ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ​លើកទឹកចិត្ត​ប្តី​រក្សា​ជំហរ​រឹងមាំ​កុំ​ចុះ​ចូល​បក្ស​កាន់​អំណាច

0:00 / 0:00

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ក្នុង​រឿង​នយោបាយ​លើកទឹកចិត្ត​ឱ្យ​ប្តី​រក្សា​ជំហរ​រឹងមាំ​កុំ​ចុះចូល​នឹង​បក្ស​កាន់​អំណាច ទោះ​សមាជិកគ្រួសារ​រង​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ណា​ក្តី​។ ការ​លើកឡើង​នេះ​បន្ទាប់​ពី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​មួយចំនួន​បាន​ប្រកាស​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង។

ប្រពន្ធ​អ្នក​ជាប់ឃុំ​ក្រោម​ហេតុផល​នយោបាយ​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​ធ្វើ​បាប​ឱ្យ​អ្នក​ទោស​មនសិការ​ទាល់​ច្រក​នៅក្នុង​ពន្ធនាគារ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ថា ប្តី​លោកស្រី​ជាប់​ពន្ធនាគារ​ជិត ២​ឆ្នាំ ទាំង​អយុត្តិធម៌។ លោកស្រី​ឱ្យ​ដឹង​ថា ប្តី​លោកស្រី​ត្រូវ​បាន​គេ​គំរាម​ប្តឹង​ករណី​ថ្មី​បន្ថែម​ផង និង​លួងលោម​ឱ្យ​ចុះចូល​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់ ដើម្បី​ជា​ថ្នូរ​ដោះលែង​ដូច​សកម្មជន​ផ្សេងទៀត​ដែរ ក៏ប៉ុន្តែ​ប្តី​លោកស្រី​នៅតែ​បដិសេធ និង​រក្សា​ជំហរ​រឹងមាំ​ដដែល។ ប្រពន្ធ​សកម្មជន​រូប​នេះ​កោតសរសើរ​ពី​ទឹកចិត្ត​របស់​ប្តី​ដែល​បាន​បញ្ជាក់​នៅមុខ​លោកស្រី​ថា ទោះបី​គាត់​បាត់​បង់ជីវិត​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ក៏ដោយ ក៏​ប្តី​លោកស្រី​នៅតែ​បន្ត​តស៊ូ​ទៅមុខ​ដោយ​មិន​រួញរា​ឡើយ។ លោកស្រី ទៀង ចិន្តា ស្នើ​រដ្ឋាភិបាល​ដោះលែង​ប្តី និង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ ឬ​ដាក់​សម្ពាធ​នយោបាយ​ដល់​អ្នក​ជាប់ឃុំ​ដល់​ពន្ធនាគារ ដើម្បី​ដោះដូរ​នឹង​សេរីភាព។

ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​ប្រកាស​ចេញ​ពី​ពន្ធនាគារ​ស្នើ​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ជា​បន្តបន្ទាប់ ដើម្បី​ពួកគាត់​បាន​នៅ​ក្រៅ​ឃុំ​។ ជាមួយគ្នា​នេះ​ដែរ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង​ចំនួន​១៤​នាក់​ដែល​តស៊ូ​ទុក្ខ​លំបាក​ម្នាក់ៗ​ជាង​៣​ឆ្នាំ នៅក្នុង​គុក​វិញ ពេលនេះ​ពួកគាត់​ក៏បាន​សុំ​ការ​លើកលែង​ទោស​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែរ រួម​មាន​លោក ស៊ុន ធន់ លោក យឹម សារ៉េត លោក កែវ ថៃ និង លោក ទុំ ប៊ុនថន ជាដើម។

ទោះ​យ៉ាងណា​ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់​ទៀត​គឺ​លោកស្រី អ៊ុក ចន្ធី ឱ្យ​ដឹង​ថា កាលពី​សប្តាហ៍​មុន ប្តី​លោកស្រី​គឺ​លោក យឹម សារ៉េត បង្ហាញ​ទឹកមុខ​ក្រៀមក្រំ​លាយ​នឹង​ទឹកភ្នែក ដោយ​មិន​និយាយ​ស្តី​រឿងរ៉ាវ​កើត​ឡើង​ក្នុង​ចិត្ត​អ្វី​ឡើយ​។ លោកស្រី​សង្ស័យ​ថា ប្តី​លោកស្រី​កំពុង​រង​សម្ពាធ​ផ្នែក​នយោបាយ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ប្តី​ពិបាក​សម្រេចចិត្ត​។ លោកស្រី អ៊ុក ចន្ធី បញ្ជាក់​ថា បើសិន​ប្តី​លោកស្រី​បោះបង់​ការ​តស៊ូ លោកស្រី​យល់​ថា រឿង​នោះ​មិនមែន​កើត​ចេញ​ឆន្ទៈ​ពិតប្រាកដ​នោះ​ទេ គឺ​អាច​កើតឡើង​ដោយសារ​ការ​គំរាមកំហែង ឬ​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត។

