ក្រុម​គ្រួសារ​អ្នក​ទោស​នយោបាយ​ចេញ​តវ៉ា​ស្នើ​ឱ្យ​ដោះ​លែង​សាច់ញាតិ ស្រប​ពេល​ជំងឺ​កូវីដ១៩ ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​នយោបាយ​នាំ​គ្នា​ចេញ​តវ៉ា​នៅ​ថ្ងៃ​ទី២៨ ឧសភា​នេះ និង​ដាក់​ញត្តិ​ជូន​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ឱ្យ​​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​សង្គម​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ។ សកម្ម​ភាព​របស់​គ្រួសារ​​អ្នក​​ជាប់​ឃុំ​នយោបាយ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជំងឺ​កូវីដ១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពន្ធនាគារ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ចំនួន ៧នាក់ បាន​នាំ​គ្នា​លើក​ផ្ទាំង​រូប​ថត​អ្នក​ជាប់​ឃុំ និង​យក​ញត្តិ​ដាក់​ជូន​ស្ថាន​​ទូត​​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​ស្ថានទូត។ ពួក​គាត់​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​សមាជិក​គ្រួសារ​ពួក​គាត់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ បន្ទាប់​​ពី​​ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ។

ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោក​ស្រី ព្រំ ចន្ថា ប្រាប់​ថា មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​លោក​ស្រី​ចូល​ជួប ដើម្បី​ប្រគល់​ញត្តិ។ លោក​ស្រី​បន្ត​ថា លោក​ស្រី​បាន​លើក​ឡើង​ប្រាប់​ទៅ​មន្ត្រី​ទូត​អាមេរិក​អំពី​គោល​បំណង​នៃ​ញត្តិ អំពើ​អយុត្តិធម៌ និង​ទុក្ខ​លំបាក​របស់​អ្នក​ទោស​នយោបាយ អ្នក​ទោស​មនសិការ និង​សកម្ម​ជន​សង្គម ដែល​កំពុង​ឆ្លង និង​ប្រឈម​ឆ្លង​ជំងឺ​កូវីដ១៩​ នៅ​ក្នុង​ពន្ធនាគារ។ លោក​ស្រី​បញ្ជាក់​ថា មន្ត្រី​ទូត​អាមេរិក​បាន​សន្យា​នឹង​យក​ញាតិ និង​សំណើ​របស់​គ្រួសារ​អ្នក​ជាប់​ឃុំ ដាក់​ជូន​ទៅ​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​លោក ផាទ្រីក ម័កហ្វី (W. Patrick Murphy) និង​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​អ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ដែល​គ្រោង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៖ « ឥឡូវ​នេះ​កូវីដ​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ ហើយ​បាន​ឆ្លង​ទៅ​ដល់​អ្នក​នយោបាយ​ហើយ អ៊ីចឹង​ខ្ញុំ​យក​ញត្តិ​ទៅ​ដាក់​នេះ ដើម្បី​ឱ្យ​គាត់​ដឹង​ហើយ ប្រាប់​ពី​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ផង ដោយ​សារ​អី​ពួក​ខ្ញុំ​ខាន​ជួប​មុខ​ប្ដី​រយៈ​ពេល​បី​ខែ​អត់​ដឹង​ដំណឹង​អី​សោះ​តែ​ម្ដង ហើយ​មាន​ហានិភ័យ​ខ្ពស់​តែ​ម្ដង ព្រោះ​គាត់​បិទ​សិទ្ធិ​សេរី​ភាព​មិន​ឱ្យ​ក្រុម​គ្រួសារ​គេ​ដឹង​ទី​មួយ​ ទីពីរ​ទៀត​ទូរស័ព្ទ​ការ​ទាក់​ទង​គាត់​មិន​ឱ្យ​ដាក់​ដែរ ជា​ចេតនា​មួយ​ទៀត​បិទ​សិទ្ធិ​សេរី​ភាព​តែ​ម្ដង »

