ប្រពន្ធរបស់សមាជិកគណបក្សសង្គ្រោះជាតិ ស្លុតចិត្ត បន្ទាប់ពីចូលសួរសុខទុក្ខឃើញប្ដីរបស់លោកស្រីធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារព្រៃស។លោកស្រី សុខ បូលីម៉ា ព្រួយបារម្ភខ្លាចប្ដីរបស់លោកស្រីមានគ្រោះថ្នាក់ដល់អាយុជីវិត បន្ទាប់ពីប្ដីធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃមកហើយមិនទាន់ជាសះស្បើយនៅឡើយ។
ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ជាប់ឆ្នោតគណបក្សប្រឆាំង គឺលោកស្រី សុខ បូលីម៉ា ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២៣វិច្ឆិកាថា ប្ដីរបស់លោកស្រីកើតជំងឺផ្ដាសសាយធំ និងមានរមាសពេញខ្លួន សម្រាន្តមិនលក់ប្រហែល ១សប្ដារហ៍ហើយ។ លោកស្រីបន្តថា ប្ដីរបស់គាត់ស្គមស្លេកស្លាំងខុសប្រក្រតី ហើយមិនសូវមានកម្លាំងកំហែងដូចពេលមុនឡើយ។ កាលពីដើមខែវិច្ឆិកាលោកស្រីចូលសួរសុខទុក្ខប្ដីរបស់គាត់នៅក្នុងពន្ធនាគារឃើញថា មានសុខភាពល្អ និងមានទឹកមុខស្រស់ស្រាយមិនដូចពេលនេះឡើយ៖ «ពេលដំបូងខ្ញុំឃើញខ្ញុំខំសើចដាក់គាត់ ហើយសើចដាក់ខ្ញុំរៀបថាសើចបែបកំដរអារម្មណ៍គាត់។ ខ្ញុំសួរគាត់ គាត់ថាគាត់ឈឺ គាត់ថាដេកអត់បានអីអត់បានអស់កម្លាំង ណាមួយនៅក្នុងពន្ធនាគារមួយបន្ទប់ដាក់គ្នា ២៤នាក់។ ខ្ញុំអាណិតអាសូរពួកគាត់ណាស់ មនុស្សគាត់ស្លូតត្រង់ណាស់ គាត់មិនដែលធ្វើបាបអ្នកដទៃ ហើយគាត់មិនដែលធ្វើឱ្យប្រជាជនទឹកភ្នែក ហើយគាត់ក៏មិនដែលឱ្យប្រពន្ធទឹកភ្នែកដែរ។តាំងពីគេចាប់ប្ដីខ្ញុំទឹកភ្នែករហូត » ។
ប្រពន្ធ និងកូនរបស់សកម្មជនគណបក្សប្រឆាំងចំនួន ៣នាក់ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា បានចូលសួរសុខទុក្ខប្ដីនិងឪពុករបស់ពួកគេនៅពន្ធនាគារព្រៃស។
លោកស្រី សុខ បូលីម៉ា ប្រាប់ថា ពួកគេសុទ្ធតែមានអារម្មណ៍ក្ដុកក្ដួលដូចគ្នានៅពេលបានជួបឪពុកឃើញមានសភាពស្លេកស្លាំង។ លោកស្រីសំណូមពរឱ្យមន្ត្រីពន្ធនាគារបញ្ជូនប្ដីរបស់លោកស្រីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ដើម្បីឱ្យឆាប់ជាសះស្បើយឡើងវិញ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា នៅក្នុងពន្ធនាគារមានគ្រូពេទ្យព្យាបាលជនជាប់ឃុំត្រឹមត្រូវមិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ លោកបញ្ជាក់ថា ប្រសិនបើមានជនជាប់ឃុំណាម្នាក់ឈឺធ្ងន់ នោះគ្រូពេទ្យនៅក្នុងពន្ធនាគារនឹងបញ្ជូនពួកគេទៅព្យាបាលនៅខាងក្រៅពន្ធនាគារ៖ «អាហ្នឹងបើម្នាក់យោងហេតុផលថាអីចឹងម្នាក់ចេញទៅក្រៅអស់ហើយ។ សំខាន់យើងមានមន្ត្រីពេទ្យប្រចាំការនៅហ្នឹង បើគាត់យល់ថា គាត់អាចព្យាបាលនៅខាងក្នុងហ្នឹងបានគាត់អត់យកទៅក្រៅទេ ព្រោះការយកទៅក្រៅវាមានបញ្ហាត្រូវចំណាយមន្ត្រីយើងនៅអង្គុយចាំយាមនៅហ្នឹងចំណាយប្រាក់បេសកកម្ម ថ្លៃហូបចុកថ្លៃអីហ្នឹង ហើយកម្លាំងយើងកំពុងតែខ្វះផង។ អីចឹងបើយកចេញទៅក្រៅច្រើនយើងជួបបញ្ហាខ្វះមន្ត្រី » ។
