ក្រុម​យុវជន​ចង់​ឃើញ​មេដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស

0:00 / 0:00

កិច្ចព្រមព្រៀង​​សន្តិភាព​​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មាន​អាយុ​កាល ៣០ ឆ្នាំ​ហើយ គិតត្រឹមឆ្នាំ២០២១ នេះ ក៏ប៉ុន្តែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ​នៅ​មិនទាន់​​បាន​​ពេញលេញ​នៅ​ឡើយ​ទេ។ ជាង​នេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន ហាក់​ព្យាយាម​បន្សាប​កិច្ចព្រមព្រៀង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត តាមរយៈ​ការ​បកស្រាយ​​តាម​​អំពើ​​ចិត្ត​ថា កិច្ចព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​តទៅទៀត​ហើយ។ ប៉ុន្តែ​ក្រុម​យុវជន​ដែល​បាន​សិក្សា​អំពី​រឿង​នេះ​មើល​ឃើញថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​មាន​តម្លៃ​ជា​អមតៈ​សម្រាប់​កូន​ខ្មែរ​គ្រប់​ជំនាន់។

ក្រុម​យុវជន​សកម្ម​ដែល​មាន​វ័យ​ស្របាល​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ជំរុញ​ឱ្យ​មេដឹកនាំ​បច្ចុប្បន្ន និង​មេដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត អនុវត្ត​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ប្រៀប​បាន​នឹង​យ័ន្ត​ការពារ​ប្រជាជាតិ​ខ្មែរ​ពី​ការ​ឈ្លាន​ពាន​របស់​បរទេស និង​ធ្វើ​ឱ្យ​ខ្មែរ​មាន​ការ​បង្រួបបង្រួម និង​អភិវឌ្ឍ​ជាតិ។ លោក​ថា ​មេដឹកនាំ​បច្ចុប្បន្ន និង​មេដឹកនាំ​ជំនាន់​ក្រោយ​ទៀត​ គប្បី​គោរព និង​អនុវត្ត​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បាន​ត្រឹមត្រូវ។ លោក​បន្ថែម​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស មាន​សុពលភាព​ជា​រៀង​ដរាប មិនមែន​ដូច​​ការ​​បកស្រាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​ទេ។ លោក អ៊ុល វ៉ាន់ សង្កត់ធ្ងន់​ថា ការ​បកស្រាយ​របស់​រដ្ឋាភិបាល​ដែល​ថា កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​នេះ​អស់​សុពលភាព​នោះ គឺ​ជាការ​ខាត​​បង់​សម្រាប់​ជាតិ និង​ជា​ការ​គេចវេស​ពី​កាតព្វកិច្ច និង​ការ​ទទួលខុស​ត្រូវ​ទាំងឡាយ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ៖ « ក្នុង​នាម​ជា​យុវជន ខ្ញុំ​ចង់​ឃើញ​អ្នកនយោបាយ​មាន​ឆន្ទៈ​គ្រប់គ្រាន់ មាន​ឆន្ទៈ​មោះមុត​នៅក្នុង​ការ​ទទួល​ខុសត្រូវ ជាពិសេស ធានា​នូវ​ការគោរព​ឱ្យ​បាន​ពេញលេញ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ហើយ​អ្នកនយោបាយ​ខ្មែរ​គ្រប់រូប​គួរតែ​ចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ គឺ​ជា​អាវក្រោះ គឺជា​យន្តការ​អន្តរជាតិ​មួយ​ដែល​អាច​ការពារ​កម្ពុជា​បាន​ពី​ហានិភ័យ និង​ពី​បញ្ហា​ជម្លោះ​នយោបាយ​ផ្សេងៗ ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ខ្លួន​ឯង នៅក្នុង​តំបន់ ឬក៏​នៅ​ក្នុង​អន្តរជាតិ »។

