តើ​អ្នក​ប្រជាធិបតេយ្យ​គួរ​ធ្វើ​បែប​ណា ​ដើម្បី​យក​ឈ្នះ​ដៃគូ​នយោបាយ​ប្រជាភិថុតិ​ ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ?

0:00 / 0:00

អស់​រយៈពេល​ជិត​ ៤០​ឆ្នាំ ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន សែន តែងតែ​ប្រើប្រាស់​សារ​នយោបាយ​ជេរប្រមាថ​ខ្លាំងៗ មក​លើ​ប្រជាពលរដ្ឋ និង​ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស​ បរិស្ថាន ក្រុម​សហជីព និង​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ តាមរយៈ​ការ​ចាប់ខ្លួន​ពួកគេ​ដាក់​ពន្ធនាគារ រង​បទ​ចោទ​ពី​តុលាការ និង​អ្នកខ្លះ​បង្ខំចិត្ត​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​គេច​ផុត​ពី​ការ​យាយី​របស់​អាជ្ញាធរ​គណបក្ស​កាន់អំណាច។

តើ​អ្នក​ប្រជាធិបតេយ្យ​គួរតែ​មាន​យុទ្ធសាស្ត្រ​ថ្មី​បែប​ណា​ខ្លះ ​ដើម្បី​ជម្នះ​ដៃ​គូ​នយោបាយ​ប្រជាភិថុតិ ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌?

ថ្វីត្បិតតែ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូលរំលាយ​ចោល​ កាលពី​ចុងឆ្នាំ​២០១៧​ ក៏​ពិតមែន ក៏​សារ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង និង​ក្រុម​អ្នកគាំទ្រ​បក្ស​មួយ​នេះ​នៅតែ​តាម​លង​បន្លាច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនអាច​ឱ្យ​លោក​រស់នៅ​ដោយ​សុខ​ស្រួល​ជាមួយនឹង​ពាក្យ «សន្តិភាព» របស់​លោក​នោះ​ទេ។ ទន្ទឹម​នឹង​នេះ ពលរដ្ឋ​មួយចំនួន​ក៏​ព្រួយបារម្ភ​ក្នុងការ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ដោយសារតែ​ស្ថានការណ៍​នយោបាយ​នៅតែ​ក្ដៅ រីឯ​នីតិរដ្ឋ​ស្ថិតក្រោម​អំណាច​ឯក​បក្ស។​

​ក្រុម​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា មើលឃើញ​ថា បក្ស​កាន់អំណាច​ហាក់​ខ្លាច​បាត់បង់​អំណាច​ជាជាង​ខ្លាច​បាត់បង់​នីតិរដ្ឋ និង​ផលប្រយោជន៍​ជាតិ​ជាធំ​។ លោក ហ៊ុន សែន ត្រូវ​គេ​មើលឃើញ​ថា កំពុង​បំផ្លាញ​គោលនយោបាយ​បង្រួបបង្រួម​ជាតិ​ ដែល​មាន​ចែង​នៅក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​លោក​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​តាម​កម្ចាត់​អ្នកប្រឆាំង​រូបលោក សឹងតែ​គ្រប់​ទីកន្លែង​។

ជាក់ស្តែង កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ​ឆ្នាំ​២០១៧ កន្លង​ទៅ នៅមុន​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ លោក​ថ្លែង​ថា លោក​ស្ដាយ​ ដែល​មិន​បាន​សម្លាប់​ប្រជាពលរដ្ឋ​ជា​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ២០១៤ ក្រោយពី​ពួកគេ​ចេញ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​តាំងពី​ហ្នឹង ប្រហែល​ជាដើម​ចុងឆ្នាំ​២០១៣ និង​ដើម​ចុងឆ្នាំ​២០១៤ គឺ​ពួក​នេះ​ងាប់​អស់ហើយ​។ គេ​កំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ២០១៣​ជា​ថ្ងៃ​ផ្ដាច់​ព្រាត​ផ្ដួលរំលំ។ បើ​ខ្ញុំ​ឃើញ​តាំងពី​ហ្នឹង អ្នក​ទាំងនេះ​ងាប់​តាំងពី​ហ្នឹង ពេល​នេះ​ជា​ពេល​បុណ្យ​ខ្មោច​ពួក​ហ្នឹង​ទៀត»។

