ពលរដ្ឋនៅសង្កាត់ព្រែកជ្រៃ ព្រំដែនកម្ពុជា-វៀតណាមព្រួយបារម្ភពីការបាត់បង់ទឹកដីទៅវៀតណាម
2023.12.04
ប្រជាពលរដ្ឋរស់នៅក្បែរព្រំដែនកម្ពុជា វៀតណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល ព្រួយបារម្ភផលប៉ះពាល់ជីវភាព ពីការតាំងលំនៅឋានរបស់និគមជនវៀតណាមមួយចំនួននៅតាមព្រំដែន។ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរតែអនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យបានត្រឹមត្រូវចំពោះនិគមជនវៀតណាមមួយចំនួនដែលតាំងលំនៅឋាននៅតាមព្រំដែនទាំងនេះ។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឃើញថា រដ្ឋាភិបាលមិនគួរបណ្ដែតបណ្ដោយឱ្យជនបរទេសតាំងទីលំនៅជាប់ព្រំដែនបែបនេះឡើយ ព្រោះសកម្មភាពបែបនេះអាចនឹងបង្កឱ្យមានជម្លោះព្រំដែនក្នុងពេលអនាគត។
សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន មានព្រំប្រទល់ជាប់ជាមួយខេត្តអានយ៉ាង (An Yang) អតីតជាខេត្តមាត់ជ្រូក ប្រទេសវៀតណាម ប្រមាណ ១២គីឡូម៉ែត្រ។ បើទោះបីជាសង្កាត់ព្រែកជ្រៃ មានផ្លូវកៅស៊ូលាតសន្ធឹងទៅដល់ព្រំដែនក្ដី ប៉ុន្តែប្រជាពលរដ្ឋភាគច្រើនដែលរស់នៅក្បែរព្រំដែនកម្ពុជា វៀតណាម មិនមែនជាខ្មែរនោះឡើយ ប៉ុន្តែគឺជានិគមជនជាតិវៀតណាមទៅវិញ។ ក្រៅពីវត្តប៉ាក់ណាមដែលមានព្រះសង្ឃ និងដូនជី តាជីមួយចំនួនរស់នៅហើយនោះ គឺពុំមានផ្ទះប្រជាពលរដ្ឋខ្មែររស់នៅក្បែរវត្តឡើយ គឺមានតែផ្ទះជនជាតិវៀតណាមតែប៉ុណ្ណោះ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកជ្រៃម្នាក់ ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះក្នុងទឹកមុខស្រពោនថា ដោយសារតែកូនចៅវៀតណាមមួយចំនួនដែលមករស់នៅតាមព្រំដែន បានបំបែកផ្ទះសម្បែងនៅពេលពួកគេមានគ្រួសារថ្មី ដូច្នេះលំនៅឋាននិគមជនវៀតណាមនៅសង្កាត់ព្រែកជ្រៃ កើនឡើងជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា បើទោះបីជាជនជាតិវៀតណាមទាំងនោះរស់នៅលើទឹកដីខ្មែរមានសិទ្ធិទិញ ឬជួលដីធ្វើស្រែចម្ការរាប់សិបឆ្នាំមកហើយក្ដី ប៉ុន្តែពួកគេភាគច្រើនមិនចេះអាន ឬនិយាយភាសាខ្មែរនោះឡើយ ហើយកូនៗវៀតណាមទាំងនោះក៏មិនរៀននៅសាលាខ្មែរនោះដែរ ដោយពួកគេតែងឆ្លងព្រំដែនទៅរៀននៅប្រទេសវៀតណាម។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «សុទ្ធតែមានអត្តសញ្ញាណប័ណ្ណខ្មែរទាំងអស់ហ្នឹង បោះឆ្នោតមិនដែលទេ ឃុំព្រែកជ្រៃមិនដែលឈ្នះនោះទេ ព្រោះអីឃុំព្រែកជ្រៃមាន១៧គីឡូ ហើយខ្មែរយើងមានតែ៧គីឡូទេ យួនវាមាន១០គីឡូដែរហើយ»។
លោកបន្តថា បើទោះបីជានិគមជនវៀតណាមបន្តតាំងលំនៅឋានកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្ដី ប៉ុន្តែរដ្ឋាភិបាលមិនដែលមានវិធានការទប់ស្កាត់ការតាំងលំនៅឋានរបស់ជនអន្តោប្រវេសន៍ទាំងនោះម្ដងណាឡើយ។
