ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញ លោក ប៉ាន សុខសុវណ្ណនី ទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែងស្វាមី ដើម្បីបានជួបជុំប្រពន្ធ និងកូនតូច កំពុងភៀសខ្លួននៅក្នុងប្រទេសថៃ។ សង្គមស៊ីវិលយល់ថា ករណីលោក ប៉ាន សុខសុវណ្ណនី ជារឿងនយោបាយ ដូច្នេះគួរត្រូវបានដោះលែងពួកគេឱ្យជួបជុំគ្រួសារឡើងវិញ។
ភរិយារបស់លោក ប៉ាន សុខសុវណ្ណនី គឺលោកស្រី ស ខ្ចី ប្រាប់ថា ប៉ុន្មានខែចុងក្រោយនេះ ស្វាមីលោកស្រីកំពុងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារព្រៃស ក្រោយពេលឆ្មាំពន្ធនាគារ បានបំបែកអ្នកទោសនយោបាយ ដាក់ឃុំលាយឡំគ្នាជាមួយឧក្រិដ្ឋជនវិញ។ លោកស្រីចង់ឱ្យតុលាការដោះលែងស្វាមី ដើម្បីលោកស្រី និងកូនង៉ែតអាយុ ៨ខែម្នាក់ មានភាពកក់ក្ដៅក្នុងចិត្ត អាចវិលត្រឡប់ចូលប្រទេសកម្ពុជា រួមរស់ជាមួយគ្នា។
ស្ត្រីសកម្មជនបក្សប្រឆាំង ស្រុកបាភ្នំ ខេត្តព្រៃវែងរូបនេះ ឱ្យដឹងថា បច្ចុប្បន្ន លោកស្រីពិបាកក្នុងការរស់នៅប្រទេសថៃ ដោយសារមានការលំបាកផ្នែកជីវភាព និងម្យ៉ាងបារម្ភសុវត្ថិភាព ព្រោះលេចលឺព័ត៌មានថា របបក្រុងភ្នំពេញ បញ្ជូនមនុស្សមកធ្វើបាបសកម្មជនបក្សប្រឆាំងដល់កន្លែងលាក់ខ្លួនក្នុងប្រទេសថៃ៖ «គាត់ធ្លាក់ខ្លួនឈឺ នៅក្នុងពន្ធនាគារហ្នឹង ហើយថ្ងៃគេដោះលែង គង់ រ៉ៃយ៉ា ហើយ វាបានទៅបំបែកអ្នកទោសនយោបាយ យកទៅដាក់ជាមួយអ្នកទោសជក់ថ្នាំ ជាមួយចោរលួច ចោរប្លន់ ចំនួន ៤០០នាក់ ក្នុងបន្ទប់ហ្នឹង ហើយអត់បានគេងទេ មួយថ្ងៃៗ អង្គុយរហូត អត់មានពេលហាត់ប្រាណ អត់អ្វីអ៊ីចឹង។ ពិបាករស់នៅក្នុងប្រទេសថៃ យើងអត់មានច្បាប់ទម្លាប់របស់គេ យើងអត់មានវីសា ប៉ាស្ព័រ និយាយទៅថា ខុសច្បាប់ ហើយទី២ យើងពិបាកនឹងរដ្ឋាភិបាលកម្ពុជា ច្រើនតែបញ្ជូនមនុស្សមកវាយធ្វើបាបសកម្មជនរបស់យើង ៣នាក់ហើយ កន្លងមក ហើយយើងពិបាកខ្លាំងទៀត យើងពិបាកប្រឈមក្នុងការចាយវាយប្រចាំថ្ងៃសម្រាប់ជនភៀសខ្លួន យើងមានកូនតូច មិនបានធ្វើការរកស៊ី ប្ដីក៏ជាប់គុក។ ពេលខ្លះ លុយគេជួយយើងបន្តិចបន្តួចយើងត្រូវផ្ញើទៅឱ្យប្ដីចាយទៀត»។
លោក ប៉ាន សុខសុវណ្ណនី គឺជាសកម្មជនបក្សប្រឆាំង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកបានរត់ភៀសខ្លួន ទៅប្រទេសថៃ នៅកំឡុងឆ្នាំ២០១៨ ហើយបានបង្ហោះសារយុទ្ធនាការម្រាមដៃស្អាត និងរិះគន់របបក្រុងភ្នំពេញតាមហ្វេសប៊ុក (Facebook)។ លោកបានលបចូលប្រទេសវិញ នៅចុងមករា ឆ្នាំ២០១៩ ព្រោះម្ដាយមានជំងឺធ្ងន់ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយចោទប្រកាន់ ៤ករណី គឺបទញុះញង់ ជេរប្រមាថរដ្ឋាភិបាល ក្បត់ជាតិ និងលួចលាក់អាវុធខុសច្បាប់។ ក្រោយបញ្ជូនទៅតុលាការ ចៅក្រមសាលាដំបូង បានចោទប្រកាន់មួយករណី គឺបទជេរប្រមាថជាសាធារណៈ តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយតុលាការសម្រេចទោសពន្ធនាគារ១ឆ្នាំកន្លះ គិតពីថ្ងៃចាប់ខ្លួន។