លោក ឃឹម ភាណា ជាចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិនៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២ មេសា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធាស្ដាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតត្រឹមថ្ងៃទី២៣ វិច្ឆិកា លោកបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជាង ៧ខែមកហើយ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា រឿងនេះអាចបណ្ដាលមកពីជនជាប់ឃុំរស់នៅខ្វះអនាម័យ ហូបចំណីអាហារមិនគ្រប់គ្រាន់ និងបន្ទប់ឃុំឃាំងតូចចង្អៀត។ មន្ត្រីសង្គមស៊ីវិលរូបនេះនិយាយថា កន្លងទៅសកម្មជនសង្គម និងសកម្មជននយោបាយ ដែលជាប់ឃុំដោយសារការសម្ដែងមតិ និងការពារធនធានបរិស្ថានពិបាកក្នុងការស្នើសុំទៅព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ។ ចំណែកអ្នកមានលុយមានអំណាចអាចចេញទៅព្យាបាលជំងឺបានដោយងាយស្រួល៖ «ហើយខ្ញុំគិតថានេះជារឿងមួយពន្ធនាគារត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែនថាតើបញ្ហាសុខភាពរបស់គាត់ពិតជាទទួលរងគ្រោះធ្ងន់ធ្ងរ ដែលត្រូវតម្រូវឱ្យមកព្យាបាលនៅខាងក្រៅ ឬអត់។ ទី២ យើងដឹងហើយថានៅក្នុងពន្ធនាគារមិនមែនថា អត់ពេទ្យអត់អីទេ ខ្ញុំឯកភាព ប៉ុន្តែគ្រាន់ថា ពេទ្យនៅក្នុងពន្ធនាគារ វាមិនដូចយើងនៅខាងក្រៅទេ ទាក់ទងហ្នឹងបច្ចេកទេសការព្យាបាល » ។
កន្លងទៅជនជាប់ឃុំដែលមានលុយជាច្រើននាក់បានចេញទៅ សម្រាកព្យាបាលនៅខាងក្រៅពន្ធនាគារ ហើយតែងជួលបន្ទប់ទំនើបៗ ក្នុងមន្ទីរពេទ្យធំៗ របស់រដ្ឋសម្រាប់ស្នាក់នៅ។ អ្នកទាំងនោះរួមមានដូចជាឧកញ៉ា គិត ធាង ឧកញ៉ា ថោង សារ៉ាត់ អតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់រះលើក្រុមកម្មករ ឧកញ៉ា សុខ ប៊ុន ដែលប្រើហិង្សាលើអតីតពិធីការិនី និងឧកញ៉ា តាន់ សេងហាក់ ដែលជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាពិសេសគឺក្រុមក្មួយៗ របស់លោក ហ៊ុន សែន ដែលត្រូវបានផ្ដន្ទាទោសរឿងបាញ់បោះដោយសេរីនាពេលកន្លងមក សុទ្ធតែបានរស់នៅក្រៅពន្ធនាគារ ក្រោមហេតុផលថា សម្រាកព្យាបាលជំងឺ។ មន្ត្រីការពារសិទ្ធិមនុស្សរិះគន់ថា ការធ្វើបែបនេះ ជាការអនុវត្តច្បាប់ស្តងដា២ ។
គិតត្រឹមថ្ងៃទី២៣ វិច្ឆិកា អាជ្ញាធររបបលោក ហ៊ុន សែន ចាប់សកម្មជននយោបាយព្រះសង្ឃខ្មែរថាវរៈ សកម្មជនសង្គម និងក្រុមយុវជនជាង ៤០នាក់ដាក់ពន្ធនាគារព្រៃស។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់និងប្រមាថថ្នាក់ដឹករដ្ឋាភិបាលជាដើម។
អង្គការជាតិ និងអន្តរជាតិជាច្រើនស្ថាប័នរួមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សបានថ្កោលទោស ចំពោះការចាប់ខ្លួននេះថា ជារឿងនយោបាយ។ អង្គការនេះទទូចឱ្យអាជ្ញាធរកម្ពុជាដោះលែងពួកគេវិញជាបន្ទាន់ ហើយបើកឱ្យប្រជាពលរដ្ឋបានចូលរួមសម្ដែងមតិឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។