អ្នកឃ្លាំមើល​បញ្ហា​សង្គម​មើល​ឃើញ​ថា ការ​គំរាមកំហែង និង​ចាប់ខ្លួន​សកម្មជន​នយោបាយ​ទាំងនោះ ឃុំ​ក្នុង​ពន្ធនាគារ ដែល​ពួកគេ​ភាគច្រើន ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ពី​បទ «​រួមគំនិត​ក្បត់» និង «ញុះញង់» ​នេះ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ប្រយោជន៍​ជាតិ ខណៈ​ដែល​កម្ពុជា ជា​ប្រទេស​ក្រីក្រ​។ ដូច្នេះ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​បន្ថែម។

អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មើលឃើញ​ថា សកម្មភាព​នយោបាយ​របស់​បក្ស​កាន់អំណាច​តែងតែ​ប្រើប្រាស់​ភាសា​ធ្ងន់ៗ​លើ​ដៃគូ​ប្រកួតប្រជែង​ក្រៅ​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​អាក្រក់​។ លោក​ថា បញ្ហា​នេះ​ជា​ចរន្ត​មួយ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ពិបាក​ចូល​ប្រឡូក​ក្នុង​សង្វៀន​នយោបាយ។

​លោក ឯម សុវណ្ណារ៉ា៖ «អ៊ីចឹង​ទេ លំហ​សេរីភាព​នយោបាយ​ក្នុង​សង្គម​កម្ពុជា​ពលរដ្ឋ​ទទួល​រង​ការ​ប៉ះពាល់​។ សិទ្ធិ​ដែល​មាន​ចែង​នៅក្នុង​គោលការណ៍​ច្បាប់​នៅក្នុង​រដ្ឋធម្មនុញ្ញ មិន​ត្រូវ​បាន​ធានា មិន​ត្រូវ​បាន​អនុវត្ត​ពេញលេញ ហើយ​ពលរដ្ឋ​ខ្វះ​ការធានា​ពី​អាជ្ញាធរ​រដ្ឋាភិបាល​។ អត្ថប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​បណ្ដា​លោកខាងលិច ពី​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិកGSPមាន​អឺរ៉ុប មាន​EBAគ្រប់មុខ​ទំនិញ​លើកលែង​អាវុធ​នេះ​ ដែល​យើង​នៅសល់​ ៨០​ភាគរយ ​ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​នៅពេល​អនាគត»។

លោក​បន្ត​ថា ការ​ព្រងើយ​កន្ដើយ​របស់​រដ្ឋាភិបាល​ជុំវិញ​ការ​ធ្លាក់​ចុះ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កំពុង​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​លើ​ការដឹកនាំ​បច្ចុប្បន្ន។ លោក​បារម្ភ​ថា ការប្រើប្រាស់​យុទ្ធសាស្ត្រ​គំរាមកំហែង និង​បំបែកបំបាក់ ដែល​ដាក់​ចេញ​ដោយ​បក្ស​កាន់​អំណាច អាច​ចំណេញ​ក្នុង​ការ​គ្រប់​គ្រង់​អំណាច និង​ការ​ផ្ទេរ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ ប៉ុន្តែ​ប្រជាពលរដ្ឋ​ឯណោះ​វិញ ប្រឈម​បាត់បង់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​ច្បាប់ ខណៈ​កម្ពុជា​ក៏​ប្រឈម​ទៅ​នឹង​ការ​បាត់បង់ ​EBA និង GSP បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទងអ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊ន បានទេ ​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ។​

