បើ​មិន​ទាន់​អាច​យក​កម្ពុជា​ក្រោម​មក​វិញ តើ​មេដឹកនាំ​កម្ពុជា​អាច​ជួយ​ខ្មែរ​ក្រោម បាន​ដែរ​ឬ​ទេ?

0:00 / 0:00

នារយៈពេល​ចុង​ក្រោយ​នេះ រឿង​រ៉ាវ​ទឹកដី​កម្ពុជា​ក្រោម​ត្រូវបាន​អ្នក​នយោបាយ​ប្រឆាំង​ និង​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​អំពី​បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​បាន​ចេញ​មុខ​បញ្ចេញ​ទស្សនៈ ហើយ​ដែល​ភាគច្រើន​បាន​រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​ថ្មី កាលពី​ថ្ងៃទី៣ ខែមីនា ព្រមាន​អ្នកចង់​ទៅ​ធ្វើ​សង្រ្គាម​វាយយក​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម ជាការ​ទៅ​រក​សេចក្តី​ស្លាប់។ លោក ហ៊ុន សែន ថែម​ទាំង​បញ្ជាក់​ថា នឹង​ត្រៀ​ម​ក្តារមឈូស សម្រាប់​ដាក់​ខ្មោច​អ្នក​ចង់​ទៅ ទាមទារ​យកទឹក​ដី​ខ្មែរ​ដែល​បាត់​បង់​ទៅ​វៀតណាម​នោះ​ទៀត​ផង។ ប៉ុន្តែ​សំណួរ​នៅ​ត្រង់​ថា បើទោះជា​មិន​ប្រើ​សង្រ្គា​ម​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​ពី​វៀតណាម​វិញ ក៏​ដោយ​ចុះ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើអ្វីខ្លះ​បាន​ដើម្បី​ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ឈាម ជ័រ​ជា​ខ្មែរ​ដូច​គ្នា?

បើ​ទោះជាទឹកដី​កម្ពុជា​ក្រោម​ត្រូវ​បាន​ជនជាតិ​វៀតណាម​ចូល​ទន្រ្ទាន​ឈ្លាន​ពាន​កាន់​កាប់​ពី​ប្រទេស​កម្ពុជា​បន្តិច​ម្តងៗ​ចាប់​តាំង​ពី​ជាង ៤០០ ឆ្នាំមុន និង​ត្រូវ​បាន​អាណានិគម​បារំាង​ផ្ទេរ​ទៅឱ្យ​វៀតណាម​ត្រួត​ត្រា​បន្ត​ដោយ​ខុស​ច្បាប់​នៅ​ឆ្នាំ ១៩៤៩ ក្តី បញ្ហា​ទឹកដី​កម្ពុជា​ក្រោម​នៅ​តែ​បន្ត​ជា​ប្រធាន​បទ​រសើបនិង​ចំរូងចំរាស់​បំផុត​មួយ​នៅ​ក្នុង​នយោបាយ​កម្ពុជានិង​ក្នុង​ចំណោម​ពលរដ្ឋខ្មែរ​ដែល​យក​ចិត្ត​ទុកដាក់​ពី​ប្រវត្តិសាស្រ្ត​នៃ​ទឹកដី​ខ្មែរ​មួយ​ផ្នែក​នេះ។

បញ្ហាទឹក​ដី​កម្ពុជា​ក្រោម​ត្រូវ​បាន​សាធារណជន​លើក​ឡើង​និយាយ​ជា​ថ្មី​ទៀត​ក្រោយ​ពី​លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​រំលឹកពី​ការ​ឆ្លើយតប​របស់​លោក​ទៅ​កាន់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​បាន​ចូល​បញ្ចេញ​ទស្សនៈស្នើ​ឱ្យ​លោក ហ៊ុន សែន លើក​ទ័ព​ចូល​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញស្របពេល​ដែល​សង្រ្គាម​រវាង​ប្រទេសរុស្សី​(Russia) និង​អ៊ុយក្រែន​ (Ukraine)​កំពុង​កើត​មាន​ឡើង។

