កត្តា​ដែល​ធ្វើ​ឲ្យ​សម្ដេចក្រុមព្រះ និង​លោក ញឹក ប៊ុនឆៃ ត្រូវ​បញ្ចប់​ជីវិត​នយោបាយ

0:00 / 0:00

អតីត​នាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​លោក អតីត​ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​រួបរួម​ជាតិ ត្រូវ​បាន​គេ​មើលឃើញ​ថា មិន​អាច​ស្រោចស្រង់​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ​បាន​ទេ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ។ គណបក្ស​ទាំងពីរ ដែល​បែកបាក់​គ្នា​នោះ មិន​អាច​ទទួល​បាន​អាសនៈ​នៅ​ក្នុង​សភា​ឡើងវិញ​បានទេ នៅ​ឆ្នាំ​២០១៨​នេះ ទោះបីជា​អ្នក​ទាំងពីរ​ធ្លាប់​បម្រើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ជូន លោក ហ៊ុន សែន យ៉ាងណាក្ដី។

តើ​ហេតុផល​អ្វីខ្លះ ដែល​គណបក្ស​លោក ញឹក ប៊ុនឆៃ និង​សម្ដេចក្រុមព្រះ មិន​អាច​ស្ដារ​ប្រជាប្រិយភាព​ឡើងវិញ​បាន?

គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិន​ទទួល​បាន​អាសនៈ​សភា​ទេ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩​កក្កដា បើ​តាម​លទ្ធផល​បណ្ដោះអាសន្ន​របស់​គ.ជ.ប។

អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ សីហា​ថា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​រួបរួម​ជាតិ និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច បាន​ងាក​ចាប់ដៃ​ជាមួយ​លោក ហ៊ុន សែន ដែល​បង្ហាញ​ជំហរ​មិន​ច្បាស់លាស់ ទើប​ប្រជាពលរដ្ឋ​ដក​សេចក្ដីទុកចិត្ត លែង​បោះឆ្នោត​ជូន​គណបក្ស​ទាំងពីរ។ លោក លឺ ឡាយស្រេង បញ្ជាក់​ថា នយោបាយ​កណ្ដាល​និយម របស់​គណបក្ស​ទាំងពីរ​នេះ បាន​ក្លាយ​ទៅជា​នយោបាយ​រណប​និយម​ទៅវិញ​ទេ៖ «សូន្យ​ពីរ​ដឹង គឺ​០ អត់​ងើប​រួច​ទេ ខ្ញុំ​ប្រាប់​តាំង​ពី​ដើម​ថា មិន​ងើប​រួច​ទេ ឲ្យ​ឈប់​ទៅ សម្ដេចក្រុមព្រះ លោក​ពិការ​ផង​អី​ផង ទៅ​ធ្វើ​ការ​ក្នុង​វាំង​ទៅ ហើយ​លោក ញឹក ប៊ុនឆៃ វិញ ឈឺ​ផង​ទៅ​មើល​ជំងឺ​ឲ្យ​ជា​ទៅ ហើយ​ទៅ​ធ្វើ​រាស្ត្រ​ដូច​ខ្ញុំ​ទៅ»។

ចំណែក​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​បាត់បង់​ប្រជាប្រិយ​ភាព​ខ្លាំង​នោះ ដោយសារតែ​រឿង​បុគ្គល​របស់​សម្ដេចក្រុមព្រះ និង ករណី​ព្រះអង្គ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ។ រីឯ គណបក្ស​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ វិញ បាត់បង់​អាសនៈ​ដោយសារតែ​រឿង​តុលាការ​ចោទប្រកាន់​លោក​ពាក់ព័ន្ធ​និង​គ្រឿងញៀន ហើយ​ចាប់​ដាក់គុក ទោះបីជា​តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​ក្ដី និង​ករណី​ផ្សេង​ជាច្រើន​ទៀត៖ «វា​ពិបាក​ព្រោះថា បក្ស​រួបរួម​ជាតិ​នៅ​រង​ឥទ្ធិពល​ពី​បក្ស​កាន់អំណាច ខ្ញុំ​យល់​អារម្មណ៍​ពី​លោក ញឹក ប៊ុនឆៃ គាត់​ពិបាក ហើយ​គេ​ដោះលែង​លោក ញឹក ប៊ុនឆៃ វិញ​នេះ ដើម្បី​បង្គ្រប់​ឲ្យ​គេ​មើលឃើញ​ថា ជា​ការ​បោះឆ្នោត​ដើម្បី​ពហុបក្ស»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ទាំងពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងគណបក្ស​រួបរួម​ជាតិ​ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។

សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ មិន​ត្រឹមតែ​ជា​មេដឹកនាំ​គណបក្ស​រណប​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ​ទេ លោក ទាំងពីរ​ថែមទាំង​ធ្វើ​កិច្ចការ​ជាច្រើន​បម្រើ​លោក ហ៊ុន សែន ថែមទៀត។ នៅ​ដំណាក់កាល​ចុងក្រោយ​មុន​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ គឺ​នៅ​ក្នុង​វិច្ឆិកា​ឆ្នាំ​២០១៧ សម្ដេចក្រុមព្រះ​ជា​តួអង្គ​សំខាន់​ដែល​ធ្វើជា​ដើមបណ្ដឹង ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ក្រសួង​មហាផ្ទៃ និង​ទៅ​តុលាការ​ដើម្បី​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ហើយ​គណបក្ស​របស់​ព្រះអង្គ​យក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ថែមទៀត ទោះបីជា​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ និង​ថ្កោលទោស​ពី​គណបក្សប្រឆាំង​យ៉ាងណាក្ដី។ សម្ដេចក្រុមព្រះ​មាន​បន្ទូល​កាល​ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នៅ​សុខៗ គេ​យក​អំណោយ ឬ​កៅអី​សភា​មក​ឲ្យ ចំនួន​៤៤​អាសនៈ បក្ស​ព្រះអង្គ​រឿង​អី មិន​យក​នោះ។

ចំពោះ​លោក ញឹក ប៊ុន ឆៃ វិញ ក៏​ជា​តួអង្គ​សំខាន់ ដែល​នៅ​ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​លោក ហ៊ុន សែន ដែរ ក្នុង​ការ​បំបែកបំបាក់​គណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ ក្នុង​នាម​ជា​ប្រមុខរដ្ឋ លោក បាន​ចុះហត្ថលេខា លើវិសោធនកម្មរដ្ឋធម្មនុញ្ញ​បន្ថែម ដែលចែងពីការបោះឆ្នោតជាកញ្ចប់ ​កាល​ពី​ឆ្នាំ​២០០៥។ បញ្ហា​នេះ លោក ហ៊ុន សែន ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា លោក​ជា​អ្នក​រំលាយ​គណបក្សហ៊្វុនស៊ិនប៉ិច​តាមរយៈ​ការ​បំបែកបំបាក់​នេះ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​ជា​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​កាលពី​អាណតិ្ត​ទី​១ ឆ្នាំ​១៩៩៣ ហើយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​នាយករដ្ឋមន្ត្រី​ទី​១ ហើយ​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ទី​២ ដោយសារ​លោក​មិន​ព្រម​ទទួល​លទ្ធផល​បោះឆ្នោត​ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) ហើយ​ទាមទារ​ឲ្យ​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​២​កាលណោះ។

