ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួននិយាយថាពួកគាត់កំពុងនាំគ្នាសន្សំថវិកា ដើម្បីធ្វើជាសោហ៊ុយអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការទៅអមដំណើរលោក សម រង្ស៊ី ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ស្របតាមច្បាប់។
ពលករខ្មែរធ្វើរោងចក្រអេឡិចត្រូនិកនៅជាប់ខេត្តទីក្រុងបាងកក លោក ហួន យ៉ាន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២០ សីហា ពលករខ្មែរធ្វើការក្នុងរោងចក្រជាមួយលោកប្រមាណ ៥០០នាក់ នាំគ្នាកាត់បន្ថយការចំណាយប្រចាំថ្ងៃ ដើម្បីសន្សំប្រាក់ធ្វើជាសោហ៊ុយអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខ។ ពលកររូបនេះបន្តថា ចាប់ពីទទួលដំណឹងជាក់លាក់អំពីថ្ងៃកំណត់វិលចូលស្រុករបស់លោក សម រង្ស៊ី មកលោកនិងពលករដទៃទៀត ចាប់ផ្ដើមសន្សំប្រាក់ចន្លោះពី ២០ ទៅ៧០បាត ឬប្រមាណ ២ដុល្លារអាមេរិកក្នុងមួយថ្ងៃដាក់ក្នុងហិបកូនជ្រូក ដើម្បីសន្សំធ្វើជាសោហ៊ុយធ្វើដំណើរត្រឡប់ទៅកម្ពុជា។ពលកររូបនេះបន្តថា ការវិលត្រឡប់ទៅកម្ពុជាវិញនេះ គឺពួកគេទាំង ៥០០នាក់ ហ៊ានប្ដូរផ្ដាច់គ្រប់យ៉ាង ដើម្បីសេរីភាព និងស្ដារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិឱ្យបានប្រសើរឡើងវិញ៖ «ការភ័យខ្លាចជារឿងធម្មតាមួយ ប៉ុន្តែសំខាន់គឺប្រទេសជាតិជាធំ យើងចង់មានការផ្លាស់ប្ដូរ ដើម្បីឱ្យជារីកចំរើនដូចប្រទេសជិតខាង។ ខ្ញុំឃើញពលរដ្ឋមិនមានសេចក្ដីសុខទេ តែងតែយំដោយសារការចាប់ចងស្ទើររាល់ថ្ងៃបែបនេះ។ ខ្ញុំចង់ឃើញពលរដ្ឋខ្មែរមានសេរីភាព ដោយមិនមានការគំរាមកំហែងដូចសព្វថ្ងៃ » ។
ចំណែកពលករធ្វើការផ្នែកកាត់ដេរនៅទីក្រុងបាងកកឯណោះវិញ លោក ចាប់ បូរី ថ្លែងថា ចាប់ពីពេលនេះដល់ថ្ងៃចេញដំណើរលោកសន្សំប្រាក់បានយ៉ាងហោចណាស់ក៏ជិត ១ម៉ឺនបាត (១០.០០០) ឬប្រមាណ ៣០០ដុល្លារដែរ ដើម្បីប្រើប្រាស់ក្នុងការអមដំណើរជាមួយលោក សម រង្ស៊ី។ ពលកររូបនេះបន្តថា លោកនឹងសមាជិកគ្រួសារជាច្រើននាក់ទៀតនៅស្រុកខ្មែរអន្ទះសាចង់ឱ្យតែដល់ថ្ងៃកំណត់ ដើម្បីចូលរួមដំណើរជាមួយលោក សម រង្ស៊ី ទៅដណ្ដើមយកប្រជាធិបតេយ្យពីរបបក្រុងភ្នំពេញប្រគល់ឱ្យពលរដ្ឋវិញ។ លោកបន្តថា បើទោះបីជាថវិកាសន្សំមិនបានច្រើនក្ដី ក៏លោកអាចតស៊ូអមដំណើរលោក សម រង្ស៊ី រហូតដល់គោលដៅ ដោយមិនរាថយនោះទេ៖ «អារម្មណ៍របស់ខ្ញុំគឺត្រេកអរមែនទែនពេលឮលោកសម រង្ស៊ីត្រឡប់ទៅកម្ពុជាវិញ ព្រោះរឿងថវិកាអត់មានបញ្ហាទេ ខ្ញុំនឹងទៅទទួលគាត់ ពីព្រោះខ្ញុំយល់ថា មានតែលោកប្រធានទេដែលអាចមកធ្វើឱ្យប្រជាធិបតេយ្យរបស់កម្ពុជាបានដូចដើមវិញ និងមានការអភិវឌ្ឍន៍រីកចំរើន » ។
