មន្ត្រីពន្ធនាគារព្រៃស ហាមឃាត់មិនប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិលោក ឃឹម ភាណា ចូលសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃស នៅរសៀលថ្ងៃទី១៧ វិច្ឆិកា ក្រោមហេតុផលថា ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។ លោកស្រី សុខ បូលីម៉ា ចាត់ទុករឿងនេះថា ជាការធ្វើបាបផ្លូវចិត្តលោកស្រីឱ្យមានការឈឺចាប់កាន់តែខ្លាំង ដោយសារតែសកម្មភាពតវ៉ារបស់លោកស្រីជារៀងរាល់ថ្ងៃសុក្រ។
ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ ជាប់ឆ្នោតគណបក្សប្រឆាំង ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកស្រី សុខ បូលីម៉ា ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៧ វិច្ឆិកាថា មន្ត្រីអនុរក្សពន្ធនាគារព្រៃសមិនឱ្យលោកស្រីចូលសួរសុខទុក្ខប្ដីរបស់គាត់នៅពន្ធនាគារមួយនេះឡើយ។ លោកស្រីបញ្ជាក់ថា ការធ្វើបែបនេះជាការធ្វើឱ្យលោកស្រីឈឺចាប់កាន់តែខ្លាំង ពីព្រោះលោកស្រីមិនបានជួបមុខប្ដីរបស់គាត់អស់២សប្ដាហ៍មកហើយ ដោយពុំដឹងពីសុខភាពរបស់ប្ដីគាត់ទ្រុឌទ្រោមបែបណាឡើយ៖ «ខ្ញុំគេហើយ គេថាអត់ដឹង ហើយមិនដឹងពេលណាគេបើកផង ឆ្លើយពីរដងក៏អត់ដឹងឆ្លើយ៣ដងក៏អត់ដឹង។ដល់ខ្ញុំអត់បានជួបគាត់អីចឹងខ្ញុំបារម្ភពីសុខភាពគាត់មែនទែន ណាមួយគាត់លើសឈាម គាត់កើតរមាស់ទៀត ហើយលេចថ្នាំយ៉ាងម៉េចក៏អត់ជាដែរ ដោយសារទឹកហ្នឹងមេរោគនៅក្នុងហ្នឹង។ដំណាក់កាលនេះខ្ញុំអត់មានទន់ជ្រាយទេ ទោះបីចាប់ខ្ញុំធ្វើបាបខ្ញុំយ៉ាងណាក៏ខ្ញុំទៅមុខជានិច្ចដែរ » ។
លោកស្រី និយាយថា ការហាមឃាត់នេះទំនងដោយសារអាជ្ញាធរមិនពេញចិត្តពួកលោកស្រី ដែលតែងចូលរួមតស៊ូដោយអហិង្សារៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដីពួកគាត់ជាបន្តបន្ទាប់។
លោកស្រី សុខ បូលីម៉ា ត្រូវជនមិនស្គាល់មុខជិះម៉ូតូធាក់ម៉ូតូរបស់លោកស្រីដួលបណ្ដាលឱ្យរបួសជើងធ្ងន់ធ្ងរម្ដងរួចមកហើយ កាលពីថ្ងៃទី៣វិច្ឆិកា ខណៈប្រពន្ធកូនរបស់សកម្មជនបក្សប្រឆាំង កំពុងជាប់ឃុំដទៃទៀត ក៏ត្រូវបានអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងឲ្យបញ្ឈប់ការតវ៉ាជារៀងរាល់ថ្ងៃសុក្រដែរ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ លោក នុត សាវនា ប្រាប់អាស៊ីសេរីថា រឿងនេះមិនមែនជាការធ្វើទុក្ខបុកម្នេញដល់សកម្មជនបក្សប្រឆាំងដែលជាប់ឃុំនោះទេ គឺជាការធ្វើឡើងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ដល់អ្នកជាប់ឃុំក្នុងពន្ធនាគារ។ លោកបន្ថែមថា វិធានការនេះមានចំពោះតែនៅរាជធានីភ្នំពេញប៉ុណ្ណោះ ចំណែកពន្ធនាគារតាមខេត្តគឺអាចចូលសួរសុខទុក្ខជនជាប់ឃុំបានជាធម្មតា៖ « ដោយសារនៅម១មួយថ្ងៃៗ មានមនុស្សចេញចូលច្រើន ដល់អីចឹងកន្លែងដើរចុះដើរឡើងហ្នឹងវាអត់មានលទ្ធភាពសម្រាប់ធ្វើការគម្លាតអីបានស្រាបទៅតាម សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលទេ។យើងពាក់ម៉ាស់យើងលាងដៃហើយ ប៉ុន្តែយើងមើលម៉េចឃើញបើមានអ្នកណាមួយគាត់កណ្ដាស់ឬក្អកមួយនៅក្នុងបរិយាកាសហ្នឹង វាអាចមានបញ្ហាច្រើន។អីចឹងយកល្អអាហ្នឹងយើងបិទមួយរយៈរង់ចាំមើលលទ្ធផលចុងក្រោយបន្ទាប់ពេល២សប្ដាហ៍ដែលកំណត់ហ្នឹងសិន » ។
ទោះជាយ៉ាងណាប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការហាមឃាត់ពលរដ្ឋចូលសួរសុខទុក្ខប្ដីក្នុងពន្ធនាគារ គឺជាអំពើរំលោភសិទ្ធិជនជាប់ឃុំ។លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដែលហាមឃាត់ពលរដ្ឋចេញពីផ្ទះនៅឡើយ ដូច្នេះមន្ត្រីពន្ធនាគារគួរតែអនុញ្ញាតឱ្យសាច់ញាតិចូលសួរសុខទុក្ខជនជាប់ឃុំបាន ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ លាងសំអាតដៃដោយអាល់កុល និងរក្សាគំលាតសង្គមជាដើម៖ «ពីព្រោះថា បើយើងរឹត បន្តឹងខាងបញ្ហាជំងឺឆ្លងគឺយើងមានវិធីយើងផ្សេង។ យើងមើលបើយើងប្រៀបធៀបជាមួយថាយើងប្រុងប្រយ័ត្ននៅក្នុងពន្ធនាគារ ក៏ប៉ុន្តែបើយើងប្រៀបធៀបនៅតាមទី សាធារណៈនិងនៅកន្លែងផ្សេងៗអី ខ្ញុំគិតថា យើងមិនគួរអីដល់ថ្នាក់រឹតបន្តឹងមិនអាចជួបបានទេ គ្រាន់តែឱ្យមានលក្ខណៈគោរពទៅតាមគោលការណ៍អនាម័យការនិយាយនៅក្នុងកម្រិតគម្លាតអីហូរហែអីចឹងទៅខ្ញុំថាអាហ្នឹងវាជាលក្ខណៈល្អប្រសើរ » ។
ប្ដីរបស់លោកស្រីសុខ បូលីម៉ា គឺលោក ឃឹម ភាណាជាចៅសង្កាត់ផ្សារដេប៉ូ៣ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិខណ្ឌទួលគោក ក្រុងភ្នំពេញ ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២ មេសា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។គិតត្រឹមថ្ងៃទី១៧វិច្ឆិកានៅពន្ធនាគារព្រៃសមានសកម្មជននយោបាយ សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ និងក្រុមយុវជនជាង៤០នាក់ជាប់ឃុំ។ពួកគេត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់រដ្ឋាភិបាលជាដើម។
មន្ត្រីអង្គការជាតិនិង អន្តរជាតិជាច្រើនស្ថាប័ន រួមទាំងអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សផងបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការចាប់ខ្លួននេះ ថាជារឿងនយោបាយ និងស្នើសុំឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញ ហើយបើកឱ្យប្រជាពលរដ្ឋបានចូលរួមសម្ដែងមតិដោយសន្តិវិធីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។