អតីត​មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ម៉ៅ សុធានី
2023.04.21
អតីត​មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង សុំ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច លោក យឹម ស៊ីណន ថត​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយ​ពេល​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។
រូប៖ ហ្វេសប៊ុកប្រពន្ធលោក យឹន ស៊ីណន

អតីត​មេដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជា​មនុស្ស​ជំនិត​លោក កឹម សុខា ម្នាក់​គឺ​លោក យឹម ស៊ីណន សម្រេច​ចិត្ត​មិន​រួម​ដំណើរ​ជាមួយ​លោក កឹម សុខា ទៀត​ទេ។ អតីត​មេដឹកនាំ​យុវជន​រូប​នេះ បាន​ស្នើ​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក យឹម ស៊ីណន អះអាង​ថា ការ​សម្រេច​ចិត្ត​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ​ព្រោះ​ចាប់តាំង​ពី​លោក​ជាប់​ឃុំ​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​ដែល​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​មកនេះ លោក​​មិន​ទទួល​បាន​ការ​អាណិត​ ឬ​ការ​យក​ចិត្ត​ទុកដាក់​ពី​គណបក្ស​ប្រឆាំង​ម្ដង​ណា​ឡើយ ប៉ុន្តែ​មាន​អ្នកខ្លះ​ចោទ​ប្រកាន់​លោក​ថា ការ​ជាប់​ឃុំ​របស់​លោក​កន្លង​ទៅ ជា​ការ​សំដែង​ល្ខោន​ទៅ​វិញ។ អតីត​មេដឹកនាំ​ធ្វើ​បាតុកម្ម​​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ប្រទេស​កូរ៉េខាងត្បូង​រូប​នេះ លើកឡើង​ដូច្នេះ​តាមរយៈ​ហ្វេសប៊ុក​ប្រពន្ធ​របស់​លោក​ឈ្មោះ Makara Sophat Page នៅ​ថ្ងៃ​ទី២១ ខែ​មេសា។ លោក យឹម ស៊ីណន ក៏​បាន​វាយ​​ប្រហារ​អតីត​មិត្ត​នយោបាយ​របស់​លោក​ថា ជា​អ្នក​នយោបាយ​មាន​​ចរិត​នយោបាយ​ឃោរឃៅ អគុណធម៌​បំផុត និង​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ធ្វើ​ជា​មេដឹកនាំ​គ្រប់គ្រង​ជាតិ​ឡើយ។ អតីត​មនុស្ស​ជំនិត​លោក កឹម សុខា រូប​នេះ ក៏​ប្រកាស​ទៅរស់នៅ​ទ្រនំ​ថ្មី​ ហើយ​អះអាង​ថា ចូលរួម​ការពារ​សន្តិភាព​ជាមួយ​បក្ស​កាន់អំណាច ដោយ​លោក​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិនបើ​លោក ហ៊ុន សែន ផ្ដល់​ឱកាស។

Yim_Sinorn_wife_FB_042123_2.jpg
លោក យឹម ស៊ីណន ប្រពន្ធ និងកូនៗ របស់លោក ពេលចូលជួបលោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុក Makara Sophat ប្រពន្ធលោក យឹម ស៊ីណន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​ពី​លោក យឹម ស៊ីណន បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែ​មេសា។

ឆ្លើយតប​សំណើ​របស់​លោក យឹម ស៊ីណន ពេល​នេះ មន្ត្រី​បក្ស​កាន់អំណាច​អះអាង​ថា នៅ​ពេល​មាន​ជន​ណាមួយ​ស្នើ​សុំ​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​នេះ​មិនមែន​សុទ្ធតែ​យល់​ព្រម​ឱ្យ​ចូលរួម​ទេ គឺ​ត្រូវ​ការ​ពិនិត្យ​លក្ខណៈ​សម្បត្តិ​ជន​នោះ​ជាមុន​សិន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ឱ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច​ថ្ងៃ​ទី២១ ខែ​មេសា​ថា ការ​សម្រេច​ចិត្ត​របស់​លោក យឹម ស៊ីណន​ ពេល​នេះ​ជា​សេរីភាព​នៃ​ការ​ជ្រើសរើស​គណបក្ស​នយោបាយ ​ដែល​ខ្លួន​គាំទ្រ។ លោក​បន្ត​ទៀត​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា មើល​ឃើញ​ថា លោក យឹម ស៊ីណន បាន​បំពេញ​លក្ខន្តិកៈ​ របស់​គណបក្ស​ត្រឹមត្រូវ និង​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​ទើប​អាច​​អនុញ្ញាត​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច។

លោក ឈឹម ផលវរុណ៖ «គេ​អាច​មាន​សិទ្ធិ​សេរីភាព​ផ្លាស់ប្ដូរ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ហើយ​នេះ​ជា​រឿង​ធម្មតា​ទេ​ ហើយ​រឿង​​គុណសម្បត្តិ​ការងារ និង​ទស្សនៈ​នយោបាយ​បុគ្គល​ម្នាក់ៗ​ត្រូវ​ដែល​ជា​សមាជិក​សមាជិកា​គណបក្ស​ត្រូវ​គោរព​គោលការណ៍​នយោបាយ​ និង​លក្ខន្តិកៈ​គណបក្ស​ទៅ​គ្រប់គ្រាន់​​ហើយ​មាន​អី​ទៀត​ជា​គណបក្ស​នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​មាន​ត្រូវ​ការ​រារាំង​ការ​ជ្រើសរើស​និង​ការ​ផ្លាស់ប្ដូរ​ឯណា»

