អតីតមេដឹកនាំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូង និងជាមនុស្សជំនិតលោក កឹម សុខា ម្នាក់គឺលោក យឹម ស៊ីណន សម្រេចចិត្តមិនរួមដំណើរជាមួយលោក កឹម សុខា ទៀតទេ។ អតីតមេដឹកនាំយុវជនរូបនេះ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក យឹម ស៊ីណន អះអាងថា ការសម្រេចចិត្តសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ព្រោះចាប់តាំងពីលោកជាប់ឃុំរយៈពេលខ្លី និងរយៈពេលដែលលោកនៅក្រៅឃុំបណ្ដោះអាសន្នមកនេះ លោកមិនទទួលបានការអាណិត ឬការយកចិត្តទុកដាក់ពីគណបក្សប្រឆាំងម្ដងណាឡើយ ប៉ុន្តែមានអ្នកខ្លះចោទប្រកាន់លោកថា ការជាប់ឃុំរបស់លោកកន្លងទៅ ជាការសំដែងល្ខោនទៅវិញ។ អតីតមេដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន នៅប្រទេសកូរ៉េខាងត្បូងរូបនេះ លើកឡើងដូច្នេះតាមរយៈហ្វេសប៊ុកប្រពន្ធរបស់លោកឈ្មោះ Makara Sophat Pageនៅថ្ងៃទី២១ ខែមេសា។ លោក យឹម ស៊ីណន ក៏បានវាយប្រហារអតីតមិត្តនយោបាយរបស់លោកថា ជាអ្នកនយោបាយមានចរិតនយោបាយឃោរឃៅ អគុណធម៌បំផុត និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិឡើយ។ អតីតមនុស្សជំនិតលោក កឹម សុខា រូបនេះ ក៏ប្រកាសទៅរស់នៅទ្រនំថ្មី ហើយអះអាងថា ចូលរួមការពារសន្តិភាពជាមួយបក្សកាន់អំណាច ដោយលោកសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើលោក ហ៊ុន សែន ផ្ដល់ឱកាស។

វិទ្យុអាស៊ីសេរីមិនអាចសុំការបកស្រាយបន្ថែមពីលោក យឹម ស៊ីណន បានទេនៅថ្ងៃទី២១ ខែមេសា។
ឆ្លើយតបសំណើរបស់លោក យឹម ស៊ីណន ពេលនេះ មន្ត្រីបក្សកាន់អំណាចអះអាងថា នៅពេលមានជនណាមួយស្នើសុំចូលរួមជីវភាពជាមួយគណបក្សកាន់អំណាច គឺគណបក្សនេះមិនមែនសុទ្ធតែយល់ព្រមឱ្យចូលរួមទេ គឺត្រូវការពិនិត្យលក្ខណៈសម្បត្តិជននោះជាមុនសិន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ឱ្យវិទ្យុអាស៊ីសេរីនៅល្ងាចថ្ងៃទី២១ ខែមេសាថា ការសម្រេចចិត្តរបស់លោក យឹម ស៊ីណន ពេលនេះជាសេរីភាពនៃការជ្រើសរើសគណបក្សនយោបាយ ដែលខ្លួនគាំទ្រ។ លោកបន្តទៀតថា ប្រសិនគណបក្សប្រជាជនកម្ពុជា មើលឃើញថា លោក យឹម ស៊ីណន បានបំពេញលក្ខន្តិកៈ របស់គណបក្សត្រឹមត្រូវ និងមានគុណសម្បត្តិគ្រប់គ្រាន់ទើបអាចអនុញ្ញាតឱ្យចូលរួមជាមួយគណបក្សកាន់អំណាច។
លោក ឈឹម ផលវរុណ៖«គេអាចមានសិទ្ធិសេរីភាពផ្លាស់ប្ដូរពីគណបក្សមួយទៅគណបក្សមួយហើយនេះជារឿងធម្មតាទេ ហើយរឿងគុណសម្បត្តិការងារ និងទស្សនៈនយោបាយបុគ្គលម្នាក់ៗត្រូវដែលជាសមាជិកសមាជិកាគណបក្សត្រូវគោរពគោលការណ៍នយោបាយ និងលក្ខន្តិកៈគណបក្សទៅគ្រប់គ្រាន់ហើយមានអីទៀតជាគណបក្សនៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យសេរីពហុបក្សមានត្រូវការរារាំងការជ្រើសរើសនិងការផ្លាស់ប្ដូរឯណា»។
