អ្នកវិភាគនយោបាយ និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងងាកទៅរកចិនកាន់តែខ្លាំងដើម្បីការពារអំណាចផ្ដាច់ការ តាមរយៈការប្រើប្រាស់វេទិកាអាស៊ាន។ ការរិះគន់នេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា បានលើកសរសើរចិនគ្រប់បែបយ៉ាងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន។
អ្នកវិភាគនយោបាយ និងមន្ត្រីបក្សប្រឆាំង លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វេទិកាអាស៊ាន ដើម្បីជួយលើកមុខមាត់ចិន ដែលនឹងឱ្យកម្ពុជារងការរិះគន់ និងនាំឲ្យកម្ពុជា ទទួលរងនូវផលអវិជ្ជមានផ្សេងៗ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងលោក អ៊ុំ សំអាន រិះគន់ថា ជំហររបស់លោក ហ៊ុន សែន កំពុងតែលំអៀងទៅរកចិន ហើយការលំអៀងនេះនឹងនាំមកនូវវិបត្តិផ្សេងៗ ដូចជាការធ្លាក់ខ្លួនជាកូនបំណុលរបស់ចិន ព្រោះជំនួយឥតសំណងរបស់ចិន តែងតែមានថ្នូរមកវិញ នូវការកើបយកនូវសម្បត្តិធនធានធម្មជាតិផ្សេងៗ ក៏ដូចជាការសាបព្រោះនូវមនោគមវិជ្ជានយោបាយកុម្មុយនីស្ត ដែលធ្វើឱ្យប្រទេសមានទំនាក់ទំនងជាមួយចិនក្លាយជាប្រទេសផ្ដាច់ការ។ ទន្ទឹមនឹងនេះ លោកមើលឃើញថា ជំនួយរបស់ចិន ច្រើនតែមិនសូវមានគុណភាព ជាក់ស្ដែងវ៉ាក់សាំងរបស់ចិន គឺពុំអាចទប់ស្កាត់ជំងឺកូវីដបានល្អដូចវ៉ាក់សាំងរបស់ពួកលោកខាងលិចទេ ហើយថែមទាំងមានអត្រាកើនឡើងនៃការស្លាប់ និងការឆ្លងកូវីដទៅវិញ ប៉ុន្តែទិន្នន័យពិតប្រាកដនៃការស្លាប់និងការឆ្លងកូវីដទាំងនោះ ត្រូវបានរដ្ឋាភិបាលកម្ពុជាជាដើម ជួយលាក់បាំង។ ក្រៅពីវ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់និងស្ពានដែលជាជំនួយចិន ក៏មិនសូវមានគុណភាពឡើយ៖ «ខ្ញុំយល់ថា លោក ហ៊ុន សែន គាត់រណបចិនហ្នឹងដើម្បីការពារអំណាចផ្ដាច់ការរបស់គាត់ ដូច្នេះចង់មិនចង់គាត់ត្រូវតែសរសើរចិនជួយទៅដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា»។
ការរិះគន់នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកានេះ បានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ព្រមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ ប៉ុន្តែមិនមានវត្តមានមេដឹកនាំមកពីប្រទេសភូមានោះឡើយ។
លោក ហ៊ុន សែន បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះដោយលើកសរសើរចិនថា អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតរមួត ប្រកបដោយសាមគ្គី ភាពនិងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាពផងដែរ។ លោកបន្តថា ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរក៏ដូចជាសម្រាប់សកលលោកទាំងមូល។ ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩។
ក្នុងកិច្ចប្រជុំនោះលោក ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ចិនឱ្យកាន់ប្រសើរឡើងថែមទៀត ដូចជា លើកទឹកចិត្តមឱ្យចិនផ្តល់ជំនួយដល់អាស៊ាន ជាពិសេសគាំទ្រឲ្យចិន ជួយជំរុញកំណើនសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩ទាំងនៅក្នុងតំបន់និងពិភពលោក និងជំរុញឱ្យចិនធ្វើដំណើរចេញចូលតំបន់អាស៊ាន ដើម្បីលើកស្ទួយវិស័យទេសចរ ពាណិជ្ជកម្ម ធុរកិច្ច ការដឹកជញ្ជូន និងការវិនិយោ។ លោកលើកទឹកចិត្តឲ្យអាស៊ាន-ចិន ពង្រឹងផែនការតភ្ជាប់ក្នុងតំបន់អាស៊ាន និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ BRI ដើម្បីបង្កើនប្រសិទ្ធភាពលំហូរទំនិញ សេវាកម្ម និងចលនាប្រជាជន។ កម្ពុជា គាំទ្រ ការលើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់រដ្ឋាភិបាលចិន ក្នុងការស្ដារសេដ្ឋកិច្ចនិងលើកស្ទួយសិទ្ធិមនុស្ស។ មេដឹកនាំដែលរងការរិះគន់ថា លំអៀងទៅរកចិនរូបនេះបន្តថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយមដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់និងពិភពលោកដោយសន្តិវិធី ព្រមទាំងការគាំទ្រគំនិតផ្ដួចផ្ដើមប្រារព្ធខួប២០ឆ្នាំ នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០២២ ខាងមុខនេះ៖ «កម្ពុជាក៏សូមអរគុណនិងវាយតម្លៃខ្ពស់ចំពោះចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅកម្ពុជាក៏ដូចជានៅក្នុងតំបន់និងសកលលោក»។
ទាក់ទិននឹងបញ្ហានេះដែរ អ្នកវិភាគសង្គម លោក គឹមសុខ យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងផ្អៀងទៅរកមហាអំណាចចិន។ លោកថា បើសិនជាទំនាក់ទំនងនោះធ្វើឡើងក្នុងរូបភាពជាសេដ្ឋកិច្ច នឹងមិនផ្ដល់ផលប៉ះពាល់អ្វីទេ ប៉ុន្តែប្រទេសមួយចំនួនក្នុងតំបន់អាស៊ានដូចជាភូមា ឡាវ រួមទាំងកម្ពុជាផង បែរជាប្រើប្រាស់ផ្លាកអាស៊ានធ្វើទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិនដោយគ្មានតម្លាភាព ដូចជាការលាងលុយកខ្វក់តាមរយៈការវិនិយោគទុនរបស់ចិនជាដើម ដែលជាផលប៉ះពាល់ធំបំផុតចំពោះប្រជាពលរដ្ឋនៃប្រទេសទាំងនោះ។ លោកបន្តថា ចំពោះការលាងលុយកខ្វក់នេះ គឺធ្វើឱ្យអាស៊ានក៏ដូចជាប្រទេសមួយចំនួនដែលឃុបឃិតជាមួយចិន ទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិដូចជាការកាត់ផ្ដាច់នូវប្រព័ន្ធអនុគ្រោះពន្ធជាដើម។លើសពីនេះ ទំនាក់ទំនងរវាងអាស៊ាន-ចិន ដែលមានលក្ខខណ្ឌមិនសមស្រប វាធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខតំបន់អាស៊ាន ជាក់ស្ដែងករណីកម្ពុជាលួចផ្ដល់មូលដ្ឋានទ័ពជើងទឹកដល់ចិន ទាំងនៅកំពង់ផែព្រះសីហនុ និងកំពង់ផែកោះកុងនោះ ត្រូវបានប្រទេសលោកសេរី ពិសេសសហរដ្ឋអាមេរិកមានការសង្ស័យ ព្រមទាំងបានផ្ដាច់នូវជំនួយផ្សេងៗ ព្រមជាមួយនឹងទណ្ឌកម្មផ្នែកសេដ្ឋកិច្ច៖ «លោក ហ៊ុន សែន គ្រាន់តែប្រើប្រាស់វេទិកាអាស៊ាន ប្រើប្រាស់ឈ្មោះប្រទេសកម្ពុជាអង្គុយលើកៅអីប្រធានអាស៊ាន ដើម្បីព្យាយាមពង្រីកនូវសក្ដានុពលនយោបាយរបស់ខ្លួនក្នុងការការពារមុខមាត់ ហើយនិងរដ្ឋាភិបាលខុសច្បាប់របស់ខ្លួនតែប៉ុណ្ណឹងទេ»។
ជុំវិញក្ដីបារម្ភអំពីបញ្ហាលំអៀងទៅរកចិននេះ មន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគនយោបាយ ស្នើឱ្យកម្ពុជារក្សាជំហរអព្យាក្រឹត ឯករាជ្យភាពរបស់ខ្លួន ទាំងក្នុងការធ្វើជាប្រធានអាស៊ានក្ដី ទាំងក្នុងការដឹកនាំប្រទេសរបស់ខ្លួនក្ដី ដោយមិនត្រូវលំអៀងទៅប្រទេសមហាអំណាចណាមួយឡើយ ពិសេសកម្ពុជាក៏មានរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ដែលអាចរក្សាអធិបតេយ្យភាពរបស់ខ្លួននិងអាចធ្វើទំនាក់ទំនងអន្តរជាតិស្មើមុខស្មើមាត់ជាមួយប្រទេសទាំងអស់បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។