ក្រៅតែពីរស់នៅតាមផ្លូវជាតិលេខ ២១បេ ប្រមាណ១០គីឡូម៉េត្រ ពីព្រំដែនកម្ពុជា វៀតណាម ហើយនោះ ជនជាតិវៀតណាមរាប់រយគ្រួសារទាំងនោះក៏រស់នៅផ្ដុំគ្នាតាមបណ្ដោយដៃព្រែកប៉ាក់ណាម និងដៃព្រែកខ្នាតាំងយូរផងដែរ។ ជនជាតិវៀតណាមទាំងនោះចូលចិត្តរស់នៅប្រមូលផ្ដុំគ្នា ហើយប្រកបអាជីវកម្មគ្រប់ប្រភេទ រាប់ចាប់តាំងពីលក់ចាប់ហួយ បាយ កាហ្វេ ជាងជួសជុលម៉ូតូ លក់ថ្នាំពេទ្យ កន្លែងព្យាបាលជំងឺ និងតូបកាត់សក់ជាដើម។ បន្ថែមពីនេះដីស្រែចម្ការដែលនៅតាមបណ្ដោយព្រំដែនភាគច្រើន គឺជាកម្មសិទ្ធិរបស់ជនជាតិវៀតណាម ហើយបើទោះបីជាដីចម្ការទាំងនោះជារបស់ពលរដ្ឋខ្មែរក្ដី ក៏ពលរដ្ឋភាគច្រើនជួលឱ្យនិគមជនវៀតណាមធ្វើស្រែចម្ការដែរ។
ជនជាតិវៀតណាមម្នាក់ គឺលោកស្រី ណាម ដែលប្រកបរបរលក់កាហ្វេនៅជាប់ខ្លោងទ្វារចូលវត្តប៉ាក់ណាម ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីគ្មានបំណងទៅរស់នៅប្រទេសវៀតណាមនោះឡើយ ព្រោះគ្រួសាររបស់លោកស្រីបានមកតាំងលំនៅឋាន នៅសង្កាត់ព្រែកជ្រៃ តាំងពីឆ្នាំ១៩៨០។ លោកស្រីបន្ថែមថា លោកស្រីគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬវៀតណាមនោះឡើយ ហើយបច្ចុប្បន្នលោកស្រីបែរជារងការរឹតត្បិតពីអាជ្ញាធរវៀតណាម មិនឱ្យចូលទៅប្រទេសវៀតណាមទៅវិញ។
លោកស្រី ណាម៖ «ចេញចូលអីទេ ចេញទៅឃុំវាមិនទាំងឱ្យទៅផង សុំអង្វរវាចង់បែកមាត់ អាថ្ងៃមុនខ្ញុំឈឺខ្ញុំដើរអត់រួច ទៅដល់អុកគូថនៅកន្លែងដើមក្ដុល បន្ទាយភស្តុភារហ្នឹង ហើយនៅយូរណាស់បានវាមកសួរ យាយឯងទៅណា? ខ្ញុំថាខ្ញុំសុំទៅពេទ្យ»។
ពលរដ្ឋម្នាក់ទៀត ដែលរស់នៅសង្កាត់ព្រែកជ្រៃ តាំងពីទសវត្សទី៦០ ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ដោយសារអាជ្ញាធរតែងតែធ្វើទុក្ខបុកម្នេញអ្នកបញ្ចេញមតិអំពីបញ្ហាព្រំដែន ដូច្នេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់របស់លោកមិនហ៊ាននិយាយអំពីបញ្ហាព្រំដែនកម្ពុជា វៀតណាម នៅទីសាធារណៈនោះឡើយ។ ពលរដ្ឋរូបនេះបន្ថែមថា និគមជនវៀតណាមទើបតែមកតាំងទីលំនៅ ក្នុងសង្កាត់ព្រែកជ្រៃក្រោយរបបខ្មែរក្រហម ឬកម្ពុជាប្រជាធិបតេយ្យដួលរលំតែប៉ុណ្ណោះ។ ពលរដ្ឋរូបនេះបន្ថែមថា និគមជនវៀតណាមដែលមករស់នៅលើទឹកដីខ្មែរទាំងនេះ មិនផ្ដល់តម្លៃវប្បធម៌ ប្រពៃណីខ្មែរនោះឡើយ ប៉ុន្តែពួកគេបែរជាតាំងខ្លួនជាម្ចាស់ទឹកដីទៅវិញ។
ជាក់ស្ដែង និគមជនវៀតណាមបានកសាងវត្តភឿកឡុង តាមបែបវប្បធម៌វៀតណាម នៅលើទីតាំងវត្តខ្នារតាំងយូរ ហើយបើទោះបីជាពលរដ្ឋខ្មែរធ្លាប់តវ៉ាកសាងវត្តខ្នារតាំងយូរ តាមបែបព្រះពុទ្ធសាសនាខ្មែរឡើងវិញក្ដី ក៏ពួកគេមិនព្រមឱ្យកសាងនោះឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្ត លោក គង់ សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី៣ ខែធ្នូ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា បញ្ហាជនអន្តោប្រវេសន៍រស់នៅកម្ពុជា គឺជារឿងធម្មតា និងមិនគួរព្រួយបារម្ភនោះឡើយ ព្រោះរដ្ឋាភិបាលបានអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងម៉ឺងម៉ាត់ទៅលើជនអន្តោប្រវេសន៍ទាំងនោះ។
លោក សុខ ឥសាន៖ «វាជារឿងធម្មតា ប្រទេសដែលមានព្រំដែនជាប់គ្នា ព្រំដែនគោក ព្រំដែនទឹកហ្នឹង យើងមិនអាចលប់បំបាត់បានទេ ហើយប្រវត្តិនៃការមានជនជាតិវៀតណាមហ្នឹង មិនមែនទើបតែមកនៅក្រោយសម័យឆ្នាំ៧៩ទេ វានៅតាំងពីជំនាន់បារាំង មុនបារាំងមកទៅទៀត»។
