ប្រពន្ធ​លោក​ ចៅ វាសនា ​អាណិត​ប្ដី​ក្នុង​ពន្ធនាគារ​ ក្រោយ​ឃើញ​តុលាការ​ដោះលែង​សកម្មជន​ជា​បន្តបន្ទាប់

0:00 / 0:00

ប្រពន្ធ​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ចៅ វាសនា ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ត្អូញត្អែរ​ថា លោក​ស្រី​អាណិត​ស្រណោះ​ប្ដី​ជា​ខ្លាំង​ក្រោយ​ពេល​ឃើញ​តុលាការ​របប​ក្រុង​ភ្នំពេញ​ដោះលែង​សកម្មជន​សង្គម បរិស្ថាន និង​សកម្មជន​នយោបាយ​ជា​បន្ត​បន្ទាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​តែ​យល់​ថា ការ​ចាប់​ខ្លួន​លោក ចៅ វាសនា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នយោបាយ​ និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ​និង​សកម្មជន​ដទៃ​ទៀត​ឱ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ។

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្រុង​ប៉ោយប៉ែត​ បន្ត​រិះគន់​តុលាការ​របប​ក្រុង​ភ្នំពេញ​​ដែល​បន្ត​​ឃុំ​ខ្លួន​ប្ដី​លោក​ស្រី​​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌​នេះ​ថា ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

​ប្រពន្ធ​លោក​ ចៅ វាសនា គឺ​ លោក​ស្រី វង្ស គិមហុង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ថា ​ប្ដី​របស់​លោក​ស្រី​ជា​មនុស្ស​ស្អាតស្អំ​ ដែល​តែងតែ​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​រួម​នៅ​ក្នុង​សង្គម​ ដែល​តុលាការ​គួរតែ​ដោះលែង​លោក​​​ចៅ វាសនា តាំង​ពី​ដំបូង ដោយ​​មិន​ត្រូវ​​ដាក់​ឃុំ​លោក​មក​ដល់​ពេល​នេះ​ឡើយ​។ ​លោក​ស្រី​ចាត់​​ទុក​ការ​​បន្ត​ឃុំ​ខ្លួន​ប្ដី​​លោក​ស្រី​​ដោយ​អយុត្តិធម៌​បែប​នេះ​ថា ជា​ការ​បោសសំអាត​​សំឡេង​អ្នក​ប្រជាធិបតេយ្យ​ ដែល​ជា​ឆ្អឹង​ទទឹង​ក​របស់​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ថា ​​ការ​ធ្វើ​បែប​នេះ​ជា​ការ​​ធ្វើ​ឱ្យ​គ្រួសារ​គាត់​ឈឺ​ចាប់កាន់​តែ​ខ្លាំង និង​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ទង្វើ​អាក្រក់​របស់​​​រដ្ឋាភិបាល​របប​ឯក​បក្ស៖ «ខ្ញុំ​អាណិត​គាត់​ណាស់​ដេក​យប់ៗ អត់​ចង់​លក់​ទេ ព្រោះ​នឹក​ឃើញ​ដេក​ ក៏​ពិបាក​ហូប​ចុក​ក៏​ពិបាក។ ដូច​ថា​យើង​មិន​ខុស​អី​ធ្វើ​ទៅ​ជា​ខុស ពេល​ឡើង​តុលាការ​ខ្ញុំ​និយាយ​តាម​ធម៌​ព្រះ យើង​ធ្វើ​ល្អ​បាន​ល្អ ប៉ុន្តែ​អ្នក​ឯង​ធ្វើ​លើ​គ្រួសារ​ខ្ញុំ​ប៉ុណ្ណឹង​អ៊ីចឹង ថ្ងៃ​មុខ​ថ្ងៃ​គ្រួសារ​អ្នក​ឯង​​វិញ​អ្នក​ឯង​ឈឺ​ចាប់​លើស​ហ្នឹង​ទៀត។ ហេតុ​អី​អា​ខុស​ធ្វើ​ត្រូវ​អា​ត្រូវ​ធ្វើខុស​អី​ពាសពេញ​ ដូច​គ្រួសារ​ខ្ញុំ​កាត់​ទោស​៥​ឆ្នាំ​ តា​មួយ​ម៉ោង​គ្មាន​ចុះ​អត់ ? ។ ទោស​គេ ៥ឆ្នាំ​លើក​ទៅ​លើក​មក​ជា​លិច​ជា​កើត​នៅ​សល់ ២ឆ្នាំ ឬ ១ឆ្នាំ​ជាង​អី ប៉ុន្តែ​គ្រួសារ​ខ្ញុំ​ហេតុ​អី​ដល់​ថ្នាក់​ប៉ុណ្ណឹង​ ខ្ញុំ​ថា​មិន​អី​ទេ​ឱ្យ​តែ​គាត់​ស៊ូ​បាន​​ឈឺ​ជា​អី​ខ្ញុំ​​ចេញ​លុយ​ឱ្យ​គាត់​មើល »