លោកស្រី ស ខ្ចី ប្រាប់ថា មេធាវីការពារក្ដី ខកខានប្ដឹងឡើងឧទ្ធរណ៍ ដោយសារ ពេលនោះមេធាវីរវល់កាន់ក្ដី ឱ្យសកម្មជនបក្សប្រឆាំងច្រើនពេក។ លោកស្រី ស ខ្ចី ស្នើសុំឱ្យតុលាការអនុញ្ញាតឱ្យស្វាមី បាននៅក្រៅឃុំ ដើម្បីបានជួបមុខកូនតូចផង ព្រោះសមត្ថកិច្ចបានចាប់ខ្លួនស្វាមី តាំងពីលោកស្រីមានគភ៌ ៤ខែ។ បច្ចុប្បន្ន កូនរបស់លោកស្រីអាយុ ៨ខែ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីភាគីរដ្ឋាភិបាលកម្ពុជាបានទេ ដោយសារអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនទទួលទូរស័ព្ទ នៅថ្ងៃទី២៦ មករា។ ប៉ុន្តែ លោក ឆាយ គឹមខឿន ធ្លាប់ប្រាប់អាស៊ីសេរីថា ប៉ូលិសកម្ពុជាគ្មានសិទ្ធិចាប់ខ្លួនសកម្មជនបក្សប្រឆាំង ក្នុងទឹកដីប្រទេសថៃទេ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា ករណីចាប់ខ្លួន លោក ប៉ាន សុខសុវណ្ណនី ជារឿងនយោបាយ ដូច្នេះ គួរសម្រួលឱ្យមានការដោះលែង ដើម្បីឱ្យក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំង បានជួបជុំគ្នាឡើងវិញ៖ «ក្នុងរឿងនេះ គឺជារឿងមួយដែលគួរតែអ្នកនយោបាយ ជួយអន្តរាគមន៍របៀបម្ដេច ដើម្បីធ្វើយ៉ាងណា ឱ្យគាត់មានសេរីភាពក្នុងការជួបជុំគ្រួសារ ដើម្បីជារឿងមនុស្សធម៌មួយ ដែលយើងគួរជួយឱ្យពួកគាត់ បានជួបជុំគ្រួសារ។ យើងឃើញថា រឿងនេះ ពួកគាត់បានបែកបាក់គ្នា ជាយូរហើយ ដោយសារតែវិបត្តិនយោបាយ។ អ៊ីចឹង គួរតែគិតគូរនូវសំណើ នូវអ្វី ដែលគាត់បានស្នើសុំ ដើម្បីឱ្យពួកគាត់មានសេរីភាព បានរស់នៅជួបជុំគ្រួសារ ហើយនឹងប្រកបរបររស់នៅជាធម្មតាឡើងវិញ ទៅណា»។
របបក្រុងភ្នំពេញ បានបើកយុទ្ធនាការបង្ក្រាប និងចាប់ខ្លួនសកម្មជនបក្សប្រឆាំង ជិត១០០នាក់ នៅឆ្នាំ២០១៩ ដើម្បីទប់ទល់ នឹងមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីបក្សប្រឆាំង លោក សម រង្ស៊ី។ នៅពាក់កណ្ដាល ខែវិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបញ្ជាឱ្យដោះលែងសកម្មជននយោបាយទាំងនោះវិញ។ មេធាវីកាន់ក្ដី ឱ្យសកម្មជនបក្សប្រឆាំង ធ្លាប់ប្រាប់ថា នៅសល់អ្នកទោសនយោបាយជាង១០នាក់ មិនទាន់ទទួលបានការដោះលែងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។