អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លើកឡើងថា សហរដ្ឋអាមេរិកនៅតែសង្ស័យ និងមានក្ដីកង្វល់ចំពោះវត្តមានកងទ័ពចិននៅសមុទ្ររាម ប្រសិនបើរដ្ឋាភិបាលមិនស្ដារប្រជាធិបតេយ្យ និងបន្តលម្អៀងទៅរកចិនខ្លាំងពេក។ ការលើកឡើងនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា គ្មានវត្តមានយោធាចិននៅកម្ពុជាទេ ខណៈមន្ត្រីការបរទេសអាមេរិក បន្តរម្លឹកពីក្ដីកង្វល់ជុំវិញមូលដ្ឋានទ័ពចិន និងលំហប្រជាធិបតេយ្យនៅកម្ពុជាជាថ្មីម្ដងទៀត។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា លើកឡើងថា ការប្រកាសបកស្រាយត្រឹមតែពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនអាចលាងជម្រះមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកជុំវិញរឿងមូលដ្ឋានទ័ពចិននៅសមុទ្ររាមឡើយ។ ពួកគាត់យល់ថា មេដឹកនាំកម្ពុជាគួរតែស្ដារប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់គោលនយោបាយការបរទេសអព្យាក្រឹត្យ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ទើបអាចកសាងទំនុកចិត្តរបស់សហរដ្ឋអាមេរិកបាន។
អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា ដរាបណានយោបាយក្នុងស្រុក និងក្រៅស្រុករបស់រដ្ឋាភិបាលកម្ពុជា គ្មានតម្លាភាព និងអព្យាក្រិតទេនោះ ទំនាក់ទំនងមិនល្អ និងការមិនទុកចិត្តគ្នារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែកើតមានដដែល៖ « នយោបាយក្នុងស្រុក ខ្ញុំចង់សំដៅលើថា ដោយសារកម្ពុជា មកដល់ពេលនេះ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបន្តកាត់ទោសមេដឹកនាំបក្សប្រឆាំងដូច្នេះហើយវាធ្វើឲ្យបាត់តុល្យភាពអំណាចផ្ទៃក្នុងស្រុកខ្លាំង ជាពិសេសគណបក្ស កាន់អំណាចមានអំណាចខ្លាំង ហើយប្រសិនបើមានករណីណាមួយដែលរដ្ឋាភិបាលចង់ លាក់រឿង គឺគេហៅថា ភាពមិនមានតម្លាភាព វាអាចនឹងមានខ្ពស់។ អ៊ីចឹងហើយ ធ្វើឲ្យសហរដ្ឋអាមេរិក មិនមានទំនុកចិត្តលើរដ្ឋាភិបាលទីក្រុងភ្នំពេញ ។មួយទៀត នយោបាយ ខាងក្រៅ មកដល់ពេលនេះ តាមការវិភាគ ឬអត្ថបទស្រាវជ្រាវគេបង្ហាញឲ្យឃើញថា ចិន គឺជាប្រទេសដែលជិតស្និទ្ធជាមួយកម្ពុជាបំផុត ដូច្នេះហើយធ្វើឲ្យរដ្ឋាភិបាលអាមេរិក ពិបាកទុកចិត្តការអះអាងរបស់រដ្ឋាភិបាលកម្ពុជាណាស់ » ។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយរូបនេះយល់ថា ដើម្បីបង្កើនទំនាក់ទំនងល្អ និងបង្កើនទំនុកចិត្តសម្រាប់សហរដ្ឋអាមេរិកជុំវិញបញ្ហាមូលដ្ឋានទ័ពចិននៅសមុទ្ររាមនោះ រដ្ឋាភិបាលកម្ពុជា គួរតែចាប់ផ្ដើមស្ដារការគោរពសិទ្ធិមនុស្សឡើងវិញ ព្រមទាំងបញ្ឈប់នយោបាយការបរទេសលម្អៀងទៅរកមហាអំណាចចិនតែម្ខាងតទៅទៀត៖ « ការស្ដារទំនាក់ទំនងរវាងកម្ពុជានិងអាមេរិក រឿងដំបូងដែល ត្រូវធ្វើគឺរដ្ឋាភិបាលកម្ពុជា ត្រូវបង្កបរិយាកាសនយោបាយផ្ទៃក្នុងឲ្យមានភាពល្អប្រសើរឡើងវិញ ជាពិសេស ឲ្យមានការបើកលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឲ្យបាន ល្អប្រសើរឡើងវិញ។ មួយទៀត ទំនាក់ទំនងជាមួយចិន អាចថា កម្ពុជាអាចថា កម្ពុជាគួរតែបង្ហាញឥរិយាបថដែលធ្វើឲ្យមានភាពអព្យាក្រឹត្យផ្នែកនយោបាយការបរទេស ធ្វើយ៉ាងណាកុំឲ្យមើលថា កម្ពុជាជាកូនអុករបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រឿងសំខាន់មួយទៀត ការធ្វើលំហាត់យោធាជាមួយអាមេរិកឡើងវិញបាន វាអាចស្ដារទំនាក់ទំនងផ្នែកយោធារវាងកម្ពុជា និងអាមេរិកដែរ » ។
ការលើកឡើងបែបនេះ ក្រោយពេលដែលអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានបន្តលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជុំវិញវត្តមានកងទ័ពចិន និងការសាងសង់សំណង់ផ្សេងៗ នៅឯមូលដ្ឋានកងទ័ពជើងទឹករាម។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានៅឯសហរដ្ឋអាមេរិកនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
សេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ក៏បានសរសេរដែរថា នៅក្នុងជំនួបនេះ អ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធការរឹតត្បិតសេរីភាពជាមូលដ្ឋាននៅកម្ពុជា ការកាត់ទោសលោក កឹម សុខា ការរឹតបន្តឹងសកម្មភាពមេដឹកនាំអង្គការសង្គមស៊ីវិល និងជាពិសេសការព្រួយបារម្ភពីការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ដែលនឹងចូលមកដល់ រួមទាំងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅឯសហរដ្ឋអាមេរិកដោយបានបដិសេធជាថ្មីថា មិនមានកងទ័ពចិននៅលើទឹកដីកម្ពុជាឡើយ៖ « ខ្ញុំពន្យល់អាមេរិកច្រើនដងហើយនោះ គឺការសង្ស័យទៅលើបញ្ហាមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅរាម។ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា រដ្ឋធម្មនុញ្ញកម្ពុជាហាមឃាត់មិនឲ្យមានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនទេ ហើយក៏មិនបញ្ជូនកងទ័ពទៅក្រៅដែរ លើកលែងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលពេលនេះកងទ័ពកម្ពុជានៅលីបង់ (Lebanon) នៅស៊ូដង់ (Sudan) ខាងត្បូង នៅម៉ាលី (Mali) និងនៅអាហ្វ្រិកកណ្ដាល។ ឥឡូវនិយាយពីកម្ពុជាវិញ តើយើងត្រូវការកងទ័ពបរទេសយក ? សេចក្ដី ត្រូវការកម្ពុជានៅពេលនេះ ត្រូវការការវិនិយោគខាងសេដ្ឋកិច្ច » ។
ទោះជាយ៉ាងណាក្ដី អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកតាមដានបញ្ហានយោបាយ លោក វន ចាន់ឡូត មានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន អះអាងតែពាក្យសម្ដីបែបនេះ មិនទាន់គ្រប់គ្រាន់ឲ្យសហរដ្ឋអាមេរិកអាចជឿជាក់បានឡើយ។ លោកបន្តថា ក្នុងសម័យ បច្ចេកវិទ្យាទំនើបនេះ សហរដ្ឋអាមេរិកអាចទទួលបានព័ត៌មានពីប្រភពជាក់លាក់ណាមួយ ទើបអាមេរិកបន្តលើកឡើងពី ការព្រួយបារម្ភរឿងវត្តមានយោធាចិននៅកម្ពុជា៖ « ការដែលសម្រួលឲ្យមានស្ថានភាពដូចដើមវិញ ក្នុងករណី ឧទាហរណ៍ថា កម្ពុជាការរៀបចំឡើងវិញនូវសមយុទ្ធយោធាប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក ឬក៏អាចបង្កើតនូវទ្រង់ទ្រាយមួយកាន់តែធំដើម្បីពង្រឹងនៅយោធាកម្ពុជា ឲ្យមានសមត្ថភាព ឲ្យមានវិជ្ជាជីវៈ ដែលខ្ញុំគិតថា នេះជាកត្តា១។ កត្តាទី២ ត្រូវធានាការគោរពសិទ្ធិមនុស្ស ជាពិសេសធានាឲ្យមានវត្តមាននៃបក្សប្រឆាំងព្រោះជាចំណុចស្នូលមួយដែលអាចស្ដារឡើងវិញនូវទំនាក់ទំនង និងទំនុកចិត្តរវាងកម្ពុជា និងអាមេរិក » ។
រដ្ឋាភិបាល លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ សារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិក The Wall Street Journal បានរាយការណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសម្ងាត់នោះបានអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែភាគីទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មានដែលអាចជឿជាក់បាននោះឡើយ។
លើសពីនេះ មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធាចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗមួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចរូបរាងឡើង ខណៈមន្ត្រីកម្ពុជា កម្ទេចអាគារដែលជំនួយរបស់អាមេរិកដែលគ្មានជូនដំណឹង ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។
កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមលើមន្ត្រីយោធាកម្ពុជាពីររូប គឺនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ដែលមានតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ និងនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ដោយសារតែសហរដ្ឋអាមេរិកចោទមន្ត្រីទាំងពីររូបនេះថា ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ «ធ្ងន់ធ្ងរ» ក្នុងគម្រោងធ្វើទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាមនេះ។ លើសពីនេះទៀត សហរដ្ឋអាមេរិកក៏បានបន្ថែមទណ្ឌកម្មបញ្ឈប់ការលក់ ឬរឹតត្បិតអាវុធផលិតដោយអាមេរិកមកឱ្យកម្ពុជាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។