ភរិយា​លោក គន់ គីម ថា ទណ្ឌកម្ម​លើ​​ប្តី​លោកស្រី​ ធ្វើ​ឡើង​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

0:00 / 0:00

ភរិយា​លោក គន់ គីម សំដែង​ការ​ខក​ចិត្ត ចំពោះ​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជំនិត ២នាក់​របស់​លោក ហ៊ុន សែន ដែល​ដាក់​ចេញ​ដោយ​ក្រសួង​រតនាគារ​ជាតិ​​សហរដ្ឋ​អាមេរិក។ អ្នក​​ជំនាញ​ និង​ អ្នក​វិភាគ​​​អះអាង រដ្ឋាភិបាល​កម្ពុជា ឬ​បុគ្គល​ដែល​រង​ទណ្ឌកម្ម​នេះ អាច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ដែល​ខ្លួន​យល់​ថា មិន​ត្រឹម​ត្រូវ​នោះ។

ភរិយា​លោក គន់ គីម អ្នកស្រី គីង ចាន់ឌី ចំអក​នឹង​ទណ្ឌកម្ម​អាមេរិក​ថា​ ក្រុម​គ្រួសារ​អ្នកស្រី​ គ្មាន​ប្រាក់​តម្កល់​​នៅ​ធនាគារ​ក្រៅ​ប្រទេស​ទេ ហើយ​អ្នក​ស្រី​ស្វាគមន៍​ការ​បង្ក​ទ្រព្យ​សម្បត្តិ​ពី​ក្រសួង​រតនាគារ​របស់​អាមេរិក៖ « គេ​មាន​សិទ្ធិ​បង្កក គឺ​គេ​បង្កក​ទៅ។ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច គេ​បិទ​ក៏​បិទ​ទៅ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ? អត់​មាន​ស្ទះ​ការងារ​យើង​ទេ ពី​ព្រោះ​យើង​អត់​មាន​បាន​ធ្វើ​អ្វី​ឲ្យ​ឃើញ​មាន​ស្នាដៃ​ខ្លាច​ស្ទះ​ផង​ ហើយ​បើ​យើង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ប្រទេស​អាមេរិក​​ឧទាហរណ៍​អ៊ីចឹង ហើយ​គេ​ចង់​បង្កក​ទ្រព្យ​សម្បត្តិ​គេ​បង្ក​លុយ​យើង​អី។ យើង​ថា​អត់​មាន​លុយ​នៅ​ទី​នោះ​ផង​បើ​គេ​ចង់​យក​ក៏​យក​ទៅ​បើ​លុយ​នៅ​លើ​ទឹក​ដី​គេ​ស្រាប់​ហើយ។ បើ​មាន​លុយ​នៅ​អាមេរិក​មែន​គេ​យក​ក៏​យក​ទៅ​ យើង​អត់​មាន​ស្តាយ​ស្រណោះ​អី​ទេ​ យើង​អត់​មាន​តវ៉ា​អ្វី​ទេ បើ​យើង​អត់​មាន​លុយ​ដាក់​ផង »

ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​​ឃើញ​ថា​ លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​សរុប ១១ ក្រុមហ៊ុន និង​លោក គន់ គីម ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​បី (៣) រូប​ទៀត ដែល​រួម​មាន​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី គីង ចាន់ឌី លោក គីម ផារា និង​អ្នកស្រី គីម សុផារី បាន​ប្រព្រឹត្ត​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ រួម​មាន​អំពើ​កិបកេង​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ឯកជន​មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ​ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល អំពើ​កេង​ប្រវ័ញ្ច​លើ​ធនធាន​ធម្មជាតិ ឬ​អំពើ​សូកប៉ាន់ ជា​ដើម។

ក្រសួង​រតនាគារ​អាមេរិក បាន​លាត​ត្រដាង​ថា លោក​គឺ​ជា​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយ​គឺ​ជា​បុគ្គល​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​ខេត្ត​កោះកុង ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​ពី​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​នៃ​ប្រទេស​ចិន។ ​លោក គន់ គីម បាន​ប្រើប្រាស់​ទាហាន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​បំភិតបំភ័យ រឹបអូស ឬ​ឆ្ការ​ដី ដែល​ក្រុមហ៊ុន​ចិន​ចង់​បាន។

