បាតុករចម្រុះជាតិសាសន៍បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅរដ្ឋធានីវ៉ាស៊ីនតុន (Washington D.C.) កាលពីថ្ងៃទី ១២ ខែឧសភា ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់អាស៊ាន។ បាតុកម្មនេះធ្វើឡើងក្នុងឱកាសដែលមេដឹកនាំអាស៊ានមួយចំនួនដែលត្រូវបានគេចាត់ទុកថា មេដឹកនាំផ្ដាច់ការ និងក្រាញអំណាច កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ក្រុមបាតុករជាង ៤រយនាក់ (៤០០) បានជួបជុំគ្នានៅវិមានវ៉ាស៊ីនតោន (Washington Monument) នៅម៉ោង ១០ ព្រឹក ហើយតំណាងរបស់ក្រុមបាតុករនីមួយៗបានឡើងថ្លែងសារជាភាសាអង់គ្លេសដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នា គឺទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ៖ «ក្រុមបាតុករសុទ្ធតែជាជាតិសាសន៍ដែលមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា ខ្មែរ ឡាវ ភូមា វៀតណាម និងម៉ុងតាញ៉ា ជាដើម ប៉ុន្តែបាតុករខ្មែរមានចំនួនច្រើនជាងគេ គឺជាងពាក់កណ្ដាលនៃចំនួនបាតុករសរុប » ។
ជនភៀសខ្លួននយោបាយដែលទទួលបានសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក លោក រិន រដ្ឋ ថ្លែងថា លោក និងពលរដ្ឋខ្មែរដទៃទៀតមកចូលរួមបាតុកម្មនេះ ដោយឆន្ទៈពិតប្រាកដ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិបត្តិនយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា៖ « បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកបាតុកម្មនេះ មកដោយឆន្ទៈ មនសិការគាត់ ដើម្បីចង់ឱ្យប្រទេសជាតិមានការផ្លាស់ប្ដូរ មានលទ្ធិប្រជាធិបតេយ្យពេញលេញ។ មិនដូចពួក ហ៊ុន សែន ដែលមកទទួលហ្នឹងទេ គឺមានការរៀបចំ។ ពួកខ្ញុំអត់ទេ អត់មានការរៀបចំពីអ្នកណាទេ។ ខ្ញុំរួមកម្លាំងគ្នា មានឆន្ទៈតែមួយ គឺសហការគ្នាដើម្បីមកធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន នេះតែម្ដង » ។
ក្រុមបាតុករបានជួបជុំគ្នា និងថ្លែងសារប្រមាណ ២ម៉ោង ទើបនាំគ្នាដើរក្បួនយាត្រាសំដៅទៅក្រសួងការបរទេសអាមេរិក។ នៅទីនោះ ក្រុមបាតុករបានបន្តស្រែកជ័យឃោស និងថ្លែងសារនយោបាយរៀងៗខ្លួន មុននឹងដាក់ញត្តិមួយច្បាប់ជូនក្រសួងការបរទេសសហរដ្ឋអាមេរិក។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក លោក អ៊ុង រិទ្ធី ឱ្យដឹងថា ខ្លឹមសារនៃញត្តិនេះ គឺស្នើដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ឱ្យលើកបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទៅជជែកជាមួយក្រុមមេដឹកនាំអាស៊ាន។ លោកបញ្ជាក់ថា ករណីសំខាន់ជាងគេដែលក្រុមបាតុករចង់ឱ្យរដ្ឋាភិបាលអាមេរិកជួយអន្តរាគមន៍នោះ គឺវិបត្តិនយោបាយនៅកម្ពុជា និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅប្រទេសភូមា៖ « យើងស្នើ ឱ្យអាមេរិកហ្នឹងត្រូវតែដាក់សម្ពាធ ឬក៏ដាក់ទណ្ឌកម្មទៅដល់ប្រទេសកម្ពុជា និងប្រទេសភូមា ជាពិសេសថ្នាក់ដឹកនាំណាដែលរំលោភសិទ្ធិមនុស្ស ហើយនិងសម្លាប់លទ្ធិប្រជាធិបតេយ្យ។ ឱ្យគេហ្នឹងបង្កកទ្រព្យសម្បត្តិ និង ឈប់បញ្ជូនអាវុធទៅឱ្យប្រទេសផ្ដាច់ការទាំងនោះ » ។
បាតុកម្មចម្រុះជាតិសាសន៍នេះបានបញ្ចប់ទៅនៅម៉ោងជាង ២រសៀល ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោក អ៊ុង រិទ្ធី វាយតម្លៃថា បាតុកម្មនេះទទួលបានជោគជ័យ ព្រោះអ្នកចូលរួមម្នាក់ៗបានបង្ហាញទឹកចិត្តពុះកញ្ជ្រោល និងពោរពេញដោយក្ដីសង្ឃឹម។ លោកបន្ថែមថា បាតុកម្មចម្រុះជាតិសាសន៍បែបនេះ នឹងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតំបន់អាស៊ីអាគ្នេយ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។