ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រជាពលរដ្ឋមួយចំនួនបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា។ ពលរដ្ឋខ្លះ ចាត់ទុកយុទ្ធនាការឃោសនាបោះឆ្នោតនេះជារឿងធម្មតា ព្រោះគ្មានវត្តមានគណបក្សប្រឆាំងដែលមានគីឡូស្មើនឹងគណបក្សប្រជាជនកម្ពុជាដូចប៉ុន្មានអាណត្តិមុនៗ។ ប៉ុន្តែពលរដ្ឋខ្លះទៀត លើកឡើងថា ពួកគាត់បានត្រៀមខ្លួន និងសម្លឹងឃើញរួចហើយថា នឹងបោះឲ្យគណបក្សណាដែលយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ។
ពលរដ្ឋមួយចំនួន លើកឡើងថា ពួកគាត់មិនចាប់អារម្មណ៍រឿងយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ព្រោះជាប់រវល់រកស៊ី ខណៈពលរដ្ឋខ្លះទៀត កំពុងតាមដានលើគោលនយោបាយ និងជំហររបស់គណបក្សនយោបាយនានា ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំឃុំ-សង្កាត់ដែលយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋពិតប្រាកដ។
អាជីវករលក់ភេសជ្ជៈម្នាក់នៅផ្សារដីហុយ រាជធានីភ្នំពេញ អាយុជិត៥០ឆ្នាំ លោកស្រី ស្រី មាន ជាពលរដ្ឋខ្មែរក្រោម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែឧសភាថា លោកស្រីឃើញគណបក្សមកឃោសនាបោះឆ្នោតដែរ តែលោកស្រីមិនសូវយកចិត្តទុកដាក់ទេ។ លោកស្រីបន្តថា បក្សណាជាប់ឆ្នោតក៏ដូចជាបក្សណាដែរ គឺលោកស្រីខិតខំតែពីរកស៊ីប៉ុណ្ណោះ ប៉ុន្តែលោកស្រីបញ្ជាក់ថា លោកស្រី និងស្វាមី តែងទៅបោះឆ្នោតជារៀងរាល់អាណត្តិ៖ « ឲ្យតែដល់ពេលមិនស្រួលទៅ ឲ្យដល់ថ្ងៃដល់ខែអី ចាំមើលសិនធ្វើម៉េចមានឈ្មោះចេះតែបោះទៅ។នឹងហើយចេះតែធ្វើទៅ »។
ពលរដ្ឋម្នាក់ទៀត ជាអ្នករត់តាក់ស៊ីនៅស្រុកមុខកំពូល ខេត្តកណ្ដាល ថ្លែងសុំមិនបញ្ចេញឈ្មោះថា ថ្ងៃនេះឃើញប្រជាពលរដ្ឋខ្លះ ដូចជាមានការត្រេកអរក្នុងការឃោសនាបោះឆ្នោត តែចំពោះលោកវិញគឺមានអារម្មណ៍ធម្មតា។ ទោះជាយ៉ាងណា លោកស្នើទៅដល់គណបក្សទាំងអស់ ទោះជាបក្សណាជាប់ឆ្នោតក៏ដោយត្រូវតែចូលរួមនាំគ្នាគោរពច្បាប់ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេស ត្រូវហ៊ានដោះស្រាយបញ្ហា ជនអន្តោប្រវេសន៍វៀតណាមរស់នៅកម្ពុជាដោយខុសច្បាប់។ពលរដ្ឋរូបនេះ បន្តថា កន្លងមក មេឃុំរបស់ គណបក្សប្រជាជនកម្ពុជា មិនសូវយកចិត្តទុកដាក់បម្រើនិងដោះស្រាយបញ្ហាតាមសំណូមពរឬពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជាដុំកំភួនឡើយ៖ « ដល់អ៊ីចឹងទៅខ្ញុំអត់មានជំនឿអ្វីទៅលើមេភូមិមេឃុំហ្នឹង ព្រោះគាត់មើលទៅហាក់បីដូចជាគាត់អត់ចេះច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាយើងផងហ្នឹងបាទ មិនមែនខ្ញុំមើលងាយគាត់ទេ ឬមួយក៏គាត់ចេះហើយគាត់មិនអនុវត្តក៏ខ្ញុំមិនដឹងដែរ។ ព្រោះថាច្បាប់រដ្ឋធម្មនុញ្ញបានចែងហើយ ជនបរទេសដែលជាជនអន្តោប្រវេសន៍មិនអាចមានសិទ្ធិស្មើនឹងពលរដ្ឋខ្មែរយើងបានទេ។ ប៉ុន្តែជនបរទេសនោះគាត់ងើបឡើងពីទឹកមកតាំងទីលំនៅលើគោករួចហើយគាត់ទិញដី ទិញដីហើយគាត់បង្កើតមុខរបរអេតចាយដូចខ្ញុំជម្រាបពីខាងដើមអ៊ីចឹង »។
