លោកខាងលិច​ចង់ឃើញ​ការបោះឆ្នោត​ជាតិ​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌ ក្រោយ​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា

ដោយ មាន ឫទ្ធិ
2023.01.22
លោកខាងលិច​ចង់ឃើញ​ការបោះឆ្នោត​ជាតិ​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌ ក្រោយ​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា រូបសញ្ញាគណបក្ស​ប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលជា​គណបក្សនយោបាយ​ធំៗពីរ​ត្រូវ​ប្រកួតប្រជែង​គ្នា​នៅក្នុង​ការ​បោះឆ្នោត​នៅ​ខែកក្កដា ឆ្នាំ២០២៣។
រូប៖ ហ្វេសប៊ុក គណបក្សទាំងពីរ

ក្រុមប្រទេស​លោកខាងលិច ចង់ឃើញ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នៅខែកក្កដាខាងមុខ​នេះ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​នយោបាយ​ពាក់ព័ន្ធ។ ប្រតិកម្ម​បែប​នេះ កើតមាន​ឡើង​ក្រោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ឃុំខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង គឺលោក ថាច់ សេដ្ឋា។

សំណុំរឿង​ចាប់ខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា មិនបាន​ធ្វើឱ្យ​ស្ថានទូត​លោកខាងលិច​សម្ងំស្ងៀម​ឡើយ បើទោះជា​មាន​ការព្រមាន​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឱ្យ​ជនបរទេស​លូកដៃ​ក៏ដោយ។

ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំកម្ពុជា ប្រាប់​វិទ្យុអាស៊ីសេរ​តាម​សារអេឡិចត្រូនិក ដោយ​មិននិយាយ​ចំឈ្មោះ​ករណី​សំណុំរឿង​លោក ថាច់ សេដ្ឋា ថា ក្នុង​កិច្ចពិគ្រោះ​យោបល់​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ជាមួយ​គណបក្ស​ប្រឆាំង និង​សង្គមស៊ីវិល ស្ថានទូត​បញ្ជាក់​យ៉ាងច្បាស់​អំពី​ការជឿជាក់​របស់​ខ្លួន​ទៅលើ​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ស្ថានទូត​អង់គ្លេស​លើកឡើងថា ស្ថានទូត​ចង់ឃើញ​ការបោះឆ្នោត​ឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ប្រកបដោយ​ភាពសេរី និង​យុត្តិធម៌ ដោយមាន​លំហ​ក្នុងការ​ចែករំលែក​នូវ​ទស្សនៈ​នយោបាយ​ផ្សេងៗគ្នា។ ស្ថានទូតថា ខ្លួន​នឹងនៅតែ​បន្ត​កិច្ចពិគ្រោះយោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ដើម្បី​គាំទ្រ​ឱ្យមាន​នូវ​ការអភិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ​ជាយូរអង្វែង​នៅ​កម្ពុជា។

ស្រដៀងគ្នា​ទៅនឹង​ប្រតិកម្ម​របស់​ស្ថានទូត​ចក្រភពអង់គ្លេស ស្ថានទូត​អូស្ត្រាលី​ឯណោះវិញ ពន្យល់​ប្រាប់​វិទ្យុអាស៊ីសេរី​តាមសារ​អេឡិចត្រូនិក​ថា ស្របតាម​កិច្ចគាំទ្រ​ជាយូរអង្វែង​របស់​អូស្ត្រាលី​ដើម្បី​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅ​កម្ពុជា យើង​សង្ឃឹមថា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​ដែលគ្រោងនឹង​ធ្វើ​នៅ​ខែកក្កដា ឆ្នាំនេះ នឹង​ត្រូវបាន​ធ្វើឡើង​ក្នុងបរិយាកាស​មួយ​ដែល​សេរី និង​យុត្តិធម៌ និងថា​គ្រប់​គណបក្ស​ទាំងអស់​នឹងមាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​យ៉ាងសកម្ម។

