អ្នកឃ្លាំមើលសង្គមអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA បានជួយលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរយ៉ាងច្រើនសម្បើម និងមិនធ្វើឱ្យកម្ពុជាបាត់បង់ឯករាជរបស់ខ្លួនឡើយ ដែលរដ្ឋាភិបាលកម្ពុជាត្រូវប្រឹងប្រែងរក្សាទុក ជាជាងប្រឹងបង្ហាញសាច់ដុំថា ខ្លួនមានលទ្ធភាពដោះស្រាយបញ្ហានានា នៅពេលបាត់បង់ EBA។ នេះជាប្រតិកម្មឆ្លើយតបទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលើកឡើងថា លោកចង់ឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពម្ចាស់ការ លែងពឹងការអនុគ្រោះពន្ធពីបរទេស។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមមើលឃើញថា ឋានៈអនុគ្រោះពន្ធដែលក្រុមប្រទេសលោកសេរីបានផ្ដល់ឱ្យកម្ពុជានោះ មិនប៉ះពាល់ដល់ឯករាជ្យនៃសេដ្ឋកិច្ចកម្ពុជាឡើយ ប៉ុន្តែការអនុគ្រោះពន្ធនេះ មានតែជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាទៅវិញទេ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់កំពុងនិយាយលួងចិត្តខ្លួនឯង និងអ្នកគាំទ្រទាក់ទងនឹងការពង្រឹងសេដ្ឋកិច្ចកម្ពុជា ក្រោយពេលបាត់បង់ការអនុគ្រោះពន្ធ EBA។ លោកថា ប្រសិនបើគ្មានការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និងGSP របស់សហរដ្ឋអាមេរិកទេ នោះសេដ្ឋកិច្ចកម្ពុជាអាចនឹងបាត់បង់ម្ចាស់ការ ហើយធ្ងន់ធ្ងរជាងនេះទៀតនោះ កម្ពុជានឹងបាត់បង់ឯករាជ្យលើវិស័យនយោបាយ ដោយសារតែត្រូវខិតទៅជិតចិនដើម្បីរកជំនួយទប់ទល់នឹងទណ្ឌកម្មនេះ។ លោកបន្ថែមថា ប្រសិនបើចង់ឱ្យប្រទេសមានភាពម្ចាស់ការលើខ្លួនឯងនោះ ថ្នាក់ដឹកនាំកម្ពុជាត្រូវប្រឹងប្រែងស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសការបាត់បង់ឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៖ «មុននឹងគេផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺគេភ្ជាប់លក្ខខណ្ឌរួចទៅហើយថា ប្រទេសកម្ពុជាត្រូវតែគោរពទៅលើសិទ្ធិមនុស្ស គោរពទៅលើលទ្ធិប្រជាធិបតេយ្យ។ នេះគឺមិនមែនជាការលូកដៃរបស់សហភាពអឺរ៉ុបក្នុងកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជាទេ។ អ៊ីចឹងហើយ ការលើកឡើងថា ការទទួលនូវគោលការណ៍ដែលអឺរ៉ុបទាមទារហ្នឹង វាធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាព និងម្ចាស់ការ គឺមិនមែនជាការពិតទេ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលសង្គមរូបនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២១ ធ្នូថា លោកចង់ឱ្យកម្ពុជាមានឯករាជ្យលើវិស័យសេដ្ឋកិច្ច ដោយឈប់ពឹងផ្អែកលើការអនុគ្រោះពន្ធរបស់បរទេស។ ផែនការសកម្មភាពដែលមេដឹកនាំរបបឯកបក្សរូបនេះបានលើកឡើងនោះ គឺបង្កើនការផលិតនៅក្នុងស្រុកសម្រាប់ផ្គត់ផ្គង់ដល់វិស័យទេសចរ ហើយដើម្បីសម្រេចផែនការនេះបាន តម្រូវឱ្យមានការផ្ដល់បច្ចេកទេសពីខាងវិស័យកសិកម្ម និងកម្ចីពីខាងមីក្រូហិរញ្ញវត្ថុ៖ «សូមយកចិត្តទុកដាក់ដែលទាក់ទងទៅនឹងការជំរុញការផលិតដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដែលនោះធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានទីផ្សារសម្រាប់ការលក់ផលិតផលរបស់ពួកគាត់។ យើងត្រូវធ្វើកិច្ចការងារនេះ ហើយនេះហើយដែលខ្ញុំហៅថា ជាសេដ្ឋកិច្ចដែលមិនពឹងពាក់ទៅលើចំណុចអ្វីដែលគេហៅថា ការអនុគ្រោះនេះ ការអនុគ្រោះនោះ តាមរបៀបដែលយើងទៅសុំទានគេ។ យើងចង់ឯករាជ្យ ម្ចាស់ការរបស់យើង»។
