ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាប់​ពន្ធនាគារ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក

ដោយ ខែ សុណង
2022.05.06
Share on WhatsApp
Share on WhatsApp
ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ជាប់​ពន្ធនាគារ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក ទិដ្ឋភាពអាជ្ញាធរប្រើហិង្សា​លើក្រុមស្ត្រីថ្ងៃសុក្រ តវ៉ា​ដាក់​ញត្តិ មុខស្ថានទូត​សហរដ្ឋអាមេរិក នៅថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់ឱ្យ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បន្ត​យុទ្ធនាការ ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ដោះលែង​ប្តី​ដែល​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ព្រោះ​តែ​មាន​និន្នាការ​មិន​ស្រប​នឹង​បក្ស​កាន់អំណាច​។ មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ពន្លឿន​ការ​ផ្សះផ្សា​វិបត្តិ​នយោបាយ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ មុននឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ​១០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៦ ឧសភា បាន​ដាក់​ញត្តិ​ជូន​ស្ថានទូត​អាមេរិក ដើម្បី​ស្នើ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​មាន​ការ​ដោះលែង​ប្តី​របស់​ពួកគាត់​ដែល​កំពុង​រងទុក្ខ​វេទនា​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង​ដ៏​ធំ​ក្នុង​ការ​ដាក់​ញត្តិ​នេះ​ពួកគាត់​ចង់ឱ្យ​មានការ​ជំរុញ​ឱ្យ​ដោះលែង​ប្តី​ដែល​ជាប់​ពន្ធនាគារ​ទាំង​គ្មាន​កំហុស ដើម្បី​រួមរស់​ជាមួយ​ប្រពន្ធ​កូន​វិញ។

លោកស្រី ព្រុំ ចាន់ថា ទទូច​ស្នើ​ដល់​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ដោះលែង​ប្តី និង​សកម្មជន​នយោបាយ​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ​រង​ទុក្ខ​លំបាក និង​មាន​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ៖ «ដោះលែង​ប្តី​ពួក​ខ្ញុំ​ឱ្យ​ត្រឡប់មកវិញ​មក កុំឱ្យ​ពួក​ខ្ញុំ​ឈឺចាប់ ព្រាត់ប្រាស​ក្រុម​គ្រួសារ​។ ឪពុក​បែក​ពី​កូន​។ នៅ​ស្រុក​ខ្មែរ​គ្មាន​ឱ្យ​តម្លៃ​អ្នកនយោបាយ ឬ​ប្រជាពលរដ្ឋ​ដែល​មាន​កង្វះខាត គឺ​មាន​តែ​ការ​ធ្វើបាប​។ បើកភ្នែក​មក​ឃើញ​តែ​ប្រជាពលរដ្ឋ​យំ​រហេមរហាម​។ បញ្ហា​នេះ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​អត់​មានការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ»

ចំណែក ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តស្វាយរៀង​លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី ថ្លែង​ថា ការ​ចាប់​ឃុំខ្លួន​ប្តី​លោកស្រី​អស់​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ វា​ជា​រឿង​យុត្តិធម៌​បំផុត​ដោយសារតែ​ប្តី​លោកស្រី​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ​។ លោកស្រី​រំពឹង​ថា មុន​ជំនួប​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​ខាងមុខនេះ រដ្ឋាភិបាល​នឹង​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ឱ្យ​មាន​សេរីភាព ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា៖ «លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទៅ​ប្រទេស​អាមេរិក​ហ្នឹង ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេទ​អាស៊ាន​ផង​។ ខ្ញុំ​ស្នើ​ដល់​លោក​ទម្លាក់​រាល់​ការចោទប្រកាន់ លើ​អ្នក​ទោស​នយោបាយ និង​ដោះលែង​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ឡើងវិញ។ អ្នកនយោបាយ​កំពុង​ជាប់ឃុំ​អ៊ីចឹង​ហើយ លោក ហ៊ុន សែន ទៅ​ប្រជុំ តើ​មានមុខមាត់​ជា​ប្រធាន​អាស៊ាន​ហ្នឹង​អត់​? ដោយសារ​ប្រទេស​កម្ពុជា​យក​អ្នក​នយោបាយ​អត់​មាន​កំហុស​ទៅ​ឃុំឃាំង»

