សង្គម​​ស៊ីវិល​​ថា បរិយាកាស​​នៅ​មុន​​ការ​​បោះ​ឆ្នោត​​ឆ្នាំ​​នេះ ​​មាន​​ការ​​រឹត​ត្បិត ​​និង​​គំរាម​​កំហែង​​​សកម្មភាព​​បក្ស​នយោបាយ​

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​ថា ​បរិយាកាស​​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្តទៅ​នៅ​​ដើម​ខែ​មិថុនា ​ឆ្នាំ​២០២២ ​ខាង​មុខ​​នេះ ​​​​​មាន​ការ​រឹតត្បិត​​សេរីភាព​​សម្ដែង​មតិ​ និង​​ការ​គំរាមកំហែង​ដល់​សកម្មភាព​​របស់​គណបក្ស​នយោបាយ​​​ជា​ដៃ​គូរ​ប្រកួតប្រជែង​​​។ ​ពួកគេ​យល់​​ថា​ ​បរិយាកាស​​​បែប​​នេះ ​នឹង​​​​មាន​ឥទ្ធិពល​ដល់​លទ្ធផល​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អ្នក​ជំនាញ​ខាង​​ការ​បោះឆ្នោត​​រិះគន់​ថា ​ប្រសិន​បើ​រដ្ឋាភិបាល​​មិន​ឆាប់​កែលំអ​បរិយាកាស​នយោបាយ​​ ដោយ​បើក​ទូលាយ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ធ្វើ​សកម្មភាព​​​ដោយ​សេរីភាព​និង​ស្មើភាព​គ្នា​គ្រប់​គណបក្ស​ទេ​នោះ​ នឹង​ធ្វើ​​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​គ្មាន​សេរី ត្រឹមត្រូវ យុត្តិធម៌ ​​និង​តម្លាភាព​ ហើយ​​គណបក្ស​ខ្លះ​​អាច​នឹង​​មាន​ការ​តវ៉ា​​ពី​លទ្ធផល​បោះឆ្នោត​​នៅ​ពេល​ខាង​មុខ​។

​​​​​មន្ត្រី​សម្រប​សម្រួល​​ផ្នែក​​អង្កេត​​របស់​​អង្គការ​​ឃ្លាំ​មើល​​ការ​បោះ​​ឆ្នោត​ហៅ​កាត់​ថា ខុមហ្វែ្រល​ (COMFREL)​ លោក កន សាវាង្ស ​​ប្រាប់​​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​​ថា ​បរិយាកាស​​នយោបាយ​​​នៅ​មុន​​ការបោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​នេះ ​​ហាក់​មិន​សូវ​អំណោយ​ផល​​នោះ​ទេ​ ​ពី​ព្រោះ​លោក​​មើល​ឃើញ​ថា​អាជ្ញាធរ​​នៅ​​តាម​មូលដ្ឋាន​​​​រឹតត្បិត​​ការ​ជួប​ប្រជុំ​ និង​​​រារាំង​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នយោបាយ​ជា​ដើម​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះយល់​ថា ​​រដ្ឋាភិបាល​​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​​កែលំអ​​បរិយាកាស​នយោបាយ​ចាប់​តាំង​ពី​ពេល​តទៅ​ ដើម្បី​ឱ្យ​គ្រប់​គណបក្ស​អាច​ធ្វើ​សកម្មភាព​ដោយ​​​ស្របតាម​ច្បាប់​បាន​ដោយ​សេរីភាព​ និង​ស្មើភាព​គ្នា​ឡើង​វិញ​៖ «ជា​ពិសេស​ស្ថានភាព​កូវីដ​នេះ​ វា​គឺ​​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​​ប្រមូល​ផ្ដុំ​គ្នា​ថែម​ទៀត​ រួម​​ទាំង​ទីកន្លែង​ខ្លះ​មាន​ការ​រើស​អើង​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឱ្យ​អ្នក​​គាំទ្រ​គណបក្ស​នយោបាយ​ពិបាក​ក្នុង​ការ​ប្រមូល​ផ្ដុំ​និង​ការ​ជជែក​និយាយ​ជា​មួយ​គ្នា​។ ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ការ​ចាប់​សកម្មជន​គណបក្ស​​នយោបាយ​ក៏​ជា​ផ្នែក​មួយ​ ដែល​ធ្វើ​ឱ្យ​បរិយាកាស​ហ្នឹង​​​វា​មិន​ល្អ​ប្រសើរ​ដែរ​។ ​រដ្ឋាភិបាល ​គួរតែ​ទម្លាក់​ការ​ចោទ​ប្រកាន់​រួម​ទាំង​បើក​​សេរីភាព​ខាង​នយោបាយ​​នេះ​ឱ្យ​ដំណើរ​ការ​ទៅ​បាន​ល្អ​ប្រសើរ​ »។