អាស៊ី​សេរី​​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​ទណ្ឌកម្ម​នេះ​ពី​លោក គន់ គីម និង​លោក​ ទ្រី ភាព បាន​ទេ កាលពី​​ថ្ងៃ​ទី១០ ធ្នូ។ ក៏ប៉ុន្តែ​អ្នក​ស្រី​ គីង ចាន់ឌី​ ថា អ្នក​ស្រី​ពិត​ជា​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​រតនា​គារ​របស់​សហរដ្ឋ​អាមេរិក​ពិត​មែន ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​របស់​អ្នកស្រី​ជា​ក្រុម​ហ៊ុន​រក​ស៊ី​ស្រប​ច្បាប់​ និង​ បាន​បិទទ្វារ​មិន​ដំណើរការ​ជា​យូរ​យារ​ណាស់​មក​ហើយ៖ « ចង់​គេ​បង្ក​ក្រុម​ហ៊ុន​ចំនួន​៦​ មិន​ឲ្យ​យើង​មក​រកស៊ី​ជាមួយ​បរទេស​ ជា​រឿង​របស់​គេ។ បើ​គេ​យល់​ថា​ យើង​ហ្នឹង​ខុស​ បើក​ក្រុម​ហ៊ុន​ខុស​ គេ​ចង់​បង្កក​គេ​មាន​សិទ្ធិ​បង្កក​ក៏​គេ​បង្កក​ទៅ​យើង​មិន​ដឹង​ជា​ទៅ​ធ្វើ​យ៉ាង​ម៉េច »

ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ ធ្នូ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ ដោយ​ចាត់​​ទុក​​​ទណ្ឌកម្ម​លើ​ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោល​ការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​​ការ​ផ្ទៃក្នុង​​របស់​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដទៃ​ទៀត។ ក្រសួង​បញ្ជាក់​ទៀត​ថា ការ​សម្រេចចិត្ត​របស់​​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​​មិន​គោរព​ដល់​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា។

ក្រសួង​នេះ​អះអាង​ថា លោក គន់ គីម បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​កិច្ច​ការពារ​ និង​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សង្គម ស្រប​ពេល​ដែល​ឧកញ៉ា ទ្រី ភាព វិញ គឺ​ជា​អ្នក​ដែល​បាន​ដើរ​តួនាទី​ដ៏​សកម្ម​ក្នុង​​ការ​ទ្រទ្រង់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា ក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ​ ដែល​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មាន​គុណវុឌ្ឍិ និង​មិន​​​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ពុក​​រលួយ​នោះ​ឡើយ។

សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ បាន​ប្រើ​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដើម្បី​​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចំនួន១១ របស់​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​​ចំនួន៥ ដែល​គ្រប់​គ្រង​ដោយ​គ្រួសារ​លោក គន់ គីម ហើយ​ទណ្ឌកម្ម​បង្កក​​ ឬ​រាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​​របស់​អ្នក​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​អាមេរិក​ប្រកាស​ឱ្យ​ដឹង​នៅ​​ថ្ងៃ​ទី៩ ធ្នូ ដែល​ចំ​ថ្ងៃ​ទិវា​ប្រឆាំង​អំពើ​ពុក​​រលួយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា វិធាន​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​មិន​ផ្ទុយ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទេ ព្រោះ​ជា​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ មិន​មែន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។ លោក​ជឿ​ថា មុន​នឹង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា​ម្នាក់​ សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​មាន​ភស្តុតាង​រឹងមាំ ឬ​របាយការណ៍​ច្បាស់លាស់ មិន​មែន​ចេះ​តែ​ធ្វើ​ច្បោលៗ​ នោះ​ឡើយ។ លោក​​ថា បុគ្គល​ដែល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់​អាមេរិក អាច​ប្តឹង​ទាស់​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ដូច​គ្នា ប្រសិន​បើ​ចង់​ការពារ​មន្ត្រី​របស់​ខ្លួន៖ « ដើម្បី​​ដោះស្រាយ​​ ដើម្បី​​បង្ហាញ​​ភាព​​ស្អាត​ស្អំ ត្រូវ​បង្ហាញ​​ចេញ​​ពី​អន្តរជាតិ។ វា​មិន​មែន​កម្ពុជា​ថា ឬក៏​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ការពារ​ហ្នឹង​ វា​គ្រប់​គ្រាន់​សម្រាប់​លាង​សម្អាត​ភាព​មន្ទិល​សង្ស័យ ឬ​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​ទេ។ ត្រូវ​មាន​តុលាការ​អន្តរជាតិ អា​ហ្នឹង​បាន​យើង​ហៅ​ថា ស្មើភាព​គ្នា។ វា​សម​ស្រប​ទៅ​នឹង​ការ​លុប​បំបាត់​ភាព​ល្អក់​កករ​ក្នុង​​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង មែគនីតស្គី អ៊ែកថ៍ ហ្នឹង»

