ពលរដ្ឋ​នៅ​កំពង់ស្ពឺ​ព្រមាន​ធ្វើ​បាតុកម្ម​ឲ្យ​ដក​មេ​ភូមិ​ដែល​​ពលរដ្ឋ​មិន​គាំទ្រ

ប្រជាពលរដ្ឋ​​ភូមិ​ផ្សារ​ថ្មី ឃុំ​ត្រែងត្រយឹង ខេត្ត​កំពង់ស្ពឺ ជិត ១០០​គ្រួសារ ព្រមាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​ចំណាត់​ការ​របស់​សាលា​ឃុំ ប្រសិន​បើ​នៅ​ប្រគល់​តំណែង​ប្រធាន​ភូមិ​ឲ្យ​គណបក្ស​ដែល​មិន​ជាប់​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ជំនួស​មេ​ភូមិ​ថ្មី ដែល​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ ឈ្នះ ឬ​ចាញ់ មិន​សំខាន់​ឡើយ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ធ្វើ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទៅ​វិញ។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ឃុំ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ សម្រេច​លុប​ឈ្មោះ​ប្រធាន​ភូមិ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចាត់​ទុក​ថា ការ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ គឺ​គ្រាន់​តែ​​ធ្វើតេស្ត​សាកល្បង​ប៉ុណ្ណោះ។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ឃុំ និង​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​លុប​ឈ្មោះ​ប្រធាន​ភូមិ​ថ្មី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ។

ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ អះអាង​ថា ប្រសិន​បើ​ចំណាត់​ការ​នេះ នៅ​តែ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ នោះ​បាតុកម្ម​ប្រឆាំង​សេចក្ដី​សម្រេច​នេះ នឹង​មិន​លើក​លែង​ឡើយ។ ពួក​គាត់​បន្ត​ថា អ្វី​ដែល​ប្រធាន​ភូមិ​ថ្មី​នេះ ជាប់​ឆ្នោត គឺ​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ ហេតុ​នេះ ការ​ផ្លាស់ប្ដូរ​ណា​មួយ​ដែល​អនុវត្ត​ខុស​នីតិវិធី នឹង​ពុំ​អាច​ទៅ​រួច​ឡើយ។

ពួក​គាត់​បន្ត​ថា៖ «ឈ្មោះ​តែ​ម្នាក់​ឯង​គត់ អ៊ីចឹង​អ្នក​ទាំង​អស់​គ្នា​ហ្នឹង អត់​សុខ​ចិត្ត​ទេ អត់​ព្រម​ទទួល​យក​មេ​ភូមិ​ហ្នឹង ធ្វើ​ជា​មេ​ភូមិ​របស់​តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រែងត្រយឹង​ហ្នឹង​ទេ។ ទៅ​ដល់​និយាយ​ថា ឯង​មើល​គេ​គ្រាន់​តែ​ស្ទាបស្ទង់​មតិ​ប្រជាជន​ទេ។ តែ​មិន​សំខាន់​នៅ​លើ​ប្រជាជន​បោះ​ឲ្យ​ទេ សំខាន់​នៅ​លើ​ក្រុម​ប្រឹក្សា​ពេញ​ចិត្ត លើក​បន្តុប​អ្នក​ណា​គឺ​អ្នក​ហ្នឹង។ តវ៉ា​ឲ្យ​ពីរ​នាក់​ហ្នឹង​​ចូល​ធ្វើ​វិញ។ ចំណែក​អ្នក​ធ្លាក់​ត្រូវ​គោរព​តាម​ច្បាប់​ដែល​យើង​ត្រូវ​ធ្លាក់»

ក្រោយ​ពី​ការ​បង្កើត​ភូមិ​ថ្មី នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ចុង​ឆ្នាំ​២០១៣ ភ្លាមៗ​អាជ្ញាធរ​ក្នុង​តំបន់​បាន​សម្រេច​រៀបចំ​ពិធី​បោះឆ្នោត​សាកល្បង ដែល​មាន​បេក្ខភាព​ឈរ​ឈ្មោះ​ចំនួន ១០​នាក់ មក​ពី​គណបក្ស​នយោបាយ​ចំនួន ២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លទ្ធផល​ឆ្នោត កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ បេក្ខភាព​ជាប់​ឆ្នោត​ជា​ប្រធាន​ភូមិ​បាន​ទៅ​លើ​ឈ្មោះ ជិន សុភ័ណ្ឌ និង​ឈ្មោះ គឹម រ៉ាស៊ី ជា​អនុ​ប្រធាន​មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។ ចំណែក​លោក ប៊ួយ គឹមឃន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​មួយ​សំឡេង​កាល​ណោះ ក្នុង​ចំណោម​សំឡេង​សរុប​ជិត ១០០​គ្រួសារ។

បើ​ទោះ​ជា​បែប​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ពេល​នេះ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជាង ១​ខែ​កន្លង​ទៅ ក្រុមប្រឹក្សា​ឃុំ​សម្រេច​លុប​ឈ្មោះ​លោក ជិន សុភ័ណ្ឌ ពី​ប្រធាន​ភូមិ ហើយ​ដាក់​ជំនួស​វិញ​ដោយ​លោក ប៊ួយ គឹមឃន បេក្ខភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ទន្ទឹម​នឹង​នេះ គេ​នៅ​រក្សា​ទុក​លោក គឹម រ៉ាស៊ី មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​នៅ​ជា​អនុ​ប្រធាន​ដដែល។