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ​អ្នកនយោបាយ​ទាំង​២ គឺ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ត្រូវតែ​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ប្រឆាំង​គ្នា ឬ​វាយប្រហារ​គ្នា មក​ជា​ការប្រកួតប្រជែង​គោលនយោបាយ​។ លោក​កត់សម្គាល់​ថា ទាំង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ហាក់​ដើរ​ផុត​ពី​បន្ទាត់​នៃ​ការប្រកួត​ដើម្បី​ផលប្រយោជន៍​ជាតិ​។ ដូច្នេះ បណ្ឌិត មាស នី ថា ក្នុងនាម​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​យកឈ្នះ​លើ​ការ​ធ្វើ​នយោបាយ​នៅ​ក្រោម​សម្ពាធ​របស់​បក្ស​កាន់អំណាច អ្នក​ទាំងនោះ ត្រូវ​រក្សា​ជំហរ​រួបរួម​គ្នា និង​ជឿទុក​ចិត្ត​គ្នា​ ដើម្បី​ប្រមូល​កម្លាំង​ឱ្យ​បាន​រឹងមាំ។

បណ្ឌិត មាស នី៖ «គណបក្ស​កាន់អំណាច​បើ​គាត់​នៅ​តែ​បង្ក្រាប បង្ក្រាប​ហើយ​បង្ក្រាប​ទៀត បាន​ន័យ​ថា ស្មើ​យក​គំរប​ឆ្នាំង​នឹង​ទៅ​គ្រប​ទឹក​ដែល​កំពុង​ពុះ​។ អ៊ីចឹង​ការផ្លាស់ប្ដូរ​ទាំងឡាយ​យើង​មិន​នៅ​ចាំតែ​មាត់ទ្វារ​ទេ បើសិនជា​ការ​បង្ក្រាប​នេះ​វា​នៅតែ​ច្រើន អ៊ីចឹង​ជា​ការ​មើលឃើញ​របស់ខ្ញុំ​ទាំងសងខាង​ទទួលផល​អវិជ្ជមាន​ដូចគ្នា​។ អ៊ីចឹង​ដើម្បី​ជួយ​ឱ្យ​ប្រទេស​នេះ​មាន​ភាព​ធូរស្រាល ត្រូវតែ​ធ្វើការ​ប្ដូរ​នូវ​របៀប​ធ្វើ​នយោបាយ​ចេញពី​ការ​ប្រឆាំង​មក​ប្រកួត​វិញ បាន​ន័យ​ថា ឱ្យ​គូរ​នយោបាយ​នីមួយៗ ​រវល់​នឹង​ការ​ប្រកួត​គ្នា​ជាជាង​ការ​ប្រឆាំង»។

ដោយឡែក អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ភូមិសាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា វិញ លោក​បង្ហាញ​ថា ទោះបីជា​ស្ថានភាព​នយោបាយ​ហាក់​តូច​ចង្អៀត​ក៏​ពិតមែន ក៏​បក្ស​ក្រៅ​រដ្ឋាភិបាល ត្រូវតែ​មាន​ភាព​ឆ្លាត​វ៉ៃ​ជាង​នេះ​ ដើម្បី​ឈាន​ទៅ​ប្រកួតប្រជែង​ឱ្យ​មាន​ប្រសិទ្ធភាព​។ លោក​ថា រឿង​ដែល​អ្នក​ប្រជាធិបតេយ្យ​ត្រូវធ្វើ​គឺ ទី​១.​ បង្កើត​វេទិកា​សន្ទនា​ឱ្យ​បាន​ច្រើន​រវាង​អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល និង​អ្នកនយោបាយ​នានា ទី​២.​ ចុះ​ជួប​ប្រជាពលរដ្ឋ តាមរយៈ​ការបង្កើត​វេទិកា​ពលរដ្ឋ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង ដែល​លោក​មើលឃើញ​ថា នេះ​គឺជា​យុទ្ធសាស្ត្រ​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ ឱ្យ​មាន​ភាព​កក់ក្ដៅ។