បើទោះជាមន្ត្រីបក្សកាន់អំណាច អះអាងបែបនេះក្ដី ប៉ុន្តែ កន្លងមកនៅពេលសកម្មជន ឬមន្ត្រីបក្សប្រឆាំង ឬអ្នកនយោបាយមកពីគណបក្សណាមួយក្ដី ដែលសុំចុះចូលជាមួយគណបក្សកាន់អំណាច គឺគណបក្សនេះមិនដែលប្រកែកទេ មានតែធ្វើពិធីទទួលយ៉ាងសមរម្យ និងផ្ដល់តួនាទីក្នុងជួររដ្ឋាភិបាលឱ្យអ្នកចុះចូលទាំងនោះផងក៏មាន។
អ្នកវិភាគនយោបាយបណ្ឌិត សេង សារី ប្រដូចអ្នកនយោបាយដែលទៅចុះចូលជាមួយគណបក្សកាន់អំណាច ថាជាជំងឺកូវីដ១៩ប្រភេទថ្មីគឺប្រភេទចុះចូល។ លោកលើកឡើងបែបឌឺដងទៀតថា បើទោះជាជំងឺប្រភេទថ្មីនេះបានឆ្លងទៅមេទ័ពអាវធំរបស់លោក កឹម សុខា ទៅហើយក្ដី តែមិនទាន់ឆ្លងទៅលោក កឹម សុខា ទេ ដោយសារលោក កឹម សុខា ជាប់ធ្វើចត្តាឡីស័ក ២៧ឆ្នាំនៅក្នុងផ្ទះ។
លោក សេង សារី៖«យើងចាប់ផ្ដើមពីគណបក្សខ្មែរស្រឡាញ់ជាតិ ហើយដំណាក់កាលបន្តមកទៀតមានបណ្ឌិត យ៉ង សាំងកុមារ បណ្ឌិត សាម អ៊ីន មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានហើយឥឡូវហ្នឹងរាលមកដល់លោក យឹម ស៊ីណន ដែលជាយុវជនស្នូលសំខាន់របស់លោក កឹម សុខា ហើយខ្ញុំគិតថា ប្រហែលជាមានបន្តទៀតក្នុងចំណោមអ្នកគាំទ្រលោក កឹម សុខា នឹងអាចមានអ្នកចូលរួមបន្តទៀត អ៊ីចឹងហើយបានខ្ញុំប្រៀបប្រដូចការចុះចូលនៅក្នុងគណបក្សប្រជាជនដូចជាជំងឺឆ្លងចេញពីបក្សមួយចូលបក្សមួយ»។
លោក យឹម ស៊ីណន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនលោក និងដៃគូរបស់លោកម្នាក់ទៀតគឺលោក ហ៊ុន កុសល កាលពីថ្ងៃទី២១ ខែមីនា បន្ទាប់ពីពួកគាត់ បានបង្ហោះសារតាមបណ្ដាញសង្គម ពាក់ព័ន្ធនឹងរូបភាពដែលចោទថា លោក ហ៊ុន សែន មានអំណាចជាងព្រះមហាក្សត្រ ក្នុងពេលចូលរួមព្រះរាជពិធីប្រទានព្រះអគ្គីជ័យកីឡា នៅខេត្តសៀមរាប។ ទោះយ៉ាងណា លោក ហ៊ុន សែន ក៏អនុញ្ញាតឱ្យលោក យឹម ស៊ីណន នៅក្រៅឃុំវិញ កាលពីថ្ងៃទី២៨ ខែមីនាដដែល ក្រោយអតីតមេបាតុកម្ម និងជាសកម្មជនបក្សប្រឆាំងដ៏លេចធ្លោម្នាក់ ដែលនិយមខាងលោក កឹម សុខា រូបនេះ បានបង្ហោះវីដេអូសុំទោសលោក ហ៊ុន សែន ចេញពីពន្ធនាគារ។ កាលពីប៉ុន្មានឆ្នាំមុន មានការបង្ហោះសារសំឡេងបែកធ្លាយដែលគេសង្ស័យថា ជាសំឡេងរបស់លោក យឹម ស៊ីណន សន្ទនាជាមួយអតីតសកម្មជនប្រឆាំង ដែលងាកមកគាំទ្រគណបក្សកាន់អំណាច គឺកញ្ញា ធី សុវណ្ណថា និយាយពីការរៀបចំរបស់កញ្ញា ធី សុវណ្ណថា ដើម្បីអាចឱ្យលោក យឹម ស៊ីណន ជួបជាមួយកូនរបស់លោក ហ៊ុន សែន៕
សម្រាប់លោកអ្នកនាង ដែលចង់អានរឿងទាក់ទងនឹងលោក យឹម ស៊ីណន ជាភាសាអង់គ្លេស សូមចុចលើតំណភ្ជាប់នេះ៖ Top opposition party youth leader switches allegiance to Hun Sen's ruling party
A former opposition party youth leader who was recently jailed after he posted comments on Facebook about the government and Cambodia’s king announced on Friday that he was joining the ruling Cambodian People’s Party.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។