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​ឡើង​នៅ​ក្នុង​ញត្តិ​ដាក់​ជូន​ទៅ​ស្ថានទូត​អាមេរិក​​នោះ​ថា ពន្ធនាគារ​ចង្អៀត​ណែន​ខ្លាំង ដែល​ធ្វើ​ឱ្យ​អ្នក​ជាប់​ឃុំ​មិន​អាច​អនុវត្ត​តាម​វិធានការ​សុខាភិបាល​បាន​ឡើយ។ ក្រុម​ស្ត្រី​បញ្ជាក់​ទៀត​ថា តុលា​ការ​បាន​អូស​បន្លាយ​សវនា​ការ និង​ឃុំ​សាច់ញាតិ​ពួក​គាត់​ទុក​ចោល​ឱ្យ​រង​ទុក្ខ​វេទនា ដោយ​មិន​ដឹង​ពេល​ណា​តុលាការ​សម្រេច​ដាក់​ទោស ឬ​សម្រេច​ឱ្យ​រួច​ទោស​នោះ​ឡើយ។ ពួក​គាត់​​បន្ត​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ​កំពុង​រង​ទុក្ខ​វេទនា ព្រោះ​គ្មាន​ពេទ្យ​មើល​ថែ​គ្រប់​គ្រាន់ ស្រប​ពេល​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ធ្វើ​ឱ្យ​ខាង​ពន្ធនាគារ​មិន​អាច​គ្រប់​គ្រង​បាន​ឡើយ។

ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ លោក ស៊ុន ធន់ គឺ​លោក​ស្រី សេង ចាន់ថន ប្រាប់​ថា លោកស្រី​បារម្ភ​អំពី​​​​ប្ដី​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន ពុំ​មាន​អនាម័យ ដែល​ធ្វើ​ឱ្យ​ប្ដី​លោក​ស្រី​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ១៩។ លោក​ស្រី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្ដី​លោក​ស្រី​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ៖ « ផ្ដាំ ​ទៅ​លោក​តុលាការ​ផង​សុំ​ឱ្យ​តុលាការ​ជា​តុលាការ​ឯករាជ្យ ឱ្យ​មាន​ការ​ដោះ​លែង​ពួក​គាត់​ឱ្យ​នៅ​ក្រៅ​ឃុំ​ នៅ​រយៈ​ពេល​កូវីដ​នេះ ខ្ញុំ​ព្រួយ​បារម្ភ​មែន​ទែន ហើយ​មួយ​ទៀត​សូម​ឱ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​ឱ្យ​គាត់​គិត​គូរ​ឱ្យ​មែន​ទែន​ដល់​អ្នក​នៅ​ក្នុង​ពន្ធនាគារ អ្នក​ទោស​នយោបាយ​ដែល​គាត់​គ្មាន​កំហុស »

ក្រុម​ស្ត្រី​ឱ្យ​ដឹង​ថា ក្រុម​សន្តិ​សុខ​សាលា​រាជ​ធានី​ភ្នំពេញ ប្រមាណ​៥០នាក់ បាន​តាម​ឃ្លាំ​មើល និង​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​ពួក​គាត់​នៅ​មុខ​ស្ថានទូត​អាមេរិក។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​សំណើ​សុំ​ដោះលែង​អ្នក​ទោស​នយោបាយ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ឧសភា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ទោះ​​ជា​​យ៉ាង​​ណា​​សាច់​ញាតិ​សកម្ម​ជន​បក្ស​ប្រឆាំង សហជីព សកម្មជន​សង្គម បារម្ភ​ពី​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ដែល​ប្រឈម​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ពន្ធនាគារ។ ពួក​គាត់​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​លើក​យក​ករណី​នេះ ដើម្បី​ជជែក​ជា​មួយ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ទោស​មនសិការ និង​អ្នក​ទោស​នយោបាយ ដើម្បី​ធានា​នូវ​សិទ្ធិ​សេរី​ភាព និង​ប្រជាធិបតេយ្យ​ដល់​ប្រជាពលរដ្ឋ។

