ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការផ្តន្ទាទោសទ្រង់ទ្រាយធំលើសកម្មជនគណបក្សប្រឆាំងជាង ១០០នាក់ មិនមែនជាបច្ច័យល្អនោះទេ ប៉ុន្តែវាអាចនឹងនាំមកនូវទណ្ឌកម្មនានាប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាទៅវិញទេ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា សកម្មជនបក្សសង្គ្រោះជាតិជាង ១០០នាក់ ទំនងជាចៀសមិនផុតពីការផ្តន្ទាទោសដោយតុលាការនោះឡើយ ប្រសិនបើគ្មានដំណោះស្រាយនយោបាយ។ លោកយល់ឃើញបែបនេះ ពីព្រោះតុលាការបានផ្តន្ទាទោសសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់រួចមកហើយ ហើយសកម្មជនជាង ១០០នាក់ ទៀតក៏ជាប់ចោទពីបទរួមគំនិតក្បត់នេះដូចគ្នា៖ « មិនខុសគ្នានឹងអ្នកមុនៗទេ ពីព្រោះនៅក្នុងបទចោទប្រកាន់ជាមួយគ្នា ហើយមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយភាគច្រើនសុទ្ធតែជាបទឧក្រិដ្ឋ។ ដូច្នេះខ្ញុំគិតថា បើមិនមានការដោះស្រាយ ការចរចាបញ្ហានយោបាយឱ្យបានត្រូវរ៉ូវគ្នាទេ នោះអ្នកក្រោយៗក៏មិនខុសពីអ្នកមុនៗហ្នឹងដែរ គឺថានឹងទទួលនូវការផ្តន្ទាទោសប្រហាក់ប្រហែលគ្នាទៅនឹងអ្នកមុនៗ » ។
គិតត្រឹមចុងខែមីនានេះ តុលាការបានផ្តន្ទាទោសសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១១នាក់ ឱ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ពីបទរួមគំនិតក្បត់។ សកម្មជនទាំង ១១នាក់ នោះ មាន ៧នាក់ នៅខេត្តត្បូងឃ្មុំ ៣នាក់ នៅខេត្តសៀមរាប និងម្នាក់ទៀត នៅខេត្តកំពត។ ចំណែកសកម្មជនជាង ១០០នាក់ នោះវិញ តុលាការក្រុងភ្នំពេញបានចាប់ផ្តើមបើកសវនាការសំណុំរឿងរបស់ពួកគេតាំងពីចុងឆ្នាំ ២០២០ ប៉ុន្តែបានផ្អាកសវនាការមួយរយៈសិន ដោយសារជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងក្នុងសហគមន៍។ តុលាការទំនងជានឹងបន្តសវនាការសំណុំរឿងទាំងនោះវិញ នៅក្រោយស្ថានការណ៍កូវីដបានធូរស្រាល។
អ្នកការពារសិទ្ធិមនុស្ស លោក នី សុខា ជឿជាក់ថា ប្រសិនបើតុលាការផ្តន្ទាទោសសកម្មជនទាំងជាង១០០ នាក់នោះមែន សហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ជាលក្ខណៈបុគ្គល៖ « បើរដ្ឋាភិបាលនៅតែបន្តមិនបានទទួលយកអ្វីដែលជាសំណើរបស់សហភាពអឺរ៉ុបមកដោះស្រាយ ហើយមកឆ្លើយតបជាវិជ្ជមានទៅនឹងសំណើហ្នឹងទេ ខ្ញុំគិតថា ទៅមុខទៀតនេះ គឺប្រហែលជាគេចមិនផុតទៅនឹងអ្វីដែលជាការដាក់ទណ្ឌកម្មបន្តទៀតនោះទេ ព្រោះយើងដឹងហើយ EBA នៅ៨០ % ទៀត ហើយនិងរឿងមួយទៀតទាក់ទងនឹងមន្ត្រីមួយចំនួនគេដាក់ទណ្ឌកម្មជាបុគ្គល »។

កាលពីពេលថ្មីៗនេះ សភាអឺរ៉ុបបានជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងកងកម្លាំងប្រដាប់អាវុធនៃរបបក្រុងភ្នំពេញ ដែលជាអ្នកទទួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីតុលាការរបបក្រុងភ្នំពេញបានផ្តន្ទាទោសក្រុមមេដឹកនាំបក្សប្រឆាំង ៩នាក់ ក្នុងនោះក៏រួមទាំងលោក សម រង្ស៊ី ផង ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំ ដល់ ២៥ឆ្នាំ ពីបទឧបឃាត។ សភាអឺរ៉ុបបានទាមទារឱ្យរបបលោក ហ៊ុន សែន លុបចោលសាលក្រមផ្តន្ទាទោសនេះ ព្រមទាំងដោះលែង និងទម្លាក់ចោលបទចោទលើសកម្មជនបក្សប្រឆាំង ហើយបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។
ជុំវិញរឿងនេះអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន មានប្រសាសន៍ថា តុលាការដំណើរការ និងសម្រេចក្តីសកម្មជនបក្សប្រឆាំងនេះ ដោយយោងទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។ លោកថា បើសកម្មជនទាំងនោះឈប់ដើរតាមនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំង ពួកគេនឹងមិនមានទោសអ្វីឡើយ។ លោកអះអាងថា សម្ពាធពីអន្តរជាតិនឹងមិនអាចបង្ខំឱ្យរដ្ឋាភិបាលកែប្រែចំណាត់ការតាមច្បាប់ផ្លូវច្បាប់ទាំងនោះឡើយ៖ « អត់មានពិចារណាអ្វីទៀតទេ អត់មានធ្វើតាមគាត់ទេ។ កម្ពុជាជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញ មិនមែនទៅធ្វើតាមអ្នកព្រួយបារម្ភទេ។ អ្នកឯងព្រួយបារម្ភឯណា ព្រួយបារម្ភទៅ អាហ្នឹងរឿងអ្នកឯង ក៏ប៉ុន្តែការអនុវត្តច្បាប់នៅកម្ពុជា គេត្រូវធ្វើការអនុវត្តច្បាប់នៅកម្ពុជា » ។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មើលឃើញថា ការទទួលរងទណ្ឌកម្មពីសហគមន៍អន្តរជាតិ គ្មានអ្វីចំណេញសម្រាប់កម្ពុជាឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះសំណើរបស់សហគមន៍អន្តរជាតិ ជាពិសេសសំណើរបស់សហភាពអឺរ៉ុប ដើម្បីកុំឱ្យកម្ពុជាខាតបង់ប្រយោជន៍ជាតិ ដោយសារតែទំនាស់នយោបាយ៖ « អ្នកនយោបាយខ្មែរទាំងអស់គួរតែគិតគូរអំពីឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ឬក៏ជាតិខ្មែរហ្នឹង។ គឺអ្នកនយោបាយត្រូវធ្វើយ៉ាងណា បង្កើតឱ្យមានទៅជាសាមគ្គីជាតិ ឯកភាពជាតិឡើងវិញទៅ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ដើម្បីកុំឱ្យមានការខាតបង់ផ្សេងៗទៀតសម្រាប់កម្ពុជាយើង »។
សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើរបបក្រុងភ្នំពេញជាបណ្តើរៗហើយ ដើម្បីជាការឆ្លើយតបទៅនឹងទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលរបបនេះបានប្រព្រឹត្ត។ នោះគឺការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% ពីកម្ពុជា ហើយការបញ្ជូលកម្ពុជាក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់នោះ ក៏អាចរាប់ថា ជាទណ្ឌកម្មលើរបបក្រុងភ្នំពេញដែរ។ ទណ្ឌកម្មជំហានបន្ទាប់ដែលសហភាពអឺរ៉ុបអាចដាក់ចេញនោះ គឺការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ឬផ្នែកណាមួយបន្ថែមទៀត ព្រមទាំងទណ្ឌកម្មរឹតត្បិតការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិមន្ត្រីគ្រាក់ៗ ដែលជាប់ពាក់ព័ន្ធនឹងទង្វើរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ចំណែកសហរដ្ឋអាមេរិកវិញ កំពូលមហាអំណាចមួយនេះបានប្រើច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Act) ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីគ្រាក់ៗ ឈ្មួញរកស៊ី និងក្រុមហ៊ុនចិនមួយចំនួន ដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងអំពើពុករលួយនៅកម្ពុជា។ ទណ្ឌកម្មក្រោមច្បាប់នេះ អាចនឹងត្រូវបានពង្រីកបន្ថែមទៀតលើមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ ប្រសិនបើស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកម្ពុជា នៅតែយ៉ាប់យ៉ឺន ឬធ្លាក់ដុនដាបជាងពេលបច្ចុប្បន្ននេះទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។