បន្ថែមពី​លើប្រតិកម្ម​នៃ​ក្រុមប្រទេស​លោកខាងលិច​ទាំងនេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ជំរុញ​ឱ្យ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស។ អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា អ្នកនាង ស្តេហ្វានី អាហ្សាត (Stephanie Arzate) ប្រាប់​វិទ្យុអាស៊ីសេរី តាម​សារអេឡិចត្រូនិក​កាលពី​ថ្ងៃទី២០ ខែមករា ថា យើង​ជំរុញឱ្យ​អាជ្ញាធរ​កម្ពុជា​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅកម្ពុជា​ដោយអនុញ្ញាត​ឱ្យ​មាន​ទស្សនៈ​នយោបាយ​ប្រឆាំង លើកកម្ពស់​ការប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​ដែលមាន​ការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធ និង​លើកកម្ពស់​ឱ្យមាន​ការផ្លាស់ប្តូរ​គំនិត​ដោយសេរី និង​បើកចំហ។ អ្នកនាំពាក្យ​ស្ថានទូតអាមេរិក​រូបនេះ បន្តថា យើង​ក៏​ជំរុញ​ទៅរដ្ឋាភិបាល​ឱ្យ​បើកឱ្យមាន​នូវ​សេរីភាព​នៃការប្រមូលផ្តុំ និង​ការបង្កើត​សមាគម ហើយ​អនុញ្ញាត​ឱ្យ​សង្គមស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ​អាចប្រតិបត្តិ​បាន​ដោយ​សេរី ផងដែរ។ សហរដ្ឋអាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និងបំណងប្រាថ្នា​របស់​ពួកគេ​ដែល​ចង់បាន​សង្គមមួយ​ប្រកបដោយ​វិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ ដែល​គ្រប់សំឡេង​ទាំងអស់​ត្រូបាន​គេស្តាប់ និង​គោរព។

ប្រតិកម្ម​ជាហូរហែរ​របស់​ក្រុមប្រទេស​លោកខាងលិច​ទាំងនេះ កើតមានឡើង​ក្រោយ​អាជ្ញាធរ​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ឃុំខ្លួន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​​លោក ថាច់ សេដ្ឋា កាលពី​ថ្ងៃទី១៦ ខែមករា ក្រោម​ការចោទប្រកាន់​ថា លោកបាន​ចេញសែក​អត់លុយ ឬសែកស្អុយ។ ការចាប់ឃុំខ្លួន​អនុប្រធាន​គណបក្ស​ប្រឆាំងរូបនេះ ធ្វើឡើង​ក្នុងរយៈពេល​មិនដល់​ជាង​៦ខែផង​នៅមុនពេល​ការបោះឆ្នោត​ថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ នៅមួយ​សប្តាហ៍​មុន​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នេះ លោក ហ៊ុន សែន បាន​ទម្លាយថា លោក ថាច់ សេដ្ឋា បាន​ជួប​ជាមួយ​កូនប្រុសច្បង​របស់​លោក គឺលោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន សែន៖ «ចង់ឱ្យ​បរិយាកាស​នយោបាយ​អព្យាក្រឹត្យ និង​សុខសាន្ត​សម្រាប់​ការបោះឆ្នោត​ទាល់តែ​មាន​ការរួមចំណែក​ពីពួក​អ្នកឯងដែរ។ មិនមែន​តម្រូវ​ឱ្យ​តែ​ខាង​គណបក្ស​ប្រជាជន​ទេ។ និយាយឱ្យ​ច្បាស់ទៅ ថាច់ សេដ្ឋា ថ្ងៃមុន​ទៅជួប ម៉ា ណែត។ ខ្ញុំ​និយាយ​ឱ្យ​បើក​ចំហ​អ៊ីចឹង​ទៅ។ ហ៊ុន ម៉ាណែត បាន​រាយការណ៍​ឱ្យ​ខ្ញុំ។ គេបាន​ដឹងហើយ​ថា ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នាពេល​អនាគត​បន្ទាប់​ពីខ្ញុំ។ ថាច់ សេដ្ឋា បាន​ទៅសុំជួប។ ថាច់ សេដ្ឋា បាន​លើកឡើង ម៉ាណែត បាន​ទូន្មាន​ ថាច់ សេដ្ឋា សូមឱ្យ​សមាជិក​សមាជិកា​អ្នកឯង​កុំប្រព្រឹត្ត​ខុសច្បាប់»

