អាមេរិក​ថា នឹង​បន្ត​ជជែក​ជាមួយ​កម្ពុជា​ទៀត​រឿង​បម្រាម​ទិដ្ឋាការ

ដោយ សុជីវី
2022.05.18
អាមេរិក​ថា នឹង​បន្ត​ជជែក​ជាមួយ​កម្ពុជា​ទៀត​រឿង​បម្រាម​ទិដ្ឋាការ (ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​កម្ពុជា និង​លោក អេនតូនី ប្លីងឃែន Antony Blinken រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក កាល​ពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន (Washington D.C) សហរដ្ឋអាមេរិក។
រូប៖ ក្រសួងការបរទេសកម្ពុជា

សហរដ្ឋអាមេរិក​នឹង​បន្ត​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ថែមទៀត​ទាក់ទង​នឹង​រឿង​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា។

មន្ត្រីនាំពាក្យ​នៃ​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិច​ត្រូនិក ឬ​អ៊ីមែល (E-mail) កាល​ពី​ថ្ងៃទី១៧ ខែឧសភា​ថា សហរដ្ឋអាមេរិក​បាន​ទាក់ទង​ជាប់ជាប្រចាំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទិដ្ឋាការ​នេះ។ លោក​បន្ត​ថា សហរដ្ឋអាមេរិក​ក៏​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដែរ​ អំពី​អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ដើម្បី​ចាប់ផ្ដើម​ឡើងវិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ពេញលេញ និង​ទទួលយក​ពលរដ្ឋកម្ពុជារបស់ខ្លួន។ សហរដ្ឋអាមេរិក​ប្តេជ្ញា​ចិត្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឱ្យ​មាន​ភាពជឿនលឿន​ទាក់ទង​នឹង​បញ្ហា​ទិដ្ឋាការ​នេះ។

ការ​បញ្ជាក់​បែបនេះ​របស់​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក គឺ​បន្ទាប់ពី​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា ដែល​លោក​ហៅ​ថា ជា​រឿង​អយុត្តិធម៌។ លោកស្នើ​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​សមភាគី​អាមេរិក លោក អេនតូនី ប្លីងឃែន (Antony Blinken) កាលពី​ថ្ងៃទី១៣ ខែឧសភា នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន (Washington D.C) សហរដ្ឋអាមេរិក។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជាលោក ជុំ សុន្ទរី និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​សាកសួរ​រឿង​នេះ​បាន​នៅឡើយទេ។

កាល​ពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ដែល​មាន​តួនាទី​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​នេះ ព្រមទាំង​សមាជិក​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ។ សេចក្ដី​សម្រេច​នេះ គឺ​ពាក់ព័ន្ធ​នឹង​ការ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បានបដិសេធ ឬ​ប្រើប្រាស់​ហេតុផល​មិន​សមស្រប​ដើម្បី​ពន្យារពេល​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បញ្ជូន​ពី​សហរដ្ឋអាមេរិក​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​ជឿជាក់ថា ហេតុផល​ពិត​ប្រាកដ​នៃ​បម្រាម​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​នេះ គឺ​ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាប្រព័ន្ធ និង​ការគាស់រំលើង​គ្រឹះប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។