ក្រុមអ្នកវិភាគលើកឡើងថា ការថតកុនភាគរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី" ដែលរៀបរាប់រឿងរ៉ាវជីវិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿងមិនចាំបាច់សម្រាប់ពលរដ្ឋចង់ដឹងនោះទេ ។ អ្នកវិភាគថា លោក ហ៊ុន សែន ចង់ផលិតរឿងកុនភាគនេះ គ្រាន់តែចង់ឱ្យគេដឹងគុណនិងកើតសរសើរលោក។
រីឯពលរដ្ឋវិញ លើកឡើងថា បើសិនជា លោក ហ៊ុន សែន ជាមនុស្សល្អគួរឱ្យគោរពមិនមែននោះ ទុកឱ្យពលរដ្ឋឬស្ថាប័នឯករាជ្យជាអ្នកចងក្រងឯកសារ ឬផលិតរឿងកុននេះវិញ ទើបមានតម្លៃជាប្រវត្តិសាស្ត្រពិតប្រាកដ។
អ្នកវិភាគអះអាងថា លោក ហ៊ុន សែន បង្កើតគណៈកម្មការផលិតខ្សែភាពយន្តអំពីជីវិតរបស់លោក រឿង«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» នោះ ដើម្បីចង់លើតម្កើងខ្លួន ដើម្បីឈានទៅការពង្រឹងអំណាចទៅមុខទៀតប៉ុណ្ណោះ។
អ្នកវិភាគនយោបាយនិរទេសខ្លួននៅក្រៅប្រទេសលោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន មិនមែនជាវីរៈបុរសជាតិ ដែលសាកសមនឹងផលិតរឿងកុនភាគ រក្សាទុកជាប្រវត្តិសាស្ត្រតស៊ូក្នុងការសង្គ្រោះកម្ពុជានោះទេ។ ផ្ទុយទៅវិញ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន មានបំណងដើម្បីពង្រឹងអំណាចផង និងចង់ភ្ជាប់ខ្លួនទៅនឹងស្ដេចផង៖ «លោក ហ៊ុន សែន ផ្សាខ្លួនគាត់ទៅស្ដេចកនផង ទៅសម្ដេច សីហនុ ផង ដើម្បីឱ្យប្រជារាស្ត្រមើលឃើញថា លោកនឹងក្លាយទៅជាស្ដេច ហើយឱ្យកូនរបស់គាត់ផ្សាភ្ជាប់នឹងខ្លួនគាត់»។
អតីតទាហានខ្មែរក្រហម លោក ហ៊ុន សែន ត្រូវបានអ្នកដែលទទួលលាភសក្ការៈពីលោក គោរពបូជា រួចចាត់ទុកលោកថា ជាអ្នកមានបុណ្យបារមី ឬក៏ជាស្ដេចមកចាប់ជាតិផង។ ក្រោមបញ្ជារបស់លោក ឬក៏ក្រោមការផ្ដួចផ្ដើមនៃអ្នកដែលអែបអបយកបុងនឹងលោក គេបានសាងសង់រូបសំណាកស្ដេចកន ដែលគេធ្វើខំដាប់ថ្ម ឬបាតស៊ីម៉ង់ឱ្យមានមុខស្រដៀងនឹងលោក នៅស្ទើរគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ គេនិពន្ធចម្រៀង ច្រៀងលើកសរសើរលោក និងភរិយាលោក ហើយមកចាក់ផ្សាយនៅតាមស្ថានីយវិទ្យុ ទូរទស្សន៍ មានទាំង វិទ្យុនិងទូរទស្សន៍ផង។
អ្នកច្រៀងអាយ៉ៃ អ្នកលេងកំប្លែងល្បីៗមួយចំនួនធំ ត្រូវលោកចាត់ចែងតែងតាំងជានាយទាហាន មានស័ក្ដិពាក់ពេញស្មា ធ្វើយ៉ាងណាឱ្យពួកគេបញ្ជ្រាបសារឃោសនាលើកជើងលោក និងគ្រួសារលោក នៅក្នុងការសម្ដែងរបស់ខ្លួន។ ប៉ុណ្ណេះហើយ លោកនៅមិនអស់ចិត្តទៀត ថ្មីៗនេះ លោកចេញបញ្ជាឱ្យគេចាត់ចែងថតកុនភាគរឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី" ដែលរៀបរាប់រឿងរ៉ាវជីវិតរបស់លោកថែមទៀតផង។
