អង្គការចលនានយោបាយសេរីនិយមអន្តរជាតិ (Liberal International) អំពាវនាវឱ្យមានយុត្តិធម៌ក្នុងខួប១ឆ្នាំ នៃការឃុំខ្លួនសកម្មជនសិទ្ធិមនុស្សដ៏ល្បីល្បាញនៅកម្ពុជា គឺកញ្ញា សេង ធារី។
អង្គការចលនានយោបាយសេរីនិយមអន្តរជាតិ ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ថា ការចាប់កញ្ញា សេង ធារី ដាក់គុក រឹតតែបង្ហាញថា ការគ្រប់គ្រងតាមបែបផ្ដាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រូវបានគំរាមកំហែងដោយក្រុមអ្នកដែលមានទស្សនៈនយោបាយប្រឆាំង។ អង្គការនេះបន្តថា ដោយមិនអនុញ្ញាតឱ្យមានសេរីភាពនៃការសម្ដែងមតិ លោក ហ៊ុន សែន បន្តបង្កើនឱ្យមានការភ័យខ្លាចក្នុងចំណោមប្រជាជនកម្ពុជា ដែលថា ការហ៊ាននិយាយប្រឆាំងនឹងអំពើអយុត្តិធម៌ នឹងធ្វើឱ្យពួកគេបាត់បង់សេរីភាព។
អង្គការចលនានយោបាយសេរីនិយមអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (London) ចក្រភពអង់គ្លេស (UK) ប្រកាសថា ខ្លួននឹងបន្តគាំទ្រកញ្ញា សេង ធារី និងប្រជាជនកម្ពុជាដទៃទៀតក្នុងកាលៈទេសៈមិនប្រាកដប្រជាបែបនេះ។ អង្គការនេះ ថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ដាក់គុកកញ្ញា សេង ធារី និងសកម្មជនកម្ពុជាដទៃទៀតដែលប្រឆាំងនឹងការគ្រប់គ្រងតាមបែបគាបសង្កត់យ៉ាងធ្ងន់ធ្ងររបស់លោក ហ៊ុន សែន។ អង្គការនេះសង្កត់ធ្ងន់ថា សេរីភាពនៃការបញ្ចេញមតិគឺជាសិទ្ធិមនុស្ស ហើយជនរងគ្រោះនៃរបបលោក ហ៊ុន សែន គួរតែទទួលបានយុត្តិធម៌។ អង្គការចលនានយោបាយសេរីនិយម ប្រកាសថា ខ្លួននឹងធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់មាត់មួយនៅឯសម័យប្រជុំលើកទី៥៣ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នៅក្នុងខែមិថុនានេះ ជុំវិញអំពើគាបសង្កត់នៅកម្ពុជា និងការចាប់កញ្ញា សេង ធារី ដាក់គុកយ៉ាងអយុត្តិធម៌។
កញ្ញា សេង ធារី គឺជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ជាមេធាវី និងជាសកម្មជនការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា។ សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនកញ្ញា សេង ធារី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅខាងមុខតុលាការក្រុងភ្នំពេញ ក្រោយតុលាការប្រកាសសាលក្រមកាត់ទោសឲ្យកញ្ញាជាប់គុក ៦ឆ្នាំ ពីបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ មួយថ្ងៃបន្ទាប់មក តុលាការបានបញ្ជូនកញ្ញាទៅឃុំខ្លួននៅពន្ធនាគារដាច់ស្រយាលក្នុងខេត្តព្រះវិហារ រហូតមកទល់នឹងបច្ចុប្បន្ននេះ។
មុនពេលអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ កញ្ញាបានរៀបចំយុទ្ធនាការតស៊ូមតិប្រកបដោយការច្នៃប្រឌិតពុំធ្លាប់មានពីមុនមកនៅកម្ពុជា ដែលទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍ជាតិ និងអន្តរជាតិ។ យុទ្ធនាការតស៊ូមតិរបស់កញ្ញា សេង ធារី មានដូចជាកញ្ញាកោរសក់ ស្លៀកឈុតអប្សរា ស្លៀកសម្លៀកបំពាក់អ្នកទោសដោយជើងជាប់ខ្នោះ ស្លៀកសារុងពុងជួតក្បាលក្រមាមានកណ្ដៀតកញ្ច្រែងបន្លែ ស្លៀកសម្លៀកបំពាក់តំណាងស្ត្រីសេរីភាព (Lady Liberty) និងស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ស កាន់ជញ្ជីងតំណាងឲ្យស្ត្រីយុត្តិធម៌ (Lady Justice) ជាដើម។ សកម្មភាពតស៊ូមតិនេះ គឺដើម្បីឆ្លើយតបនឹងប្រព័ន្ធតុលាការស្ថិតក្រោមអំណាចអ្នកនយោបាយ។ កញ្ញាធ្លាប់បញ្ជាក់ថា កញ្ញាដឹងច្បាស់ក្នុងចិត្តថា អាជ្ញាធរលោក ហ៊ុន សែន នឹងចាប់ខ្លួនកញ្ញា តែដើម្បីបុព្វហេតុសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម គឺកញ្ញាមិនខ្លាចនឹងពលិកម្មនោះទេ។
នៅឆ្នាំ២០២៣ កញ្ញា សេង ធារី ទទួលបានមេដាយសេរីនិយមឈ្មោះ «ហានស៍ វេន បាលេន» (Hans van Baalen Medal of Liberalism) ពីអង្គការចលនានយោបាយសេរីនិយមអន្តរជាតិ។ មេដាយសេរីនិយមដែលទទួលស្គាល់ដោយអន្តរជាតិនេះ ផ្តល់ជូនបុគ្គលទាំងឡាយណាដែលបានធ្វើការដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណតម្លៃសេរីនិយមនៅកម្រិតមូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិ។
សំណុំរឿងចាប់ដាក់គុកកញ្ញា សេង ធារី រងនូវការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ថាជារឿងនយោបាយ។ ក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅក្រុងភ្នំពេញ កាលពីចុងឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Jo Biden) បានអំពាវនាវឱ្យដោះលែងសកម្មជនដែលត្រូវបានឃុំខ្លួនដោយបទចោទនយោបាយ ក្នុងនោះក៏រួមមានកញ្ញា សេង ធារី។ ក៏ប៉ុន្តែ រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានអើពើចំពោះសំណើនេះឡើយ ដោយលោកថែមទាំងធ្វើផ្គើនរំលោភលើអំណាចរបស់ស្ថាប័នតុលាការ ដោយបញ្ជាឱ្យក្រសួងយុត្តិធម៌កុំដោះលែងសកម្មជនសិទ្ធិមនុស្សរូបនេះ។
ទោះយ៉ាងណា សកម្មជនសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជាថា ពួកគេនៅតែចងចាំជានិច្ចចំពោះការលះបង់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់កញ្ញា សេង ធារី ដើម្បីសេរីភាព យុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកនាងទស្សនាវីដេអូខ្លីជុំវិញការតស៊ូលះបង់របស់កញ្ញា សេង ធារី នៅមុនពេលកញ្ញាត្រូវតុលាការកាត់ទោសដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។