ចំណែកឯពលរដ្ឋម្នាក់ទៀតជាកសិករធ្វើចម្ការ និងជាជាងដែក លោក ចាន់ ថា រស់នៅស្រុកកំពង់ត្រាច ខេត្តកំពត រៀបរាប់ថា កន្លងមក លោកមិនសូវបានចាប់អារម្មណ៍រឿងនយោបាយអ្វីទេ ព្រោះនៅតាមស្រុកស្រែចម្ការពលរដ្ឋគិតតែពីប្រកបមុខរបររកទទួលទានប៉ុណ្ណោះ ។ ក៏ប៉ុន្តែលោក បញ្ជាក់ថា ជាចុងក្រោយនេះលោកក៏បានដឹងរឿងរ៉ាវរបស់ស្រុកទេសខ្លះៗដែរ តែមិនជាហ៊ានបញ្ចេញមតិនោះទេ។លោក បន្តថា លោក នឹងទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ ហើយរំពឹងថានឹងមានថ្នាក់ដឹកនាំល្អមួយជាងពេលបច្ចុប្បន្ននេះ៖ « ប្រជាជនធម្មតាយើងគ្រាន់តែរកស៊ីទេ រឿងអ៊ីចឹងៗយើងមិនចាប់អារម្មណ៍ខាងនឹង។ យើងជាជនតូចតាចអ៊ីចឹងយើងមិនអាចចង់ដឹងឮអីរបស់អ្នកដឹកនាំ។ វាសុខៗ តែវាពិបាកដែររាល់ថ្ងៃយើងថាសន្តិភាព សន្តិភាពអ៊ីចឹង គ្រាន់តែថា។ សេដ្ឋកិច្ចយើងពិបាកដែរ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមម្នាក់ ជាថៅកែហាងបាយ លោកស្រី នាង គឹមឡាង អាយុជាង៤០ឆ្នាំមករស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាងម្ភៃឆ្នាំហើយ ឲ្យដឹងថា អាណត្តិណាក៏លោកស្រីមិនភ្លេចទៅបោះឆ្នោតដែរ ព្រោះលោកស្រីបានចាត់ទុកខ្លួនឯងជាពលរដ្ឋខ្មែរម្នាក់ដែរ មានកាតព្វកិច្ចត្រូវតែទៅចូលរួមបោះឆ្នោត។លោកស្រីបញ្ជាក់ថា លោកស្រីមិនភ្លេចបោះឆ្នោតជូនគណបក្សណាដែលលោកស្រីចូលចិត្តឡើយ៖ « ទៅតើ!នៅស្រុកគេមិនទៅបោះឆ្នោតម៉េចយើងខ្មែរ ចេះតែបោះៗទៅយើងរស់នៅមួយគេ។ អាមុនបោះអាធំឥឡូវបោះអានេះគេបោះឃុំសង្កាត់ហើយបានបោះសភាអ៊ីចឹងណា។ នៅជាមួយគេ គេទៅយើងទៅ គេនៅយើងនៅទៅ យើងរកស៊ីយើងទៅនយោបាយស្អី ឲ្យតែសុខ។អញ្ចឹងបានថា គេតែៗ គេស្ករៗទៅ យើងរកស៊ី យើងមិនទៅអ្នកនយោបាយអី វាស្រួលចង់និយាយអ៊ីចឹងទៅណា។ ម៉្យាងទៀតយើងរកស៊ីអ្នកធ្វើការ អ្នកអីៗគេចូលមកអ៊ីចឹងយើងទៅបក្សពួកអី » ។
រីឯពលរដ្ឋម្នាក់ទៀត ជាអ្នករត់តាក់ស៊ីលោក ប៊ុន ថាន អាយុ៤៧ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក៏លើកឡើងដែរថា ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែទៅចូលរួមការបោះឆ្នោត ដើម្បីរើសថ្នាក់ដឹកនាំមកកសាងភូមិស្រុកឲ្យមានការរីកចម្រើន៖ « ឡើងក៏ប៉ុណ្ណឹង ចុះក៏ប៉ុណ្ណឹង។ ចង់អំពាវនាវឲ្យប្រជាពលរដ្ឋយើងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា »។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋភាគច្រើនលោកនៅតែរំពឹងទុកថា ក្រោយពីបោះឆ្នោតហើយ អាចនឹងមានការកែប្រែប្រទេសកម្ពុជា ឲ្យទៅជាប្រទេសមួយដែលមានការរីកចម្រើន ប្រហាក់ប្រហែលនឹងប្រទេសជិតខាងមួយចំនួន ។ ប្រជាពលរដ្ឋ ក៏ស្នើឲ្យមានគណបក្សចូលរួមប្រកួតឲ្យបានច្រើន ឲ្យសមទៅនឹងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្នើឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្ដែងមតិ រិះគន់មន្ត្រីណាដែលប្រព្រឹត្តខុសនឹងច្បាប់ប្រទេសកម្ពុជា កុំឲ្យធ្វើទុកបុកម្នេញគណបក្សណាដែលមានមាគ៌ាផ្ទុយនឹងបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។