ ឱ្យ​ប្អូនៗ របស់​លោកស្រី​លែងលះ​គ្នា ហើយ​បំណុល​ធនាគារ​ជា​ច្រើន​ស្ថាប័ន​ធ្លាក់​មក​លើ​លោកស្រី ដែល​បាន​ធានា​ឱ្យ​ប្អូនៗ ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន។

លោកស្រី យំ សំអាង៖«អាណា​ធនាគារ​របស់​មីង​គេ​មក​ជេរ គេ​មក​ស្ដី អាណា​របស់​ប្អូន​នាំ​គេ​ដាក់ វា​ពីរ​ទៅ​បី​ស្ថាប័ន មិន​ដឹង​គេ​គិត​ធ្វើ​យ៉ាង​ម៉េច​ទេ ខែ៤ នេះ មីង​មិន​មាន​អី​បង់​គេ មិន​ដឹង​គេ​គិត​ធ្វើ​យ៉ាង​ម៉េច​ទេ។ មួយ​ខែ​ទល់​មួយ​ខែ គេ​សន្យា​ថា បោះ​ឆ្នោត វា​ពាក់ព័ន្ធ​នឹង​បោះ​ឆ្នោត តែងតាំង​សម្ដេច​ថ្មី វា​ស្ទះ​អ៊ីចឹង​ឯង។ ចាប់​ពី​បោះ​ឆ្នោត​រួច​ហើយ ដឹង​តែ​ឱ្យ​ការ​មក​វិញ ចេះ​តែ​ជឿ​គេ រង់​ចាំ​គេ​ប្រាប់​ទៅ គេ​ប្រាប់​ទៅ​ក៏​អរ រាប់​រយ​ដង​ដល់​ពេល​ថ្ងៃ គេ​ណាត់​ថា មិន​មាន​ទេ ក៏​អង្គុយ​យំ»។

ដោយ​ឡែក ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​រង​ការ​រំលោភ​យក​ដីធ្លី លោកស្រី ភ្លឹក ភីរម្យ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ធនធាន​ធម្មជាតិ ព្រៃឈើ និង​ស្រែ​ចម្ការ​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​ភាគ​ឦសាន​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ច្រើន​ឡើងៗ ទៅ​ក្នុង​ដៃ​របស់​ឈ្មួញ ឧកញ៉ា និង​ក្រុមហ៊ុន​បរទេស។

លោកស្រី ក៏​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី ផ្ដល់​យុត្តិធម៌ និង​ជួយ​ការពារ​សហគមន៍​ជន​ជាតិ​ ដើម​ភាគតិច ដែល​សកម្ម​ការពារ​ទឹក​ដី​ដូនតា​របស់​ពួក​គាត់ ពីព្រោះ​កន្លងមក ជន​ជាតិ​ដើម​ភាគ​តិច ដែល​ធ្វើ​អំពើ​ល្អ​ឈឺ​ឆ្អាល​នឹង​ការ​ថែរក្សា​ទឹក​ដី​ដូនតា បែរជា​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ទៅ​វិញ។

លោកស្រី ភ្លឹក ភីរម្យ៖ «ក្រុមហ៊ុន​វៀតណាម ក្រុមហ៊ុន​ចិន​អី​អ៊ីចឹង​ទៅ ឬ​ក៏​ក្រុមហ៊ុន​បារាំង គេ​កំពុង​យក​ដី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ជា​អាជីវកម្ម​ដាំ​ដើម​កៅស៊ូ​អី​ផ្សេងៗ ក្រុមហ៊ុន​ចិន គេ​រក​មាស​ឬ​ក៏​អូស្ត្រាលី​អី​អ៊ីចឹង។ យើង​គិត​ថា មាន​បញ្ហា​ធំ​មែន​ទែន សម្រាប់​ការ​បាត់​បង់​ដីធ្លី​ទាំងអស់​ហ្នឹង ហើយ​បន្ត​បន្ទាប់​ទៀត ឥឡូវ​ហ្នឹង​ទៀត យើង​ក៏​ឃើញ​មាន​បញ្ហា​ខ្លាំង​ទៀត​ដែរ មាន​អ្នក​បន្លំ​កាប់​ព្រៃឈើ ឬ​អ្នក​កាប់​ទន្ទ្រាន​ដីធ្លី តែ​ទាំងអស់​នោះ យើង​ហាក់​ដូច​ជា ត្រូវ​បាន​គេ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​ការពារ​ដីធ្លី និង​ធនធាន​ធម្មជាតិ​ទាំងអស់​នោះ»។

ងាក​មក​រាជធានី​ភ្នំពេញ​ឯណេះ តំណាង​សហគមន៍​ដីធ្លី​បឹង​តាមោក សង្កាត់​សំរោងត្បូង លោកស្រី ស៊ា ដាវី សំណូមពរ​យ៉ាង​ទទូច ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ឱ្យ​សហគមន៍​ពួក​គាត់ ដោយ​កុំ​ប្រើ​វិធី​បណ្ដេញ​ពលរដ្ឋ​ចេញ ប៉ុន្តែ​សុំ​ឱ្យ​រដ្ឋាភិបាល​អភិវឌ្ឍន៍​ពលរដ្ឋ​នៅ​នឹង​កន្លែង។

លោកស្រី ស៊ា ដាវី បញ្ជាក់​ថា ពលរដ្ឋ​រងគ្រោះ​នៅ​បឹង​តាមោក ទាមទារ​កាន់​កាប់​តែ​ដី និង​ផ្ទះ ដែល​ជា​កម្មសិទ្ធិ​របស់​ពួកគាត់​ប៉ុណ្ណោះ។