លោក វណ្ណ ប៊ុនណា៖ «យើង​ឃើញ​ថា យុទ្ធសាស្ត្រ​ប្រជាភិថុតិ ឬ​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ។ មែនទែន​ទៅ​ វា​កើតមាន​ជា​យូរហើយ ជាពិសេស​ នៅមុន​រដូវ​កាល​បោះឆ្នោត​កើតមាន​ វា​តែងតែ​មាន​បញ្ហា​អស់ហ្នឹង ជា​យុទ្ធសាស្ត្រ​បក្ស​ក្រៅ​រដ្ឋាភិបាល​​ ត្រូវ​ចុះ​ឱ្យ​ជិតដិត​ជាមួយនឹង​អ្នកគាំទ្រ​របស់​ខ្លួន​ហើយ ហើយ​ចូលរួម​ដោះស្រាយ​ បើសិនជា​មានការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ការ​ប្ដឹង​ហ្នឹង គណបក្ស​ត្រូវតែ​ដោះស្រាយ ​ឬ​​ជួប​គាត់​ផ្ទាល់ៗ​ គាំទ្រ​ទាំង​ផ្នែក​ថវិកា និង​ស្មារតី ទាំង​នេះ​ហើយ​ជា​ការ​Support (​គាំទ្រ​)​សតិអារម្មណ៍ និង​ការ​Support​ដល់​អ្នកគាំទ្រ​អ្នកគាំទ្រ​គណបក្ស​របស់​ខ្លួន​ផង​ដែរ»។

លើស​ពី​នេះ លោក ឯម សុវណ្ណារ៉ា ផ្ដល់​ដំណោះស្រាយ​ថា របត់​នយោបាយ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​នា​ពេល​នេះ ការ​ធ្លាក់​ចុះ​សិទ្ធិ​សេរី​បញ្ចេញមតិ​របស់​ពលរដ្ឋ ឬ​សិទ្ធិ​ធ្វើ​នយោបាយ​ ជា​រឿង​ធម្មតា​។ ដូច្នេះលោក​ថា ​តួនាទី​សំខាន់​របស់​បក្ស​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ប្រជាធិបតេយ្យ ​គឺ​​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ឱ្យ​មាន​ភាព​ចាស់​ទុំ។

លោក ឯម សុវណ្ណារ៉ា៖ «សម្រាប់​បក្ស​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​ប្រឆាំង​អាច​ធ្វើ​យន្តការ​រួមគ្នា​ទាមទារ​នូវ​សិទ្ធិ​សេរីភាព ឬ​លំហ​សិទ្ធិ​នយោបាយ​ឡើងវិញ​ជា​សម្ព័ន្ធ​នៃ​ការ​ទាមទារ​រួមគ្នា​ទី​១​។ ទី​២.​​អាច​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស អាហ្នឹង​ជា​កិច្ចការ​មួយ​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់»។

ចាប់តាំងពី​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រោម​អំណាច​តុលាការ​ឯក​បក្ស រហូត​ដល់​បច្ចុប្បន្ន គ្មាន​ឡើយ​ការ​សន្ទនា​នយោបាយ​ណាមួយ កើតឡើង​ដើម្បី​ផ្សះផ្សា​ជាតិ​នោះ​ទេ​។ ផ្ទុយទៅវិញ ការណ៍​នេះ​ធ្វើ​ឱ្យ​នយោបាយ​បន្សល់​នូវ​ការ​បែក​បាក់​ផ្ទៃក្នុង​ជាតិ អ្នក​នយោបាយ​បាត់បង់​ភាព​សកម្មភាព​ក្នុង​ការ​លើកឡើង​ពី​អធិបតេយ្យ បញ្ហា​អំពើពុករលួយ ការ​ជួញ​ដូរ​មនុស្ស​ខុសច្បាប់ និង​រំហូរ​គ្រឿងញៀន​កាន់តែ​កើនឡើង​ច្រើន​ជា​ហូរហែ។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា​ថា ដើម្បី​ឈាន​ទៅ​រក​ការបោះឆ្នោត​ប្រកប​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ផ្ដើម​ពី​ប៉ូល​អ្នក​ប្រជាធិបតេយ្យ និង​បក្ស​ប្រឆាំង ពួកគេ​ត្រូវតែ​ចេញ​សកម្មភាព​ទាមទារ​ធ្វើ​កំណែ​ង​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ឡើងវិញ និង​ដាក់​សម្ពាធ​បក្ស​កាន់អំណាច​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​បាន​ទូលំទូលាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។