ភរិយា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ថា ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​មិន​ឱ្យ​ជួប​ប្ដី​កំពុង​មាន​ជំងឺ​ក្នុង​ពន្ធនាគារ​

0:00 / 0:00

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​មោងឫស្សី ព្រួយបារម្ភ​អំពី​សុខភាព​របស់​ស្វាមី​ខ្លាច​​មាន​បញ្ហា​ដល់​អាយុជីវិត​នៅ​ពេល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់ដំបង។ លោក​ស្រី អះអាង​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ​ មិន​ឱ្យ​លោក​ស្រី​ចូល​សួរសុខទុក្ខ​ស្វាមី​ ដើម្បី​យក​​ថ្នាំ​​ទៅ​ឱ្យ​គាត់​ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​​ ហើយ​ត្រូវ​លេប​ថ្នាំ​ព្យាបាល​​ឱ្យ​បាន​ទៀងទាត់​ឡើយ​។មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ហៅ​ទង្វើ​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ដែល​ខុស​ពី​អ្នក​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន​មាន​សិទ្ធិ​ព្យាបាល​ជំងឺ​បាន​ដោយ​សេរី។

ភរិយា​សកម្មជន​គណបក្ស​ប្រឆាំង​ស្រុក​ឫស្សី​លោក​ អ៊ុត ជឿន គឺ​ អ្នក​ស្រី​ សេង រ័ត្នមុន្នី​ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៣ ​តុលា​ថា ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​រុញ​ដាក់​គ្នា​ពី​មួយ​ទៅ​មួយ​រឿង​សុំ​ចូល​​យក​ថ្នាំ​ទៅ​ឱ្យ​ស្វាមី​លេប​ព្យាបាល​ជំងឺ​លើស​ឈាម​។លោក​ស្រី​បន្ថែម​ថា ​មន្ត្រី​ពន្ធនាគារ​លើក​ហេតុ​ផល​ថា លោក អ៊ុត ជឿន ទើប​តែ​ជាប់​ឃុំ​ថ្មីថ្មោង​មិន​អាច​ឱ្យ​សាច់ញាតិ​ចូល​សួរ​សុខ​ទុក្ខ​បាន​ឡើយ។​លោកស្រី​ហៅ​វិធាន​ការ​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ថា ជា​ការ​សម្លាប់​ប្ដី​លោកស្រី​ដោយ​ប្រយោល​ ដោយ​ធ្វើ​ឱ្យ​គ្រាំគ្រា​ផ្លូវ​ចិត្ត​កាន់​តែ​ខ្លាំង ពីព្រោះ​លោក​កំពុង​តែ​មាន​ជំងឺ​ប្រចាំ​កាយ​នៅ​ក្នុង​ពន្ធនាគារ​ ដែល​ត្រូវ​ការ​ថ្នាំ​ព្យាបាល​ជា​ប្រចាំ។ លោកស្រី​បន្ត​ថា ប្រសិន​បើ​គ្មាន​ថ្នាំ​លេប​ទៀងទាត់​ទេ​ស្វាមី​របស់​លោក​ស្រី​អាច​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត៖ «មេ​គាត់​ថា​មិន​អាច​ជួប​បាន​ទេ​ បើ​ចង់​ជួប​ឱ្យ​បង​ស្រី​ទៅ​សុំ​ឱ្យ​ចៅក្រម​បញ្ជាក់​តិច​មក​បាន​គេ​អនុញ្ញាត​។​ខ្ញុំ​ឃើញ​រូប​នេះ​បែប​នេះ​ដែល​ទៅ​ចៅក្រម​គាត់​ថា​មិន​មែន​តួនាទី​របស់​គាត់​ ហើយ​ឱ្យ​ខ្ញុំ​ទៅ​សុំ​ខាង​ពន្ធនាគារ​ ហើយ​ទៅ​ដល់​ពន្ធនាគារ​បាន​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ដែរ។​គ្រាន់​តែ​ប៉ុណ្ណឹង​ហេតុ​អី​មិន​ឱ្យ​ខ្ញុំ​ជួប​ប្ដី​ខ្ញុំ​ចាំ​បាច់​រុញ​ពី​មួយ​ទៅ​មួយ​ធ្វើ​អី​ »

លោក​ស្រី​បន្ត​ថា ចាប់​តាំង​ពី​ប៉ូលិស​បញ្ជូន​ស្វាមី​​ទៅ​ឃុំ​ខ្លួន​មក លោកស្រី​មិន​ទាន់​បាន​ចូល​ជួប​ប្ដី​យក​ថ្នាំ​ទៅ​ឱ្យ​លេប​ម្ដង​នៅ​ឡើយ​ទេ។​

ទាក់ទង​នឹង​បញ្ហា​នេះ​ ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធ ​មិន​បាន​អត្ថាធិប្បាយ​ជុំ​វិញ​​ការ​ចោទ​ប្រកាន់​របស់​ភរិយា​បក្ស​ប្រឆាំង​នេះ​ទេ ដោយ​លោក​ប្រដៅ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​​ទៅ​វិញ​ថា មិន​យល់​អំពី​ច្បាប់​របស់​កម្ពុជា​៖ «បាទ​បង​ឯង​មក​កន្លែង​ខ្ញុំ​ជា​កន្លែង​រដ្ឋបាល​ បើ​ចង់​បាន​ព័ត៌មាន​អី​មក​កន្លែង​ខ្ញុំ​ មិន​មែន​មក​ភ្លីភ្លើ​​អីចឹង​ទេ​ មាន​ដឹង​ច្បាប់​ដឹង​ទម្លាប់​របស់​ប្រទេស​អត់ ?​ ។បាទ​កន្លែង​មាន​ច្បាប់​តើ​ ចង់​បាន​ព័ត៌មាន​មក​កន្លែង​អ្នក​ទទួល​តើ​ »

