អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​​លោក កឹម សុខា ថា គួរ​ធ្វើ​សកម្ម​ភាព​បន្ថែម​ខ្លះ​ទៀត ដើម្បី​ឱ្យ​មាន​​ដំណោះស្រាយ​នយោបាយ

អ្នក​វិភាគ និង​អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ​ថា គួរ​ធ្វើ​សកម្មភាព​បន្ថែម ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ។ ឆ្លើយ​តប​ការ​លើកឡើង​នេះ មន្ត្រី​ជំនិត​លោក កឹម សុខា អះអាង​ថា លោក កឹម សុខា កំពុង​មមាញឹក​ធ្វើ​ការងារ​ការ​ទូត ដើម្បី​ឱ្យ​គណបក្ស​ប្រឆាំង អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ ខាង​មុខ​នេះ។

អ្នកវិភាគ និង​អ្នក​ឃ្លាំមើល​សង្គម​ព្រួយ​បារម្ភ​ថា បើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​តែ​គោរព​បម្រាម​នយោបាយ​របស់​តុលាការ​នឹង​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣ បាន​ទេ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណរ៉ា យល់​ថា លោក កឹម សុខា គឺ​ជា​អ្នក​នយោបាយ ដូច្នេះ​គួរតែ​សកម្មភាព​នូវ​នយោបាយ។ លោក​បញ្ចេញ​ទស្សនៈ​ថា អ្វី​ដែល​លោក កឹម សុខា អាច​ធ្វើ​នៅ​ពេលនេះ​គឺ​ជំរុញ​ទៅ​តុលាការ​ឱ្យ​បន្ត​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​របស់​លោក។ ទោះ​យ៉ាង​ណា​លោក​ថា បើ​តុលាការ​មិនទាន់​ដំណើរ​ក្ដី​នេះ​ទេ លោក កឹម សុខា ក៏​គួរ​ធ្វើសកម្មភាព​នយោបាយ​មួយ​ចំនួន​ទៀត ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ត្រូវ​សកម្ម​ក្នុង​ការ​ជួប​បណ្ដា​ទូត​នានា។ អ្នក​ឃ្លាំមើល​រូប​នេះ​យល់​ថា អ្នក​នយោបាយ​បើ​មិន​ហ៊ាន​រើ​បម្រាស​ទេ នឹង​ត្រូវ​គូប្រជែង​សង្កត់​ថែម​ទៀត៖ «អ្នកនយោបាយ​គួរ​គិត​និង​ធ្វើសកម្មភាព​នយោបាយ​ខ្លះ​ទៅ​ដើម្បី​កុំ​ឱ្យ​បញ្ហា​ទុំ​ជោ​មិន​អាច​ធ្វើ​អី​ដល់​ថ្ងៃ​កៀក​ថ្ងៃ​ពេលវេលា​មិន​អំណោយផល​ដល់​សកម្មភាព​នយោបាយ​ទេ​។​ ​ធម្មតា​គូរ​ប្រជែង​គេ​សង្កត់​គូរ​ប្រជែង​ម្នាក់ទៀត​បានហើយ​ម្នាក់​អត់​រើ​គេ​សង្កត់​ចឹ​ង​ហើយ​ ​ប៉ុន្តែ​បើ​ម្នាក់ទៀត​រើ​មហាជន​ ​និង​អន្តរជាតិ​គេ​ឃើញ​ពី​សកម្មភាព​ការ​រើ​និង​ទាមទារ​សេរីភាព​របស់​ខ្លួន​ហើយ​បើ​អត់​ទាមទារ​គ្មាន​អ្នកណា​គេ​ឈឺឆ្អាល​ទេ»