ស្រដៀង​គ្នា​នេះ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេងកញ្ញា លី ស្រីស្រស់ ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​ដែល​ថា កិច្ច​ព្រមព្រៀង​នេះ​អស់​សុពលភាពនោះ គឺ​ជា​ការ​ខុស​ឆ្គង។ កញ្ញា​ថ្លែង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ជា​ឯកសារ​ច្បាប់​យ៉ាង​សំខាន់ ដែល​អាច​ជួយ​ដល់​កម្ពុជា​ឱ្យ​គេច​ផុត​ពី​ការរំលោភ​បំពាន​ពី​សំណាក់​បរទេស​ ទាំង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត។ ម្យ៉ាងវិញទៀតកញ្ញា​ថា កម្ពុជាអាចប្រើប្រាស់កិច្ចព្រមព្រៀងនេះ​ជា​មូលដ្ឋាន​ក្នុង​តវ៉ា​ទាមទារ​យក​មក​វិញ​នូវ​ទឹកដី​ដែល​បាត់​បង់​ទៅ​ប្រទេស​ជិតខាង តាម​រយៈ​សន្ធិសញ្ញា​មិន​ត្រឹមត្រូវ​ទាំងឡាយ​កាល​ពី​អតីតកាល៖ « ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង គឺ​វា​នៅតែ​មាន ហើយ​ការ​ដែល​គោរព និង​អនុវត្ត​ហ្នឹង វា​គឺជា​ចំណុច​សំខាន់​របស់​កម្ពុជា​ទៅលើ​ការ​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​កាន់​របប​​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ។ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​ការ​ធានា​ជា​ផ្លូវការ​អំពី​ការគោរព​អធិបតេយ្យភាព ហើយ​និង​ជា​ការ​រំឭក​ទៅ​ដល់​​ប្រទេស​ផ្សេងទៀត ដែល​ចង់​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា គឺ​ពួកគេ​មិន​អាច​ធ្វើ​បាន​ទេ បើ​យោង​តាម​កិច្ចព្រមព្រៀង​មួយ​នេះ។ អ៊ីចឹង​នេះ គឺ​ជា​ផលប្រយោជន៍ បើ​យើង​អាច​អនុវត្ត ឬក៏​យើង​ជំរុញ​លើ​ការ​លើកកម្ពស់​ស្មារតី​គោរព​ទៅលើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អ៊ីចឹង​យើង​អាច​បាន​ប្រយោជន៍​ទាំងអស់​ហ្នឹង​បាន»។

ការ​អំពាវនាវ​របស់ក្រុម​យុវជន​ដែល​ចង់​ឱ្យ​មេដឹកនាំ​ខ្មែរ​គោរព និង​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឱ្យ​បាន​ពេញលេញ​នេះ គឺ​ដោយសារ​ពួកគេ​សង្កេត​ឃើញ​​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​មួយ​ចំនួន បាន​នាំ​គ្នា​បកស្រាយថា កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​បាន «ស្លាប់​បាត់​ទៅ​ហើយ»។

លោក ហ៊ុន សែន ដែល​ជា​ហត្ថលេខី​មួយ​រូប​ដែរ​នោះ ធ្លាប់​លើក​ឡើង​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​បាន​អស់​សុពលភាព​ហើយ ពីព្រោះ​ខ្លឹមសារ​ទាំងឡាយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ អស់​ទៅ​ហើយ។ លោក​ថែម​ទាំង​និយាយ​ទៀត​ថា បើ​ចង់​ឱ្យ​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​វិញ ទាល់តែ​មាន​សង្គ្រាម​ជា​ថ្មី ហើយ​ស្ថាប័ន​ព្រះមហាក្សត្រ និង​តុលាការ​ខ្មែរ​ក្រហម​ជាដើម សុទ្ធ​សឹង​តែ​ត្រូវ​រំលាយ​ចោល៖ «បើ​គោរព ( កិច្ចព្រមព្រៀង ) ប៉ារីស ត្រូវ​ដោះលែង ខៀវ សំផន ត្រឡប់​មក​វិញ ហើយ​លុបចោល​តុលាការ ( ខ្មែរក្រហម ) ក្រវាត់​ចោល​ទៅ។ រឿង​វា​បាន​ឈាន​មក​ដល់​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​អនុវត្ត ព្រោះ​មាន​អ៊ុនតាក់ (UNTAC) ឯណា​ទៀត ? ហើយ​បើ​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កម្ពុជា​មិន​ត្រូវ​មាន​ព្រះ​ប្រមុខ​រដ្ឋ / ព្រះ​មហាក្សត្រ​​ទេ ត្រូវ​មាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ ហើយ​ព្រះមហាក្សត្រ​យើង គឺ​ត្រឹមតែ​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទេ ឯ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចុងក្រោយ គឺ​នៅ​លើ​ប្រធាន​អ៊ុនតាក់​ឯណោះ។ រឿង​ហ្នឹង​ហើយ​ដែល​ខ្ញុំ​មិន​ព្រម ហើយ​ខ្ញុំ​ទៅ​ជា​ក​នៅ​លើ​ជ្រញ់​នៅក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​តែម្ដង»។