ជាការ​ឆ្លើយ​តប លោក ហ៊ុន សែន ថាលោកមិន​ទៅ​វាយ​យក​កម្ពុជា​ក្រោម​នោះ​ទេហើយ​បើអ្នក​ណា​ពូ​កែទៅ​វា​យ​យក​ចុះលោកជួយ​ចេញ​លុយ​ធ្វើ​បុណ្យ​សព​ទៀត​ផង៖ « មាន​មួយ​នោះ​មក​ឆ្កុយ​ទៅ​ហ្មង សម្តេច សូម​លើក​ទ័ព​ទៅ​វាយ​យក​កម្ពុជា​ក្រោម ឆ្លើយ​តប​ទៅ​វិញ ទៅ​វាយ​យក​ខ្លួន​ឯង​ទៅ។ បិះថែម​មួយ​បន្ទាត់​ទៀត ទៅវាយ​ខ្លួន​ឯង​ទៅ ខ្ញុំជួយ​ធ្វើ​ក្តារមឈូស​និង​កប់​ខ្មោច​ឱ្យ […] អ្នក​ណា​ពូកែ​សូម​អញ្ជើញ​ទៅ ហើយ​ខ្ញុំ​ជួយ​ក្នុង​ការ​ធ្វើ​ក្តារមឈូស​និង​ជួយ​កប់​ខ្មោច​ឱ្យ ហើយ​រឿង​ហ្នឹង​ខ្ញុំ​បាន​និយាយ​តាំង​ពី​ឆ្នាំ ៩៥ - ៩៦ នៅពេល​នោះ​មាន​ការ​ព្យាយាម​ចង់​ធ្វើ ហើយ​ខ្ញុំ​ប្រកាស​ត្រង់ៗ​តែ​ម្តង។ រឿង​អតីត​កាល​វា​បាន​កន្លង​ផុត មិន​ដឹង​ថា​ផុត​ទៅ​ឯណា​នោះ »

ជាការពិត​ណាស់នៅក្នុង​គោលនយោបាយ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​ជា​គណបក្សត្រូវ​បាន​វៀតណាម​ជ្រោមជ្រែង​ឱ្យ​ឡើង​កាន់​អំណាច​ចាប់​តាំង​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មិន​ដែល​មាន​និយាយ​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ការ​សើរើ​បញ្ហា​ទឹកដី​កម្ពុជា​ក្រោមឬក៏ជួយ​យក​ចិត្ត​ទុក​ដាក់ចំពោះ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់គ្រ​ង​របស់​រដ្ឋាភិបាល​វៀតណាម​នោះទេ​បើ​ទោះ​បី​ជា​ទាំង​រដ្ឋធម្មនុញ្ញនិង​ច្បាប់​សញ្ជាតិ​របស់​ប្រទេស​កម្ពុជាសុទ្ធ​តែ​ធានា​អំពី​ការ​គាំ​ពារ របស់​រដ្ឋ​ដោយ​គ្រប់​មធ្យោបាយ​ការទូត​ចំពោះរាល់​ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ក្តី។

ជាការ​ពិត​ណាស់បើប្រៀប​ជា​មួយ​ប្រទេស​វៀតណាមទាំង​ទំហំ​ទឹកដីទាំង​ចំនួន​ប្រជាជន​ទំាង​កម្លាំង​សេដ្ឋកិច្ចនិង​កម្លាំង​យោធាវាអាច​មិនមែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​កម្ពុជា​នោះ​ទេប្រសិន​បើ​ប្រើ​កម្លាំង​ទ័ព​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ។នេះគេ​នៅ​មិ​ន​ទាន់​និយាយ​ដល់​គោលការណ៍​អន្តរជាតិ​ដែលមិន​សូវ​ជាលើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​កម្លាំង​យោធា​ដោះស្រាយ​បញ្ហានៅ​ក្នុង​ពេល​បច្ចុប្បន្ន​ផង​នោះ។

អ្នកប្រើប្រាស់​បណ្តាញស​ង្គម​ហ្វេសប៊ុក​ (Facebook) ម្នាក់​ដែល​បញ្ចេញ​ទស្សនៈឱ្យ​លោក ហ៊ុន សែន លើក​ទ័ព​ទៅវាយ​យក​កម្ពុជា​ក្រោម​នោះអាច​ប្រហែល​ជា​ចង់​ឌឺដង​ឱ្យ​លោក ហ៊ុន សែន ក៏អាច​ថា​បានដោយ​សារ​តែ​លោក ហ៊ុន សែន តាំងតែ​ពី​ដើម​មក​ហាក់​មិនបាន​យក​ចិត្ត​ទុកដាក់​ពី​រឿង​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោមដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​នោះ​ឡើយ។

