"អនុសាសន៍ គំនិត និង​ទស្សនៈ​សម្រាប់​អភិវឌ្ឍន៍​​កម្ពុជា​ក្រោយ​បោះឆ្នោត​ជាតិ​២០១៨"

0:00 / 0:00

សន្និសីទ​ស្តី​អំពី​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ពីរ នៅ​ក្រុង​មែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី (Australia)។ សន្និសីទ​ខ្មែរ​ពិភពលោក ដែល​មាន​រយៈពេល​បី​ថ្ងៃ មានការ​ចូលរួម​ពី​អ្នក​នយោបាយ អ្នក​សិក្សា និង​អ្នក​តាមដាន​នយោបាយ​នៅ​ប្រទេស​កម្ពុជា ពី​ប្រទេស​អូស្ត្រាលី ប្រទេស​បារាំង សហរដ្ឋអាមេរិក និង​ពី​ប្រទេស​កម្ពុជា​ផង។

ក្នុង​គោលបំណង​ផ្ដល់​អនុសាសន៍ និង​ចូលរួម​វិភាគទាន​ជា​គំនិត និង​ទស្សនៈ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​កា​បោះឆ្នោត នា​កក្កដា​ឆ្នាំ​២០១៨ នេះ អ្នក​ជំនាញ​កម្ពុជា និង​បរទេស​មួយ​ចំនួន បាន​មក​ប្រជុំ​គ្នា​នៅ​ទីក្រុង​មែលប៊ន រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មិនា ដល់​ថ្ងៃ​ទី​២​ខែ​មេសា។ អ្នក​ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ ភាគច្រើន​សុទ្ធតែ​ជា​អ្នក​សិក្សា ឬក៏​ជា​អ្នក​ដែល​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា មាន​ដូចជា លោក​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា អ្នកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីលការ​ជាដើម។

ក្រៅ​ពី​នេះ សន្និសីទ​ក៏​មាន​កិត្តិយស ដោយ​បាន​ការចូលរួម​ពី​ឥស្សរជន​អូស្ត្រាលី ដែល​ជា​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស គឺ​អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans)​។ លោក​សាស្ត្រាចារ្យ ខាល ថាយ័រ (Carl Thayor) ក៏​បាន​មក​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​ឱកាស​នេះ​ដែរ។

លោក តាក់ ម៉េងហៀង ដែល​ជា​បេក្ខជន​តំណាងរាស្ត្រ និង​ជា​អ្នក​រៀបចំ​សន្និសីទ​នេះ ម្នាក់​ក្នុង​ចំណោម​អ្នក​រៀបចំ​ដទៃ​ទៀត​មានប្រសាសន៍ថា លោក​រីករាយ​ដោយ​ឃើញ​សន្និសីទ​ដំណើរការ​ទៅ​យ៉ាង​រលូន​ក្នុង​ថ្ងៃ​ទី​ពីរ​នេះ៖ «បាទ​ ! ថ្ងៃនេះ​ជា​ថ្ងៃ​ទី​ពីរ ហើយ​ការចូលរួម​របស់​វាគ្មិន​របស់​យើង ហើយ​និង​អ្នក​មក​ស្ដាប់​ការ​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​របស់​វាគ្មិន​ហ្នឹង គឺថា មាន​ទឹក​មុខ​រំភើប ហើយ​ថា នេះ​គឺជា​សន្និសីទ គឺជា​ការ​ជួបជុំ​របស់​មេដឹកនាំ​ខ្មែរ​ក្នុង​ទូទាំង​ពិភពលោក​យើង ដែល​អញ្ជើញ​មកពី​ប្រទេស​ផ្សេងៗ​ហ្នឹង​ ... គឺ​គាត់​នៅតែ​យកចិត្តទុកដាក់​ជា​ខ្លាំង ហើយ​យល់ថា នេះ គឺជា​កម្មវិធី​សន្និសីទ​មួយ ដែល​កំពុងតែ​រង់ចាំ​យ៉ាង​យូរ គឺជា​សន្និសីទ​មួយ​ដែល​ធ្វើឡើង​នៅ​ចំ​ពេល​វេលា មុន​ពេល​ការ​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា»។

កិច្ចពិភាក្សា​ផ្តោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​សម្រាប់​កសាង​ប្រទេស​កម្ពុជា អោយ​មាន​ការ​អភិវឌ្ឍ​​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​គ្រប់រូប មាន​តាំងពី​ថា​តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​លុបបំបាត់​អំពើពុករលួយ ការ​កាត់បន្ថយ​ការ​ស្លាប់​មក​ពី​គ្រោះថ្នាក់​ចរាចរ ការ​បើក​ទូលាយ​នូវ​សិទ្ធិ​ផ្សព្វផ្សាយ និង​សារព័ត៌មាន​ជាដើម។