ការ​បកស្រាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នេះ ត្រូវ​បាន​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក​យក​ទៅ​សូត្រ​រត់​មាត់​តាម​គ្នា និង​និយាយ​បន្ទរ ទាំង​ជាមួយ​អ្នក​សារព័ត៌មាន និង​ក្នុង​វេទិកា​សាធារណៈ​នានា។ ជាង​នេះ​ទៅ​ទៀត ពួកគេ​ហាក់​លើក​តម្កើង​លោក ហ៊ុន សែន តែ​ម្នាក់​គត់​ឱ្យ​មាន​គុណសម្បត្តិ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។

ជាឧទាហរណ៍ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជាលោក ប្រាក់ សុខុន បាន​ហៅ​លោក ហ៊ុន សែន ថា​ជា «មហា​រដ្ឋបុរស» នៅ​ចំពោះ​មុខ​អង្គទូត​បរទេស និង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត ក្នុង​ពិធី​ប្រារព្ធ​ខួប៣០ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នេះ កាល​ពី​ថ្ងៃទី២៣ ខែតុលា។ ក្នុង​សុន្ទរកថា​រយៈពេល​ជិត​មួយ​ម៉ោងលោក ប្រាក់ សុខុន ហាក់​មិន​សូវ​ផ្ដល់​តម្លៃ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ​ទេ ប៉ុន្តែ​លោក​បាន​លើក​តម្កើង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មាន​គុណសម្បត្តិ​លើស​តួអង្គ​ឯ​ទៀតៗ​ដែល​​បាន​​ចូលរួម​ផ្ដួចផ្ដើមដែល​ក្នុង​នោះ​មាន​ទាំង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ផង​ដែរ។ លោក​អះអាង​ថា លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ​តែម្នាក់​គត់​ដែល​នាំមក​នូវ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ទឹកដី​នៅ​ចុងឆ្នាំ១៩៩៨ តាមរយៈ​នយោបាយ​ឈ្នះ-ឈ្នះ៖« រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ផ្សាយ​នូវ​ក្រដាស​ប្រាក់​ថ្មី​មាន​តម្លៃ ៣ម៉ឺនរៀល ( ៣០ . ០០០ ) ។ តាមរយៈ​ការ​បោះពុម្ព​ផ្សាយ​ក្រដាស​ប្រាក់​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ស្ថាបត្យករ​ទីមួយ និង​សំខាន់​បំផុត​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បញ្ជាក់​សាជាថ្មី​អំពី​សារៈសំខាន់​នៃ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ និង​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​អំពី​គុណបំណាច់​នៃ​កិច្ចព្រមព្រៀង និង​អ្នក​ដែល​បាន​រួមគ្នា​សម្រេច​កិច្ចព្រមព្រៀង​នោះ ចំពោះ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ »។

