សាច់ញាតិសកម្មជនបក្សប្រឆាំងជាង ១០នាក់ តវ៉ាជាថ្មីនៅសាលាដំបូងរាជធានីភ្នំពេញ តែត្រូវក្រុមសន្តិសុខខណ្ឌ ៧មករា និងអាជ្ញាធររារាំង រុញច្រាន និងបណ្ដេញពួកគាត់ចេញមិនឲ្យចូលទៅឈរតវ៉ានៅមុខសាលាដំបូងបាននោះទេ។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការរារាំង គំរាមកំហែង និងមិនឲ្យប្រជាពលរដ្ឋធ្វើការតវ៉ាបញ្ចេញមតិ គឺជាការរំលោភសិទ្ធិមនុស្ស និងមិនគោរពគោលការលទ្ធិប្រជាធិបតេយ្យ។
ក្រុមសន្តិសុខខណ្ឌ ៧មករា និងអាជ្ញាធរប្រមាណជិត ៤០នាក់ បានពង្រាយកម្លាំង និងឡោមព័ទ្ធ សាច់ញាតិសកម្មជនបក្សប្រឆាំង ដែលគេដាក់ឈ្មោះថា ក្រុមស្ត្រីក្លាហានថ្ងៃសុក្រ មិនឲ្យពួកគាត់ចូលតវ៉ានៅមុខសាលាដំបូងបានឡើយ។ ក្រុមស្ត្រីទាំងនោះមានកាន់រូបថតគ្រួសាររបស់ពួកគាត់ដែលកំពុងជាប់ឃុំ ស្រែកទាមទារឲ្យតុលាការដោះលែង និងទម្លាក់បទចោទប្រកាន់លើសកម្មជននយោបាយ និងសកម្មជនមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញ។
ប្រពន្ធលោក ស៊ុន ធន់ សមាជិកគណបក្សសង្គ្រោះជាតិ គឺលោកស្រី សេង ចាន់ថន រៀបរាប់ថា អាជ្ញាធរបានប្រើអំពើហិង្សាមកលើក្រុមលោកស្រី ដោយទាត់ធាក់ រុញច្រាន និងប្រមាថមើលងាយយ៉ាងខ្លាំង។ លោកស្រីបន្តថា លោកស្រីមិនចង់បន្តការតវ៉ានេះនោះទេ ប្រសិនបើតុលាការដោះលែងគ្រួសាររបស់ពួកគាត់វិញ។ លោកស្រី ត្អូញត្អែរថា លោកស្រីជួបការលំបាកក្នុងជីវភាពជាខ្លាំង និងបារម្ភពីសុវត្ថិភាពសុខភាពស្វាមីរបស់ខ្លួនដែលកំពុងជាប់ពន្ធនាគារផងដែរ៖ « សូមទទូចហើយទទូចទៀតទៅដល់ខាងតុលាការ សូមឲ្យតុលាការរកភាពយុត្តិធម៌ ហើយមានការដោះលែងពួកគាត់ឲ្យមានសេរីភាពមកវិញផង កុំឲ្យមានអ្នកនៅពីក្រោយខ្នង ចាំតែបញ្ជា ចាំតែធ្វើតាមគេ សូមឲ្យគាត់មានភាពយុត្តិធម៌នៅក្នុងខ្លួន ហើយក៏សុំទៅខាងរដ្ឋាភិបាល សុំឲ្យគាត់ដោះស្រាយនូវបញ្ហានយោបាយនេះកុំឲ្យកកស្ទះ កុំឲ្យមានការគាំង កុំឲ្យមានការចេះតែចាប់ ចេះតែចងខាងសកម្មជននយោបាយជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយឲ្យមានលទ្ធិប្រជាធិបតេយ្យមកវិញ » ។
