ប្រពន្ធ​សកម្មជន​នយោបាយ​បន្ត​ទាមទារ​រដ្ឋាភិបាល​ដោះលែង​ប្តី​ដែល​មាន​ជំងឺ​ក្នុង​ពន្ធនាគារ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ឡើងវិញ ខណៈ​សុខភាព​ប្តី​អ្នកស្រី​កាន់តែ​ដុនដាប នៅក្នុង​ពន្ធនាគារ​។ អ្នកស្រី​ថា នេះ​ជា​អំពើ​អយុត្ត​ធ​ម​ដែល​រដ្ឋាភិបាល​បន្ត​ឃុំខ្លួន​ប្តី​អ្នកស្រី​មក​ទល់​ពេល​នេះ ដោយ​ហេតុផល​នយោបាយ​សុទ្ធសាធ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ក្នុង​ចំណោម​ជាច្រើន​នាក់​ទៀត ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស គឺ លោក វ​ង សំណាង កំពុង​មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម ជាពិសេស​ត្រង់​ក្បាល ដោយសារ​របួស​ចាស់​របស់​គាត់ ដែល​ត្រូវ​បាន​កងកម្លាំង​ឆ័ត្រ​យោង វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​១០​ឆ្នាំមុន នេះ​បើ​តាម​ការ​រៀបរាប់​របស់​ប្រពន្ធ​លោក វឿង សំណាង គឺ​អ្នកស្រី ទៀង ចិន្តា ដែល​បាន​ចូល​ទៅ​សួរសុខទុក្ខ​ប្តី​នៅក្នុង​ពន្ធនាគារ​នៅ​ថ្ងៃទី​២២ ខែកញ្ញា។

អ្នកស្រី ទៀង ចិន្តា ថ្លែង​ថា អ្នកស្រី​នៅតែ​ព្រួយបារម្ភ​អំពី​សុខភាព​ប្តី ដែល​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​ពេល​ប្តី​លោកស្រី​ជាប់​ពន្ធនាគារ​ជិត​២​ឆ្នាំ​មក​នេះ។ អ្នកស្រី​ថា ប្តី​អ្នកស្រី​មាន​ជំងឺ​ដូចជា ឈឺក្បាល​ពី​របួស​ចាស់​ដែល​អាជ្ញាធរ​បាន​វាយដំ​ឲ្យ​របួស​យ៉ាងដំណំ កាលពី​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង មាន​ជំងឺ​លើសឈាម ហើយ​ថ្មី​នេះ​ឡើង​ជាតិ​អាស៊ីដ​ជា​ខ្លាំង ដែល​បណ្តាល​ឲ្យ​ប្តី​អ្នកស្រី ហើមជើង​និង​ស្ពឹក​ជើង។

អ្នកស្រី​បន្ត​ថា សព្វថ្ងៃ​អ្នកស្រី​មាន​បន្ទុក និង​សម្ពាធ​ផ្លូវចិត្ត​ជា​ខ្លាំង ដោយសារ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូនតូច​ម្នាក់ឯង និង​ត្រូវ​ចំណាយ​លុយ​ច្រើន​ទៅ​មើល​ប្តី ហើយ​បារម្ភ​អំពី​សុខភាព​របស់​គាត់​នៅក្នុង​ពន្ធនាគារ។ អ្នកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល​ថ្មី ដោះលែង​ប្តី​អ្នកស្រី និង​សកម្មជន​ដទៃទៀត​មាន​សេរីភាព​ឡើងវិញ និង​មានឱកាស​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅ​ឃុំ។

អ្នកស្រី ទៀង ចិន្តា៖ «ខ្ញុំ​សុំ​ទាមទារ​រាជរដ្ឋាភិបាល​ថ្មី ស្នើសុំ​ឲ្យ​ដោះលែង​ប្តី​ខ្ញុំ វឿង​សំណាង ក៏ដូចជា​អ្នកទោស​មនសិការ​ផ្សេងៗ​ទៀត ឲ្យ​គាត់​មាន​សេរីភាព ដោយសារ​គ្មាន​ទោសកំហុស​អី​ទេ ហើយនឹង​ដើម្បី​ឲ្យ​គាត់​បាន​នៅ​ក្រៅ​ឃុំ​ព្យាបាល​ជំងឺ ព្រោះ​អី​សុខភាព​គាត់​កាន់តែ​ទ្រុឌទ្រោម​ហើយ អ៊ីចឹង​ណា​បង​ចាស»។