ចំណែក​​ពី​ខាង​លោក ហ៊ុន សែន វិញ ដែល​ឆ្លើយតប​ថាបើ​ខ្លាំង​ទៅ​វាយ​យកខ្លួន​ឯង​ទៅ​នោះក៏​ហាក់​ជា​ការ​ឌឺដង​ទៅវិញ​ដែរ។ ក៏ប៉ុន្តែ​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន បែប​នេះ ក៏បាន​ទទួល​នូវ​ការ​រិះគន់​មិន​តិច​ដែរ​ទេ​ ដោយ​អ្នក​ខ្លះ​បាន​និយាយ​ចោទ​លោក ហ៊ុន សែន ថា នៅតែជា​អាយ៉ង​របស់​វៀតណាមនិង​ជា​មេដឹកនាំ​ខ្មែរ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទឹកដី​ដូនតា​ដែល​ត្រូវ​បាន​បរទេស​ដណ្តើម​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង។

បន្ថែមពី​លើ​នេះក៏មាន​មតិខ្លះ​លើក​ឡើង​ថាក្នុងករណី​នេះ លោក ហ៊ុន សែន គួរ​ជ្រើស​យក​ផ្លូវ​នៅ​ស្ងៀម​មិន​ឆ្លើយមិនឆ្លង​ប្រសើរ​ជាងព្រោះថា​ការ​ឆ្លើយ​តប​បែប​នេះវា​មិន​បាន​ចំណេញ​អ្វីដល់​ផល​ប្រយោជន៍​ជាតិ​ច្រើន​នោះ​ទេ។ផ្ទុយ​ទៅ​វិញវាហាក់​ដូចជា​ការ​បន្ទុច​បង្អាក់​បំបាក់ស្មារតី​ស្នេហាជាតិ​របស់​មនុស្ស​មួយ​ចំនួន​ជាពិសេស​ គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព​នៅ​ដែនដី​កម្ពុជា​ក្រោមនិង​ហាក់​បង្ហាញ​នូវភាព​ចុះចាញ់ឬ​អស់​សង្ឃឹម​ថាទឹកដី​កម្ពុជា​ក្រោម​លែង​មាន​ឱកាស​អាច​ក្លាយ​ជា​របស់​កម្ពុជា​វិញ​ដែរ។លើសពី​នេះការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ក៏ហាក់​ជា​ការ​ចេញ​មុខ​ជួយ​និយាយ​ការពារ​ការ​ទន្រ្ទាន​ទឹកដី​របស់​ជនជាតិ​វៀតណាម​និង​ហាក់​ចាត់​ទុកថា ការ​លេប​យក​ទឹក​ដី​ខ្មែរ​ដោយ​វៀតណាម​ជារឿង​ខ្មែរ​មិន​គួរ​សើរើ​ឡើង​វិញ​ដែរ។

លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​កាល​ពី​ឆ្នាំ២០១២ដែល​នៅពេល​នោះលោក​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោមរួមទាំង​កោះត្រល់​ផងដែល​ថា កម្ពុជាបាន​បាត់បង់ហើយ​មិន​អាច​ទាមទារ​យក​មក​វិញ​បានក្រៅតែពី​ការពារ​ទឹកដី​ដែល​មាន​សេសសល់​នៅ​ពេល​បច្ចុប្បន្ន។

ទោះជា​យ៉ាងណា​ក៏​ដោយក៏នៅ​មាន​មនុស្ស​មួយចំ​នួ​ន​យល់​ឃើញ​ដែរ​ថាកម្ពុជា​គួរ​ចងក្រង​ឯកសារ​ពិនិត្យ​លទ្ធភាព​ប្តឹង​ប្រទេស​វៀតណាម​ទៅកា​ន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​សើរើបញ្ហា​ទឹកដី​កម្ពុជា​ក្រោម​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​ភាគីនិង​គ្រប់​និន្នាការ​មាន​ការ​អស់​ចិត្តដូច​ដែលសម្តេច​ព្រះ​នរោត្តម​ សីហនុ ធ្លាប់​ធ្វើ​ជាមួយ​ប្រទេស​ថៃទាមទារ​យក​ប្រាសាទ​ព្រះវិហារ​មក​វិញកាល​ពី​ឆ្នាំ១៩៦២។