ក្រោយការស្រែកតវ៉ាបានមួយសន្ទុះ ក្រុមស្ត្រីទាំងនោះ បានរំសាយការតវ៉ា និងធ្វើដំណើរទៅស្ថានទូតអាមេរិក ដើម្បីសួរនាំពីដំណើរការនៃការដាក់ញត្តិកន្លងមករបស់ពួកគាត់ ប៉ុន្តែត្រូវអាជ្ញាធររារាំងម្ដងទៀតនៅចំណុចផ្សារដេប៉ូ។
ក្រោយធ្វើដំណើរមកដល់ស្ថានទូតអាមេរិក តំណាងស្ថានទូតបានចេញមកជួបពួកគាត់ និងអនុញ្ញាតឲ្យក្រុមស្ត្រីទាំងនោះចូលជួបតែ២នាក់ប៉ុណ្ណោះ។
ប្រពន្ធលោក ឃឹម ធាណា អតីតចៅសង្កាត់ផ្សារដេប៉ូ៣ គឺលោកស្រី សុខ បូលីម៉ា ឲ្យអាស៊ីសេរីដឹងថា លោកស្រីខកចិត្តចំពោះអាជ្ញាធរកម្ពុជាជាខ្លាំង ដែលបានរារាំងក្រុមស្ត្រីមិនឲ្យតវ៉ា បំបិទសិទ្ធិសេរីភាព និងគំរាមកំហែងពលរដ្ឋជាដើម។ លោកស្រីបន្តថា លោកស្រីបានដាក់ញត្តិបន្ថែម ១ទៀត ទៅកាន់មន្ត្រីស្ថានទូតអាមេរិក អំពីករណីដែលអាជ្ញាធរបានគំរាមកំហែង ដោយប៉ងធ្វើបាបកូនស្រីលោកស្រីដែលមានវ័យ ២១ឆ្នាំ ប្រសិនបើលោកស្រីមិនបញ្ឈប់ការតវ៉ានេះ។ លោកស្រីបារម្ភថា ក្រុមសន្តិសុខ និងអាជ្ញាធរក្រោមរបបក្រុងភ្នំពេញលបវាយធ្វើបាប ឬប៉ុនប៉ងធ្វើអ្វីមួយ ដែលអាក្រក់ជាងនេះលើកូនស្រីលោកស្រី។ លោកស្រីលើកឡើងថា លោកស្រីគ្មានជំនឿលើស្ថាប័នរដ្ឋថា នឹងអាចដោះស្រាយករណីនេះបានទេ និងស្នើឲ្យស្ថានទូតអាមេរិក អង្គការជាតិ និងអន្តរជាតិទាំងអស់ជួយឃ្លាំមើលករណីនេះឲ្យបានដិតដល់៖ « ទង្វើគាត់នៅដដែលអូន នៅបំពានលើពួកខ្ញុំដដែល គឺគាត់មិនកែអត្តចរិតគាត់ ហើយខ្ញុំដើរយកបាយឲ្យគ្រួសារខ្ញុំក៏ខ្ញុំអត់ខុសដែរអូន។ ថ្ងៃទី២៩ ហ្នឹង គាត់អត់បាយមួយថ្ងៃពេញ ទឹកក៏អត់ផឹកដែរ។ ត្រង់ហ្នឹងវាអយុត្តិធម៌ខ្លាំងមែនទែន ហើយចាប់ប្រពន្ធគេហើយ ប្តីគេអត់បាយមួយថ្ងៃពេញទៀត ហើយមកថែមគំរាមកូនចៅគាត់ទៀតអូន។ តើយុត្តិធម៌នៅត្រង់ណា ? ប្រជាធិបតេយ្យនៅត្រង់ណា ?