លោក វឿង សំណាង មាន​អាយុ​៤១​ឆ្នាំ ជា​អតីត​ចៅ​សង្កាត់​រង​ទី​២​ជាប់ឆ្នោត របស់​គណបក្ស​សង្គ្រោះជាតិ នៅ​រាជធានី​ភ្នំពេញ។ កាល​ពី​ឆ្នាំ​២០១៣ លោក វឿង សំណាង ដែល​ពេល​នោះ ជា​ព្រះសង្ឃ បាន​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ ហើយ​នៅ​ពេល​នោះ លោក វឿង សំណាង រួម​ទាំង​កម្មករ​ផ្សេងទៀត ត្រូវ​កងទ័ព​ឆ័ត្រ​យោង​វាយ​បង្ក្រាប​ស្ទើរ​ស្លាប់​បាត់​បង់ជីវិត និង​បាន​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សិង្ហបុរី (Singapore) ។ នៅ​ពេល​នេះ ស្នាមរបួស​ចាស់​របស់​លោក បន្ត​ឈឺ​ចាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ ជាពិសេស​កាន់តែ​ឈឺចាប់​ខ្លាំង​ឡើង នៅពេល​ជាប់​ពន្ធនាគារ​ដែល​គ្មាន​ពេទ្យ​ព្យាបាល​ត្រឹមត្រូវ​។ លោក វឿង សំណាង ធ្លាប់​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ឆ្មក់​ចាប់ខ្លួន​បញ្ចូន​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃទី​៩ តុលា ឆ្នាំ​២០២១​។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០២២ បាន​ផ្ដន្ទាទោស​លោក វឿង សំណាង ព្រមទាំង​សកម្មជន និង​ថ្នាក់​ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៣៧​នាក់​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់​ពាក់ព័ន្ធ​នឹង​រឿង​គម្រោង​ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១​។ សំណុំ​រឿង​នេះ​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ចាត់ទុកថា ជា​រឿង​នយោបាយ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត យល់ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ គួរ​ដោះស្រាយ​បញ្ហា​នយោបាយ ដោយ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​មូលហេតុ​នយោបាយ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ លោក​ថា ក្នុង​ពេល​ប្រមុខ​រដ្ឋាភិបាល ទៅ​ចូលរួម​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ រដ្ឋាភិបាល គួរតែ​គិតគូរ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​មុខមាត់​ប្រទេស​ជាតិ និង​ជា​ផលប្រយោជន៍​ក្នុង​ការ​អូសទាញ​អ្នក​វិនិយោគិន​ពី​ប្រទេស​ប្រជាធិបតេយ្យ។

លោក អំ សំអាត៖ «ប្រទេស​ទាំង​ហ្នឹង​គេ​បានដឹង​ហើយ គេ​បាន​ទទូច​ស្នើសុំ​សម្រាប់​កម្ពុជា​រួច​ទៅ​ហើយ​អ៊ីចឹង​ណា អ៊ីចឹង​អ្វី​ដែល​សំខាន់​តើ​កម្ពុជា​យើង​ហ្នឹង​អាច​នឹង​កែ​លម្អ​ទៅលើ​លំហ​ប្រជាធិបតេយ្យ​លំហ​សិទ្ធិមនុស្ស សម្រាប់​ប្រទេស​យើង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ដែរ​ឬទេ អាហ្នឹង​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ដោះស្រាយ​នូវ​បញ្ហា​ចម្រូងចម្រាស​ទាំងអស់​ហ្នឹង​បាទ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​ពុំ​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី២២ កញ្ញា។

សកម្មជន​បក្ស​សង្គ្រោះជាតិ លោក វឿង សំណាង រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ប្រមាណ ៧០ នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទប្រកាន់​ពី​តុលាការ ពី​បទ​ញុះញុង និង​រួមគំនិត​ក្បត់។ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តជាតិ​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។