គណបក្សសង្គ្រោះជាតិប្រកាសថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ មន្ត្រីជាន់ខ្ពស់ទាំងឡាយរបស់បក្សប្រឆាំងដែលនិរទេសខ្លួននៅក្រៅប្រទេស រួមទាំងសមាជិកសភាអឺរ៉ុបមួយចំនួនផង នឹងអមដំណើរលោក សម រង្ស៊ី ត្រឡប់ទៅកម្ពុជាវិញ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ដំណើរវិលត្រឡប់នេះ ដើម្បីទៅដោះស្រាយការជាប់គាំងផ្នែកនយោបាយ និងបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន ជាពិសេស គឺជួយកុំឱ្យមានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុប។ ទន្ទឹមគ្នានេះមន្ត្រីរបបលោកហ៊ុន សែន ស្ទើរគ្រប់ស្ថាប័ន ក៏បានត្រៀមចាត់វិធានមកលើលោក សម រង្ស៊ី នឹងអ្នកអមដំណើរដែលមានដីកាចាប់ខ្លួនបញ្ជូនទៅពន្ធនាគារពេលដែលពួកគេមកដល់កម្ពុជាវិញ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកគ្មានជំនឿនឹងការវិលចូលស្រុករបស់លោក សម រង្ស៊ី នោះទេ។ លោកមានហៅលោក សម រង្ស៊ី ថា ជាមាន់សម្លនិយាយបានតែមាត់ដើម្បីទាក់ទាញប្រជាប្រិយរបស់ខ្លួនពីប្រជាពលរដ្ឋប៉ុណ្ណោះ ។ លោកបន្ថែមថា កន្លងមកប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ប្រកូកប្រកាសជាច្រើនដងរួចមកហើយ តែលោកមិនបានចូលស្រុកដូចការសន្យានោះទេ។ទោះជាយ៉ាងណាលោកអះអាងថា ពលរដ្ឋដែលទៅអមដំណើរនោះ អាចប្រឈមបញ្ហាផ្លូវច្បាប់ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមានដីកាចាប់ខ្លួនពីតុលាការ៖ «ហើយទី២ ទណ្ឌិតដែលទៅនឹងក្នុងនាមខ្លួនឯងជាប្រធានស្ដីទីគណបក្ស អីចឹងគណបក្សនឹងត្រូវរំលាយរួចហើយ វាអត់មានត្រូវច្បាប់ទេ ពីព្រោះយើងដឹងថាសាលដីការបស់តុលាការកំពូលជាសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ា ដូច្នេះរាល់អ្នកណាគាំទ្រជនណាដែលមានដីកាពីតុលាការជននោះគឺ ផ្ទុយពីសាលដីកាតុលាការហើយ » ។
អ្នកសម្របសម្រួល និងអង្កេតនៃអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការទៅទទួលជាសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការស្រលាញ់បុគ្គលណាម្នាក់ ដោយមិនខុសច្បាប់នោះទេ។ ទោះជាយ៉ាងណាលោកបន្តថា ការវិលចូលស្រុកឬមិនចូលស្រុកមិនមែនជាដំណោះស្រាយនយោបាយនោះឡើយ ប្រសិនបើមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងមិនឆាប់ចរចាត្រូវរ៉ូវគ្នាដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះ៖ «ខ្ញុំគិតថាគួរតែមានការសម្របសម្រួលគ្នាមកដល់នេះហើយ យើងត្រូវមើលក្បែរយើងផង គេបានទ្រព្យសម្បត្តិគេបានលាភសក្ការៈយ៉ាងច្រើនទាញចេញពីជម្លោះរបស់ខ្មែរ។ យើងគួរតែល្មមដោះដូរកែសម្រួលការងារចារឹកនយោបាយឱ្យអាចរកវិធីជជែកគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយប្រសើរជាង កុំឱ្យខ្លាំងរៀងខ្លួននាំឱ្យខាតបង់ប្រយោជន៍ជាតិ » ។
មន្ត្រីសង្គមស៊ីវិលរូបបន្តថា ជម្លោះនយោបាយរបស់កម្ពុជាបានអូសបន្លាយពេលប្រមាណ ២ឆ្នាំមកនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ ហើយកម្ពុជាអាចប៉ះពាល់កាន់តែខ្លាំងនៅពេលសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBA ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។