គិត​តាំងពី​ឆ្នាំ​២០០៦​មក គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​បែកបាក់​គ្នា​កាន់តែ​ខ្លាំង គឺ​លោក ញឹក ប៊ុនឆៃ កាលពី​ឆ្នាំ​២០០៦ បាន​ដឹកនាំ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​សម្ដេចក្រុមព្រះ​ចេញពី​ប្រធាន​គណបក្ស ដោយ​ចោទ​ប្រកាន់​ថា សម្ដេចក្រុមព្រះ​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​លក់​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​នៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ ហើយ​អ្នក​ទាំងពីរ​ម្ដង​ត្រូវរ៉ូវ​គ្នា​វិញ ម្ដង​បែកបាក់​គ្នា។ រីឯ​សំឡេង​គាំទ្រ​ក៏​បាត់បង់​បន្តិច​ម្ដងៗ​ដែរ ពោល​តាំងពី អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨​មក គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​បាត់បង់​អ្នកគាំទ្រ​ជា​បន្ត​បន្ទាប់ រហូតមកដល់​អាណត្តិ​ទី​៤ ឆ្នាំ​២០០៨ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​កាលណោះ​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ បាន​កៅអី​សភា​២​អាសនៈ គណបក្ស​នរោត្តម រណឫទ្ធិ ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ បាន​ពីរ​អាសនៈ ហើយ​នៅ​អាណត្តិ​ទី​៥ គណបក្ស​ទាំងពីរ បាត់បង់​អាសនៈ​ទាំងស្រុង​តែម្ដង។

អ្នក​ជំនាញ​ខាង​ច្បាប់ លោកមេធាវី ហ៊ាង រិទ្ធី លើកឡើង​ថា មេដឹកនាំ​គណបក្ស​ទាំងពីរ​ក្រោយពី​បែកបាក់​គ្នា រវាង លោក ញឹក ប៊ុន ឆៃ និង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ គឺ​ពិបាក​នឹង​ស្ដារ​ប្រជាប្រិយភាព​មកវិញ​បាន​ណាស់។ ម្យ៉ាងទៀត គណបក្ស​ទាំងពីរ​ហាក់បីដូច​ជា​ឧបករណ៍​នយោបាយ​របស់​លោក ហ៊ុន សែន ក្នុង​ការចូលរួម​ប្រកួតប្រជែង​នោះ៖ «មានតែ​ការ​សម្បទាន បើ​បក្ស​កាន់អំណាច​ចង់​ផ្ដល់​តួនាទី​ជាទី​ប្រឹក្សា​ឲ្យ​គេ​ឲ្យ ព្រោះថា​បក្ស​ទាំងអស់​ដែល​មក​ប្រកួតប្រជែង​នេះ មិនមែន​ជា​បក្ស​ដែល​ឯករាជ្យ​ដោយ​ខ្លួនឯង​ទេ គ្រាន់តែ​ជា​គណបក្ស​ចូល​មក​លម្អ​ការប្រកួត​ប្រជែង»។

នៅមុន​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៧ ដោយ​សង្ស័យ​ថា បាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន​មួយ​កាលពី១០​ឆ្នាំមុន នៅ​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​ក្រោយពេល​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លីបម៉េង ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លោក ញឹក ប៊ុនឆៃ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដើម្បី​មក​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ។

រីឯ ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​ជួប​គ្រោះថ្នាក់​ចរាចរ នៅ​មុន​ពេល​ឃោសនា​មកដល់ ដែល​ធ្វើ​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព​ភ្លាមៗ រីឯ​ទ្រង់​រណឫទ្ធិ របួសធ្ងន់ មិន​អាច​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ហើយ ហើយ​មក​ទល់​ពេល​នេះ មិន​មាន​ប្រភព​ណាមួយ​បញ្ជាក់​ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាង​ចេញពី​មន្ទីរពេទ្យ​វិញ​ឬ​យ៉ាងណា​ឡើយ​ទេ។

ជា​សរុប​សេចក្ដី​ទៅ លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នៅ​អាណត្តិ​ទី​៦​នេះ ទោះបីជា​គ.ជ.ប មិនទាន់​បាន​បែងចែក​អាសនៈ​នៅឡើយ​ក្ដី ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ទាំង​១២៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា។ អ្នកវិភាគ​លើកឡើង​ថា ដោយសារតែ​រួប​មន្ត​បែងចែក​អាសនៈ យក​តាម​រួប​មន្ត​មធ្យមភាគ​ខ្ពស់​បំផុត​នៃ​ច្បាប់បោះឆ្នោត​នោះ គឺ​គណបក្ស​តូចៗ​មិន​ទទួល​បាន​សំឡេង​ច្រើន ដើម្បី​បាន​អាសនៈ​ទេ ព្រោះ​សំណល់​ខ្ពស់​បំផុត​បាន​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។