ប្រមាណ​ជា ១អាទិត្យ​ក្រោយ​ការលើកឡើង​ចំឈ្មោះ​លោក ថាច់ សេដ្ឋា ដោយ​លោក ហ៊ុន សែន នេះ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ឈាន​ទៅ​ចាប់ខ្លួន​លោក ថាច់ សេដ្ឋា យកទៅ​ដាក់ឃុំ​បណ្តោះអាសន្ន​នៅ​គុកព្រៃស។ លោក ហ៊ុន សែន ក្រោយមក​បាន​ហាម​ជន​បរទេស​មិនឱ្យ​លូកដៃ និង​ព្រមាន​ប្តឹង​គណបក្សភ្លើងទៀន​ទៅ​តុលាការ។

លោក ហ៊ុន សែន៖ «ហ្អែង​សមនឹង​គុក​ពួកហ្អែង អញប្រាប់​ឱ្យ​ហើយ! ហ្អែង​ទៅណា​ក៏អត់រួចដែរ។ ហ្អែង​ត្រី​នៅក្នុង​កន្ត្រក អញប្រាប់​ឱ្យហើយ អញ​ចាប់​កាត់កករ​ហ្អែង​ស៊ី​ពេលណា​ក៏បាន​ដែរ។ និយាយ​ឱ្យច្បាស់។ ពួក​អានេះ​ទាល់តែ​ប្រើ​ភាសា​អ៊ីចឹង ភាសា​កាទូត ស្តាប់​អត់បាន​ទេ​អានេះ។ ជន​បរទេស​ទាំងឡាយ កុំ​លូកដៃឱ្យ​សោះ។ បើ​មុននឹង​លូកដៃ​ទៅលើ​ពាក្យ​សម្តី ហ៊ុន សែន និយាយ ទៅមើលថា​តើ​អាពួកនេះ​វានិយាយ​ពីអី? អ្នកឯង​ចេះ​ការពារ​សេចក្តីថ្លៃថ្នូរ​ខ្លួនឯងទេ

ក្នុងពេល​ជាមួយគ្នា​ដែល​លោក ហ៊ុន សែន និយាយ​ពី​ការយក​ច្បាប់​មក​អនុវត្ត លោក ហ៊ុន សែន មិនបាន​ញញើត​នឹង​ប្រើភាសា​បង្កប់​ដោយ​ការគំរាម​កំហែង និង​ហិង្សា ដែល​ហាក់ដូចជា​លោក​កំពុង​យកច្បាប់​មក​ទ្រាប់​អង្គុយ។ លោកបាន​គំរាម​ដុតស្នាក់ការ​គណបក្ស​ប្រឆាំង និង​គំរាម​ប្រើ​ហិង្សា​ទៅលើ​អ្នកទាំងឡាយ​ណា​ដែល​ហ៊ាន​រិះគន់​គណបក្ស​ប្រជាជនកម្ពុជា​ថាជា​ចោរលួច​សន្លឹកឆ្នោត ឬរិះគន់​ពី​ប្រវត្តិ​របស់​គណបក្ស​នេះ​ជាដើម។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ថ្មី​នៃ​ក្រសួងការបរទេស គឺ​លោក អាន សុខឃឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជំុវិញ​ប្រតិកម្ម​របស់​ស្ថានទូត​នៃ​ក្រុមប្រទេស​លោកខាងលិច​ទាំងនេះ​បាននៅឡើយទេ គិតត្រឹម​យប់ថ្ងៃទី២២ ខែមករា។ ទោះយ៉ាងណា ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​កាលពី​ថ្ងៃទី២១ ខែមករា បាន​គូសបញ្ជាក់​ថា មធ្យោបាយ​ដ៏ល្អ​បំផុត​ក្នុងការធានា​ឯករាជ្យ​សម្រាប់​ប្រទេស​តូចមួយ​ដូចជា​កម្ពុជា គឺការ​មិនជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ឬគាំទ្រ​ភាគីម្ខាង​ប្រឆាំងនឹង​ភាគី​ម្ខាងទៀតឡើយ។