​​ដោយ​ឡែក​ប្រធាន​ស្ដី​ទី​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ​​មាន​​ប្រសាសន៍​ថា ​គណបក្ស​របស់​លោក​រង​ការ​គំរាមកំហែង​ជា​ច្រើន​ករណី​ ​មាន​ជាអាទិ៍​ អាជ្ញាធរ​​បាន​​ចាប់​សកម្មជន​គណបក្ស​ខ្លួន​ម្នាក់​ នៅ​ខេត្ត​ឧត្ដរមានជ័យ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ ហើយ​មាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ស្លាក​គណបក្ស​នៅ​ខេត្ត​សៀមរាប​ និង​ការ​រារាំង​សកម្មជន​មិន​ឱ្យ​លើក​ស្លាក​គណបក្ស​នៅ​ខេត្ត​បន្ទាយមានជ័យ កំពត និង​ខេត្ត​ត្បូងឃ្មុំ​ជា​ដើម។ ​​ជាង​នេះ​ទៅ​ទៀត​ គណបក្ស​នេះ​ពិបាក​រក​ជួល​ទីស្នាក់ការ​កណ្ដាល​​បក្ស​​ខេត្ត​​ដើម្បី​ធ្វើ​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ទូលំទូលាយ​​​នៅ​មុន​ពេល​បោះឆ្នោត​​បាន​ទេ​ ដោយ​​ម្ចាស់​ផ្ទះ​ខ្លះ​បាន​ធ្វើ​កិច្ចសន្យា​ព្រមព្រៀង​ហើយ​ តែ​លុប​ចោល​​កិច្ចសន្យា​​នោះ​វិញ​​ ដោយ​សារ​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​។ លោក​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ការ​គំរាមកំហែង​​បិទ​សិទ្ធិ​សេរីភាព​​ផ្នែក​នយោបាយ ដែល​ពិបាក​​ដល់​ការ​ធ្វើ​សកម្មភាព​នយោបាយ​៖ «យើង​ឃើញ​ហើយ​សកម្មភាព​បច្ចុប្បន្ន​នេះ​បើ​សិន​ណា​​ប្រមូល​ផ្ដុំ​ធំ​វា​អាច​មនុស្ស​ចូល​ដល់​រាប់​ពាន់​​រាប់​ម៉ឺន​នាក់​ហើយ ព្រោះ​​មាន​សន្ទុះ​​ការ​គាំទ្រ​ហ្នឹង​យើង​ឃើញ​ថា​ ខុស​ប្លែក​ពី​មុន​ច្រើន​ណាស់​។​ អីចឹង​យើង​ត្រូវ​ការ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ក្នុង​ការ​ជួប​ជុំ រួម​ទាំង​សិទ្ធិ​ក្នុង​ធ្វើ​បាតុកម្ម​ កូដកម្ម​អី​ទាំង​អស់​ដែល​មាន​ចែង​​ក្នុង​ច្បាប់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង។ ​បើ​សិន​ណា​ វា​ចង្អៀត​ចង្អល់​បរិយាកាស​ទាំង​អស់​ហ្នឹង​​​លំហ​​ហ្នឹង​វា​ចង្អៀត​ពេក​អាហ្នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ហ្នឹង​កាន់​តែ​រួញ​តូច​ហើយ​គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ហ្នឹង​ក៏​ពិបាក​ទទួល​យក​ដែរ​ »។