ប្រធាន​ភូមិ​ដែល​ជាប់​ឆ្នោត​ថ្មី គឺ​លោក ជិន សុភ័ណ្ឌ អះអាង​ថា សេចក្ដី​សម្រេច​នេះ មិន​អាច​ទទួល​យក​បាន​ឡើយ។ លោក​ចាត់​ទុក​ថា អ្វី​ដែល​លោក​ជាប់​ឆ្នោត​នេះ គឺ​ជា​ការ​សម្រេច​ជ្រើសរើស​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលប់។ ហេតុ​នេះ​លោក​គិត​ថា មុខ​តំណែង​ថ្មី​នេះ គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ប្រកួតប្រជែង​មួយ​ដ៏​ពិតប្រាកដ។

លោក​បន្ត​ថា៖ «គ្រាន់​តែ​មិន​សុខ​ចិត្ត​ដែល​គេ​ធ្វើ​ឥត​ត្រឹមត្រូវ។ បើ​ខ្ញុំ​ធ្លាក់​ក៏​ខ្ញុំ​មិន​ថា​អី​ដែរ ធ្វើ​ម៉េច​បើ​ប្រជាជន​គេ​ស្រលាញ់»

មេ​ឃុំ​ត្រែងត្រយឹង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី កែវ សុផាត បញ្ជាក់​ថា លទ្ធផល​ដែល​បាន​ពី​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ គឺ​ជា​លទ្ធផល​មួយ​ដើម្បី​ស្ទង់​មតិ​ប៉ុណ្ណោះ។ ចំណែក​លទ្ធផល​ជា​ផ្លូវការ ដើម្បី​អាច​ជ្រើសរើស​មេ​ភូមិ​មួយ​ទៅ​បាន​គឺ​ត្រូវ​ឆ្លងកាត់​សេចក្ដី​សម្រេច ដែល​បាន​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​បំផុត។

អ្នកស្រី កែវ សុផាត៖ «ការ​ស្ទាបស្ទង់​ដើម្បី​យក​លេខ​រៀង​ឈរ​តើ! អា​នេះ​ជា​នីតិវិធី​របស់​ក្រសួង​មហាផ្ទៃ ច្បាប់​រដ្ឋបាល​ឃុំ សង្កាត់​ហ្នឹង គឺ​ទាល់​​តែ​មាន​សេចក្ដី​សម្រេច​ថា ឲ្យ​រៀបចំ​បាន​បោះ​ឆ្នោត​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ឃុំ​ទាំង ១១​នាក់»

លោក ហង្ស ពុទ្ធា នាយក​អង្គការ​និចហ្វិក (NICFEC) ចាត់​ទុក​ថា បញ្ហា​នឹង​អាច​ប្រឈម​កាន់​តែ​ធ្ងន់ធ្ងរ បើ​សិន​ការ​សម្រេច​ចុង​ក្រោយ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ មិន​ដូច​អ្វី​ដែល​ជា​​ការ​រំពឹង​ទុក​របស់​ពលរដ្ឋ​ទេ។ លោក​បញ្ជាក់​ថា ថ្វី​បើ​លទ្ធផល​ដំបូង​កើត​ពី​ការ​ស្ទង់​មតិ​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ពិត​មែន តែ​លទ្ធផល​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង និង​ជា​ទិស​ដៅ​សម្រាប់​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដឹង​ថា ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នោះ ចង់​បាន​មេដឹកនាំ​របៀប​ណា?

លោក ហង្ស ពុទ្ធា៖ «លទ្ធផល​ដែល​ទទួល​បាន​ពី​ដំណាក់កាល​ទី​មួយ​ហ្នឹង គឺ​​ត្រូវ​តែ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជា​អ្នក​​បោះឆ្នោត។ ប្រសិន​បើ​ក្រុម​ប្រឹក្សា​ហ្នឹង​ឯង គាត់​ពិត​ជា​មាន​បំណង​បម្រើ​ប្រជាពលរដ្ឋ​របស់​គាត់​មែន បាន​ន័យ​ថា ប្រជាពលរដ្ឋ​​បោះ​ឆ្នោត​ជ្រើសរើស​ហើយ អ៊ីចឹង​គាត់​គួរ​​តែ​គប្បី​គាំទ្រ​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ទៅ​វិញ»

ផ្អែក​តាម​នីតិវិធី​ដែល​មាន​ចែង​ដោយ​ក្រសួង​មហាផ្ទៃ កំណត់​ថា ប្រធាន​ភូមិ​គឺ​កើត​ពី​ការ​បោះឆ្នោត​ដោយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ ក្នុង​ន័យ​នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ហេតុ​នេះ បើ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​បាន​ពី​ការ​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ ហើយ​ពិត​បម្រើ​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​មែន ក្រុម​ប្រឹក្សា​សង្កាត់​គប្បី​ទទួល​ស្គាល់​ការ​សម្រេច​របស់​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។