ចំណែក​អ្នក​ឃ្លាំមើល​អភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី លោក​យល់​ថា បើ​លោក កឹម សុខា ចង់​ចូល​រួម​ការ​បោះឆ្នោត​ដោយ​គ្មាន​ការ​ចូលរួម​ពី​លោក សម រង្ស៊ី គឺ​អាច​ធ្វើ​បាន​ភ្លាម។ ទោះ​យ៉ាង​ណា​លោក​ថា បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​រក្សា​ជំហរ​រួប​រួមគ្នា​ដដែល គឺ​គណបក្ស​កាន់​អំណាច​នឹង​ពិបាក​រៀបចំ​ផែនការ​បំបែក​លោក កឹម សុខា ចេញ​ពី​លោក សម រង្ស៊ី ដោយ​ចំណាយ​ពេល​វេលា និង​ធនធាន​ច្រើន។ លោក​យល់​ថា ពេល​នេះ​លោក កឹម សុខា អាច​ជ្រើសរើស​ជម្រើស​រង់ចាំ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ សិន។ លោក​យល់​ថា ប្រសិន​បើ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​ឆ្នោត​ខ្លាំង​ប្រហែល​គណបក្ស​កាន់​អំណាច​ហ៊ាន​ឱ្យ​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ឡើង​វិញ៖ «គឺ​មាន​ន័យ​គាត់ ( លោក កឹម សុខា ) សងខាង​បើ​សិន​គាត់​សម្រេច​ចិត្ត​បែក​ពី​លោក សម រង្ស៊ី ក៏​គាត់​ស្លាប់​នយោបាយ បើ​គាត់​នៅ​រក្សា​ជំហរ​ជាមួយ​លោក សម រង្ស៊ី ក៏​គាត់​មាន​លទ្ធភាព​តិចតួច​ក្នុង​ការ​ត្រឡប់​មក​សង្វៀន​នយោបាយ​វិញ កន្លងមក​យើង​ឃើញ​ថា សម្ដេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​ម្ដង​ហើយ​ថា ករណី​លោក កឹម សុខា ដល់​ឆ្នាំ២០២៤ បាន​អាច​ដោះ​ស្រាយ​គ្នា​ចេញ អ៊ីចឹង​ហើយ​លោក កឹម សុខា ដូច​ចុះ​ទឹក​ប្រ​ពើ​ឡើង​លើ​ខ្លា »

ជុំវិញ​វិបត្តិ​នយោបាយ​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវេ (Norway) លោក ម៉ែន ណាត យល់​ថា ដើម្បី​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អា​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​បាន ​អ្វី​ដែល​គណបក្ស​នេះ​ត្រូវ​ធ្វើ​មុន​គេ គឺ​ការ​ផ្សះផ្សា​ផ្ទៃក្នុង​ជា​មុន។ លោក​ផ្តល់​យោបល់​ឱ្យ​លោក កឹម សុខា សរសេរ​លិខិត​ផ្លូវការ​ទៅ​លោក ហ៊ុន សែន ដែល​ខ្លឹមសារ​លិខិត​នោះ​យក​បញ្ហា​ជាតិ​ជា​ធំ និង​ស្នើ​ចរចា​ជាមួយ​លោក ហ៊ុន សែន រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ៖ «ដូច្នេះ​យើង​ត្រូវ​គិត​អ៊ីចេះ លោក កឹម សុខា មិន​ត្រូវ​បង្ខំខ្លួន​ស្ថិត​ក្នុង​បន្ទាត់​ក្រហម​របស់​គេ​ទេ ព្រោះ​អី​ម៉ាត់​ណា​ក៏​និយាយ​ពី​ច្បាប់ យើង​សួរ​ថា ច្បាប់​អី​គេ ? បើ​តុលាការ​ហ្នឹង​ជា​តុលា​ការសូត្រ​ទ្រឹស្ដី​លោក ហ៊ុន សែន ហ្នឹង។ ភាព​ចាំបាច់​យើង​ត្រូវ​ធ្វើ​យុទ្ធនាការ​មួយ​ថា ផ្ដល់​សេរីភាព​ឱ្យ​ខ្ញុំ​វិញ​មក ក្នុង​នាម​អ្នក​នយោបាយ​រឿង​នយោបាយ​ត្រូវ​ដោះ​ស្រាយ​ដោយ​នយោបាយ មិន​បាច់​ប្រើ​ពាក្យ​ចរចា​ក៏​បាន​ដែរ ប្រើ​តែ​ពាក្យ​ជជែក​គ្នា​ដោះ​ស្រាយ​បញ្ហា​ជាតិ »