ក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ ក៏​មិន​ខុសពី​សប្ដាហ៍​មុនៗ​ដែរ គឺ​ពួកគាត់​បន្ត​ស្រែក​ដង្ហោយ​ទាមទារ​មុខ​ស្ថានទូត​អាមេរិក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ប្តី ដោយ​លើក​ភ្ជាប់​បដា​សរសេរ​ថា «យុត្តិធម៌​ត្រូវតែ​មាន​ដល់​អ្នកស្នេហាជាតិ​ជាដាច់ខាត​»​។ ទោះជា​យ៉ាងណា ក្រុម​សន្តិសុខ និង​កម្លាំង​អាជ្ញាធរ​ក្រុងភ្នំពេញ ជាច្រើន​នាក់​បាន​ស្រែក​សម្លុត ប្រើ​អំពើ​ហិង្សា​បណ្តាល​ឱ្យ​ស្ត្រី​ចំនួន​២​នាក់​រងរបួស និង​បាន​ចាប់​ឆក់​ទាញ​បដា​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​យក​ទៅ​កម្ទេច​ចោល»

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន ថា​មូលហេតុ​បណ្តាល​មាន​ករណី​អំពើ​ហិង្សា គឺ​ដោយ​តែ​ស្ត្រី​ថ្ងៃ​សុក្រ​ទាំងនោះ បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សុខ​សង្គម​។ លោក​បន្ត​ករណី​ស្នើ​ឱ្យ​មានការ​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង គឺ​អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​តែប៉ុណ្ណោះ៖ «ប្រសិនជា​រឿង​នេះ​ទៅដល់​ចៅក្រម​ស៊ើបសួរ វា​ផុតដៃ​រដ្ឋាភិបាល​ហើយ​។ ដូចជា ករណី​មួយចំនួន លោក កឹម សុខា ជាដើម គឺ​ស្ថិត​ក្នុង​ចៅក្រម​ជំនុំជម្រះ​ទៅ​ហើយ ជា​នីតិ​តុលាការ​តែ​ត្រូវ​អនុវត្ត»

លោក កត្តា អ៊ន បន្ថែម​ថា កម្ពុជា​ក៏​មិន​មាន​ការ​បារម្ភ​ពី​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​។ លោក​បន្ត​ថា ជំនួប​អាស៊ាន​-​អាមេរិក គឺជា​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ប្រទេស​នីមួយៗ​តែប៉ុណ្ណោះ ដែល​មិន​អាច​ជះឥទ្ធិពល​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ថា​រដ្ឋាភិបាល​គួរតែ​មាន​ចរចា​ផ្នែក​នយោបាយ​ទើប​រឿងក្ដី​ក្ដាំ​សកម្មជន​បក្ស​ប្រឆាំង​អាច​ដោះស្រាយ​បាន​ប្រកបដោយ​តម្លាភាព​។ លោក​រិះគន់​ថា ការ​បន្ត​បង្ក្រាប​របស់​អាជ្ញាធរ​មក​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការរំលោភ​សិទ្ធិ​ជា​មូលដ្ឋាន និង​អនុវត្ត​មិន​ត្រឹមត្រូវ​តាមច្បាប់​ឡើយ៖ «មានការ​បង្ក្រាប​ទៅទៀត រហូត​មានការ​រង​របួស​ជា​បន្តបន្ទាប់​។ ការណ៍​ដែល​រង​បួស​នេះ មិនឃើញ​មាន​ចំណាត់ការ​ផ្លូវច្បាប់​លើ​ក្រុម​សន្តិសុខ ដែល​បង្ក​របួស​ស្នាម​លើ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ»

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០​នាក់​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ ក្នុង​នោះ​សកម្មជន​មួយចំនួន​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ ទៅ​៧​ឆ្នាំ​។ ករណី​សកម្មជន​ខ្លះទៀត តុលាការ​កាត់ទោស​៥ ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ ហើយ​ទោស​នៅសល់​ព្យួរ​។ តុលាការ​ក៏​កំពុង​បើក​សវនាការ​លើ​សកម្មជន​មួយចំនួន​ទៀត ពី​បទ​ញុះញង់ រួមគំនិត​ក្បត់ និង​ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់បង្គាប់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្សី កាលពី​ចុងឆ្នាំ​២០១៩ និង​យុទ្ធនា​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាលពី​ឆ្នាំ​២០១៨។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​បាន​ចាត់ទុក​ការ​ឃុំ​សកម្មជន​ទាំងនេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់ ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់ឃុំ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។