ពិធី​នេះ​រៀបចំ​ឡើង​នៅ​ក្នុង​សាលសន្និសីទ នៃ​សាលាក្រុង ដេនឌឺណុង (Dandenong) ទី​ដែល​ជនជាតិ​ខ្មែរ​អូស្ត្រាលី​មួយ​រូប គឺ​លោក ជា យូហ៊ន មាន​តំណែង​ជា​ចៅហ្វាយក្រុង។ ដ្បិតតែ​ខ្លួន មាន​វ័យ​ចំណាស់ និង​មាន​ការងារ​មមាញឹក​ក្នុង​តំណែង​ជា​ចៅហ្វាយក្រុង​យ៉ាងណាក៏ដោយ ក៏​លោក ជា យូហ៊ន ឆ្លៀត​ឱកាស​ជួយ​ផ្ដួចផ្ដើម​អោយ​មាន​ការ​ជួបជុំ​នេះ​ឡើង។

សន្និសីទ​ខ្មែរ​ពិភពលោក​លើក​ទី១ ស្ដីពី​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត នា​ទីក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨។
សន្និសីទ​ខ្មែរ​ពិភពលោក​លើក​ទី១ ស្ដីពី​កិច្ច​អភិវឌ្ឍន៍​នៅ​កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត នា​ទីក្រុង​មែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៨។

លោក ជា យូហ៊ន មាន​ប្រសាសន៍ថា សន្និសីទ​ខ្មែរ​ពិភពលោក នៅ​ទីក្រុង​មែលប៊ន​នេះ គឺជា​ការ​ជួបជុំ​នៃ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស​លើកទីមួយ ដើម្បី​ពិភាក្សា​គ្នា​ផ្ដល់​ជា​អនុសាសន៍ និង​គំនិត​ដល់​អ្នកនយោបាយ​ខ្មែរ​នៅ​ក្នុង​ប្រទេស។ លោក​បន្ត​ថា សន្និសីទ​របៀប​នេះ នឹង​រៀបចំ​ជា​បន្ត​ទៅ​ទៀត នៅ​ប្រទេស​ដទៃ​មួយ​ចំនួន​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​ដូចជា​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​បារាំង​ជាដើម។

ការរៀបចំ​ជា​លើក​ទីមួយ​នៅ​ប្រទេស​អូស្ត្រាលី​នេះ បាន​ផ្ដល់​ភាព​ងាយស្រួល និង​ឱកាស​សម្រាប់​ការ ចូលរួម​ពី​សំណាក់​លោក ហ្គារ៉េត អេវ៉ាន អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ក្រុង​ប៉ារីស។ អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍ លោក ហ្គារ៉េត អេវ៉ាន មាន​ប្រសាសន៍​ថា ការ​រើ​បម្រាស់​អោយ​រួច​ពី​របប​ផ្ដាច់ការ សំខាន់​បំផុត គឺ​ការ​ងើបឡើង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​តែម្ដង។ លោក​បញ្ជាក់​ថា ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​សំណាក់​បរទេស​ជា​រឿង​មួយ តែ​កម្លាំង​ធំ​បំផុត​ដែល​អាច​ធ្វើ​អោយ​មានការ​ផ្លាស់ប្ដូរ​បាន គឺជា​កម្លាំង​ងើប​តតាំង​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​តែម្ដង៖ «យើង​ត្រូវតែ​ទទួល​ភាព​ប្រាកដ​និយម។ ខ្ញុំ​មិន​គិត​ថា​យើង​នឹង​មាន​ទឹកមន្ត​ពី​សហគមន៍​អន្តរជាតិ ដើម្បី​មក​ជួយ​ដោះស្រាយ​ប្រទេស​កម្ពុជា​នោះ​ឡើយ ហើយ​ឧបមា​ថា​មាន​ក៏​ដោយ​ចុះ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ក៏​ចែងថា ទាល់​តែ​មាន​ភាគី​កម្ពុជា​អំពាវនាវ ដល់​ភាគី​ពាក់ព័ន្ធ មាន​អង្គការសហប្រជាជាតិ​ជាដើម ក្នុង​ការ​ចាត់​វិធានការ​សមរម្យ។ វា​មិនមែន​ជា​ដំណើរការ​មួយ ដែល​អាច​ដំណើរការ​បាន​ដោយ​ខ្លួនឯង​បាន​ដែរ។ ដូច្នេះ​ជា​រួម វា​ត្រូវតែ​ងាក​មក​រក​ការ​ដោះស្រាយ​នយោបាយ​ពី​ក្នុង​ប្រទេស​វិញ​ដដែល»។