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ប្រធាន​ពន្ធនាគារ​នេះ ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក​(Adhoc) លោក​ សឹង សែន​ករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​គោរព​ច្បាប់​ទម្លាប់​បាន​ត្រឹមត្រូវ​នោះ​ ទោះ​បី​​ជា​អ្នក​ជាប់​ឃុំ​មាន​ជំងឺ​ ឬ​មិន​​មាន​ជំងឺ​ក៏​ដោយ​ គឺ​តុលាការ​ ឬ​មន្ត្រី​ពន្ធនាគារ​ ត្រូវ​តែ​អនុញ្ញាត​ឱ្យ​សាច់ញាតិ​បាន​ចូល​សួរ​សុខ​ទុក្ខ​ជន​ជាប់​ឃុំ​ដែរ នៅ​​ក្នុង​ពន្ធនាគារ​រយៈ​ពេល ​២៤​ម៉ោង​ ក្រោយ​ពី​ប៉ូលិស​ចាប់​ខ្លួន​ពួក​គេ ព្រោះ​នេះ​ជា​សិទ្ធិ​​ស្រប​ច្បាប់​របស់​អ្នក​ជាប់​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ពន្ធនាគារ​នេះ​ថា ជា​ការ​អនុវត្ត​ច្បាប់​ស្ដារ​ពីរ ដែល​ខុស​ពី​ឧកញ៉ា​ និង​អ្នក​មាន​លុយ​មួយ​ចំនួន ​ដែល​ជាប់​គុក​ដូច​គ្នា​ ហើយ​​អាច​ទៅ​​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​នៅ​ក្រៅ​ពន្ធនាគារ​បាន។

កន្លង​មក​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​អាច​ជួល​បន្ទប់​ទំនើបៗ របស់​មន្ទីរពេទ្យ​ធំៗ របស់​រដ្ឋ​សម្រាប់​ស្នាក់នៅ​ ក្រោម​ហេតុផល​ថា សម្រាក​ព្យាបាល​ជំងឺ​។ អ្នក​ទាំង​នោះ មាន​ដូច​​ជា​លោក គិត ធាង និង​លោក ថោង សារ៉ាត់ អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត ដែល​បាញ់​ក្រុម​កម្មករ​ឱ្យ​របួស ឧកញ៉ា សុខ ប៊ុន ដែល​ប្រើ​ហិង្សា​លើ​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ឧកញ៉ា តាន់ សេង​ហាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន ជាពិសេស គឺ​ក្រុម​ក្មួយៗ របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​បាញ់​បោះ​សេរី​សុទ្ធតែ​បាន​រស់នៅ​ក្រៅ​ពន្ធនាគារ​៖ «អីចឹង​បើ​សិន​មិន​ឱ្យ​មាន​ការ​ជួប​ទេ​អីចឹង​វា​រំលោភ​ទៅ​លើ​នីតិ​វិធី​ច្បាប់​ហើយ​។ចំណុច​ទាំង​អស់​នេះ​សូម​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​សូម​អនុវត្ត​តាម​តួនាទី​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​បើ​ទោះ​ថា​ជន​ហ្នឹង​ជា​សកម្មជន​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​ខ្លួន​ក៏​ដោយ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ស្មើៗ​ភាព​គ្នា អត់​មាន​អនុវត្ត​តាម​អារម្មណ៍​ទៅ​តាម​បទ​បញ្ជា​ដោយ​មិន​គោរព​ច្បាប់​អីចឹង​ទេ​ »

ប៉ូលិស​ខេត្ត​បាត់ដំបង​ចាប់​ខ្លួន​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មោងឫស្សី​ ជាប់​ឆ្នោត​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុត ជឿន កាលពី​រសៀល​ថ្ងៃ​ទី​១៩ ​តុលា។ តុលាការ​បាន​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទ​រួម​គំនិត​ក្បត់ជាតិ ពាក់​ព័ន្ធ​នឹង​ការ​កៀរគរ​ប្រជាពលរដ្ឋ​ទៅ​ចូល​រួម​អម​ដំណើរ​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ នៅ​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ខាងមុខ។

លោក សឹង សែន​ករុណា​ថ្លែង​ថា ករណី​នេះ​ប្រសិន​បើ​​ជន​ជាប់​ឃុំ​រូប​នេះ​​ មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ ឬ​គ្រោះ​ថ្នាក់​ដោយ​ប្រកា​ណា​មួយ​ក្នុង​​ពេល​ជាប់​ឃុំ គឺ​មន្ត្រី​តុលាការ​ និង​អ្នក​គ្រប់គ្រង​ពន្ធនាគារ​ខេត្ត​បាត់ដំបង ​ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់​លើ​​រឿង​នេះ​ ពី​ព្រោះ​មិន​ព្រម​ព្យាបាល​អ្នក​ជាប់​ឃុំ​តាម​ការ​ស្នើ​សុំ​របស់​សាច់​ញាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។