ទោះយ៉ាងណា ក្រុមអ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា រិះគន់ថា រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​យកច្បាប់​មកធ្វើ​ជាអាវុធ​ដើម្បី​កម្ចាត់​ក្រុមអ្នកនយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយពីខ្លួន។ ការណ៍នេះ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេសពូកែ​ខាងរំលោភ​ច្បាប់​នៅលើ​ពិភពលោក​ផ្អែកតាម​ការដាក់​ចំណាត់ថ្នាក់​របស់​អង្គការ​អន្តរជាតិ​នានា។

អ្នកជំនាញ​ផ្នែកវិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រតិកម្ម​របស់​ក្រុមប្រទេស​លោកខាងលិច​ទៅនឹង​ករណី​លោក ថាច់ សេដ្ឋា ហាក់ដូចជា​រាង​យឺតបន្តិច។ ក៏ប៉ុន្តែ លោកថា ការបញ្ចេញ​ប្រតិកម្ម​ទាំងនោះ​ពុំមែន​ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​នោះទេ តែ​ធ្វើឡើង​ស្របតាម​កាតព្វកិច្ច​ក្នុងការ​គាំពារ​នូវ​ស្មារតី​នៃ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងនាមជា​សមាជិក​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។

លោក ឯម សុវណ្ណារ៉ា៖ «បើយើងមើល​គោលការណ៍​ច្បាប់ អធិបតេយ្យ​របស់​កម្ពុជា វាត្រូវ​ពាក់ព័ន្ធ​ទៅនឹង​សន្ធិសញ្ញា​អន្តរជាតិ គឺ​សន្ធិសញ្ញា​កិច្ចព្រៀម​ទីក្រុងប៉ារីស ដែលជា​កិច្ចព្រមព្រៀង​មួយ​ដែលមាន​ប្រទេស​ហត្ថលេខី​១៨ ប្រទេស បូកសរុប ១៩​ទាំងកម្ពុជា។ អ៊ីចឹង ប្រទេស​ទាំងអស់​នេះ​មាន​សិទ្ធិ​នៅក្នុងការ​ឈឺឆ្អាល ឬក៏​ជំរុញ​ឱ្យ​កម្ពុជា​ឈរ​លើ​ជំហរ​ប្រជាធិបតេយ្យ ស្របតាម​ខ្លឹមសារ​ឬក៏​ធម្មនុញ្ញ​របស់ខ្លួន​ដែល​ដកស្រង់​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស»

លោក ឯម សុវណ្ណារ៉ា បន្តថា ការយឺតយ៉ាវនៃ​ការបញ្ចេញ​ប្រតិកម្ម​របស់​ក្រុមប្រទេស​លោកខាងលិច​នេះ អាចដោយសារ​តែ​កត្តា​ដែល​ក្រសួងព័ត៌មាន​កម្ពុជា​បាន​ផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ​តែ​ក្រោយ​មក​បាន​លុបចោល​ទៅវិញ​ដែលថា គណបក្ស​ភ្លើងទៀន​គាំទ្រ​ការចាប់ខ្លួន​លោក ថាច់ សេដ្ឋា នេះ។ កត្តា​មួយទៀត​លោកថា គឺការណ៍​ដែល​ស្ថានទូត​លោកខាង​លិច​តែងតែ​គាំទ្រ​ស្មារតី​គណបក្ស​សង្គ្រោះជាតិ។