សូមបងប្អូនជួយពិចារណាតាមការគួរ

Posted by Sou Yean on Tuesday, January 11, 2022

ទាក់ទង​នឹង​បញ្ហា​នេះ​​ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​​ជុំ​វិញ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។ ​យ៉ាង​ណា​លោក​អះអាង​ថា ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​​ស្របច្បាប់ បាន​ដោយ​សេរី។ លោក​ណែនាំ​គណបក្ស​​ដែល​មាន​បញ្ហា​ទាំង​ឡាយ​អាច​ប្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឬ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ឱ្យ​ចាត់​វិធាន​ទៅ​​លើ​ជន​ប្រព្រឹត្ត​បាន​៖ «បើ​សិន​ជា​ដឹង​នៅ​មូលដ្ឋាន​ណា​ពេល​ណា​ ហើយ​បក្ស​ភ្លើង​ទៀន​ហ្នឹង​មាន​ក្រដាស​ស្នាម​គ្រប់គ្រាន់​ហើយ​ឬ​នៅ​​អី​យ៉ាង​ម៉េច​ ​វា​ជា​រឿង​ទូទៅ​។ ជា​គោលការណ៍​គ្មាន​អ្នក​ណា​ទៅ​បង្ក្រាប​​ឬ​ទៅ​ប្រឆាំង​រឿង​ការ​លើក​ស្លាក​បក្ស​ទេ​ ​ព្រោះ​ជា​ការ​ផ្ទុយ​ហ្នឹង​ច្បាប់​។​ ដូច្នេះ​សូម​ឱ្យ​សារព័ត៌មាន​​ស្វែង​រក​ភស្តុតាង ឱ្យ​បាន​ច្បាស់​ដើម្បី​ដាក់​បន្ទុក​​ »។

វិទ្យុ​អាស៊ី​សេរី​មិន​ទាច​ទាក់​ទង​​មន្ត្រី​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក​ ហង្ស ពុទ្ធា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​​បាន​ទេ​​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។

​​​​​ទោះ​ជា​យ៉ាង​ណា ​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សម គន្ធាមី ​កត់​សំគាល់​ថា ​បរិយាកាស​នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ​ ហាក់​មិន​អំណោយ​ផល​ដូច​កាល​ពី​ឆ្នាំ​២០១៧​នោះ​ទេ។ ​មន្ត្រី​ជំនាញ​ខាង​ឃ្លាំមើល​ការ​បោះឆ្នោត​រូប​នេះ​ បញ្ជាក់​ថា ​បញ្ហា​ទាំង​​នោះ​រួមមាន​ ការរឹតត្បិត​សេរីភាព​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី ការ​មិន​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច ​និង​​ការ​​រំខាន​ដល់​ការ​លើក​ស្លាក​គណបក្ស​ជា​ដើម៖ «​ដល់​​អីចឹង​វា​​អត់​​​សេរីភាព​​និង​យុត្តិធម៌​ទេ​ ដល់​រឹតត្បិត​គេ​មិន​ឱ្យ​ធ្វើ​សកម្មជន​នោះ​។ ​ព្រោះ​វា​ប៉ះពាល់​​សេរីភាព​ការ​បោះឆ្នោត​ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​បើក​ចំហ​បរិយាកាស​នយោបាយ​​ កុំ​ឱ្យ​រឹតត្បិត​ដូច​ជា​ទម្លាក់​ស្លាក​បក្ស​ កុំ​ឱ្យ​មាន​ការ​គំរាម​កំហែង​ យើង​ចង់​ឱ្យ​មាន​ការ​បើក​ទូលាយ​ »។

ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ខាង​មុខ។​

កន្លង​មក​មាន​គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​ស្នើ​ឲ្យ​កែប្រែ​សមាសភាព​ គ.ជ.ប ដែល​មកពី​គណបក្សកាន់អំណាច​តែមួយ មិន​អាច​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​​​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បាន​ឡើយ​។ ពួកគាត់​ព្រមាន​ធ្វើ​ពហិការ មិន​ចូលរួម​ការបោះឆ្នោត ប្រសិន​បើ ​គ.ជ.ប មិន​បាន​កែទម្រង់​សមាសភាព​នេះ។

​​ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ​​និយាយ​ថា​ ប្រសិន​​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មិន​មាន​តម្លាភាព​ទេ​នោះ​គណបក្ស​លោក​នឹង​​មិន​ទទួល​ស្គាល់​ការ​​បោះឆ្នោត​នេះ​ឡើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។