ប្រធានាធិបតីវៀតណាមកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ដោយចាប់ផ្ដើមជួបជាមួយក្រុមមេដឹកនាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញឱ្យមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់ស៊ីជម្រៅ។ អ្នកតាមដានកិច្ចការអន្តរជាតិ និងមន្ត្រីបក្សប្រឆាំងថា ប្រមុខដឹកនាំវៀតណាមមកជួបក្រុមមេដឹកនាំកម្ពុជានាពេលនេះ ដោយសារតែមានកង្វល់លើបញ្ហាចម្រូងចម្រាសគម្រោងព្រែកជីកហ្វូណន និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាជួយទប់ស្កាត់ឥទ្ធិពលចិនក្នុងតំបន់។
ប្រធានាធិបតីថ្មីវៀតណាម លោក តូ ឡឹម (To Lam) បានដឹកនាំមន្ត្រីគ្រាក់ៗរបស់ខ្លួនពេលមកដល់កម្ពុជាពិភាក្សាក្នុងជំនួបដំបូងគេជាមួយប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ដើម្បីជជែកអំពីការរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រធានាធិបតីវៀតណាម លោក តូ ឡឹម ក៏នឹងមានជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និងប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមអ្នកស្រី ម៉ែន សំអន ដែរ។
ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំវៀតណាមមកកម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅក្នុងនាម អ្នកជិតខាងល្អ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀង ហ៊ុយតាំង (Nguyen Huy Tang) ប្រាប់ភ្នាក់ងារសារព័ត៌មានវៀតណាមញូស៍ (Veitnam News) នៅមុនដំណើរទស្សនកិច្ចនេះថា ប្រធានាធិបតីថ្មីវៀតណាម លោក តូ ឡឹម មកកម្ពុជា គឺឱកាសថ្មីមួយទៀត ដែលភាគីវៀតណាមតែងតែយកចិត្តទុកដាក់លើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។ លោកអះអាងថា ទន្ទឹមការរក្សា និងពង្រីកទំនាក់ទំនងជាមួយកម្ពុជានិងវៀតណាមឱ្យកាន់តែរឹងមាំ ភាគីទាំងពីរក៏ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលមានស្រាប់ និងបន្តការចែករំលែកព័ត៌មានដល់គ្នាក្នុងគោលដៅទប់ស្កាត់នៃកម្លាំងបរទេសជ្រៀតជ្រែកប្រទេសទាំងពីរ។
ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនាពេលនេះ ស្របពេលកម្ពុជាប្រកាសបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណន នៅខែសីហាខាងមុខ ខណៈគម្រោងមួយនេះ វៀតណាមចោទថា អាចនឹងបង្កផលប៉ះពាល់ដល់ផលប្រយោជន៍វៀតណាម និងសម្រួលឱ្យមានវត្តមានយោធាចិននៅកម្ពុជាកាន់តែជ្រៅ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា ប្រធានាធិបតីវៀតណាមអាចនឹងលើកបញ្ហាគម្រោងព្រែកជីកហ្វូណនជជែកជាមួយក្រុមមេដឹកនាំកម្ពុជា ព្រោះលោកថា គម្រោងចម្រូងចម្រាសមួយនេះហាក់បានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរល្អក់កករនារយៈពេលចុងក្រោយនេះ។ ទន្ទឹមគ្នានេះ លោកថា ការមកបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាមនៅកម្ពុជានាពេលនេះ វៀតណាមទំនងចង់ជជែកជាមួយភាគីកម្ពុជាលើបញ្ហាភូមិសាស្ត្រនយោបាយ និងការពង្រីកឥទ្ធិពលរបស់ចិន ខណៈបញ្ហានៅសមុទ្រចិនខាងត្បូងកាន់តែឡើងកម្ដៅខ្លាំង។