ដូច្នេះ ប្រហែល​ជាគេ​អាច​និយាយ​បាន​ថាការ​ជ្រើសរើស​ផ្លូវ​ប្រើ​កម្លាំង​ទ័ព​វាយ​យក​ទឹកដី​កម្ពុជា​ក្រោម​ប្រហែល​មិនមែន​ជាជំរើស​ល្អ​នោះ​ទេប៉ុន្តែ​ការ​សាកល្បង​ប្រើប្រាស់​យន្តការ​ប្តឹង​ផ្តល់​តាម​ច្បាប់​ទៅកាន់​តុលាការ​អន្តរជាតិសើរើ​រឿង​ទឹកដី​ប្រហែល​អាច​ជាជ​ម្រើស​ដ៏ប្រសើរ​មួយ​ដើម្បី​តតាំង​ជា​មួយ​ប្រទេស​វៀតណាម​ផងនិង​ដើម្បី​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​ទទួល​យក​បាន​ផងប្រសិន​បើ​កម្ពុជា​យល់ថា ខ្លួន​មាន​ឯកសារ​រឹងមាំ​អាច​តតាំង​ឈ្នះ​ក្តី​លើ​ប្រទេស​វៀតណាម។

ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​នេះប្រសិន​ទទួល​បាន​ជោគជ័យ​វា​នឹង​ជា​ប្រយោជន៍ធំធេង​សម្រាប់​ជាតិតែបើ​មិន​ជោគជ័យ​ទេ​វាក៏បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ឆន្ទៈ​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជាចំពោះ​ប្រជាជន​និង​ទឹកដី​ខ្មែរ​ដែល​ត្រូវ​បាន​បរទេស​ឈ្លាន​ពាន​គ្រប់គ្រង​និង​ក៏​អាច​ជាការ​បំផុស​នូវ​ស្មារ​តី​សាមគ្គី ឯកភាពជាតិ ជាពិសេស​រវាង​ពលរដ្ឋ​ខ្មែរក្រោមនិង​មេដឹកនាំ​កម្ពុជា​ផង​ដែរ។

លោកបណ្ឌិត កែម ឡី កាលនៅ​មាន​ជីវិ​ត​នៅ​ឡើយធ្លាប់​លើក​ឡើង​ជា​ហូរ​ហែរ​ថា មាន​កត្តា​ច្រើន​ណាស់​ដែល​កម្ពុជា​អាចមាន​ប្រៀប​ក្នុង​ការ​ទាមទារ​យកទឹកដី​កម្ពុជា​ក្រោម​នេះ​ពី​វៀតណាម​មក​វិញ​បាន។ ជាបន្ត​ទៅទៀ​ត​នេះ គឺជា​ប្រសាសន៍​របស់​លោក​បណ្ឌិតកែម ឡី ដែលធ្លាប់លើក​ឡើង​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី៖ «ធ្វើយ៉ាងម៉េច​ដើម្បី​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ? ខ្ញុំថា​បាន ដោយ​សារ​អី ? យើងមាន​ទាំង​កត្តា​នយោបាយ យើង​មាន​ទាំង​កត្តា​ច្បាប់​ យើងមាន​ទាំង​កត្តា​ភូមិសាស្ត្រ​ វិទ្យាសាស្ត្រ ប្រជាសាស្រ្ត ហើយ​កត្តា​វប្បធម៌​ទៅ​ទៀត វត្តអារាម ប្រពៃណិយ៍ ទំនៀមទំលាប់ យើងនៅច្រើនណាស់។ គឺយើង​អាច​ប្តឹងផ្តល់​បាន ដូច​ផ្លូវ​ច្បាប់ ​យើង​មាន​ផែនទី​តម្កល់​នៅអង្គការ​សហប្រជាជាតិ​តើ»។

