ក្បួនបាតុកម្មលើកនេះធ្វើនៅភាគខាងកើតរាជធានីភ្នំពេញ ដឹកនាំដោយប្រធានបក្ស លោក សម រង្ស៊ី និងអនុប្រធានបក្សលោក កឹម សុខា ចេញដំណើរពីលានប្រជាធិបតេយ្យនៅពេលរសៀល ហែក្បួនឆ្លងស្ពានជ្រោងយចង្វារ តាមផ្លូវជាតិលេខ៦។
ការហែក្បួនថ្ងៃនេះ ធ្វើឡើងដោយថ្មើរជើង ក្រុមបាតុករខ្លះដំប៉ោត ដំធុង ដំស្គរ ស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្បួនហែបានឈប់ពេលទៅដល់វត្តមួយម្ដុំព្រែកលាភ ហើយលោក សម រង្ស៊ី បានថ្លែងសារនយោបាយអំពាវនាវឲ្យបាតុករទាំងអស់គាំទ្រនៃការទាមទាររបស់បក្សសង្គ្រោះជាតិ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច ដោយលោកសន្យាថា នឹងដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារជូនកម្មករ បើសិនជាបក្សសង្គ្រោះជាតិ បានឡើងកាន់អំណាច។
ក្បួនបាតុកម្មបានវិលត្រឡប់ក្រោយវិញ ពេលមេបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយនៅព្រែកលៀបចប់។
មូលហេតុដែលចំនួនបាតុករកើនឡើងច្រើននៅថ្ងៃទី២៥ ធ្នូ នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់អ្នកយកព័ត៌មាននៅទីលានប្រជាធិបតេយ្យថា ដោយសារកម្មកររោងចក្រនានានៅរាជធានីភ្នំពេញ នាំគ្នាមកចូលរួមច្រើន។ លោកថា ការចូលរួមរបស់កម្មករថ្ងៃនេះ ព្រោះកាលពីម្សិលមិញ រដ្ឋាភិបាលមិនបានដំឡើងប្រាក់ខែគោលឲ្យពួកគេបានតែ ៩៥ដុល្លារខុសពីការទាមទាររបស់កម្មករចំនួន ១៦០ដុល្លារ។
ជាងនេះទៅទៀតនោះ កម្មករដែលស្ម័គ្រចិត្តមកចូលរួមធ្វើបាតុកម្មជាមួយបក្សសង្គ្រោះជាតិថ្ងៃនេះ ដើម្បីទាមទារការបោះឆ្នោតឡើងវិញ និងសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះពួកគេរំពឹងថា នៅពេលបក្សសង្គ្រោះជាតិឈ្នះ ពួកគាត់នឹងបានទទួលប្រាក់ខែដូចការទាមទារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី និងលោក ម៉ម មុនីរតន៍ ដែលតាមដានបាតុកម្មនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