សង្គមស៊ីវិលដែលធ្វើការផ្ទាល់ជាមួយកសិករយល់ថា គម្រោងនេះ ហាក់មានភាពយឺតយ៉ាវ ហើយទំនងជាមិនអាចដំណើរការដោយជោគជ័យឡើយ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CFCC) លោក ថេង សាវឿន ថ្លែងថា កសិករខ្មែរភាគច្រើននៅតែដាំដុះពឹងអាស្រ័យលើធម្មជាតិ និងអនុវត្តបច្ចេកទេសបែបប្រពៃណី ដោយខ្វះការបំពាក់បំប៉នជំនាញពីមន្ត្រីកសិកម្ម។ ម្យ៉ាងវិញទៀត លោកថា ពេលកសិករប្រមូលផលបាន ពួកគាត់ពិបាករកទីផ្សារលក់ ឬពេលខ្លះកសិផលទាំងនោះត្រូវធ្លាក់ថ្លៃ ធ្វើឱ្យពួកគាត់ខាតបង់ចំណូល និងខ្វះដើមទុន ដើម្បីបន្តធ្វើកសិកម្មនៅពេលក្រោយទៀត។ ជាមួយគ្នានេះ លោកកត់សម្គាល់ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុផ្ដល់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់ មិនអាចជួយលើកស្ទួយជីវភាពកសិករបានឡើយ មានតែធ្វើឱ្យកសិករផុងខ្លួនក្នុងវិបត្តិបំណុលទៅវិញទេ។ លោកសង្កត់ធ្ងន់ថា កម្ពុជានៅតែត្រូវការជាចាំបាច់ប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារសហភាពអឺរ៉ុប ដើម្បីពង្រឹងសក្ដានុពលនៃការផលិត និងការនាំចេញរបស់ខ្លួន៖ «ប្រព័ន្ធអនុគ្រោះពន្ធផ្តល់ឱ្យកម្ពុជាប៉ុណ្ណឹង បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋហ្នឹងមិនត្រូវបានដោះស្រាយផង ចុះបើទម្រាំបាត់កម្មវិធីអនុគ្រោះពន្ធទៀត ? ខ្ញុំលើកឧទាហរណ៍ផលប៉ះពាល់ជាក់ស្ដែងអំពីការយកពន្ធតែវិស័យនាំអង្ករចេញ ធ្វើឱ្យប៉ះពាល់ខ្លាំង ហើយធ្វើឱ្យប្រជាពលរដ្ឋស្រែកចាចអំពីបញ្ហាហ្នឹង។ ចុះតើវិស័យផ្សេងៗទៀតអាចប្រឈមដែរឬទេ ហើយតើរដ្ឋាភិបាលបានត្រៀមសមត្ថភាពដោះស្រាយហើយឬនៅ ? យើងឃើញថារដ្ឋាភិបាលបានត្រៀមដោះស្រាយ ប៉ុន្តែការត្រៀមហ្នឹងមិនឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ប្រជាជន ដូចជាកម្មករ ដែលជាអ្នកងាយរងគ្រោះភាគច្រើននោះទេ ក៏ប៉ុន្តែហាក់បីដូចជាជួយដោះស្រាយតែវិស័យឯកជន ឬក៏មុខជំនួញផ្សេងៗ ដែលពួកគេមានឱកាសគាំពារពីរដ្ឋាភិបាលច្រើនទៀត»។
ស្របពេលដែលឱសានវាទនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA កាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាញឹកញាប់ថា លោកមិនខ្វល់ពីទណ្ឌកម្មនេះឡើយ ហើយលោកអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងនៅតែរឹងមាំ ទោះជាគ្មានការអនុគ្រោះពន្ធនេះក៏ដោយ។ លោកហាក់ជឿជាក់លើចំណូលដែលបានមកពីការប្រមូលពន្ធគយ និងពន្ធដារ ថានឹងអាចជួយទ្រទ្រង់រដ្ឋាភិបាលរបស់លោកបានក្នុងកាលៈទេសៈដែលកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ។ ក្រៅពីនេះ លោកអះអាងថា រដ្ឋាភិបាលមានសាច់ប្រាក់ប្រមាណ៣ ពាន់៥ រយលានដុល្លារដែលអាចប្រើប្រាស់បានភ្លាមៗ និងទុនបម្រុងអន្តរជាតិប្រមាណ១៥ ពាន់លានដុល្លារ ព្រមទាំងមាសសុទ្ធ៣០ តោនថែមទៀត ដើម្បីត្រៀមទប់ទល់នឹងហានិភ័យផ្នែកសេដ្ឋកិច្ច។
ទោះជាយ៉ាងណា ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក បានព្រមានរួចហើយថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរការអនុគ្រោះពន្ធ EBA។ ចំណែក សហជីពឯករាជ្យវិញ មើលឃើញថា រោងចក្រជាច្រើននឹងបិទទ្វារ ប្រសិនបើកម្ពុជាបាត់បង់ EBA ហើយពេលនោះ កម្មករនឹងគ្មានការងារ ធ្វើឱ្យចំណូលពីពន្ធដារ និងពន្ធគយ ក៏ត្រូវធ្លាក់ចុះតាមនោះដែរ។ សហជីពឯករាជ្យ មើលឃើញថា ប្រសិនបើរដ្ឋាភិបាលចង់រក្សាកំណើនសេដ្ឋកិច្ចមែននោះ រដ្ឋាភិបាលត្រូវអនុវត្តតាមលក្ខខណ្ឌស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ មុននឹងសហភាពអឺរ៉ុបសម្រេចចិត្តជាចុងក្រោយនៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។
ក្រោមកម្មវិធី EBA កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប គិតជាទឹកប្រាក់ជិត៦ ពាន់លានដុល្លារអាមេរិក ($5.8 billion) កាលពីឆ្នាំ២០១៨ កន្លងទៅ ។ ប្រសិនបើគ្មានការអនុគ្រោះពន្ធនេះទេ កម្ពុជានឹងត្រូវបង់ពន្ធជិត ៧រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់វិស័យឯកជន ហើយក៏នឹងរាលដាលដល់ប្រាក់ចំណូលរបស់កម្មកររោងចក្រចំនួន ៧៥ម៉ឺននាក់ និងគ្រួសាររបស់ពួកគេជាង ៣លាននាក់ទៀត ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។