លោក ហ៊ុន សែន បានប្រកាសបង្កើតគណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី កាលពីថ្ងៃទី៥ មករា ឆ្នាំ២០២១។ សមាសភាពសមាជិកគណៈកម្មការនេះ មានមន្ត្រីរដ្ឋាភិបាលតាមក្រសួងនានា និងទីប្រឹក្សារបស់លោករួមគ្នាផលិត។ សេចក្ដីសម្រេចបង្កើតគណៈកម្មការនោះ មានរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ ជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង និងមានមន្ត្រីស្ថាប័នផ្សេងទៀត ជាអនុប្រធាន និងជាទីប្រឹក្សា។ រឿងនេះ និពន្ធ និងដឹកនាំដោយលោក ហ៊ុយ វាសនា។ ចំណែកល្ខោនវិទ្យុរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មីវិញ។ រឿងនេះត្រូវបានវិទ្យុបាយ័នជារបស់កូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ម៉ាណា ចាក់ផ្សាយជាច្រើនឆ្នាំមកហើយ។
លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃទី១៣ មករា ថា ការផលិតខ្សែភាពយន្តអំពីជីវិតរបស់លោក រឿង«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនប្រើប្រាស់ថវិការដ្ឋនោះទេ។ លោកបន្ថែមថា លោកបានជួលក្រុមហ៊ុនឯកជនផលិតរឿងនេះឡើង។ លោកអះអាងថា “ ការថតភាពយន្តរឿងនេះ មិនបានប្រើប្រាស់ថវិកាជាតិសូម្បី តែមួយសេន» ដោយសារតែម្ចាស់ផលិតកម្មជាអ្នកចំណាយដើមទុន។ ខ្សែភាពយន្តភាគនេះ ក៏ជាកម្មសិទ្ធផ្ដាច់មុខរបស់ផលិតកម្មឯកជននោះដែរ។ ទោះបីជាយ៉ាងនេះក្ដី លោក ហ៊ុន សែន មិនបានបង្ហាញឈ្មោះផលិតកម្ម ឬឈ្មោះម្ចាស់ផលិតកម្មនេះទេ។
លោក ហ៊ុន សែន ប្រកាសអំពីការចំណាយថតភាពយន្តរឿងជីវិតរបស់លោកនេះ នៅក្រោយពីសាធារណជនរិះគន់ថា លោកបានយកលុយជាតិទៅផលិតរឿងកុនភាគអំពីជីវិតឯកជនរបស់លោក នៅក្នុងពេលពលរដ្ឋកំពុងតែជួបប្រទះជីវភាពលំបាក ដោយសារតែជំងឺកូវីដ១៩ និងរងគ្រោះដោយសារទឹកជំនន់។
ពលរដ្ឋម្នាក់រស់នៅខេត្តតាកែវ លោក ស៊ីណា ថូ សង្កេតឃើញថា លោក ហ៊ុន សែន តែងប្រើគ្រប់មធ្យោបាយបង្ហាញពីស្នាដៃរបស់ខ្លួន ដូចជា ការផលិតចម្រៀង សៀវភៅ និងវីដេអូឯកសារជាដើម។ ពលរដ្ឋរូបនេះយល់ថា បើលោក ហ៊ុន សែន ពិតជាមេដឹកនាំមានស្នាដៃមែននោះ មិនចាំបាច់ប្រឹងប្រែងផលិតខ្លួនឯងនោះគឺ ពលរដ្ឋ ឬអ្នកគោរពស្រលាញ់លោកគេនឹងផលិតដោយខ្លួនឯងមិនចាំបាច់លោក ហ៊ុន សែន បង្គាប់បញ្ជានោះទេ៖ «និយាយយ៉ាងខ្លីទៅថា មនុស្សយើងធ្វើរឿងល្អស្នេហាជាតិ គេអ្នកនិពន្ធគេធ្វើឱ្យយើងហ្មង»។
អតីតស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោក ហ៊ុន សែន ជាតួចិត្តអាក្រក់ ហើយចង់មកសំដែងជាតួចិត្តល្អនៅក្នុងរឿងកុននេះ។ ព្រះអង្គបន្ថែមថា លោក ហ៊ុន សែន ជាទាហានខ្មែរក្រហម មិនមែនជាតួអង្គដែលសង្គ្រោះពលរដ្ឋចេញពីរបបខ្មែរក្រហមពិតប្រាកដឡើយ។ លើសពីនេះទៀតព្រះអង្គបញ្ជាក់ថា លោក ហ៊ុន សែនដឹកនាំប្រទេសកន្លងមកនេះ ធ្វើឱ្យប្រជារាស្ត្រជួរចត់ ព្រាត់ប្រាសសាច់ញាតិ ប្រពន្ធកូន និងបាត់បង់ដីធ្លីផ្ទះសម្បែង៖ «ការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យពលរដ្ឋជួរចត់ របបរំលោភសិទ្ធិ របបគាបសង្កត់ បើសិនជាលោកហ៊ុន សែន ចង់ឱ្យគេចងចាំគឺរឿងកុននេះ ថតរឿងរំលោភដីធ្លីប្រជាពលរដ្ឋ រឿងបណ្ដេញចេញ រឿងអយុត្តិធម៌សង្គម គឺរឿងទាំងអស់នេះ ពេលថតកុនទៅទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋបានច្រើន»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ចាត់ទុកមតិរិះគន់អំពីការរឿងកុនភាគ អំពីជីវិតតស៊ូលោក ហ៊ុន សែន នេះថា ជាការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យ។ លោកបន្ថែមថា មេដឹកនាំប្រទេសដែលផលិតសៀវភៅ ឬភាពយន្តនេះ ជាតម្លៃប្រវត្តិសាស្ត្រមិនមែនជាតម្លៃបុគ្គលនោះទេ៖ «ត្រូវទទួលស្គាល់ជាផលិតផលប្រវត្តិសាស្ត្រទេ មិនមែនសំដៅទៅបុគ្គលទេ គ្រាន់តែបុគ្គលអ្នកធ្វើក្នុងសកម្មភាពប្រវត្តិសាស្ត្រ»។
ទោះបីជាយ៉ាងនេះក្ដី លោក គឹម សុខ អះអាងថា ខ្សែភាពយន្តនេះ មិនអាចចាត់ទុកជាស្នាដៃប្រវត្តិសាស្ត្របានទេ តែអាចចាត់ទុកជាស្នាដៃរបស់ក្រុមអ្នកនិពន្ធចង់លើកជើងលោក ហ៊ុន សែន និងក្រុមគ្រួសារលោកបាន។ ម្យ៉ាងវិញទៀត លោក គឹម សុខ បញ្ជាក់ថា មានរឿងជាច្រើនដែលជាមរតករបស់ជាតិ ដែលអាចថតទុកជាឯកសារប្រវត្តិសាស្ត្រកម្ពុជា។ ស្នាដៃទាំងនោះមានដូចជា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានបំផ្លាញធនធានធម្មជាតិ មានបឹងបួរ បរិស្ថាន និងព្រៃឈើជាដើម៖ «សម្ដេចនរោត្តម សីហនុ ក៏និពន្ធរឿងកុនដែរ តែរឿងព្រះអង្គគឺថតកុនបង្ហាញពីធនធានធម្មជាតិ ព្រៃឈើ ការពារសម្បត្តិធនធានធម្មជាតិ ដើម្បីបង្ហាញទឹកដីព្រៃប្រឹក្សាប្រទេសកម្ពុជា ឱ្យកូនចៅព្រះអង្គបានមើលឃើញ តែករណីលោកហ៊ុន សែន វិញ គាត់និពន្ធក្នុងគោលបំណងជាគាត់ជាស្ដេចកន គាត់ជាស្ដេច ដើម្បីបង្ហាញអំណាចរបស់លោក ១៥០ឆ្នាំទៅមុខ»។
លោក ហ៊ុន សែន កើតក្នុងឆ្នាំ១៩៥២។ លោកបានចូលរួមជាមួយកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧០។ បន្ទាប់មកបានភៀសខ្លួនទៅប្រទេសវៀតណាម ក្នុងឆ្នាំ១៩៧៧។ ក្រោយពីបានដឹកនាំកងទ័ពវៀតណាម ចូលឈ្លានពានក្នុងប្រទេសកម្ពុជា ដើម្បីបណ្ដេញក្រុមខ្មែរក្រហមឱ្យចូលទៅក្នុងព្រៃហើយបង្កើតរដ្ឋាភិបាលកុម្មុយនិស្តរួចហើយនោះ លោក ហ៊ុន សែន បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ តាមរយៈការជួយជ្រោមជ្រែងរបស់វៀតណាម។
ប្រជាពលរដ្ឋ និងអ្នកវិភាគ អះអាងថា លោក ហ៊ុន សែន កំពុងតែកាឡៃប្រវត្តិសាស្ត្រតាមរយៈការផលិតខ្សែរភាពយន្តនេះ។ អ្នកវិភាគថា ពលរដ្ឋជាច្រើនបានដឹងពីប្រវត្តិសាស្ត្រពិត ដែលមិនអាចកែប្រែបាននោះ គឺ លោក ជាអតីតទាហានខ្មែរក្រហម។
អ្នកវិភាគលើកឡើងថា ការផលិតខ្សែភាពយន្តនេះ លោក ហ៊ុន សែន ចង់បង្កើតសាច់រឿងថ្មីបំភ្លៃប្រវត្តិសាស្ត្រពិតទាំងនេះ ក្នុងទិសដៅលើកតម្កើងខ្លួនឯងផង និងចង់ទទួលបានការអាណិតអាសូរពីពលរដ្ឋផង ដើម្បីឈានទៅពង្រឹងអំណាចតពូជពង់វង្សត្រកូលនៅពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។