វៀតណាមបន្តសង់ប៉ុស្តិ៍នៅតំបន់ព្រំដែនហាមឃាត់ក្នុងខេត្តរតនគិរី
2016.10.29
ទាហានវៀតណាម នៅតែបន្តសង់ប៉ុស្តិ៍នៅតំបន់ស ចំណុចអូរកុមារ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជិតរួចរាល់ហើយ គ្រាដែលកំណត់ទូតក្រសួងការបរទេសកម្ពុជា បានផ្ញើទៅឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការសង់ប៉ុស្តិ៍ខុសច្បាប់នេះ។ រហូតបច្ចុប្បន្ន មិនទាន់មានប្រភពផ្លូវការណាបញ្ជាក់ថា វៀតណាមបានឆ្លើយតបកំណត់ទូតកម្ពុជា ស្ដីពីការរំលោភសង់ប៉ុស្តិ៍នេះយ៉ាងណានៅឡើយ។
មន្ត្រីឃ្លាំមើសិទ្ធិមនុស្សចាត់ទុកការបន្តសង់ប៉ុស្តិ៍នៅតំបន់ស ហាមឃាត់ជិតបង្គោលព្រំដែនលេខ៣០ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី របស់ភាគីវៀតណាម ថា ជាចេតនាបំពានទៅលើកំណត់ទូតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើឲ្យភាគីវៀតណាម បញ្ឈប់ការសង់ប៉ុស្តិ៍ខុសច្បាប់នោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់នៅថ្ងៃទី២៩ ខែតុលា ថា ប្រជាពលរដ្ឋ និងតម្រួតព្រំដែនខ្មែរឲ្យដឹងថា ប៉ុស្តិ៍ដែលវៀតណាម សង់នៅលើតំបន់សហាមឃាត់រួចរាល់បានប្រមាណ ៨០ភាគរយហើយ បើទោះបីតម្រួតព្រំដែនខ្មែរស្នើសុំឲ្យភាគីវៀតណាម ផ្អាកការសាងសង់ក្តី។ លោកថា ជញ្ជាំងនិងដំបូលស័ង្កសីបានប្រក់រួចរាល់ក្រោយពេលប៉ុស្តិ៍នេះបានចាក់សសរ និងរៀបជញ្ជាំងកាលពីខែកក្កដា៖ «យើងនៅតែតាមដានមើលស្ថានភាពសង់ប៉ុស្តិ៍ហ្នឹង នៅតែសាងសង់រហូតឈានដល់ប្រក់ដំបូល។ តាមព័ត៌មានយើងទទួលបាន។ យើងកត់សំគាល់ថា ខាងភាគីវៀតណាម មិនដែលយកដំណោះស្រាយផ្លូវច្បាប់ដោះស្រាយនៅឡើយទេ»។
រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតទៅភាគីវៀតណាម ភ្លាមៗបន្ទាប់ពីអាជ្ញាធរខេត្តរតនគិរី ផ្តល់របាយការណ៍អំពីវៀតណាម រំលោភសង់ប៉ុស្តិ៍នេះ។ រហូតមកទល់នឹងបច្ចុប្បន្នមិនទាន់មានប្រភពផ្លូវការណាបញ្ជាក់ថា វៀតណាមឆ្លើយតបកំណត់ទូតកម្ពុជា យ៉ាងណានោះទេ។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់ថា លោកមិនមានព័ត៌មានទាក់ទិនការឆ្លើយតបណាមួយពីអាជ្ញាធរខេត្តយ៉ាឡាយ ប្រទេសវៀតណាម ទាក់ទិនការតវ៉ារបស់អាជ្ញាធរខេត្តរតនគិរី នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បញ្ជាក់ដែរថា លោកក៏គ្មានព័ត៌មានទាក់ទិនកំណត់ទូតឆ្លើយតបរបស់ភាគីវៀតណាម នោះដែរ៖ «ខ្ញុំអត់មានព័ត៌មានរឿងហ្នឹងទេ ហើយថ្ងៃហ្នឹងថ្ងៃឈប់មិនដឹងសួរអ្នកណា»។
ក្នុងកិច្ចប្រជុំទ្វេភាគីរវាងគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា-វៀតណាម ស្ដីពីការដោះស្រាយវិវាទតាមព្រំដែនប្រទេសទាំងពីរនាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា វៀតណាមយល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា ទាក់ទិននឹងការរំលោភចូលអធិបតេយ្យភាពទឹកដីកម្ពុជា ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម។ ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ទទួលស្គាល់ថា វៀតណាមមិនទាន់ឆ្លើយតបកំណត់ទូតកម្ពុជា ស្ដីពីការរំលោភលើអធិបតេយ្យភាពទឹកដីកម្ពុជា នៅឡើយ ក៏ប៉ុន្តែបានទទួលយកការតវ៉ារបស់ភាគីកម្ពុជា ទៅពិភាក្សាជាមួយអាជ្ញាធរដែនដីរបស់វៀតណាម។
យ៉ាងណាក៏ដោយ លោកថា ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានសម្រេច និងកំពុងធ្វើលិខិតរួមគ្នាមួយសុំទៅរដ្ឋាភិបាលប្រទេសបារាំងរៀបចំចម្លងផែនទីនៅតំបន់មានជម្លោះដើម្បីឈានទៅរកការឯកភាពគ្នាបោះបង្គោលព្រំដែននៅសេសសល់៖ «សព្វថ្ងៃនេះយើងកំពុងធ្វើលិខិតរួមគ្នាមួយឲ្យនាយករដ្ឋមន្ត្រីទាំងពីរចុះហត្ថលេខាដើម្បីផ្ញើទៅប្រធានាធិបតីបារាំង។ យើងមិនទាន់ធ្វើចប់នៅឡើយទេ យើងកំពុងធ្វើលិខិតរួមហ្នឹងជាមួយគ្នា»។
នៅតំបន់ភាគឦសានចាប់ពីបង្គោលព្រំដែនលេខ៣០ ទៅទល់នឹងបង្គោលព្រំដែនលេខ៣៩ ពីច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ទៅទល់នឹងខេត្តមណ្ឌលគិរី ភាគីទាំងពីរមិនទាន់ឯកភាពគ្នាបោះបង្គោលកំណត់ខ្សែបន្ទាត់ខណ្ឌសីមានៅឡើយ៕