អ្នកវិភាគ និងសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរបង្ហាញជំហររបស់ខ្លួនឱ្យច្បាស់លាស់ជុំវិញរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅកាន់អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) បើមិនដូច្នេះទេ កម្ពុជាអាចនឹងរងវិធានការមួយចំនួនទៀតពីសហរដ្ឋអាមេរិក ដែលនាំឱ្យកម្ពុជាខាតបង់។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា យល់ថា ដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកនេះ ទំនងជាអាមេរិកចង់ដឹងពីជំហរអព្យាក្រឹតរបស់កម្ពុជានៅចំពោះមុខប្រទេសលោកសេរី និងប្រទេសចិនកុម្មុយនីស្ត។
លោកជឿថា មន្ត្រីជាន់ខ្ពស់ការបរទេសសហរដ្ឋអាមេរិកនឹងលើកពីបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សយកមកជជែកជាមួយរដ្ឋាភិបាលកម្ពុជា ព្រោះគោលនយោបាយការបរទេសរបស់អាមេរិកបច្ចុប្បន្ននេះ គឺផ្តោតលើការពង្រឹងនិងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ហើយករណីកម្ពុជា សហរដ្ឋអាមេរិកចង់បានស្ថានការណ៍ដូចមុនការបោះឆ្នោតឆ្នាំ២០១៧៖ «យន្តការ ដែលគេហៅថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលសហរដ្ឋអាមេរិកកំពុងតែដាក់ជាចំណុចនៃគោលនយោបាយការបរទេសក្នុងអាណត្តិរបស់លោក ចូ បៃឌិន ហ្នឹង ពង្រឹងនិងជាចលករនៃការឱ្យមានការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅទូទាំងសកលលោកតែម្តង ជាចរន្តមួយគេបារម្ភដែរ សហរដ្ឋអាមេរិកនិងសហគមន៍តែងតែលើកឡើងឱ្យភាគីកម្ពុជាងាកមករក្សាជំហរ»។
ស្រដៀងគ្នានេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត យល់ថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនឹងនិយាយអំពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដូចជាគោលការណ៍បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រួមទាំងបញ្ហាគណបក្សនយោបាយជាដើម ជាមួយរដ្ឋាភិបាលកម្ពុជា។ លោកថា រដ្ឋាភិបាលកម្ពុជាគួរពិនិត្យពិចារណាផងដែរជុំវិញសំណើរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យកម្ពុជាបន្តទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP ពីសហរដ្ឋមេរិក ដើម្បីផលប្រយោជន៍ផ្សេងទៀតសម្រាប់ប្រជាពលរដ្ឋ៖ «ចង់ឃើញនូវប្រទេសកម្ពុជាដែលដើរស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ទីមួយដែលខ្ញុំគិត ហើយទីពីរ សហរដ្ឋអាមេរិកក៏និយាយទ្វេភាគីជាមួយកម្ពុជាពីរឿងនយោបាយការបរទេសផ្សេងទៀតដែលអាចនឹងពាក់ព័ន្ធ»។
រីឯមន្ត្រីជាន់ខ្ពស់ និងជាកូនស្រីរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា វិញសង្ឃឹមថា អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកនឹងលើកឡើងទៅកាន់របបក្រុងភ្នំពេញអំពីភាពចាំបាច់នៃការគោរពសិទ្ធិរបស់ពលរដ្ឋក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កញ្ញាគូសបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធ័រថា សិទ្ធិនេះត្រូវបានរបបក្រុងភ្នំពេញដកហូតយកពីពលរដ្ឋពាក់កណ្តាលប្រទេសកាលពីឆ្នាំ២០១៧ ពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបំបិទសិទ្ធិធ្វើនយោបាយ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន៥ នៅក្នុងទ្វីបអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏រួមមានទាំងកម្ពុជាផងដែរ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ មិថុនា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកកាលពីសប្តាហ៍មុនឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ អ្នកស្រីនឹងបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអព្យាក្រឹតរបស់អាស៊ាន និងពិភាក្សាអំពីបញ្ហានានា ទាំងបញ្ហាទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងបញ្ហាក្នុងតំបន់ រួមទាំងករណីនៅប្រទេសភូមាផងដែរ។ ដោយឡែកនៅកម្ពុជាវិញ អ្នកស្រីនឹងមានជំនួបមួយចំនួន ប៉ុន្តែក្រសួងការបរទេសអាមេរិកមិនបានទម្លាយឱ្យដឹងថា តើអ្នកស្រីនឹងជួបឥស្សរជននយោបាយណាខ្លះ ហើយនិងលើកយកបញ្ហាអ្វីទៅជជែកជាមួយមន្ត្រីរដ្ឋាភិបាលកម្ពុជានោះទេ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏សុំមិនធ្វើអត្ថាធិប្បាយរឿងនេះដែរ។
អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសាកសួរអំពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) បានទេ នៅថ្ងៃទី២៩ ខែឧសភា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែលោក កុយ គួង បានប្រាប់ប្រព័ន្ធឃោសនារបបក្រុងភ្នំពេញថា អ្នកស្រីនឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅថ្ងៃទី១ ខែមិថុនា ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក មានភាពរកាំរកូសច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបង្ហាញជំហរលម្អៀងខ្លាំងទៅរកប្រទេសចិនកុម្មុយនីស្ត។ ម្យ៉ាងវិញទៀត របបក្រុងភ្នំពេញបានគាស់រំលើងគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា តាមយៈការរំលាយបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ព្រមទាំងបិទសិទ្ធិធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំងចំនួន១១៨ នាក់ថែមទៀត។ កាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ គឺលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ បានចោទប្រកាន់ជាចំហរ ដោយមិនបង្ហាញភស្តុតាងថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយខ្នងនៃអ្វីដែលលោកហៅថា ជាផែនការបដិវត្តន៍ពណ៌របស់លោក កឹម សុខា។
សហរដ្ឋអាមេរិកតាមរយៈមន្ត្រីទូតនៅភ្នំពេញ តែងច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់លោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងជាប្រទេសប្រជាធិបតេយ្យគំរូ បានដាស់តឿនរបបលោក ហ៊ុន សែន ម្តងហើយម្តងទៀតឱ្យស្តារស្ថានការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter)ថា ជារឿងសំខាន់ខ្លាំងណាស់ដែលអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ត្រូវនិយាយឱ្យបានម៉ឺងម៉ាត់អំពីបញ្ហាសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យប្រព្រឹត្តដោយរដ្ឋាភិបាលលោក ហ៊ុន សែន។ លោកសង្កត់ធ្ងន់ថា ដល់ពេលហើយដែលសហរដ្ឋអាមេរិកត្រូវនិយាយដោយបើកចំហរ និងម៉ឺងម៉ាត់ ដើម្បីបុព្វហេតុសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។