«ការ​ផ្អឹប​ទុក​រឿង​ក្តី​មន្ត្រី​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង»

0:00 / 0:00

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការ​ផ្អឹប​ទុក​សំណុំរឿង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់​នៅ​តុលាការ​ក្រុងភ្នំពេញ​នោះ គឺជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច ដើម្បី​កម្ចាត់​កម្លាំង​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​។ មន្ត្រី​សិទ្ធិមនុស្ស​វិញ​ឱ្យ​ដឹង​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែបនេះ​រំលោភ​លើ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់រហ័ស​របស់​ជនជាប់ចោទ។ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បកស្រាយ​ថា ភាព​យឺតយ៉ាវ​នៃ​សំណុំរឿង​ខ្លះ​អាច​ដោយសារតែ​បញ្ហា​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩។

សំណុំរឿង​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាង​១០០​នាក់​នៅ​តុលាការ​ក្រុងភ្នំពេញ បាន​ស្ងប់ស្ងាត់​អស់​រយៈពេល​កន្លះ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​សវនាការ​លើក​ចុងក្រោយ​កាលពី​ថ្ងៃទី​១៨​កុម្ភៈ។ ការ​ផ្អឹប​ទុក​សំណុំរឿង​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​អ្នកសង្កេតការណ៍​វាយតម្លៃ​ថា ជា​យុទ្ធសាស្ត្រ​របស់​របប​លោក ហ៊ុន សែន ដើម្បី​កម្ចាត់​សំឡេង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ មាន​ទាំង​ហេតុផល​ផ្លូវច្បាប់ និង​នយោបាយ​។ លោក​ថា ហេតុផល​ផ្លូវច្បាប់ គឺ​អាច​ដោយសារ​តុលាការ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​លើ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​។ ចំណែក​ហេតុផល​នយោបាយ​វិញ លោក​មើល​ឃើញ​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​របប​ដឹកនាំ​បច្ចុប្បន្ន ដើម្បី​កម្ចាត់​កម្លាំង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​គណបក្ស​សង្គ្រោះជាតិ ដ្បិត​អ្នក​ជាប់​បណ្ដឹង​ទាំងនោះ​សុទ្ធ​សឹង​ជា​អ្នក​ជិតស្និទ្ធ​នឹង​ថ្នាក់ដឹកនាំ ឬ​ជា​មន្ត្រី​មូលដ្ឋាន​កាន់​ឆ្នាំ​របស់​បក្ស​ប្រឆាំង៖ «ការ​ផ្អឹប​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​ហ្នឹង ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គណបក្សកាន់អំណាច​ប្រើ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​ចុងក្រោយ​របស់​គណបក្សប្រឆាំង​។ ក៏ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា សកម្មជន​នៃ​គណបក្សប្រឆាំង​ទាំង​ជាង​១០០​នាក់​នោះ គឺ​ពួកគាត់​នៅតែ​រក្សា​ជំហរ និង​គោលនយោបាយ​នៃ​ការ​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ទោះបីជា​នៅពេល​ខ្លះ​មាន​អ្នក​ចុះចូល ឬក៏​មាន​អ្នក​ទៅ​បង្កើត​គណបក្ស​ថ្មី​ក៏ដោយ»។

មន្ត្រី​សង្គម​ស៊ីវិល និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​រូប​នេះ យល់​ថា សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​នោះ អាច​នឹង​ត្រូវ​អូស​បន្លាយ​រហូត​ដល់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​នយោបាយ​កើតឡើង​ទេ​នោះ​។ លោក​បន្ថែម​ថា យុទ្ធសាស្ត្រ​បែប​នេះ ជា​ការ​ធានា​ជ័យជម្នះ​ទុក​ជាមុន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា របប​លោក ហ៊ុន សែន មិន​ហ៊ាន​កាត់ទោស​មន្ត្រី​បក្ស​ប្រឆាំង​ដ៏​ច្រើន​បែប​នេះ​ទេ ព្រោះ​អាច​នាំ​ឱ្យ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម ហើយ​ម្យ៉ាង​ពួក​លោក​ក៏​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ​។ លោក​ជឿ​ថា ការ​ផ្អឹប​ទុក​សំណុំ​រឿង​នេះ ជា​យុទ្ធសាស្ត្រ​បំបិទ​សំឡេង​គណបក្ស​ប្រឆាំង៖ «គាត់​ទុក​សំណុំរឿង​ហ្នឹង​ចេះតែ​ពន្យារពេល​រហូត​ដើម្បី​ចង់​បំបិទ​សំឡេង​ពួក​ខ្ញុំ​ដែល​ពួកគាត់​ចោទ​ហ្នឹង ដើម្បី​កុំឱ្យ​អ្នកខ្លះ​ដែល​នៅក្នុង​ប្រទេស​មាន​សកម្ម​ភាព ឬមួយ​ក៏​កុំឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​អ្វី​ផ្សេងទៀត​។ ហើយ​ពួក​ខ្ញុំ​ដែល​នៅ​ក្រៅ​ស្រុក​នេះ ក៏​មិនអាច​ចូល​ទៅ​ក្នុង​ប្រទេស​វិញ​បាន​អ៊ីចឹង គឺ​គាត់​ធ្វើ​ក្នុង​ន័យ​ហ្នឹង»។