លោក សេង វណ្ណលី៖«បើនិយាយពីសារៈសំខាន់ទំនាក់ទំនងវិស័យសេដ្ឋកិច្ចក៏ជាផ្នែកមួយដែលជំរុញប្រធានាធិបតីថ្មីវៀតណាមសម្រេចចិត្តធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា ហើយមានរឿងជាច្រើនទៀតដែលបង្ហាញពីសារៈសំខាន់ក្នុងទំនាក់ទំនងកម្ពុជា និងវៀតណាមដូចជា បញ្ហាព្រំដែន បញ្ចប់ឱ្យរួចរាល់ដើម្បីការពារជម្លោះដែលអាចកើតមាននាពេលអនាគត បញ្ហាការអភិវឌ្ឍដូចជា គម្រោងព្រែកជីកហ្វូណនដែលប៉ះពាល់លំហូរទឹកទន្លេមេគង្គ មួយទៀតក៏អាចគ្របដណ្ដប់លើបញ្ហាតំបន់ដូចជា សមុទ្រចិនខាងត្បូង ដោយសារតែសមុទ្រចិនខាងត្បូងជាបញ្ហាក្ដៅ ខ្ញុំគិតថា ដំណើរទស្សនកិច្ចប្រធានាធិបតីវៀតណាមក៏អាចលើកឡើងពាក់ព័ន្ធនឹងរឿងកង្វល់រួមជាមួយក្រុមមេដឹកនាំកម្ពុជា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក ជុំ សុន្ទរី ដើម្បីសាកសួរពីបញ្ហានេះបន្ថែមបានទេនៅថ្ងៃទី១២ ខែកក្កដា។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា វៀតណាមនៅតែចង់មានឥទ្ធិពលលើកម្ពុជា ហើយការមកបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនៅកម្ពុជានាពេលនេះ វៀតណាមចង់រម្លឹកឱ្យក្រុមគ្រួសារលោក ហ៊ុន សែន បន្តដឹងគុណវៀតណាមដែលលើបន្តុបលោក ហ៊ុន សែន ដឹកនាំកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៧០។ លោកព្រួយបារម្ភថា តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជា និងវៀតណាមនឹងបង្កើនការរឹតចំណងមិត្តភាពបន្ថែមទៀតដែលជះឥទ្ធិពលមិនល្អដល់ជោគវាសនាកម្ពុជានាពេលអនាគត។
លោក អ៊ុំ សំអាន៖«ដំណើរទស្សនកិច្ចប្រធានាធិបតីវៀតណាមនឹងផ្ដល់អវិជ្ជមានដល់កម្ពុជា ព្រោះប្រធានាធិបតីវៀតណាម នឹងស្នើឱ្យកម្ពុជាផ្ដល់ភាពស្របច្បាប់ចំពោះជនជាតិវៀតណាមដែលកំពុងរស់នៅកម្ពុជា។ បញ្ហានេះនឹងបង្កគ្រោះថ្នាក់ចំពោះកម្ពុជានាពេលអនាគតអាចនឹងប៉ះពាល់បូរណភាពដែនដីកម្ពុជា។ យ៉ាងណាក៏ដោយលោក ហ៊ុន សែន ទោះគាត់អែបចិនតែគាត់មិនអាចចោលវៀតណាមនោះទេ ព្រោះវៀតណាមជាអតីតចៅហ្វាយនាយរបស់លោក ហើយលោក ហ៊ុន សែន នៅតែអរគុណវៀតណាម ស្អំចិត្តវៀតណាមទីមួយកាត់ដីខ្មែរទៅឱ្យវៀតណាម ទីពីរផ្ដល់ភាពស្របច្បាប់ទៅដល់ជនជាតិវៀតណាមកំពុងរស់នៅកម្ពុជា»។
ភាគីកម្ពុជា និងវៀតណាមមិនទាន់បង្ហាញលទ្ធផលនៃជំនួបរវាងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាមួយប្រធានាធិបតីវៀតណាមនៅឡើយទេ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កាលពីថ្ងៃទី៩ ខែកក្កដា បានញត្តិទៅកាន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រធានរដ្ឋសភា អ្នកស្រី ឃួន សុដារី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យជជែកជាមួយភាគីវៀតណាម ឱ្យផ្តល់កិច្ចគាំពារដល់ពលរដ្ឋខ្មែរក្រោម ឱ្យដូចវៀតណាមផ្ដាំផ្ញើដល់រដ្ឋាភិបាល ឱ្យទទួលខុសត្រូវលើពលរដ្ឋវៀតណាមកំពុងរស់នៅលើទឹកដីកម្ពុជា។ សមាគមខ្មែរកម្ពុជាក្រោមស្នើក្រុមមេដឹកនាំកម្ពុជាឱ្យលើកយកបញ្ហាខ្មែរក្រោមត្រូវរស់នៅក្រោមការត្រួតត្រាដោយសាររដ្ឋាភិបាលវៀតណាមស្ថិតក្នុងស្ថានភាពកំព្រាឪពុកម្ដាយ ការរើសអើងពូជសាសន៍ ការធ្វើទុក្ខបុកម្នេញ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជជែកជាមួយប្រធានាធិបតីថ្មីវៀតណាមពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។