អ្នកឃ្លាំមើល​ព្រំដែន​ថា វៀតណាម​មិន​គោរព​សន្យា​ក្នុង​ការ​រុះ​តើ​តង់ ពី​តំបន់​ព្រំដែន

ដោយ វ៉ែន សុមេធ
2020.12.02
អ្នកឃ្លាំមើល​ព្រំដែន​ថា វៀតណាម​មិន​គោរព​សន្យា​ក្នុង​ការ​រុះ​តើ​តង់ ពី​តំបន់​ព្រំដែន តង់​ដែល​វៀតណាម​ទើប​បោះ​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា ២០២០។
រូបថត​ពលរដ្ឋ​ពី​ថ្ងៃ​ទី១ ធ្នូ ២០២០

អ្នកឃ្លាំមើល​ព្រំដែន និង​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​អះអាង​ថា វៀតណាម​មិនបាន​អនុវត្ត​ពាក្យសន្យា​ដែល​ថា​នឹង​រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នោះ​ទេ​។ ពួកគេ​សង្កេត​ឃើញ​ថា ក្នុង​ខេត្ត​ត្បូងឃ្មុំ វៀតណាម​មិន​ត្រឹមតែ​មិន​រុះរើ​តង់​ចេញពី​តំបន់​ព្រំដែន​នោះ​ទេ ថែមទាំង​សង់​តង់​បន្ថែម​ទៀត។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ​ថា ក្នុង​ចន្លោះ​ឃុំ​ចំនួន​៣ គឺ​ឃុំ​ដារ ឃុំ​រូង ឃុំ​ជាំ​ក្រវៀន នៃ​ស្រុក​មេមត់​មាន​តង់ និង​សំណង់​រឹង​ប្រមាណ ១០​កន្លែង ដែល​គេ​បោះ​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន លេខ ៨៥ ដល់​បង្គោល​ព្រំដែន​លេខ ១១០​។ លើស​ពី​នេះ យោធា​វៀតណាម​បាន​បន្ថែម​ការសាងសង់ តង់​មួយទៀត ត្រង់​ចំណុច​បង្គោល​ព្រំ​ដែន​លេខ ១១០/២ ឋិត​ក្នុង​ឃុំ​ដារ។

ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា តង់​ថ្មី​មួយទៀត​ដែល​វៀតណាម​ទើប​សាងសង់​កាលពី​ចុង​ខែ​វិច្ឆិកា នៅ​កៀក​ផ្លូវ​ក្រវាត់​ព្រំដែន របស់​កម្ពុជា ឋិត​ក្នុង​ភូមិ ៧​មករា ឃុំ​ដារ ស្រុក​មេមត់​។ លោក​ថា មាន​យោធា​វៀតណាម​ប្រមាណ ៣ ទៅ ៥​នាក់ បាន​ដាក់​វេន​គ្នា​យាមល្បាត​ជាប្រចាំ មិន​ឃើញ​សមត្ថកិច្ច​ខ្មែរ​ចុះ​ពិនិត្យ​នៅឡើយ​ទេ។ ចំណែក ពលរដ្ឋ​បាន​ត្រឹម​តែ​លួច​មើល និង​ថតរូប​ភាព​ពី​ចម្ងាយ​ដោយ​លាក់លៀម ព្រោះ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ធ្វើបាប និង​គំរាមកំហែង៖ «បោះ​ហ្នឹង​នៅ​ជាប់​ផ្លូវ​ក្រវាត់​ព្រំដែន ជាប់​ផ្លូវ​ព្រំដែន អាជ្ញាធរ​ហ្នឹង​មិន​ដែល​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម​ទេ។ តាមពិត​ដី​ហ្នឹង ពលរដ្ឋ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨២ ខិត​ពី​បង្គោល​ព្រំដែន​ហ្នឹង​ទៅ ប្រហែល​១​គីឡូ​ដី»

ពលរដ្ឋ​ម្នាក់ទៀត គឺ​លោក ជា វីរៈ ប្រាប់​អាស៊ីសេរី​ថា ក្នុង​ចន្លោះ​បង្គោល​លេខ​៩៨ ក្នុង​ឃុំ​រូង ស្រុក​មេមត់ មាន​តង់​វៀតណាម​ចំនួន ៣ គេ​សង់​រយៈពេល​ជាង ៣ ខែ​មក​ហើយ និង​មាន​តង់​ជាច្រើន​កន្លែង​ទៀត តាម​បណ្ដោយ​ព្រំដែន ក្នុងស្រុក​មេមេត់ មិនទាន់​ឃើញ​វៀតណាម​រុះរើ​ចេញ​នៅឡើយ​ទេ​។ លោក​អះអាង​ថា មាន​តង់​ខ្លះ​បាន​រំកិល​កៀក​ចូល​មក​ដី​ខ្មែរ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ៩៥៖ «ការសន្យា​រវាង​ភាគី​វៀតណាម និង​កម្ពុជា គ្រាន់តែ​ជា​ឆាកល្ខោន​បំភ័ន្ត​ភ្នែក ជាក់ស្ដែង​ភាគី​វៀតណាម ដូចជា​គ្មាន​ការ​អនុវត្ត​។ អនុវត្ត​តែ​តំបន់​ណា​ដែល​ពលរដ្ឋ​លោក​ខ្វល់ ឈឺឆ្អាល​តំបន់​ហ្នឹង អាជ្ញាធរ​យួន​ហាក់​ដូចជា មានការ​ភ័យខ្លាច​។ ប៉ុន្តែ​តំបន់​ខ្លះ ដែល​ពលរដ្ឋ​ខ្មែរ​យើង មិន​ខ្វល់ មិន​គិត​គូ អាជ្ញាធរ​យួន​នៅតែ​បន្ត​បោះតង់​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ហ្នឹង»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១ ធ្នូ។