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ស្រី​សង្កេត​ឃើញ​ថា តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​ដោះ​លែង​សកម្មជន​បរិស្ថាន សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ជា​ច្រើន​នាក់​ចេញ​ពី​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។ ការ​ដោះលែង​នេះ ដោយ​អ្នក​ខ្លះ​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន និង​ខ្លះ​ទៀត​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​មាន​ភ្ជាប់​លក្ខខ័ណ្ឌ តឹងរ៉ឹង​ជា​ច្រើន ដូច​ជា ជូន​ដំណឹង​ដល់​ព្រះរាជអាជ្ញា ប្រសិន​បើ​ចង់​ចេញ​ក្រៅ​ប្រទេស​ផ្លាស់​ប្ដូរ​ទីលំនៅ និង​ត្រូវ​បង្ហាញ​មុខ​សមត្ថកិច្ច​​ជា​រៀង​រាល់​ខែ ព្រម​ទាំង​មិន​ឲ្យ​ទាក់ទង​អ្នក​ដែល​មាន​សំណុំ​រឿង​ជាមួយ​គ្នា​ជា​ដើម។ ចំណែក​ប្ដី​របស់​លោក​ស្រី តុលាការ​មិន​បាន​ដោះលែង​ឱ្យ​បាន​សេរីភាព​នោះ​ទេ បើ​ទោះ​បី​ជា​លោក​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​រយៈ​ពេល​ជិត ៥ឆ្នាំ​ហើយ​ក្ដី។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​លូក​ដៃ​លើ​រឿង​នេះ​បាន​ទេ ពី​ព្រោះ​លោក​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក ចៅ វាសនា និង​សកម្មជន​បក្ស​ប្រឆាំង​នេះ ជា​សិទ្ធិ​របស់​តុលាការ។ បន្ថែម​ពី​នេះ​លោក​នៅ​តែ​អះអាង​ដដែលៗ ដូច​ពេល​មុន​ថា តុលាការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ជា​រឿង​ត្រឹមត្រូវ ដោយ​លោក​ចោទ​ថា សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ៖ «អា​ហ្នឹង​ហើយ​ដែល​ថា​យល់​ឃើញ​ផ្ទាល់​ខ្លួន​ទេ​ អ្នក​ដែល​ធ្វើ​ខុស​ហើយ​ម៉េច​ទទួល​ស្គាល់​ថា​ខុស។ តុលាការ​គេ​មាន​ ឯកសារ​គេ​មាន​ភស្តុតាង គេ​មាន​ពិរុទ្ធភាព​ស្ថាន ទម្ងន់​ទោស​យ៉ាងម៉េច​គេ​កាត់​ទៅ​តាម​គោលការណ៍​ច្បាប់​ហ្នឹង។ អា​ហ្នឹង​បាន​វា​ត្រូវ​ ចោរ​លួច​ចាប់​បាន​នៅ​មុខ​ហើយ​នៅ​តែ​ថា​អត់​លួច​ទេ ទាល់​តែ​មាន​ភស្តុតាង​មាន​អី​ត្រឹមត្រូវ​បាន​ប្រកែក​អត់​កើត​ អា​ហ្នឹង​វា​រឿង​តែ​ប៉ុណ្ណឹង »

ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា នៅ​តែ​យល់​ថា ​ការ​ចាប់​ខ្លួន​លោក​ចៅ វាសនា ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ពីព្រោះ​លោក​មើល​ឃើញ​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ចៅ វាសនា និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា៖ «ដូច​ខ្ញុំ​បាន​លើក​ខាង​ដើម​អីចឹង​ថា រដ្ឋាភិបាល​ គួរតែ​រូតរះ​ក្នុង​ការ​បង្ហាញ​ឥរិយាបថ​ ឱ្យ​មតិ​ជាតិ​អន្តរជាតិ​មើល​ឃើញ​អំពី​​ឆន្ទ​របស់​រដ្ឋាភិបាល ក្នុង​ការ​សម្របសម្រួល​បញ្ហា​នយោបាយ​ដើម្បី ឈាន​ទៅ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ឱ្យ​មាន​ការ​ចូល​រួម​​ត្រឹម​ត្រូវ​ នេះ​ជា​រឿង​សំខាន់​បាទ

លោក ចៅ វាសនា គឺ​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ក្រោម។ ក្នុង​វ័យ ៥៧ឆ្នាំ លោក​គឺ​មន្ត្រី​បក្ស​ប្រឆាំង​ទី១ ដែល​ជាប់​ពន្ធនាគារ​យូរ​ជាង​គេ ដោយ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់​​ឲ្យ​ប្រើ​អំពើ​ហិង្សា មាន​ស្ថាន​ទម្ងន់​ទោស​ពាក់​ព័ន្ធ​នឹង​រឿង​ចុះ​ឃ្លាំមើល​កម្មករ​អូស​រទេះ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​។ លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​តាំង​ពី​ដើម​ឆ្នាំ២០១៧ ប៉ុន្តែ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរ​បាន​បញ្ជូន​លោក ចៅ វាសនា ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​រហូត​មក​ពេលនេះ។ ចៅសង្កាត់​ប៉ោយប៉ែត​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​រូប​នេះ បាន​អនុវត្ត​ទោស​ជិត​គ្រប់ ៥ឆ្នាំ​ហើយ ពោល​គឺ​នឹង​គ្រប់​កំណត់​ទោស នៅ​ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។