អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា វាយតម្លៃថា ការផ្ទេរអំណាចតវង្សត្រកូលពីលោក ហ៊ុន សែន ទៅកូនប្រុស គឺលោក ហ៊ុន ម៉ាណែត អាចដំណើរការទៅបានកាន់តែរលូន និងឆាប់រហ័ស នៅពេលបានការគាំទ្រពីមេដឹកនាំវៀតណាម។
សារព័ត៌មាន EAC និងសារព័ត៌មានកម្ពុជាថ្មី រាយការណ៍កាលពីថ្ងៃទី១០ ខែសីហា ថា មេដឹកនាំវៀតណាមគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ការគាំទ្រនេះធ្វើឡើងនៅក្នុងពេល លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច នៅវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង២ ពិសេសវិស័យកងទ័ព ដោយបានជួបជាមួយប្រធានាធិបតីវៀតណាម លោក ង្វៀន សួនហ៊្វុក រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តនិយមវៀតណាម។
ក្នុងដំណើរទស្សនកិច្ច ទៅប្រទេសវៀតណាម ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែសីហា លោក ហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានការសាទរ និងគាំទ្រ បេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគតបានថ្លែងអំណរគុណវៀតណាម ដែលបានជួយកម្ពុជា និងអះអាងថា លោក ហ៊ុន សែន ឪពុករបស់លោកបានរួមចំណែកជួយអប់រំមនុស្សជំនាន់ក្រោយនៃប្រទេសទាំង២ និងបានលុបបំបាត់ ឬកម្ទេចរាល់ការបំភ័ន្តបំភ្លៃចំណងទាក់ទងនៃប្រទេសទាំងពីរ។
សារព័ត៌មានអនឡាញ EAC បានរាយការណ៍ថា ប្រធានាធិបតីវៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បានសាទរ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ចំណែកសារព័ត៌មានក្នុងស្រុកវៀតណាម (Vietnam News Agency) បានចុះផ្សាយថា លោក ង្វៀន ស៊ួនហ្វុក សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នឹងជួយជ្រោមជ្រែងឱ្យទំនាក់ទំនងកម្ពុជា និងវៀតណាមមានជ័យជម្នះបន្ថែមទៀត។ លោក ង្វៀន ស៊ួនហ្វុក ក៏បានប្រកាសគាំទ្រដល់កម្ពុជាបន្តទៀតក្នុងនាមជាអ្នកជិតខាងល្អ។
ជាមួយគ្នានេះ សារព័ត៌មានកម្ពុជាថ្មីបានចុះផ្សាយដែរថា អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម លោក ង្វៀន វ៉ាន់ងៀ ក៏បានសាទរ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតដែរ។ ក្នុងដំណើរទស្សនកិច្ចនោះលោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយរដ្ឋមន្ត្រីការពារប្រទេសវៀតណាម លោក ផ្វាន វ៉ាន់ហ្សាង (Phan Van Giang)។ ក្នុងនោះលោក ហ៊ុន ម៉ាណែត បានស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមផ្តល់ការគាំទ្រលើទិសដៅសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដើម្បីកសាង និងការពារប្រទេសទាំងពីរ តាមរយៈការធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍរួម។
ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong)។ បើតាមសារព័ត៌មានវៀតណាម (VNA) នៅចំពោះមុខលោក ហ៊ុន ម៉ាណែត លោក វ៉ូ វ៉ាន់ធឿង រម្លឹកថា បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនកម្ពុជាមានឫសគល់តែមួយចេញពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ លោករំពឹងថា គណបក្សទាំង២ នឹងបន្តរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីការរីកលូតលាស់ទៅថ្ងៃមុខទៀត។
ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសវៀតណាមនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) មានទស្សនៈថា ដំណើរការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ទំនងកំពុងជួបបញ្ហាផ្ទៃក្នុង ដែលចាំបាច់លោកត្រូវប្រឹងប្រែងរកការគាំទ្រពីវៀតណាម ដើម្បីឱ្យដំណើរការផ្ទេរអំណាចអាចធ្វើទៅបានងាយស្រួល និងឆាប់រហ័ស៖ «ខ្ញុំគិតថា លោក ហ៊ុន ម៉ាណែត ទៅសន្យាជាមួយមេដឹកនាំវៀតណាមថា ត្រូវទៅគោរពតាមវៀតណាមលើចំណុចណាខ្លះ ដែលវៀតណាមចង់បាន ដើម្បីស្វែងរកការធានាឱ្យវៀតណាមហ្នឹង គាំទ្រផែនការផ្ទេរអំណាច ពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ហើយទំនងជាផែនការហ្នឹង ជិតអនុវត្តហើយ នៅពេល ដែលលោក ហ៊ុន ម៉ាណែត ទៅជួបសន្យាមេដឹកនាំវៀតណាមផ្ទាល់ នូវចំណុចទាំងឡាយ ដែលគាត់ត្រូវគោរពតាមមហិច្ឆតារបស់វៀតណាម ដែលចង់លេបយកកម្ពុជាហ្នឹង»។
ចំណែកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ សីហា ថា វៀតណាម ជាបងធំអាចសម្របសម្រួលផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមិនឱ្យប្រឆាំងទាស់បេក្ខជននាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត នៅពេលអនាគត ។ លោក អ៊ុំ សំអាន យល់ឃើញថា នៅពេលរដ្ឋាភិបាលខ្មែរ ដឹងគុណវៀតណាម មិនចេះចប់ តកូនតចៅបែបនេះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ម្ដងបន្តិចៗ និងមានអន្តោប្រវេសន៍វៀតណាមខុសច្បាប់កាន់តែច្រើន ។ លោកព្រួយបារម្ភថា កម្ពុជាអាចនឹងមានវាសនាត្រូវបាត់បង់ដូចកម្ពុជាក្រោម បើមិនយកចិត្តទុកដាក់ ចំពោះបញ្ហាវៀតណាម។ ដូចលោក គឹម សុខ ដែរលោក អ៊ុំ សំអាន អះអាងថា លោក ហ៊ុន សែន មិនទុកចិត្តផ្ទៃក្នុងរបស់គណបក្សប្រជាជនឡើយ ព្រោះមានការរង្គោះរង្គើខ្លាំង៖ «លោក ហ៊ុន សែន គាត់មិនទុកចិត្តផ្ទៃក្នុងគណបក្សប្រជាជនទេ បើសិនគាត់ទុកចិត្ត គាត់ប្រាកដជាប្រគល់តំណែងនាយករដ្ឋមន្ត្រីទៅឱ្យលោក ស ខេង ឬអ្នកដទៃទៀត ក្នុងគណបក្សប្រជាជនហើយ នៅពេលដែលគាត់ឈប់ធ្វើជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែគាត់អត់ទុកចិត្តផ្ទៃក្នុងគណបក្សប្រជាជនហ្នឹង បើសិនគាត់ប្រគល់តួនាទីទៅឱ្យអ្នកផ្សេងទៀត នៅពេលគាត់ឈប់ធ្វើនាយករដ្ឋមន្ត្រីអាចគាត់ទោសគាត់ពីបទឧក្រិដ្ឋណាមួយអីចឹង ពីព្រោះគាត់បាតដៃប្រឡាក់ឈាម ។ ដូច្នេះ គាត់ទុកចិត្តតែកូនគាត់ទេ គាត់យល់ថា មានតែកូនគាត់ទេ ដែលអាចការពារគាត់ឱ្យរួចផុតពីការកាត់ទោសនៅពេលអនាគត ដែលគាត់ឈប់ធ្វើនាយករដ្ឋមន្ត្រី។ អ្នកដទៃទៀត ក៏គេចង់ក្លាយជានាយករដ្ឋមន្ត្រីដែរ ដូចលោក ស ខេង ឬមន្ត្រីដទៃទៀត នៅពេលដែលលោក ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្ត្រី។ ប៉ុន្តែលោក ហ៊ុន សែន គាត់អត់ចង់ប្រគល់តួនាទីហ្នឹងទៅឱ្យអ្នកដទៃ អ៊ីចឹងផ្ទៃក្នុងគណបក្សប្រជាជន គេមិនសប្បាយចិត្តដែរ។ ដូច្នេះហើយ បានជាលោក ហ៊ុន ម៉ាណែត ត្រូវពឹងវៀតណាម ដើម្បីធ្វើម៉េចឱ្យគាំទ្រខ្លួនជានាយករដ្ឋមន្ត្រីនាពេលអនាគត ដោយសម្របសម្រួលផ្ទៃក្នុងគណបក្សប្រជាជន»។
លោក អ៊ុំ សំអាន ថា កត្តាមិនទុកចិត្តផ្ទៃក្នុងគណបក្សប្រជាជន ធ្វើឱ្យលោក ហ៊ុន សែន សម្រេចចិត្តវិសោធនកម្មរដ្ឋធម្មនុញ្ញលោកទី១០ ដែលធានាថា លោក ហ៊ុន ម៉ាណែត អាចធ្វើជានាយករដ្ឋមន្ត្រីបានទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
ពាក់ព័ន្ធនឹងរឿងនេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ កាលពីថ្ងៃទី១០ ខែសីហា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាញឹកញយបានប្រកាសបន្តពង្រឹងអំណាច និងគាំទ្រកូនប្រុសច្បងរបស់លោកពេញទំហឹងឲ្យស្នងតំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ។ ថ្មីៗនេះ លោក ក៏បានប្រកាសជំហរឱ្យកូន ឱ្យចៅលោកបន្តតំណែងនាយករដ្ឋមន្ត្រីតជំនាន់។
ក្នុងផែនការផ្ទេរអំណាចតទៅឱ្យកូននេះ សមាជិករបស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានសម្រេចជាឯកច្ឆន្ទឱ្យលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កាលពីចុងខែធ្នូ ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។