មក​ដល់​ពេល​នេះ មនុស្សជំនិត​របស់​លោក ហ៊ុន សែន ចំនួន​ ៣នាក់ហើយ ដែល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ពី​ក្រសួង​រតនាគារ​អាមេរិក ក្រោម​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act)។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​ដំបូង​គេ​ដែល​រង​ទណ្ឌកម្ម​នេះ គឺ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង។ អ្នក​តាម​ដាន​​ស្ថានការណ៍​កម្ពុជា​យល់​ថា មន្ត្រី​របប​ក្រុង​ភ្នំពេញ និង​អ្នក​ជំនួញ​​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​អាច​នឹង​ប្រឈម​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ក្រោម​​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) នេះ​ដែរ ប្រសិន​បើ​អាមេរិក​រក​ឃើញ​ថា បុគ្គល​ទាំងនោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​របស់​អាមេរិក។ ប្រសិន​បើ​អ្នក​ត្រូវ​ជាប់​ទណ្ឌកម្ម​អាមេរិក ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​អាមេរិក នឹង​ត្រូវ​អាជ្ញាធរ​អាមេរិក​បង្កក ហើយ​ត្រូវ​ជនជាតិ អាមេរិក នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​រក​ស៊ី​នឹង​អ្នក​ជាប់​ទណ្ឌកម្ម ហើយ​ពួក​គេ​ក៏​មិន​អាច​ចូល​ទឹក​ដី​អាមេរិក​បាន​ដែរ។

អ្នក​ហ៊ាន​​និយាយ​រិះគន់​ឥត​សំចៃ​ចំពោះ​របប​ក្រុង​ភ្នំពេញ​លោក គឹម សុខ បញ្ជាក់​ថា វិធាន​ការណ៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ គឺ​ចង់​បញ្ជាក់​ថា​ ទាំង​អង្គការ​សហប្រជាជាតិ​ ទាំង​អាមេរិក​ និង សហភាព​អឺរ៉ុប​គេ​មាន​យន្តការ​និង​នីតិវិធី​លំដាប់​លំដោយ​ច្បាស់​លាស់​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​មក​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​ធ្វើ​អោយ​លោក​ហ៊ុន សែន​ដល់​ពេល​ភ្ញាក់​ខ្លួន​មក​កែ​លំអ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស៖ « ច្បាស់​ណាស់​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជា​ទណ្ឌកម្ម​ចំ​មុខ ចំពោះ​មន្ត្រី​និង​ឈ្មួញ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​មិន​ដក​ថយ​ទេ​ ហើយ​ខ្លឹមសារ​របស់​លោក ដូ ណាល់ត្រាំ គឺ​ជា​ការ​បញ្ជាក់​អំពី​ដំណើរ​ផ្លូវ​ទៅ​មុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ពិចារណា​ក្នុង​ការ​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ »

កាល​ពី​​ពេល​កន្លងទៅ សមាជិក​សភា​អាមេរិក​​ធ្លាប់​បាន​​ស្នើ​ឈ្មោះ​ក្រុម​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ចំនួន ១៧នាក់​ ដើម្បី​ដាក់ទណ្ឌកម្ម​ផង​ដែរ។ អ្នក​ទាំង​នោះ​ រួមមាន​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ និង​រដ្ឋមន្ត្រី​ជាច្រើន​រូប​ផ្សេង​ទៀត។ ចំណែក កូនប្រុស​ច្បង​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត និង​កូនស្រី​លោក​ ហ៊ុន​ សែន​ គឺ​អ្នកស្រី​ ហ៊ុន​ ម៉ា​ណា​ ព្រម​ទាំង​កូន​ប្រសា​រលោក​ ហ៊ុន​ សែន​ គឺ​លោក​ សុខ​ ពុទ្ធី​វុធ​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក​ ដោយ​ពុំ​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។