ជុំវិញ​រឿង​នេះ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា សង្គម​ស៊ី​វិល​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចូល​ក្នុង​ពន្ធនាគារ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន ពុំ​មាន​អនាម័យ និង​ងាយ​ចម្លង​មេ​រោគ ដែល​ពិបាក​នឹង​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល។ លោក​យល់​ថា សំណើ និង​ការ​បារម្ភ​របស់​គ្រួសារ​អ្នក​ជាប់​ឃុំ​គឺ​សម​ហេតុផល ដែល​អាជ្ញាធរ​ពាក់​ព័ន្ធ ជា​ពិសេស តុលាការ គួរ​ពិចារណា​ដោះ​លែង​ឱ្យ​ពួក​គាត់​មាន​សេរី​ភាព ដោយ​សារ​ពួក​គាត់​មាន​ឆន្ទៈ​គោរព​តាម​នីតិ​វិធី​របស់​តុលាការ ដើម្បី​រួម​ចំណែក​បន្ធូរ​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ៖ « អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ធ្លាប់​បាន​ឆ្លើយ​តប​មក​ហើយ​នឹង​ធ្វើ​ការ​សម្រប​សម្រួល គ្រាន់​តែ​ការ​លើក​ឡើង​ហ្នឹង​វា​ជា​ការ​លើក​ឡើង​មួយ ដែល​មិន​ទាន់​ឃើញ​ការ​អនុវត្តន៍​ជាក់​ស្ដែង​នៅ​ឡើយ ព្រោះ​យើង​ដឹង​ហើយ​វា មិន​ដូច​ជំនាន់​ដើម​ទេ វា​ទាំង​អស់​នេះ​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​អី​ទៅ​ល្មើស​នឹង​ច្បាប់​ទេ អ៊ីចឹង​គួរ​មាន​ការ​សម្រប​សម្រួល​ទៅ​លើ​បញ្ហា​នឹង​ទៅ​ពួក​គាត់​អាច​ប្រា​ស្រ័យ​ទំនាក់​ទំនង​គ្នា ដើម្បី​ឱ្យ​ភាព​កក់​ក្ដៅ​ឡើង​វិញ »

កាល​ពី​ពេល​ថ្មីៗ​នេះ ជំងឺ​កូវីដ-១៩ បាន​ឆ្លង​ចូល​ពន្ធនាគារ​ព្រៃ​ស​ផ្នែក​បុរស ដោយ​អ្នក​ជាប់​ឃុំ​នយោបាយ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​នេះ​ហើយ។ ក្រៅ​ពី​ពន្ធនាគារ​ព្រៃស​ផ្នែក​បុរស ពន្ធនាគារ​ខេត្ត​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្ត​កណ្ដាល ក៏​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩ លើ​អ្នក​ជាប់​ឃុំ​ដែរ។ របាយការណ៍​បឋម​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​ជាប់​ឃុំ​ជាង ១០០នាក់ បាន​ឆ្លង​ជំងឺ​រលាក​សួត​ដ៏​កាច​សាហាវ​នេះ។

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ក៏​ស្នើ​ឱ្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ចាត់​គណៈប្រតិភូ​ពិនិត្យមើល​ស្ថាន​ភាព​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ដទៃ​ទៀត​ដែរ ដើម្បី​បាន​ដឹង​ពី​ស្ថាន​ភាព​ពិត និង​សួរ​សុខ​ទុក្ខ​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​មនសិការ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ស្ថាប័ន រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ផង​ដែរ បាន​ថ្កោល​ទោស​ចំពោះ​ការ​ឃុំ​ខ្លួន សកម្ម​ជន​នយោបាយ និង​សង្គម ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ ដើម្បី​បើក​លំហ​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ និង​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។