បើ​ទោះជា​មន្ត្រី​បក្ស​កាន់​អំណាច​ អះអាង​បែប​នេះ​ក្ដី ប៉ុន្តែ កន្លង​មក​នៅ​ពេល​សកម្មជន​ ឬ​មន្ត្រី​បក្ស​ប្រឆាំង​ ឬ​អ្នក​នយោបាយ​មក​ពី​គណបក្ស​ណាមួយ​ក្ដី ​ដែល​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ គឺ​គណបក្ស​​នេះ​មិន​ដែល​ប្រកែក​ទេ មាន​តែ​ធ្វើ​ពិធី​ទទួល​យ៉ាង​សមរម្យ និង​ផ្ដល់​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ឱ្យ​អ្នក​ចុះចូល​ទាំង​នោះ​ផង​ក៏​មាន។

អ្នក​វិភាគ​នយោបាយ​បណ្ឌិត សេង សារី ប្រដូច​អ្នក​នយោបាយ​ដែល​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ ថា​ជា​ជំងឺ​កូវីដ១៩​ប្រភេទ​ថ្មី​គឺ​ប្រភេទ​ចុះចូល។ លោក​លើកឡើង​បែប​ឌឺដង​ទៀត​ថា បើ​ទោះ​ជា​​ជំងឺ​ប្រភេទ​ថ្មី​​នេះ​បាន​ឆ្លង​ទៅ​មេទ័ព​អាវធំ​របស់​លោក​ កឹម សុខា ទៅ​ហើយ​ក្ដី តែ​មិន​​ទាន់​ឆ្លង​ទៅ​លោក កឹម សុខា ទេ ដោយសារ​លោក កឹម សុខា ជាប់​ធ្វើ​ចត្តាឡីស័ក ២៧ឆ្នាំ​នៅ​ក្នុង​ផ្ទះ។

លោក សេង សារី៖ «យើង​ចាប់​ផ្ដើម​ពី​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ហើយ​ដំណាក់កាល​បន្ត​មក​ទៀត​មាន​បណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត សាម អ៊ីន មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ហើយ​ឥឡូវ​ហ្នឹង​រាល​មក​ដល់​លោក យឹម ស៊ីណន ដែល​ជា​យុវជន​ស្នូល​សំខាន់​របស់​លោក កឹម សុខា ហើយ​ខ្ញុំ​គិត​ថា ប្រហែល​ជា​មាន​បន្ត​ទៀត​ក្នុង​ចំណោម​អ្នក​គាំទ្រ​លោក កឹម សុខា នឹង​អាច​មាន​អ្នក​ចូលរួម​បន្ត​ទៀត អ៊ីចឹង​ហើយ​បាន​ខ្ញុំ​ប្រៀបប្រដូច​ការ​ចុះចូល​នៅ​ក្នុង​គណបក្ស​ប្រជាជន​ដូច​ជា​ជំងឺ​ឆ្លង​ចេញ​ពី​បក្ស​មួយ​ចូល​បក្ស​មួយ»

លោក យឹម ស៊ីណន ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​​លោក និង​ដៃគូ​របស់​លោក​ម្នាក់ទៀត​គឺ​លោក ហ៊ុន កុសល កាលពី​ថ្ងៃ​ទី២១ ខែ​មីនា បន្ទាប់ពី​ពួកគាត់ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​រូបភាព​ដែល​ចោទ​ថា លោក ហ៊ុន សែន មានអំណាច​ជាង​ព្រះមហាក្សត្រ ក្នុង​ពេល​ចូលរួម​ព្រះ​រាជពិធី​ប្រទាន​ព្រះអគ្គី​ជ័យ​កីឡា នៅ​ខេត្ត​សៀមរាប។ ទោះ​យ៉ាងណា លោក ហ៊ុន សែន ក៏​អនុញ្ញាត​ឱ្យ​លោក យឹម ស៊ីណន នៅ​ក្រៅ​ឃុំ​វិញ ​កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា​ដដែល ក្រោយ​អតីត​មេ​បាតុកម្ម ​និង​ជា​សកម្មជន​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ​ម្នាក់​ ដែល​និយម​ខាង​លោក កឹម សុខា រូបនេះ បាន​បង្ហោះ​វីដេអូ​សុំ​ទោស​លោក ហ៊ុន សែន ចេញ​ពី​ពន្ធនាគារ។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ មាន​ការ​បង្ហោះ​សារ​សំឡេង​បែក​ធ្លាយ​ដែល​គេ​សង្ស័យ​ថា ជា​សំឡេង​របស់​លោក យឹម ស៊ីណន សន្ទនា​ជាមួយ​អតីត​សកម្មជន​ប្រឆាំង ​ដែល​ងាក​មក​គាំទ្រ​គណបក្ស​កាន់អំណាច ​គឺ​កញ្ញា ធី សុវណ្ណថា និយាយ​ពី​ការរៀបចំ​របស់​កញ្ញា ធី សុវណ្ណថា ដើម្បី​អាច​ឱ្យ​លោក យឹម ស៊ីណន ជួប​ជាមួយ​កូន​របស់​លោក ហ៊ុន សែន៕

សម្រាប់លោកអ្នកនាង ដែលចង់អានរឿងទាក់ទងនឹងលោក យឹម ស៊ីណន ជាភាសា​អង់គ្លេស សូមចុចលើតំណភ្ជាប់នេះ៖ Top opposition party youth leader switches allegiance to Hun Sen's ruling party

A former opposition party youth leader who was recently jailed after he posted comments on Facebook about the government and Cambodia’s king announced on Friday that he was joining the ruling Cambodian People’s Party.

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អ.ស.ប ​គ្មាន​ទេ​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។