ទោះជា​យ៉ាងណាក៏ដោយ លោក ហ្គារ៉េត អេវាន ក៏​កត់សំគាល់​អំពី​ជំហរ​រឹងមាំ​របស់​គណបក្សប្រឆាំង​ដែរ៖ «ខ្ញុំ​សូម​កោតសរសើរ​នូវ​ភាព​ក្លាហាន​របស់​អ្នកនយោបាយ​ប្រឆាំង។ ទោះបីជា​ខ្ញុំ​មិន​គាំទ្រ​រាល់​ជំហរ​របស់​បុគ្គល​ខ្លះ​ក៏ដោយ ក៏​ភាព​ក្លាហាន​នៃ​ការដឹកនាំ​នយោបាយ​ប្រឆាំង បាន​បង្ហាញ​ច្បាស់ និង​គួរ​អោយ​ខ្ញុំ​ស្ញប់ស្ញែង​ណាស់ ហើយ​ខ្ញុំ​សង្ឃឹមថា​សកម្មភាព​នេះ​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដូច​ខ្ញុំ តែង​រំលឹក​ម្ដង​ហើយ​ម្ដងទៀត បើ​ពលរដ្ឋ​ទទួល​ការជិះជាន់ ពលរដ្ឋ​មិន​មាន​សេចក្ដី​សុខ និង​ត្រូវ​គេ​បំបិទមាត់​មិន​អោយ​មាន​សំឡេង​ក្នុង​របៀប​នៃ​ការ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស និង​ពលរដ្ឋ​ត្រូវ​គេ​ជិះជាន់ ហើយ​ប្រសិនបើ​មាន​មនុស្ស​ភាគច្រើន​អាក់អន់ស្រពន់ចិត្ត​ហើយ របប​ផ្ដាច់ការ​ទោះជា​អាក្រក់​បែប​ណា​ក៏ដោយ ក៏​មិន​យូរ​មិន​ឆាប់ ពិបាក​នឹង​ទប់ទល់​បាន​ដែរ​ .... កង់​អាច​វិល​ថយក្រោយ​បាន ...»។

អ្នកចូលរួម​ម្នាក់ទៀត ដែល​មកពី​ក្រុង​ស៊ីដនី អ្នកស្រី សុវណ្ណារ៉េន ខេ មាន​ប្រសាសន៍​ថា ចំពោះ​រដ្ឋាភិបាល​ណា​ក៏​ដោយ ការ​ជួយ​ផ្ដល់​វិភាគទាន​ជា​គោលនយោបាយ​ពី​អ្នក​ជំនាញ​ដូចជា​លទ្ធផល​ដែល​នឹង​បាន​ពី​សន្និសីទ​នេះ​ក៏ដោយ តែ​បើ​មាន​គោល​ការណ៍ និង​ច្បាប់​ហើយ ហើយ​គ្មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​អនុវត្តន៍​ក៏​មិនបាន​ផល​ដែរ៖ «តាម​ដែល​ខ្ញុំ​ប្រជុំ​ហ្នឹង វា​មាន​សំណួរ​ដែល​ខ្ញុំ​ចូលរួម​នៅ​ក្នុង​អង្គប្រជុំ​ហ្នឹង គឺ​វា​មាន​ពីរ​បី​លក្ខណៈ ដូចជា​ការ​បំបាត់​អំពើពុករលួយ ហើយ​យើង​មាន​ធ្វើ​អនុសាសន៍ និង​សេចក្ដី​សម្រេច​ចិត្ត​ជាច្រើន​អន្លើ។ ហើយ​បងប្អូន​យើង​ដែល​នៅ​ក្រៅ​ប្រទេស ដែល​មាន​ជំនាញ​ខាង​បច្ចេកទេស​អ្វី​ពី​បរទេស​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​អនុសាសន៍​ហ្នឹង ជាពិសេស​គឺ​ការ​អនុវត្ត។ ច្បាប់​គេ​មាន​ហើយ​នៅ​ស្រុក​ខ្មែរ គឺ​មិន​ខុស​ពី​នៅ​បរទេស​ទេ ប៉ុន្តែ ការអនុវត្ត​វា​គ្មាន។ ដូច្នេះ អ្វី​ដែល​យើង​ចង់បាន​ហ្នឹង គឺ​ចង់បាន​ឲ្យ​ប្រទេស​កម្ពុជា អនុវត្ត​ច្បាប់។ ហើយ​អ្នកនយោបាយ​ហ្នឹង ជាពិសេស​គឺ​អ្នក​ដែល​ខាងលើ​ហ្នឹង ត្រូវ​ធ្វើ​ម៉េច​គាំទ្រ​ច្បាប់​ដែល​មាន ហើយ​អនុវត្ត​ជាក់ស្ដែង»។

នៅ​ថ្ងៃ​ទី​បី​ដែល​ជា​ថ្ងៃ​បង្ហើយ អ្នកចូលរួម​សន្និសីទ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​សេចក្ដីព្រាង​នូវ​អនុសាសន៍​និង​គោលនយោបាយ​នានា សម្រាប់​ផ្ញើ​ជូន​គណបក្ស​នយោបាយ​ដែល​ចូលរួម​ក្នុង​ការ​បោះឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។