អនុ​ភូមិ​បក្ស​ប្រជាជន​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​សមាជិក​បក្ស​ផ្សេង​នៅ​បាត់ដំបង

គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង បាន​ចោទ​មន្ត្រី​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប​ថា​បាន​អុកឡុក​រំខាន​ដល់​កិច្ច​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ភូមិ​អូសទូក ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2013.02.23

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ និង​ជា​អភិបាល​ខេត្ត​បាត់ដំបង ដើម្បី​ស្នើសុំ​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ម្នាក់ មាន​តួនាទី​ជា​អនុ​ភូមិ​ដែល​បាន​ប្រើ​អំពើ​ហិង្សា និង​អុក​ឡុក​រំខាន​ដល់​កិច្ច​សំណេះ​សំណាល​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ប្រជាពលរដ្ឋ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ បាន​បញ្ជាក់​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​កិច្ច​សំណេះ​សំណាល​មួយ​នៅ​ផ្ទះ​លោក ខែម សីថា ស្ថិត​នៅ​ភូមិ​អូសទូក ឃុំ​កំពង់ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​មាន​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​ចូល​រួម​ចំនួន ៣៣​នាក់។ ស្រាប់​តែ​លោក ហម ហៀង ជា​អនុ​ភូមិ​អូសទូក បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​រោទ៍​សំឡេង​ខ្លាំង និង​ចុច​ស៊ីផ្លេ​រំខាន​កិច្ច​សំណេះ​សំណាល​នោះ។

បន្ទាប់​មក មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ទៅ​សម្របសម្រួល​ឲ្យ​បញ្ឈប់​ការ​រំខាន ប៉ុន្តែ​ត្រូវ​លោក ហម ហៀង បដិសេធ​មិន​ព្រម​ចេញ។ ដោយ​ឃើញ​ដូច្នេះ សកម្មជន​គណបក្ស​រូប​នោះ​បាន​យក​ទូរស័ព្ទ​ដៃ​ថត​រូប​លោក ហម ហៀង ប៉ុន្តែ​ត្រូវ​លោក ហម ហៀង វាយ​ធ្លាក់​ទូរស័ព្ទ​ពី​ដៃ​ថែម​ទៀត។

លោក ម៉ឹង នីជា ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​អូសទូក បាន​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា អនុ​ភូមិ​ឈ្មោះ ហម ហៀង នៅ​ពេល​នោះ​មាន​អាការៈ​ស្រវឹង៖ «គាត់​ទៅ គាត់​ស្រវឹង​ស្រា​ត្រេតត្រត​ទៅ​វាយ​ម៉ាស៊ីន​ថត គាត់​ថា​មក​ហ្នឹង​អត់​សុំ​ច្បាប់​ទម្លាប់​គាត់ គាត់​អនុ​ភូមិ គាត់​វាយ​ម៉ាស៊ីន​ថត​រូប​ចេញ​ពី​ដៃ​ចម្ងាយ​ប្រហែល ២​ម៉ែត្រ»

លោក ហម ហៀង ជា​អនុ​ភូមិ​អូសទូក បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច្នេះ​មែន។ ប៉ុន្តែ​លោក​បញ្ជាក់​ថា មូលហេតុ​នោះ​បង្ក​ឡើង​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​សំណេះ​សំណាល​ពុំ​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «ខ្ញុំ​អនុ​ភូមិ ខ្ញុំ​នៅ​កៀន​ហ្នឹង ខ្ញុំ​អត់​ដឹង​ហើយ​លោក​មេ​ឃុំ​គាត់​ទូរស័ព្ទ​សួរ​ថា គេ​ធ្វើ​អី? ហើយ​គាត់​ថា​ឲ្យ​ទៅ​មើល​បន្តិច​ទៅ ខ្ញុំ​ចូល​ទៅ​សួរ​ថា បង​ធ្វើ​អី​ហ្នឹង មាន​ទំនាក់​ទំនង​ប្រាប់​មេ​ភូមិ​អី​ហើយ​នៅ? អ៊ីចឹង​ទៅ គេ​និយាយ​ម៉េច​ពិបាក​ស្ដាប់​ពេក មក​ថត​មុខ​ថត​អី ហើយ​ខ្ញុំ​ថ្ងៃ​ហ្នឹង​ចេញ​មក​ពី​ស៊ី​ការ​បន្តិច​ដែរ ខ្ញុំ​ថា​កុំ​ថត​អី ហើយ​ក៏​ទម្លាក់​ដៃ​ប៉ះ​ទូរស័ព្ទ​គាត់​ទៅ»

ទោះ​យ៉ាង​នេះ​ក្តី គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា លោក ហម ហៀង បាន​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ និង​ប្រើ​សម្ដី​អសុរោះ​ថា អាណា​អនុញ្ញាត​ឲ្យ​ហ្អែង​ធ្វើ? ហ្អែង​ដឹង​ថា​នេះ​ជា​ទឹក​ដី​របស់​អញ​ទេ ហ្អែង​មាន​សុំ​ច្បាប់​អញ​ឬ​អត់?

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ថា​ពី​លោក ប្រាជ្ញ ចន្ទ អភិបាល​ខេត្ត​បាត់ដំបង ជុំវិញ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​បាន​ទេ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង បាន​ថ្លែង​ថា ទង្វើ​របស់​អនុ​ភូមិ​អូសទូក ពុំ​ត្រឹមត្រូវ​នោះ​ទេ៖ «ករណី​ហ្នឹង​ខុស​ច្បាប់​បោះ​ឆ្នោត អ៊ីចឹង​ត្រូវ​តែ​ទទួល​ទោស​បញ្ញត្តិ​ក្នុង​ច្បាប់​ហ្នឹង ដើម្បី​ជា​ការ​ព្រមាន​ដល់​មន្ត្រី​មូលដ្ឋាន​ដែល​គាត់​នៅ​តែ ខ្ញុំ​គិត​ថា ក្នុង​នាម​អភិបាល​ខេត្ត គាត់​មិន​ព្រងើយ​កន្តើយ​ទេ មិន​ឲ្យ​កូន​ចៅ​ក្នុង​មូលដ្ឋាន​ធ្វើ​អ៊ីចឹង​ទេ លោក​នឹង​មាន​វិធាន​ការ​ដើម្បី​ឲ្យ​ស្មើ​ភាព​គ្នា​ក្នុង​ការងារ​នយោបាយ»

លោក​បញ្ជាក់​ថា ទង្វើ​របស់​អនុ​ភូមិ​នេះ បាន​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ប្រាសចាក​ក្រម​សីលធម៌ ក្នុង​នាម​ជា​មន្ត្រី​ភូមិ​ដែល​ត្រូវ​មាន​កាតព្វកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មើ​ភាព​គ្នា និង​មិន​ត្រូវ​មាន​ការ​រើសអើង​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នាការ​គណបក្ស​នយោបាយ​ផ្សេង​គ្នា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
អត្ថបទពេញនិយម
នយោបាយ
ខ្មាន់កាំភ្លើង​មិន​ទាន់​ហ៊ាន​លាតត្រដាង​មេខ្លោង​នៅ​ពីក្រោយ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​គ្រួសារ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។