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បញ្ជាក់ថា ការតវ៉ារបស់ក្រុមស្ត្រីថ្ងៃសុក្រទាំងនោះ មិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបអាជ្ញាធរដាក់កម្លាំង ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខប៉ុណ្ណោះ។ លោកបន្តថា ពុំមានការរុញច្រាន ឬប្រើអំពើហិង្សាដូចការលើកឡើងរបស់ក្រុមស្ត្រីនោះឡើយ។ លោកអះអាងថា អាជ្ញាធរមិនបានគំរាមកំហែងលើក្រុមស្ត្រី ឬក្រុមគ្រួសាររបស់ពួកគេនោះទេ ហើយថា នេះជាការចោទប្រកាន់របស់ពួកគេមកលើអាជ្ញាធរ៖ « សិទ្ធិ និងការធ្វើទង្វើរបស់គាត់នេះ គឺជាការសម្រេចចិត្តរបស់គាត់ ជាការគិតផ្ទាល់ខ្លួនរបស់គាត់ទេ។ ជាក់ស្ដែង ពេលខ្លះក៏មិនមានបញ្ហាអ្វីកើតឡើងផងក៏គាត់ចោទប្រកាន់ថា អាហ្នឹងជាការគំរាមកំហែង ជាការអីផ្សេងៗ។ បញ្ហាសំខាន់សិទ្ធិពួកគាត់ភាគច្រើនឃើញចោទប្រកាន់មកលើសមត្ថកិច្ច មកលើរដ្ឋាភិបាល ឬក៏ស្អីអ៊ីចឹងទៅ តែជាក់ស្ដែងវាអត់មានករណីអស់ហ្នឹងផងហ្នឹង។ ឧបមាថា ពេលខ្លះអត់មានអាសន្នអីផងហ្នឹង គាត់ចោទប្រកាន់ថា គេហ្នឹងគំរាមកំហែង ថាគេហ្នឹងអ៊ីចេះអ៊ីចុះ តែជាក់ស្ដែងវាអត់មានអ៊ីចឹង » ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ក្រុមស្ត្រីទាំងនោះ ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ និងការតវ៉ាដោយសន្តិវិធី ហើយអាជ្ញាធរគួរតែជួយការពារ និងផ្តល់សិទ្ធិសេរីភាព ដែលមានចែងក្នុងច្បាប់ឲ្យក្រុមអ្នកតវ៉ាទាំងនោះ។ លោកបន្តថា ការរារាំង រុញច្រាន ដោយប្រើហិង្សាបែបនេះ ជាការរំលោភសិទ្ធិមនុស្ស និងរំលោភគោលការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកទទូចឲ្យតុលាការ និងរដ្ឋាភិបាល គួរពិចារណាលើការស្នើសុំរបស់ក្រុមស្ត្រីទាំងនោះ ដោយដោះលែងសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសង្គមទាំងអស់ឲ្យមានសេរីភាពឡើងវិញ។ លោកថា រដ្ឋាភិបាលគួរតែបញ្ចប់បញ្ហានយោបាយនេះ៖ « ទោះយ៉ាងណា រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាហ្នឹងនៅក្នុងស្ថានភាពសម្រួលស្ថានការណ៍នយោបាយ ដើម្បីឲ្យមានការធូរស្រាលខាងផ្លូវនយោបាយនេះ ដើម្បីឈានទៅធ្វើការអភិវឌ្ឍន៍ប្រទេសយើងប្រកបដោយយុត្តិធម៌នៅក្នុងសង្គម ដើម្បីឲ្យមានការអភិវឌ្ឍនៅក្នុងស្ថានភាពប្រទេសដែលយើងមាន ដើម្បីឲ្យមានភាពរីកចំរើន » ។
នៅក្នុងឆ្នាំ២០២០ រហូតមកដល់ដើមឆ្នាំ២០២១ នេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្គ្រោះជាតិអ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ក៏ជាង ៥០នាក់ដាក់ពន្ធនាគារ។ សកម្មជនបក្សប្រឆាំងច្រើនរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់មិនឱ្យយោធិនស្ដាប់បញ្ជា និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ ចំណែក ក្រុមសកម្មជន អ្នកនយោបាយមិនមែនបក្សសង្គ្រោះជាតិ និងយុវជនវិញ រងការចោទប្រកាន់ពីបទញុះញង់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។