កាលពី​ចុងខែ​កក្កដា​កន្លងទៅ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ីសេរី​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

អាជ្ញាធរ​ខ្មែរ​អះអាង​ថា មាន​ខេត្ត​ចំនួន ២ គឺ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កណ្តាល វៀតណាម​បាន​រុះរើ​តង់ និង​សំណង់​រឹង​ចេញ​ទាំងអស់ បន្ទាប់ពី​មានការ​សន្ទនា​តាម​វីដេអូ រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

ចំណែក​នៅ​ឯ​ខេត្ត​កំពត​ឯណោះ​វិញ អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា វៀតណាម​នៅ​មិន​ទាន់​រុះរើ​តង់​ចំនួន ៤២​កន្លែង ចេញពី​តំបន់​ព្រំដែន​ឋិត​ក្នុង​ភូមិ​សាស្ត្រ​ខែត្រ​នេះ​នៅ​ឡើយ​ទេ​។ អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ប្រាប់​អាស៊ីសេរី​ថា វៀតណាម​សន្យា​ថា នឹង​រុះរើ​តង់​ចេញ បន្ទាប់ពី​ជំងឺ​កូវីដ​១៩​បាន​ផុត​រលត់៖ «មិន​មាន​សំណង់​រឹង​ទេ គ្រាន់តែ​ជា​តង់​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង អ្វី​ដែល​មាន​ពីមុន​មក​វា​អត់​ប្រែ​។ បង្គោល​ព្រំដែន​នៅ​ខេត្ត​កំពត​មានតែ ២៤​បង្គោល តាម​បណ្ដោយ​ស្រុក​បន្ទាយមាស និង កំពង់ត្រាច តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា និង​វៀតណាម»

ជាមួយ​គ្នា​នេះ​ដែរ សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ឃីម សុខុម មិន​ទាន់​ស្ងប់ចិត្ត​នៅឡើយ​ទេ ដរាបណា​រដ្ឋាភិបាល​នៅតែ​រឹតត្បិត និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន។ លោក​ថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ បញ្ហា​នេះ មិន​គួរ​រារាំង និង​គំរាមកំហែង​ចំពោះ​អ្នក ដែល​ឈឺឆ្អាល​បញ្ហា​ព្រំដែន​នោះ​ទេ​៖ «គាត់​តែង​ចុះទៅ​មើល ហើយ​តែង​មានការ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន ដល់ពេល​អ៊ីចឹង​ទៅ យើង​វា​អត់​អស់ចិត្ត វា​ជា​ការងារ​មួយ ដែល​ពួក​យើង​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់​គ្នា​។ ពេល​គាត់​ចេះតែ​រឹតត្បិត អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ចេះ​តែ​មាន​ការ​សោកស្តាយ ចំពោះ​ទង្វើ​របស់​គាត់​ហ្នឹង»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក សង្កេត​ឃើញ​ថា វៀតណាម​មិន​បាន​អនុវត្ត​តាម​ការសន្យា​នោះ​ទេ ហាក់ដូច​ជា​មាន​ល្បិចកល ដើម្បី​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូចជា​ទន់ជ្រាយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ជ្រះ​ស្រឡះ​៖ «កន្លងមក​មាន​កិច្ចព្រមព្រៀង​ច្រើន​ណាស់ កិច្ចព្រមព្រៀង​ឆ្នាំ១៩៩៥ ហាម​មិន​ឱ្យ​ធ្វើ​អ្វី​ថ្មី ដូច​ជា​ការ​បោះតង់ និង​សំណង់​រឹង ប៉ុន្តែ​ភាគី​វៀតណាម​មិន​ដែល​គោរព រហូត​បោះតង់ និង​សំណង់​រឹង រហូតដល់​ជាង ២០០​កន្លែង​នៅ​តាម​ព្រំដែន​។ វៀតណាម​មិន​ដែល​គោរព​ពាក្យសន្យា​នោះ​ទេ នៅ​តែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា»

កាល​ពី​ចុង​ខែ​វិច្ឆិកា មេដឹកនាំ​កម្ពុជា និង​វៀតណាម បាន​ពិភាក្សា​គ្នា តាម​វីដេអូ​ថា មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​មោទនភាព ចំពោះ​សមិទ្ធផល​ទាក់ទង​នឹង​កិច្ចការ​ព្រំដែន ដូចជា ការ​ផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ភាគី​កម្ពុជា និង​វៀតណាម ហើយ​និង​ការ​ឯកភាព លើ​ពិធីសារ​ទទួលស្គាល់​ខណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​។ បន្ថែម​ពី​នេះ ភាគី​ប្រទេស​ទាំងពីរ ប្ដេជ្ញា​ដោះស្រាយ ការកំណត់​បង្គោល​ព្រំដែន​ដែល​នៅសល់​ចំនួន ១៦​ភាគរយ ឱ្យ​រួចរាល់ និង​ប្រែក្លាយ​តំបន់​ព្រំដែន ឱ្យ​ទៅ​ជា​តំបន់​សន្តិភាព អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ តែ​ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​ទៅ​ប្រទេស​វៀតណាម៕

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។