លោក ឯម សុវណ្ណារ៉ា៖ «ស្ថានទូត​លោកខាងលិច​ជានិច្ចកាល តែងតែ​គាំទ្រ​ទៅលើ​ស្មារតី​គណបក្ស​សង្គ្រោះជាតិ ដោយ​ជួប​លោក កឹម សុខា ជាហូរហែរ​កន្លងមក។ អ៊ីចឹង​ចរន្ត​គណបក្ស​ប្រឆាំង​ថ្មី​ដែល​ទើបនឹង​រះឡើង គឺគណបក្ស​ភ្លើងទៀន​ហ្នឹង ហើយ​នឹង​ចរន្ត​នៃ​ការរងសម្ពាធ​នយោបាយ បច្ចុប្បន្ន​ បើយើង​គឹតទៅ គណបក្ស​ភ្លើងទៀន​ហាក់ដូចជា​មក​ជំនួស​តួនាទី ឬក៏​តំណែង​គណបក្ស​សង្គ្រោះជាតិ​ចាស់ហើយ ស្របពេល​ដែល​អសកម្មភាព ពុំមាន​វាចារ​ហារស្តី​ទៀត ធ្វើឱ្យ​បាត់សំឡេង​តែម្តង។ អ៊ីចឹងហើយ ធ្វើឱ្យ​បណ្តាទូត​លោកខាងលិច​ហាក់ដូចជា​ពិបាក​នឹង​ប្រតិកម្ម​ដែរ​កន្លែងហ្នឹង»

ជុំវិញ​ការយឺតយ៉ាវ​នៃ​ការបញ្ចេញ​ប្រតិកម្ម​របស់​ស្ថានទូត​ក្រុមប្រទេស​លោកខាងលិច​នេះ អ្នកវិភាគ​នយោបាយ​ដែល​កំពុងរស់នៅ​ភៀសខ្លួន​នៅ​ប្រទេសអូស្ត្រាលី (Australia) គឺ​លោក សេង សារី វិញ លោក​រិះគន់​ក្រុមប្រទេស​លោកខាងលិច​ថា រវល់​តែ​យក​ករណី​លោក កឹម សុខា ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន។

លោក សេង សារី៖ «ខ្ញុំ​មើលដូចជា​ទូតហ្នឹង​ព្យាយាម​ប្រើប្រាស់​លោក កឹម សុខា ក្នុងការ​បិទបាំង​ការងារ​ទំនាក់ទំនង​ការទូត​របស់ខ្លួន​ដើម្បី​ទប់ជាមួយ​ឥទ្ធិពល​ចិន...។ លោក កឹម សុខា អង្គុយ​ចាំ​រក​យុត្តិធម៌ អង្គុយ​ចាំ​ឱកាស​នៅក្នុង​ការធ្វើ​នយោបាយ។ បែរជា​អ្នកទូតហ្នឹង​ហាក់ដូចជា​ទៅសកម្ម​ជាមួយនឹង​អ្នកដែល​អត់ធ្វើ​សកម្មភាព ហើយ​ដែល​អ្នកធ្វើសកម្មភាព​ដូចជា​ភ្លើងទៀន ដូចជា​ស្អី មិនព្យាយាម​ជួយ​លើកទឹកចិត្ត មិនព្យាយាម​ជួយ​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នោះទេ។ ទាំងនេះហើយ​បាន​ខ្ញុំថា ខ្ញុំ​ក្រឡេកមើលទៅ​គឺ​ បើយើង​យក​ទ្រឹស្តី​សាកល​មកប្រើ ពួក​មហាអំណាច​គេច្រើនតែ​គិតពី​ប្រយោជន៍​ផ្ទាល់ខ្លួន​មុន។ ការគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​បែបនេះ​ទីមួយ​គឺស្អំ​រដ្ឋាភិបាល»

គណបក្ស​ភ្លើងទៀន​ប្រកាសថា សំណុំរឿងនេះ​គឺជា​រឿងនយោបាយ និង​ជារូបភាព​គំរាមកំហែង។ គណបក្ស​នេះ​អំពាវនាវ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា ដើម្បី​ធានា​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ។ កាលពី​ដើមខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុប ធ្លាប់បាន​ព្រមានថា នឹង​ដកហូត​ប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង បើរកឃើញ​ថា​ការបោះឆ្នោត​ខាងមុខ គ្មានភាពសេរី និង​ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​តាមឃ្លាំមើល​យ៉ាងយក​ចិត្តទុកដាក់​ប្រសិនបើ​មាន​ការឈាន​ទៅ​រម្លាយ​គណបក្ស​ភ្លើងទៀន ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាងគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។