ទាក់ទង​នឹងការ​ដែល​សំអាង​ថាវាហួស​ពេល​ក្នុង​ការ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​ដោយ​សារ​បារាំង​បាន​កាត់​ទឹកដី​នេះ​ប្រគល់​ទៅ​អោយវៀតណាម​រួច​ទៅហើយ​នោះលោក​បណ្ឌិត កែម ឡី លើក​ឡើង​ថាទង្វើរបស់​បារាំង​នេះមិ​ន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ឡើយ៖ «ញុំគិតថា​ជំនាន់​ហ្នឹង​ គឺ​មាន​ន័យថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រគល់​អោយ​ទេ។ គឺមាន​ប្រទេស​មួយ​ប្រគល់​អោយ អញ្ចឹង​បើ​សិន​ជា​មាន​ប្រទេស​មួយ​ប្រគល់​អោយ​អញ្ចឹង ខ្ញុំ​អាច​ប្រគល់​អាមេរិក​ហ្នឹង​ទៅ​អោយ​ចិ​ន​បាន​ ហើយ​ចិន​អាច​ទៅ​គ្រប់គ្រង​អាមេរិក​បាន ... អត់បាន​ទេ​ទាល់​តែ​អាមេរិក​ហ្នឹង​ប្រគល់​អោយ​ដែរ»។

យ៉ាងណា​ក៏​ដោយ​ចុះមកដល់​ត្រង់​នេះបើ​ទោះជា​ថា​ទឹកដី​កម្ពុជា​ក្រោម​នៅ​បន្ត​ឋិតក្រោម​ការ​គ្រប់​គ្រង​របស់​វៀតណាម​ក្តីរដ្ឋាភិបាល​កម្ពុជា​ក៏​ប្រហែលជានៅតែ​អាច​ជួយ​ខ្មែរ​ក្រោម​បាន​ដដែល​ទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម​ឡើង​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជានិង​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅលើ​ទឹក​ដី​កម្ពុជា​ក្រោមការ​គ្រប់គ្រង​ដោយ​វៀតណាម។

សម្រាប់​ខ្មែរ​ក្រោម​ឡើង​មក​កម្ពុជាខ្មែរក្រោម​តែង​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពួកគាត់​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅនិង​ផ្តល់​ឱកាស​ដល់​ពួកគាត់​កសាង​ជីវិ​ត​នៅលើទឹក​កម្ពុជា​ដោយ​គ្មាន​ការ​គំរាម​កំហែងឬ​បំភិត​បំភ័យ។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ឯណោះ​វិញរដ្ឋាភិបាល​កម្ពុជាក៏ប្រហែល​ជាអាច​ជួយ​គាំពារ​ពួកគាត់​តាម​រយៈការ​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យយក​ចិត្តទុក​ដាក់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដូច​ដែល​វៀតណាម​ស្នើ​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​វៀតណាមរស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ដូច្នោះ​ដែរ។ លើស​ពី​នេះនៅពេល​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​ក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម រដ្ឋាភិបាល កម្ពុជា​ក៏​គួរ​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ការទូត​ដើម្បី​ជួយ​ខ្មែរ​ក្រោម​ផងដែរ។