ស្រដៀង​គ្នា​នេះ​ដែរ ប្រពន្ធ​លោក ស៊ុន ធន់ ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពង់ធំ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង គឺ​លោកស្រី សេង ចាន់ថន ប្រាប់​ថា មក​ដល់​ពេល​នេះ​ប្តី​លោកស្រី​ត្រូវ​បាន​ឃុំ​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ហើយ​សល់​៨​ខែ​ទៀត​ទេ ដែល​ប្តី​លោកស្រី​នឹង​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ បន្ទាប់ពី​តុលាការ​ផ្ដន្ទាទោស​ប្តី​លោកស្រី និង​សកម្មជន​ផ្សេង​ដាក់​ពន្ធនាគារ ៥​ឆ្នាំ និង​ឱ្យ​អនុវត្ត​ទោស​៣​ឆ្នាំ ៨​ខែ​ដោយ​គ្មាន​កំហុស​។ ក៏ប៉ុន្តែ​លោកស្រី​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្តី​លោកស្រី​កំពុង​ជួប​បញ្ហា​សុខភាព​ដោយសារ​ជំងឺ​ជាច្រើន​ប្រចាំ​កាយ និង​រង​ការ​ដាក់​សម្ពោធ​ក្នុង​រឿង​នយោបាយ​អាច​ធ្វើ​ឱ្យ​គាត់​បោះបង់​ការ​តស៊ូ​តទៅទៀត ដើម្បី​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៩ ខែ​ឧសភា។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​លើកឡើង​របស់​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក ទាក់ទង​នឹង​បញ្ហា​សុខភាព និង​ការ​រឹតត្បិត​ចំពោះ​ជន​ជាប់ឃុំ​កន្លងមក មន្ត្រី​របស់​លោក​រក​ពុំ​ឃើញ​បញ្ហា​ទាំង​នោះ​កើតឡើង​ដូច​ការ​ចោទ​ប្រកាន់​កាន់​ទេ។ ដោយឡែក​លោក​អះអាង​ថា មូលហេតុ​មន្ត្រី​ពន្ធនាគារ​ផ្ទេរ​សកម្មជន​ទាំងនោះ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​ដាក់​សម្ពាធ​លើ​ពួកគាត់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​លោក អំ សំអាត សង្កេត​ឃើញ​ថា សេដ្ឋកិច្ច​គ្រួសារ និង​ការ​ឃុំ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ឆ្ងាយ​ពី​ប្រពន្ធ កូន បង​បង្អូន និង​សាច់ញាតិ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​របស់​ជន​ជាប់ឃុំ ខណៈ​ថ្មីៗ​នេះ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់ឃុំ​មួយចំនួន​ទទួល​បាន​សេរីភាព​ក្រោយ​ពួកគេ​សុំទោស​ប្រមុខ​រដ្ឋាភិបាល​។ ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ថា តាមច្បាប់​បើសិន​សកម្មជន​ទាំង​អនុវត្ត​ទោស​បាន ២​ភាគ​៣ ឬ​អនុវត្ត​តាម​លក្ខខណ្ឌ​ច្បាប់​ហើយ​ពួកគាត់​គួរ​ទទួល​បាន​ការ​បន្ធូរបន្ថយ ឬ​លើកលែង​ទោស​តាម​នីតិវិធី​ច្បាប់។

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៧០​នាក់​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារតែ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ ពួកគាត់​ភាគច្រើន​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ​២០២០​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ដូចៗ​គ្នា​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ជាដើម​។ ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​១៤​នាក់​ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ កាល​ពី​ខែសីហា ឆ្នាំ​២០២២ បាន​ផ្ទេរ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​ប្រទេស​វៀតណាម​វិញ តុលាការ​គ្រប់​ជាន់ថ្នាក់ បាន​ផ្ដន្ទាទោស​ពួកគាត់​ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ​តែ​ឱ្យ​អនុវត្ត​ទោស ៣​ឆ្នាំ ៨​ខែ​។ មក​ទល់​ពេល​នេះ ពួកគាត់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ប្រមាណ​ជាង​៣​ឆ្នាំ​ហើយ។ បើ​ផ្អែក​តាម​សាលដីកា​ចុងក្រោយ​របស់​តុលាការ​កំពូល ពួកគាត់​នឹង​បន្ត​ជាប់ឃុំ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។