តុលាការក្រុង​ភ្នំពេញ​បាន​ចោទប្រកាន់​មន្ត្រី និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០០​នាក់ ពី​បទ «​រួមគំនិត​ក្បត់​» «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» និង «​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់​បង្គាប់​» ដោយសារតែ​ពួកគេ​បន្ត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​វិច្ឆិកា ឆ្នាំ​២០១៩។ ជនជាប់ចោទ មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ និង​មួយ​ចំនួន​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដើម្បី​គេច​ចេញពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​របស់​អាជ្ញាធរ។ តុលាការ​បាន​បើក​សវនាការ​ទ្រង់ទ្រាយ​ធំ​លើ​សំណុំ​រឿង​នេះ ៤​លើក​រួច​មក​ហើយ កាល​ពី​ចុង​ឆ្នាំ​២០២០ និង​ដើមឆ្នាំ​២០២១ ប៉ុន្តែ​ក៏​បាន​ផ្អាក​ទៅវិញ ចាប់ពី​ខែ​កុម្ភៈ​រហូត​មក។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក សំ សុគង់ ឱ្យ​ដឹង​ថា សំណុំ​រឿង​នេះ​មាន​ជនជាប់ចោទ​សរុប​ជិត ១៥០​នាក់ ក្នុង​នោះ អ្នកខ្លះ​ជាប់ចោទ​មួយ​បទល្មើស និង​ខ្លះទៀត​ជាប់​ពីរ​បទល្មើស​។ លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​កំណត់​ពេល​ជាថ្មី ដើម្បី​បន្ត​សវនាការ​នៅ​ឡើយ​ទេ​។ លោក​ពន្យល់​ថា ការ​អូស​បន្លាយ​ពេល​សវនាការ​នេះ ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូន​ក្តី​លោក​ជា​ខ្លាំង ជាពិសេស​អ្នក​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ លោក​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​សវនាការ​រឿង​ក្តី​នេះ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «

ជនជាប់ចោទ​ត្រូវតែ​ទទួល​បាន​នូវ​សវនាការ​មួយ​ឱ្យ​បាន​ឆាប់រហ័ស និង​ឱ្យ​បាន​សវនាការ​មួយ​ត្រឹមត្រូវ​ប្រកបដោយ​យុត្តិធម៌ ដែល​ជា​សិទ្ធិ​របស់​ជនជាប់ចោទ​ទាំងអស់​ដែល​ធានា​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ អ៊ីចឹង​ការ​អូស​បន្លាយ​សវនាការ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​ជាប់ចោទ​នៅ​ក្នុង​ឃុំ​ផង និង​សិទ្ធិ​របស់​ជនជាប់ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ផង ព្រោះ​ពួកគាត់​ចង់​ដឹង​អំពី​ការ​កាត់ទោស​របស់​គាត់ ការ​សម្រេច​របស់​ចៅក្រម ទើប​បាន​ជា​គាត់​មាន​អារម្មណ៍​មួយ​ថា ជ្រះស្រឡះ​ពី​ខ្លួន»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​តុលាការក្រុង​ភ្នំពេញ លោក តាំង ស៊ុន ឡាយ និង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ដើម្បី​បកស្រាយ​រឿង​នេះ​បានទេ ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​តំណាង​ស្ថាប័ន​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល បាន​បដិសេធ​ការ​លើកឡើង​ទាំងនេះ។ សមាជិក និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា តុលាការ​មាន​សំណុំរឿង​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ហើយ​ការ​ជម្រះ​រឿង​ក្តី​នីមួយៗ ត្រូវ​ធ្វើ​ឡើង​ទៅតាម​លេខ​រៀង​។ លោក​លើក​ហេតុផល​ថា ភាព​យឺតយ៉ាវ​ក្នុង​សំណុំរឿង​មួយចំនួន អាច​បណ្តាល​មក​ពី​រាតត្បាត​ជំងឺ​កូវីដ​-១៩ មិនមែន​ដោយសារ​រង​ឥទ្ធិពល​នយោបាយ ដូច​ការចោទប្រកាន់​នោះ​ទេ៖ «អ្នក​ដែល​លើកឡើង​ហ្នឹង​គួរតែ​បង្ហាញ​ភស្តុតាង​ថា តើ​តុលាការ តើ​ចៅក្រម​រង​ឥទ្ធិពល​នយោបាយ រង​ឥទ្ធិពល​ពី​ថ្នាក់ដឹកនាំ​ត្រង់​ចំណុច​ណា​ ? ដូច្នេះហើយ​បើ​យើង​គ្មាន​ភស្តុតាង គ្មាន​អ្វី​ទេ ហើយ​ចេះតែ​និយាយ​ដូច្នេះ វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទេ ជា​រឿង​មួយ​ធ្វើ​ឱ្យ​សង្គម ធ្វើ​ឱ្យ​ប្រជាជន​មាន​បញ្ហា​សតិ​អារម្មណ៍»។