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន យល់ឃើញថា ដោយសារតែរដ្ឋាភិបាលនៅតែបន្តរងឥទ្ធិពលពីប្រទេសវៀតណាម ខណៈការអនុវត្តច្បាប់នៅតែមានភាពទន់ខ្សោយផងនោះ ការតាំងលំនៅឋានរបស់និគមជនវៀតណាមនៅតាមព្រំដែនលើសលប់ដូច្នេះ នឹងអាចបង្កជាជម្លោះពូជសាសន៍ និងទឹកដីនៅពេលអនាគត។ លោកបន្តថា បើទោះបីជាកម្ពុជា វៀតណាម បានបោះបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃរួចរាល់ក្ដី ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងការបាត់បង់ទឹកដីបន្ថែមទៀត ព្រោះតាមរយៈការចុះសិក្សានៅសង្កាត់ព្រែកជ្រៃរបស់លោកកន្លងមករកឃើញថា ក្នុងចំណោមអ្នកភូមិរស់នៅភូមិប៉ាក់ណាមជាង ៥០០គ្រួសារ មានគ្រួសារខ្មែរតែ ៧គ្រួសារប៉ុណ្ណោះ។
លោក ស្រ៊ុន ស្រ៊ន៖ «សតវត្សទី១៣ដែលសៀមចូលមក ហើយនឹងសតវត្សទី១៧ ១៨ ដែលយួនចូលមកដែលខ្ចីខ្មែរនៅ គឺតែងតែខ្ចីដីហើយកាត់ទឹកដី ឥឡូវនេះគឺគេមកជួលដី ហើយរហូតដល់មានការចេញនូវសញ្ជាតិឱ្យរស់នៅជាអចិន្ត្រៃយ៍ទៀត ដែលធ្វើឱ្យពួកគេមានសិទ្ធិទិញដីធ្លីតែម្ដង ហ្នឹងគឺជារឿងដែលខ្មែរគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ មិនមែនតែនៅតាមព្រំដែន គឺនៅកណ្ដាលប្រទេសក៏យើងបាត់ដីដែរ»។
លោក ស្រ៊ុន ស្រ៊ន បន្ថែមថា ដើម្បីបង្ការកុំឱ្យបាត់បង់ទឹកដី និងជម្លោះព្រំដែន រដ្ឋាភិបាលគួរអនុវត្តតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និងមិនត្រូវបណ្ដែតបណ្ដោយឱ្យនិគមជនវៀតណាមរស់នៅច្រើនលើសលប់ នៅតាមព្រំដែនផ្នែកខាងទឹកដីខ្មែរនោះឡើយ។
លោក ស្រ៊ុន ស្រ៊ន៖ «បើកាលណារាល់ទំនាក់ទំនងទ្វេភាគីរវាងខ្មែរ និងយួនប្រើច្បាប់របស់ខ្មែរ មិនអាចប្រជែង និងការព្យាយាមរបស់យួនបានទេ អ៊ីចឹងខ្មែរដាច់ខាតត្រូវតែប្រើច្បាប់អន្តរជាតិ ហើយជាពិសេសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបញ្ជាក់នៅក្នុងមាត្រា១ ចំណុច(ឃ) ដែលបញ្ជាក់ថា កម្ពុជាត្រូវលុបចោលកិច្ចព្រមព្រៀង សន្ធិសញ្ញាទាំងឡាយណាដែលធ្វើឱ្យបាត់បង់ទឹកដីខ្មែរ និងការរំលោភអធិបតេយ្យខ្មែរជាដើម»។
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកជ្រៃភាគច្រើនព្រួយបារម្ភថា បើទោះបីជាមានបង្គោលព្រំដែនច្បាស់លាស់ក្ដី ប៉ុន្តែដីខ្មែរនឹងមានតែឈ្មោះប៉ុណ្ណោះនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ ព្រោះ ចំនួនខ្នងផ្ទះនិគមជនវៀតណាមនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ ខណៈអ្នកភូមិមួយចំនួនបានធ្វើចំណាកស្រុកទៅធ្វើការនៅតាមទីក្រុង និងប្រទេសថៃ។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយល់ឃើញថា ដើម្បីធានាអំពីអធិបតេយ្យភាព រដ្ឋាភិបាលគួរលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងយល់អំពីស្ថានភាពព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង និងមិនត្រូវគំរាមកំហែងប្រជាពលរដ្ឋដែលខ្វល់ខ្វាយអំពីបញ្ហាបាត់បង់ទឹកដីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។