លោកស្រី ស៊ា ដាវី៖ «បញ្ហា​ដី​ធ្លី​ហ្នឹង វា​ជិត ៥ ឆ្នាំ អ៊ីចឹង​សូម​ឱ្យ​ដោះស្រាយ​បញ្ហា​បញ្ចប់​ទៅ កុំ​អូស​បន្លាយ​ត​ទៅ​ទៀត ព្រោះ​អី​វា​ប៉ះពាល់​ដល់​ជីវភាព វិបត្តិ​ផ្លូវ​ចិត្ត វិបត្តិ​គ្រួសារ ចំណាក​ស្រុក​អី​ផ្សេងៗ អ៊ីចឹង។ បញ្ហា​សេដ្ឋកិច្ច​គ្រួសារ កាន់​តែ​ដុនដាបៗ ទៅ ហើយ​កូន​ចៅ​ផ្ទះ​ខ្លះ ក៏​សម្រេច​ចិត្ត​ឈប់​រៀន ជួយ​រក​លុយ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ដល់​ឪពុក​ម្ដាយ​អ៊ីចឹង»។

នៅ​ភ្នំពេញ​នេះ​ដែរ កូដករ​ណាហ្គាវើលដ៍​អ្នកនាង ម៉ម សុវុឌ្ឍិន មាន​សេចក្ដី​ប្រាថ្នា​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះ​ស្រាយ​ឱ្យ​អស់​នូវ​បញ្ហា​ជា​ឧបទ្រព​ចង្រៃ និង​រឿង​ជាប់​គាំង​នៅ​ឆ្នាំ​ចាស់ រួម​ទាំង​វិវាទ​រវាង​កូដករ​ជា​ច្រើន​នាក់​ជាមួយ ក្រុមហ៊ុន​ណាហ្គាវើល​ដ៍ ឱ្យ​ចេញ​លទ្ធផល ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កូដករ។

អ្នកនាង ម៉ម សុវុឌ្ឍិន៖ «ដោយសារ​គាត់​ជា​មេ​ដឹក​នាំ គាត់​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ ក្នុង​ការ​រក​សេចក្ដី​សុខ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ឱ្យ​ប្រជាពលរដ្ឋ។ ឥឡូវ​ប្រជាពលរដ្ឋ កំពុង​តែ​មាន​បញ្ហា ជា​ពិសេស គឺ​វិបត្តិ​សេដ្ឋកិច្ច​ហ្នឹង​តែ​ម្ដង។ អ៊ីចឹង បំណង​ប្រាថ្នា​របស់​បង!បង​ប្រាថ្នា​ចង់​ឱ្យ​មាន​ការងារ​វិញ មាន​ការងារ​ធ្វើវិញ ជាមួយ​នឹង​សិទ្ធិ​សេរីភាព​នៅ​កន្លែង​ធ្វើការ អ៊ីចឹង​បើ​សិន បាន​ប៉ុណ្ណឹង​បង​មិន​ដឹង​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា នៅ​ថ្ងៃ​ទី១០ ខែមេសា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ គឺ​ជា​ឱកាស​ពិសេស​មួយ សម្រាប់​មេ​ដឹក​នាំ​ប្រទេស ក្នុង​ការ​បង្ហាញ​ទឹកចិត្ត​ជម្រះ​រឿង​សៅហ្មង​ទាំង​ឡាយ កាល​ពី​ឆ្នាំ​ចាស់ និង ធ្វើ​បុណ្យ​កុសល​ជ្រះ​ថ្លា​ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី។ លោក​ថា បុណ្យ​ដ៏​ធំ​បំផុត ដែល​ពួក​អ្នក​ ដឹក​នាំ​ត្រូវ​ធ្វើ គឺ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​គ្មាន​ពុតត្បុត។

លោក ម៉ែន ណាត៖ «ពលរដ្ឋ ដែល​កំពុង​ដង្ហោយ​ហៅ​បច្ចុប្បន្ន គឺ​រឿង​អយុត្តិធម៌ ហើយ​អ្នក​ណា​ជា​អ្នក​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ធំ​ជាង​គេ គឺ​នាយក​រដ្ឋមន្ត្រី ត្រូវ​ហ៊ាន​អារ​កាត់​ប្រាប់​ទៅ​ពួក​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់ ថា​ឱ្យ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​ត្រូវ​ដោះ​ស្រាយបញ្ហា​របស់​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ហ្នឹង ​ផ្ដល់​យុត្តិធម៌​ឱ្យ​គាត់ ហ្នឹង​ជា​បុណ្យ​កុសល បើសិន​ធ្វើ​អ៊ីចឹង​បាន យើង​គិត​ថា ជា​បុណ្យ​កុសល»។

លោក ម៉ែន ណាត លើក​ឡើង​ថា ការ​ស្ដាប់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ និង​រក​យុត្តិធម៌​ជូន​ពួក​គាត់ គឺ​ជា​កាតព្វកិច្ច និង​តួនាទី​ដ៏​ចម្បង​របស់​អ្នក​ដឹក​នាំ​ប្រទេស ក្នុង​ការ​ផ្សះផ្សា​ទឹកចិត្ត​ប្រជាពលរដ្ឋ​ទូទៅ កុំ​ឱ្យ​សង្គម​ជាតិ​បែក​បាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។