ឆ្លើយតប​ចំណុច​នេះ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា ភស្តុតាង​រឹងមាំ​ដែល​បង្ហាញ​ថា តុលាការ​គ្មាន​ឯករាជ្យ​នោះ គឺ​ចៅក្រម និង​មន្ត្រី​តុលាការ​ភាគច្រើន ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ពួកគេ​នឹង​សម្រេច​អ្វី​ទៅតាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស។

ជុំវិញ​ការ​អូស​បន្លាយ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​អាច​យោង​លើ​ហេតុផល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩ បាន​នោះ​ទេ​។ លោក​បញ្ជាក់​ថា ទោះជា​ក្នុង​ស្ថានភាព​បែប​ណាក៏ដោយ អាជ្ញាធរ​ត្រូវតែ​ធានា​នូវ​សិទ្ធិ​របស់​ជនជាប់ចោទ។ ដូចជា​សិទ្ធិ​ទទួល​បាន​សវនាការ​ដោយ​យុត្តិធម៌ និង​សិទ្ធិ​មិន​ត្រូវ​បាន​ឃុំខ្លួន​លើស​ពេល​កំណត់ ជាដើម​។ លោក​ពន្យល់​ថា ការ​អូស​បន្លាយ​សំណុំរឿង​បែប​នេះ នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជាច្រើន​ទៀត​របស់​ជនជាប់ចោទ ជាពិសេស​សិទ្ធិ​នយោបាយ​របស់​ពួកគាត់៖ «គាត់​ត្រូវ​បាត់បង់​សិទ្ធិ​ច្រើន​ណាស់ ដូចជា​សិទ្ធិ​ធ្វើ​ដំណើរ សេរីភាព​ក្នុង​ការ​ជួបជុំ​គ្រួសារ សេរីភាព​អ្វី​ផ្សេង​ហ្នឹង វា​មាន​ភាព​បាត់បង់។ ហើយ​សេរីភាព​ធ្វើ​នយោបាយ​ជាពិសេស​ហ្នឹង គឺថា​វា​បាត់​ទាំងស្រុង​តែម្តង ដោយសារ​យើង​ដឹង​ហើយ​ថា ច្បាប់​នៅ​កម្ពុជា​យើង​មិនអាច​ឱ្យ​អ្នក​ជាប់​ពន្ធនាគារ​ទៅ​ធ្វើ​នយោបាយ ឬ​ទៅ​បោះឆ្នោត​បានទេ»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​លើក​ឡើង​កាល​ពី​ពេល​កន្លង​ទៅ​ថា ការ​ចោទប្រកាន់ និង​សវនាការ​លើ​សំណុំរឿង​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០០​នាក់​នោះ គឺជា​យុទ្ធសាស្ត្រ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​កម្ចាត់​កម្លាំង​ដែល​នៅ​សេសសល់​ចុងក្រោយ​របស់​គណបក្សប្រឆាំង​នៅ​គ្រប់​ទីកន្លែង​។ គោលដៅ​ធំ​បំផុត​នៃ​យុទ្ធសាស្ត្រ​នេះ គឺ​បំភ័យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​មិន​ឱ្យ​វិល​ចូល​កម្ពុជា​វិញ និង​ធ្វើ​ឱ្យ​សកម្មជន​នៅក្នុង​ស្រុក​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​។ អង្គការ​អន្តរជាតិ​ដដែល​វាយ​តម្លៃ​ថា យុត្តិធម៌​ក្នុង​រឿង​នេះ​មិនអាច​កើតមាន​នោះ​ទេ ព្រោះ​តុលាការ​កម្ពុជា​គ្រាន់តែ​ជា​ឧបករណ៍​លេងសើច និង​ចាំ​ស្តាប់​តែ​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅតែ​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទចោទប្រកាន់ និង​ដោះលែង​សកម្មជន​ទាំងឡាយ​ដែល​កំពុង​ជាប់​ឃុំ ដើម្បី​ស្ដារ​ស្ថានការណ៍​ស្រុក​ទេស​ឡើង​វិញ ពីព្រោះ​មានតែ​បែបនេះ​ទេ ទើប​កម្ពុជា​អាច​បោះជំហាន​ទៅ​រក​ការ​ឯកភាព​ជាតិ និង​ចៀស​ផុត​ពី​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។