មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា បរិយាកាសនៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តិទៅនៅដើមខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ មានការរឹតត្បិតសេរីភាពសម្ដែងមតិ និងការគំរាមកំហែងដល់សកម្មភាពរបស់គណបក្សនយោបាយជាដៃគូប្រកួតប្រជែង។ ពួកគេយល់ថា បរិយាកាសបែបនេះនឹងមានឥទ្ធិពលដល់លទ្ធផលការបោះឆ្នោតនៅពេលខាងមុខ។
អ្នកជំនាញខាងការបោះឆ្នោតរិះគន់ថា ប្រសិនបើរដ្ឋាភិបាលមិនឆាប់កែលំអបរិយាកាសនយោបាយ ដោយបើកទូលាយឱ្យគ្រប់គណបក្សនយោបាយអាចធ្វើសកម្មភាពដោយសេរីភាពនិងស្មើភាពគ្នាគ្រប់គណបក្សទេនោះ នឹងធ្វើឱ្យដំណើរការបោះឆ្នោតគ្មានសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ហើយគណបក្សខ្លះអាចនឹងមានការតវ៉ាពីលទ្ធផលបោះឆ្នោតនៅពេលខាងមុខ។
មន្ត្រីសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ មករា ថា បរិយាកាសនយោបាយនៅមុនការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំនេះហាក់មិនសូវអំណោយផលនោះទេ ពីព្រោះលោកមើលឃើញថា អាជ្ញាធរនៅតាមមូលដ្ឋានរឹតត្បិតការជួបប្រជុំ និងរារាំងមិនឱ្យលើកស្លាកគណបក្សនយោបាយជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគួរតែកែលំអបរិយាកាសនយោបាយចាប់តាំងពីពេលតទៅ ដើម្បីឱ្យគ្រប់គណបក្សអាចធ្វើសកម្មភាពដោយស្របតាមច្បាប់បានដោយសេរីភាព និងស្មើភាពគ្នាឡើងវិញ៖ «ជាពិសេសស្ថានភាពកូវីដនេះវាគឺធ្វើឱ្យពិបាកក្នុងការប្រមូលផ្ដុំគ្នាថែមទៀត រួមទាំងទីកន្លែងខ្លះមានការរើសអើងផ្នែកនយោបាយដែលធ្វើឱ្យអ្នកគាំទ្រគណបក្សនយោបាយពិបាកក្នុងការប្រមូលផ្ដុំនិងការជជែកនិយាយជាមួយគ្នា។ ទាក់ទងនឹងការចោទប្រកាន់ការចាប់សកម្មជនគណបក្សនយោបាយក៏ជាផ្នែកមួយ ដែលធ្វើឱ្យបរិយាកាសហ្នឹងវាមិនល្អប្រសើរដែរ។ រដ្ឋាភិបាលគួរតែទម្លាក់ការចោទប្រកាន់រួមទាំងបើកសេរីភាពខាងនយោបាយនេះឱ្យដំណើរការទៅបានល្អប្រសើរ»។
ដោយឡែកប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា គណបក្សរបស់លោករងការគំរាមកំហែងជាច្រើនករណី មានជាអាទិ៍ អាជ្ញាធរបានចាប់សកម្មជនគណបក្សខ្លួនម្នាក់ នៅខេត្តឧត្ដរមានជ័យកាលពីពេលថ្មីៗនេះ ហើយមានជនមិនស្គាល់មុខបំផ្លាញស្លាកគណបក្សនៅខេត្តសៀមរាប និងការរារាំងសកម្មជនមិនឱ្យលើកស្លាកគណបក្សនៅខេត្តបន្ទាយមានជ័យ កំពត និងខេត្តត្បូងឃ្មុំជាដើម។ ជាងនេះទៅទៀត គណបក្សនេះពិបាករកជួលទីស្នាក់ការកណ្ដាលបក្សខេត្តដើម្បីធ្វើសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយនៅមុនពេលបោះឆ្នោតបានទេ ដោយម្ចាស់ផ្ទះខ្លះបានធ្វើកិច្ចសន្យាព្រមព្រៀងហើយ តែលុបចោលកិច្ចសន្យានោះវិញ ដោយសារមានការគំរាមកំហែងពីអាជ្ញាធរ។ លោកចាត់ទុកទង្វើបែបនេះថា ជាការគំរាមកំហែងបិទសិទ្ធិសេរីភាពផ្នែកនយោបាយ ដែលពិបាកដល់ការធ្វើសកម្មភាពនយោបាយ៖ «យើងឃើញហើយសកម្មភាពបច្ចុប្បន្ននេះបើសិនណាប្រមូលផ្ដុំធំវាអាចមនុស្សចូលដល់រាប់ពាន់រាប់ម៉ឺននាក់ហើយ ព្រោះមានសន្ទុះការគាំទ្រហ្នឹងយើងឃើញថា ខុសប្លែកពីមុនច្រើនណាស់។ អីចឹងយើងត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្នុងការជួបជុំ រួមទាំងសិទ្ធិក្នុងធ្វើបាតុកម្មកូដកម្មអីទាំងអស់ដែលមានចែងក្នុងច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញផង។ បើសិនណាវាចង្អៀតចង្អល់បរិយាកាសទាំងអស់ហ្នឹងលំហហ្នឹងវាចង្អៀតពេកអាហ្នឹងធ្វើឱ្យប្រជាធិបតេយ្យហ្នឹងកាន់តែរួញតូចហើយគណបក្សដែលចូលរួមការបោះឆ្នោតហ្នឹងក៏ពិបាកទទួលយកដែរ»។
ទាក់ទងនឹងបញ្ហានេះប្រធានអង្គការភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ទទួលព័ត៌មានជុំវិញបញ្ហានេះនៅឡើយទេ។ យ៉ាងណាលោកអះអាងថា គណបក្សនយោបាយមានសិទ្ធិធ្វើសកម្មភាពនយោបាយស្របច្បាប់ បានដោយសេរី។ លោកណែនាំគណបក្សដែលមានបញ្ហាទាំងឡាយអាចប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យចាត់វិធានការទៅលើជនប្រព្រឹត្តបាន៖ «បើសិនជាដឹងនៅមូលដ្ឋានណាពេលណា ហើយបក្សភ្លើងទៀនហ្នឹងមានក្រដាសស្នាមគ្រប់គ្រាន់ហើយឬនៅអីយ៉ាងម៉េចអីយ៉ាងម៉េចវាជារឿងទូទៅ។ ជាគោលការណ៍គ្មានអ្នកណាទៅបង្ក្រាប ឬទៅប្រឆាំងរឿងការលើកស្លាកបក្សទេ ព្រោះជាការផ្ទុយហ្នឹងច្បាប់។ ដូច្នេះសូមឱ្យសារព័ត៌មានស្វែងរកភស្តុតាង ឱ្យបានច្បាស់ដើម្បីដាក់បន្ទុក»។
វិទ្យុអាស៊ីសេរីមិនទាចទាក់ទងមន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ទោះជាយ៉ាងណានាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី កត់សំគាល់ថា បរិយាកាសនៅមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ ហាក់មិនអំណោយផលដូចកាលពីឆ្នាំ២០១៧នោះទេ។ មន្ត្រីជំនាញខាងឃ្លាំមើលការបោះឆ្នោតរូបនេះ បញ្ជាក់ថា បញ្ហាទាំងនោះរួមមាន រឹតត្បិតសេរីភាពការសម្ដែងមតិដោយសន្តិវិធី ការមិនចុះបញ្ជីគណបក្សនយោបាយដែលមាននិន្នាការផ្ទុយពីបក្សកាន់អំណាច និងការរំខានដល់ការលើកស្លាកគណបក្សជាដើម៖ «ដល់អីចឹងវាអត់សេរីភាពនិងយុត្តិធម៌ទេ ដល់រឹតត្បិតគេមិនឱ្យសកម្មជននោះ។ ព្រោះវាប៉ះពាល់សេរីភាពការបោះឆ្នោត យើងចង់ឱ្យរដ្ឋាភិបាលបើកចំហបរិយាកាសនយោបាយ កុំឱ្យរឹតត្បិតដូចជាទម្លាក់ស្លាកបក្ស កុំឱ្យមានការគំរាមកំហែង យើងចង់ឱ្យមានការបើកទូលាយ»។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណិតទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនា ខាងមុខ។
កន្លងមកមានគណបក្សនយោបាយមួយចំនួន បានស្នើឲ្យកែប្រែសមាសភាពគ.ជ.ប ដែលមកពីគណបក្សកាន់អំណាចតែមួយ មិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បានឡើយ។ ពួកគាត់ព្រមានធ្វើពហិការ មិនចូលរួមការបោះឆ្នោតប្រសិនបើ គ.ជ.ប មិនបានកែទម្រង់សមាសភាពនេះ។ ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា និយាយថា ប្រសិនការបោះឆ្នោតនៅពេលខាងមុខមិនមានតម្លាភាពទេនោះ គណបក្សលោកនឹងមិនទទួលស្គាល់ការបោះឆ្នោតនេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។