ក្រុមអ្នកវិភាគវ័យក្មេងរបស់លោកបណ្ឌិត កែម ឡី ប្រកាសមិនចូលបក្សនយោបាយ
2016.07.16
ក្រុមអ្នកវិភាគវ័យក្មេងដែលទទួលបានការបណ្ដុះបណ្ដាលដោយផ្ទាល់ពីលោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិតអះអាងថា ពួកគេនឹងមិនចូលរួមជាមួយគណបក្សនយោបាយណាមួយឡើយ។ ផ្ទុយទៅវិញ ពួកគេនឹងប្រឹងប្រែងក្នុងកិច្ចការសិក្សាស្រាវជ្រាវ និងវិភាគលើបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយ ដូចអ្វីដែលលោកបណ្ឌិត កែម ឡី ធ្លាប់បានធ្វើកន្លងទៅ។ ពួកគេប្រកាសជំហរបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពី “ការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកវិភាគវ័យក្មេងក្នុងការបន្តកិច្ចការនិងបេសកកម្មរបស់លោកបណ្ឌិត កែម ឡី” នៅមជ្ឈមណ្ឌលវប្បធម៌កម្ពុជា-អាល្លឺម៉ង់ (Meta House) ព្រឹកថ្ងៃទី១៦ ខែកក្កដា។
ក្រុមអ្នកវិភាគវ័យក្មេងប្ដេជ្ញាថា នឹងប្រកាន់ជំហរកណ្ដាល មិនចូលរួមជាមួយគណបក្សនយោបាយណាមួយឡើយ ហើយពួកគេនឹងបន្តបេសកកម្មវិភាគបញ្ហាសង្គម និងនយោបាយដោយឯករាជ្យ និងត្រឹមត្រូវរបស់លោកបណ្ឌិត កែម ឡី។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងនៅក្នុងសន្និសីទថា និស្សិត បញ្ញវន្ត គឺជាសត្រូវរបស់ជនផ្ដាច់ការ ប៉ុន្តែជនផ្ដាច់ការគឺជាអ្នកដែលពួកគេត្រូវសង្គ្រោះ។ ផ្អែកតាមន័យនេះ ពួកគេនឹងខំប្រឹងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យពូកែ ដើម្បីអាចធ្វើការវិភាគលើបញ្ហាអ្វីមួយបានដោយត្រឹមត្រូវដូចលោកបណ្ឌិត កែម ឡី៖ «រាល់ថ្ងៃនេះ យើងមិនមែនពូកែរហូតដល់ថ្នាក់យើងអាចធ្វើអ្វីមួយបាននោះទេ ប៉ុន្តែយើងព្យាយាមគ្រប់វិធីសាស្ត្រដើម្បីអញ្ជើញគ្រូបង្រៀនល្បីៗ ដូចជាគ្រូបរទេស និងបណ្ឌិតដែលពូកែ ឱ្យមកជួយជ្រោមជ្រែងយើង ជាពិសេសគឺការបណ្ដុះបណ្ដាលឱ្យពួកយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគ ដែលយើងយកទិន្នន័យ ហើយយើងវិភាគតាមលក្ខណៈក្រមសីលធម៌ និងវិជ្ជាជីវៈ មានន័យថា យើងព្យាយាមអភិវឌ្ឍជាបណ្ដើរៗ»។
លោក ហង្ស វិទូ បញ្ជាក់ទៀតថា សមាជិកអ្នកវិភាគវ័យក្មេងប្ដេជ្ញាចិត្តធ្វើអ្វីៗដើម្បីប្រយោជន៍រួម មិនក្បត់ក្រុម និងជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងជាពិសេសមិនរាថយចំពោះឧបសគ្គនានាដែលអាចនឹងកើតឡើង។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត គាំទ្រចំពោះឆន្ទៈរបស់ក្រុមអ្នកវិភាគវ័យក្មេង។ លោកថា ការសម្លាប់បណ្ឌិត កែម ឡី មិនអាចបំបិទមាត់យុវជនខ្មែរបានទេ ផ្ទុយទៅវិញ នឹងធ្វើឱ្យពួកគេកាន់តែហ៊ានលើកឡើងពីចំណុចអវិជ្ជមានរបស់សង្គម៖ «ដោយសារមានមនុស្សច្រើនដែលកំពុងធ្វើឱ្យពលរដ្ឋនៅក្នុងសង្គមយើង វង្វេង ដូច្នេះខ្ញុំសូមឱ្យប្អូនស្រាវជ្រាវឃើញអ្វីដែលពិត ហើយហ៊ាននិយាយការពិតទាំងអស់ហ្នឹង ដើម្បីឱ្យពលរដ្ឋទទួលបានការគិត។ គាត់មានការគិតពិចារណាត្រឹមត្រូវ ធ្វើឱ្យគាត់សម្រេចចិត្តត្រូវ។ គាត់នឹងរើសបានមេដឹកនាំមួយដ៏ត្រឹមត្រូវដែរ»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា លោកស្វាគមន៍ចំពោះសកម្មភាពនេះក្នុងលក្ខខណ្ឌស្របតាមច្បាប់។ លោកថា ការអភិវឌ្ឍទាមទារការចូលរួមពីគ្រប់សមាសភាពក្នុងសង្គម៖ «នេះជាសិទ្ធិ សេរីភាពរបស់ពួកគាត់។ ក្នុងនាមជាពលរដ្ឋពួកគាត់អាចធ្វើបានអត់មានអ្វីអាចរាំងស្ទះ ឬមួយចង្អៀតចង្អល់ពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលទេ»។
ក្រុមអ្នកវិភាគវ័យក្មេងប្ដេជ្ញាបន្តបេសកកម្មស្រាវជ្រាវ និងចងក្រងឯកសារស្ដីពីបញ្ហាសង្គមតាមបណ្ដាំរបស់លោកបណ្ឌិត កែម ឡី ដោយឈរលើប្រយោជន៍ជាតិជាធំ និងមិនលក់ឧត្ដមគតិវិភាគជាដាច់ខាត។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី អះអាងថា លោកនឹងជួយបង្វឹកក្រុមមួយនេះ ឱ្យទៅជាក្រុមអាជីព។ ទោះជាយ៉ាងណា លោកថា វាក៏អាស្រ័យទៅលើសមាជិកក្នុងក្រុមនោះដែរ ដែលត្រូវខិតខំដោយខ្លួនឯង ត្បិតការវិភាគនេះជាកិច្ចការពិបាក និងប្រឈមនឹងបញ្ហាជាច្រើន៖ «ការ ជួយគាំទ្រទៅលើសមត្ថភាពខាងវិភាគនេះ មិនមែនអាស្រ័យលើពួកខ្ញុំ ដែលជាអ្នកជួយពីខាងក្រៅហ្នឹងទេ។ ខ្ញុំជួយបានតិចណាស់ ប៉ុន្តែសំខាន់គឺចលនាក្នុងយុវជនហ្នឹងឯង ដែលត្រូវរៀបចំជាក្រុមដើម្បីប្រាស្រ័យទាក់ទងគ្នា ហើយពេលណាដែលមានរឿងរ៉ាវណាមួយកើតឡើងក្នុងសង្គម ក្រុមហ្នឹងត្រូវចេះប្រជុំគ្នា ហើយយករឿងហ្នឹងមកវិភាគ។ ទាំងអស់គ្នា វិភាគ និងចេញសេចក្ដីថ្លែងការណ៍។ ទាំងនេះសុទ្ធតែជាចលនាសង្គមសំខាន់ៗ ដែលយើងអាចធ្វើបានដោយគ្មានគ្រោះថ្នាក់ ហើយគ្មានការគំរាមកំហែងពីរដ្ឋាភិបាល»។
ក្រុមអ្នកវិភាគវ័យក្មេងមានសមាជិកជាង ១០នាក់ ទទួលបានការបណ្ដុះបណ្ដាលពីលោកបណ្ឌិត កែម ឡី កាលពីដើមឆ្នាំ២០១៥។ គោលដៅសំខាន់របស់ក្រុមនេះ គឺបង្កើតឱ្យមានអ្នកវិភាគវ័យក្មេងជំនាន់ថ្មី ដើម្បីឱ្យពួកគេអាចចូលរួមអភិវឌ្ឍជាតិ តាមរយៈការវិភាគលើបញ្ហាទាំងឡាយ រួមមានសេដ្ឋកិច្ច សង្គម និងនយោបាយជាដើម៕