ទោះជាយ៉ាងណា អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាលោក គៀន ពន្លក យល់ថា មូលហេតុ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​សូវ​ផ្ដល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពីព្រោះ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​ខ្លឹមសារ​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។ លោក​ថា ចំណុច​បរាជ័យ​ទាំង​នោះ​​មាន​ជាអាទិ៍ ការ​ប្រែ​ក្លាយ​កម្ពុជា​ទៅ​ជារបប​ដឹកនាំ​ឯក​បក្ស ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ការ​ធ្វើ​ឱ្យ​ជាតិ​បែក​បាក់​តាម​រយៈ​ការ​កម្ចាត់​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ និង​សំឡេង​ឯករាជ្យ ជាដើម។ យុវជន​ដែល​ជា​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​រូប​នេះ​សង្កត់​ធ្ងន់​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​មាន​តម្លៃ​ជា​អមតៈ ដូច្នេះ​មេដឹកនាំ​ណា​ដែល​ចង់​លុប​បំបាត់ ឬ​ប៉ុនប៉ង​បន្សាប​កិច្ចព្រមព្រៀង​នេះ ពួកគេ​មិនមែន​ជា​អ្នក​ស្នេហាជាតិ​ពិតប្រាកដ​នោះ​ទេ៖« មាន​តែ​មេដឹកនាំ​ដែល​ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​បែប​ផ្ដាច់ការ​ទេ​ ដែល​មិន​គោរព​ទៅលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ខ្ញុំ​មិន​ចង់​ឃើញថា​ប្រទេស​កម្ពុជា​មួយ​ដែល​រអិល​ធ្លាក់​ទៅ​ក្នុង​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ទេ។ ខ្ញុំ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពិតប្រាកដ ហើយ​ជាពិសេស​ហ្នឹង​គឺ​ចង់​ឃើញ​ការ​ផ្សះផ្សា​ជាតិ ហើយនិង​បង្រួបបង្រួម​ជាតិ ព្រោះ​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​តែ​ជួប​បញ្ហា​ធំៗ ដែល​ត្រូវ​ចូលរួម​គ្នា​ដោះស្រាយ​មាន​ដូចជា វិបត្តិ​ជំងឺ​កូវីដ - ១៩ ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ការ​ដក​ប្រព័ន្ធ​ពន្ធ GSP ហើយ​និង​ការ​ដាក់ទណ្ឌកម្ម​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​ធំៗ»។

ក្នុង​ខួប ៣០ឆ្នាំ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ក្រុម​សង្គម​ស៊ីវិល​ឯករាជ្យ អង្គការ​អន្តរជាតិ និង​ប្រទេស​ហត្ថលេខី​មួយ​ចំនួន បាន​ធ្វើ​សកម្មភាព​ផ្សេងៗ​គ្នា​ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។ ជាពិសេស​ប្រទេស​ហត្ថលេខី​មួយចំនួន ដូចជា​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អូស្ត្រាលី និង​ជប៉ុន ជាដើម បាន​លើកឡើង​ជាចំហ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទាន់​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឱ្យ​បាន​ពេញលេញ​នៅ​ឡើយ​ទេ ហើយ​ចំណុច​ខ្វះខាត​ទាំងនោះ​គួរតែ​ត្រូវ​បាន​ពិនិត្យ​ពិចារណា​ឡើងវិញ។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ បញ្ជាក់​ច្បាស់ៗទៀត​ថា ពួកគេ​នៅ​ឈរ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​ការ​អភិវឌ្ឍ ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។

ជាមួយ​គ្នា​នេះដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​បញ្ញវន្ត​ជំរុញ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន ឱ្យ​សិក្សា​ស្វែង​យល់​ស៊ីជម្រៅ​បន្ថែម​ទៀត​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ពីព្រោះ​នេះ​ជា​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​ដ៏​រឹងមាំ​ដែល​អាច​ជួយ​ការពារ​ប្រជាជាតិ​ខ្មែរ​គ្រប់​ជំនាន់ និង​គ្រប់​បញ្ហា។ សំខាន់​ជាង​នេះទៅ​ទៀត​នោះ ការ​យល់​ដឹង​ច្បាស់​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស អាច​បណ្ដុះ​ស្មារតី​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ឱ្យ​គិតគូរ​បញ្ហា​ជាតិ​ជាធំ ដោយ​អនុលោម​តាមស្មារតីនៃ​កិច្ច​ព្រមព្រៀង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។