ជុំវិញ​ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​នយោបាយ​នេះ​មន្ត្រី​ជំនិត​លោក កឹម សុខា លោក មាជ សុវណ្ណារ៉ា យល់​ថា ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​មិន​ចាំបាច់​ឱ្យ​លោក កឹម សុខា បោះដៃ​សុំ​ចរចា​ជាមួយ​លោក ហ៊ុន សែន ទេ គឺ​សហគមន៍​អន្តរជាតិ​កំពុង​ធ្វើ​ការងារ​នេះ​ហើយ។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក កឹម សុខា កំពុង​មមាញឹក​ធ្វើ​ការងារ​ការទូត ដើម្បី​ឱ្យ​គណបក្ស​ប្រឆាំង​អាច​ចូលរួម​ការ​បោះ​ឆ្នោត​ឆ្នាំ២០២២ ខាង​មុខ​នេះ៖«សប្ដាហ៍​នេះ​និង​សប្ដាហ៍​ក្រោយ លោក កឹម សុខា គាត់​ជួប​នឹង​អគ្គរដ្ឋទូត​ប្រទេស​មហាអំណាច​ជា​ច្រើន យើង​ឃើញ​ថា នេះ​ជា​នីតិវិធី​ដំណោះស្រាយ​នយោបាយ​ដោយ​សន្តិវិធី។ ការ​មើល​ឃើញ​របស់​ខ្ញុំ កុំ​ចង់​ឱ្យ​មេ​បក្ស​មួយ​ដែល​មាន​សក្ដានុពល​ដែរ​ទៅ​ធ្វើ​លិខិត​សុំ​គេ ( បក្ស​កាន់​អំណាច ) ចរចា​សុំ​ឱ្យ​គេ​លើក​លែង​ទោស​អី មិន​មែន​ជា​គូរ​ប្រកួត​ផ្នែក​នយោបាយ​បង្ហាញ​តម្លា​ភាព​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ទេ​បាទ»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី២៥ មករា ក៏​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​អ្នកស្រី ខាមិន ម៉រីណូ (Carmen More​no) បាន​មក​សំណេះសំណាល​ជាមួយ​លោក​ដល់​ផ្ទះ និង​បាន​យល់​ស្រប​គ្នា​ថា កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហគមន៍​អឺរ៉ុប​គួរ​តែ​ពង្រឹង​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទាំង​សងខាង។ លោក កឹម សុខា អះអាង​ថា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​សរសើរ​លោក ដែល​បាន​ចុះ​ជួយ​ពលរដ្ឋ​តាម​បណ្ដា​ខេត្ត និង​ការ​ប្ដេជ្ញា​របស់​លោក​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ដោយ​តម្កល់​ផល​ប្រយោជន៍​ខ្មែរ​ជា​ធំ។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​ឃុំ​ក្នុង​ផ្ទះ​ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ កាល​ពី​ឆ្នាំ២០១៧ ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​ដោយ​អនុញ្ញាត​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​តែ​ហាម​ឃាត់​ធ្វើសកម្មភាព​នយោបាយ។ ខណៈ​សំណុំរឿង​ត្រូវ​បាន​តុលាការ​លើក​ពេល​ជំនុំ​ជម្រះ​គ្មាន​កាល​កំណត់។ លោក ហ៊ុន សែន ធ្លាប់​ទម្លាយ​ថា សំណុំរឿង​របស់​លោក កឹម សុខា អាច​ពន្យារពេល​រហូត​ដល់​ឆ្នាំ២០២៤។

លោក ម៉ែន ណាត យល់​ថា លោក កឹម សុខា ពេល​នេះ​មិន​គួរ​រង់ចាំ​អង្គទូត​មក​ជួប​លោក​នៅផ្ទះ​ទៀត​ទេ គឺ​លោក​ត្រូវ​ស្វះស្វែង​ទៅ​ជួប​បណ្ដា​ទូត ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​អន្តរាគមន៍​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។