លោក​បណ្ឌិត កែម ឡី ក៏ធ្លាប់​លើកឡើង​ពី​ចំនុច​នេះ​ដែ​រ។ លោក​មាន​ប្រសាសន៍ថា ច្បាប់​អន្តរជាតិតម្រូវ​អោយ​ប្រទេស​នីមួយៗ​ការពារ​ជនជាតិ​ដើម​ភាគ​តិច។ លោកអះអាង​ទៀត​ថាបើ​រដ្ឋាភិបាល​មាន​ឆន្ទៈចង់​ជួយ​ដល់​ខ្មែរ​ក្រោម​មែនបើមិន​អាច​ទាមទារ​យក​មក​ទឹកដី​មក​វិញ​បាន​ក៏អាច​ទាមទារ​អោយ​ទឹក​ដី​កម្ពុជា​ក្រោម​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​បាន​ដែរ។ លោកថា នៅលើ​ពិភពលោក​មាន​គេ​ធ្វើបែប​នេះ​ជា​ច្រើន​ករណី​ហើយ​ដែរ៖ «កន្លែង​ហ្នឹង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អាច​ធ្វើ​បាន​ ហើយ​អត់​ខុសពី​ច្បាប់​អន្តរជាតិ​ទេ។ អោយវៀតណាម​ហ្នឹង​ផ្តល់​ព័ត៌មាន​ជា​ប្រវត្តិសាស្រ្តហ្នឹង​អោយ​បាន​ត្រឹមត្រូវ​ ហើយ​អោយ​វៀតណាម​ហ្នឹង​គោរព​សិទ្ធិ​ជា​មូល​ដ្ឋាន នៅក្នុង​កម្ពុជា​ក្រោម​ហ្នឹង។ អាហ្នឹង​ក៏​ជា​អាច​ថា​បាន​ដែរ នៅក្នុង​កាលៈទេសៈ​នេះ ខ្ញុំគិតថា​ រដ្ឋាភិបាល​ខ្មែរ​យើង​អាច​ទាញ​ប្រយោជន៍​ច្រើន។ ប្រសិន​បើ​ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​មួយ​ការពារ​ប្រយោជន៍​ជន​ជាតិ​ខ្មែរ​មែន​ ការពារ​ប្រទេស​កម្ពុជា​មែន អាច​ចាត់​វិធានការ​អោយវៀតណាម​ហ្នឹង គោរព​សិទ្ធិខ្មែរ​កម្ពុជា​ក្រោម ឬមួយ​ក៏រៀប​ចំ​ធ្វើ​ម៉េច​អោយ​កម្ពុជា​ក្រោម​ជា​ទឹកដី​ខ្មែរ​យើង​ហ្នឹង អោយ​ទៅជា​រដ្ឋ​ឯករាជ្យ​មួយ រដ្ឋាភិបាល​កម្ពុជា​អាច​ទាមទារ​អាហ្នឹង​បាន។ បើយើង​មិន​ទាមទារ​ទឹក​ដីមក​វិញ​ក៏​អាច​ទាមទារ​ជា​រដ្ឋ​ឯករាជ្យ​ពីព្រោះ​ម៉ូដែល​នៅលើ​ពិភពលោក​ច្រើន​ដែល​លេច​ចេញ​រូបរាង​ហ្នឹង ពីព្រោះ​ជនជាតិ​ខ្មែរ​យើង​រស់​នៅ​ហ្នឹង​ច្រើន»។

ទោះជា​យ៉ាង​ណារដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​បាន​យក​ចិត្តទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ដោយ​អាជ្ញាធរ​វៀតណាម​នោះ​ឡើយហើយ​គេ​ក៏មិន​ដែល​ឃើញ​រដ្ឋាភិបាល​កម្ពុជា​និយាយ​ជា​សាធារណៈ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​គិតគូរ​ពី​ខ្មែរ​ក្រោម​ឬកុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោ​ម​នោះ​ដែរ។

សរុប​សេចក្តី​មកដរាប​ណា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នៅតែ​មិន​ខ្វល់​ខ្វាយឬ​ឈឺឆ្អាល​ពី​ទុក្ខ​លំបាក​របស់​ខ្មែរ​ក្រោមប្រាកដ​ណាស់ លោក ហ៊ុន សែន នឹង​នៅ​តែ​បន្ត​ទទួល​នូវកា​រ​រិះគន់​ថា ហាក់​កំពុង​បោះបង់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ជា​ឈាមជ័រ​ខ្មែរ​តែ​មួយ​ចោលនិង​ជារដ្ឋាភិបាល​ដែល​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជនជាតិ​ខ្លួន​រស់​នៅ​ឯ​បរទេស​ដែល​ការពារដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។លើស​ពី​នេះ លោក ហ៊ុន សែន ក៏ប្រហែល​ជា​នៅ​តែ​ត្រូវ​គេ​និ​យាយ ចោទប្រកាន់ថា ជាអាយ៉ង​របស់​វៀតណាម​ប្រសិន​បើ​លោក​នៅ​តែ​មិន​ហ៊ានលេ​ង​ស្មើ​មុខ​ស្មើមាត់ជា​មួយ​រដ្ឋាភិបាល​វៀតណាម​ទាក់ទង​នឹង​បញ្ហា​ទឹកដី​កម្ពុជា​ក្រោមនិង​ជា​ពិសេស​ការ​រំលោភ​បំពាន​សិទ្ធិ​ខ្មែរ​ក្រោម​ពីសំណាក់​អាជ្ញាធរ​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។