យុវជន និង​អ្នក​ឃ្លាំ​មើល​ថា ការ​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ជា​ថ្នូរ​បាន​នៅ​ក្រៅ​ឃុំ​ មិន​អាច​ជួយ​ដោះស្រាយ​វិបត្តិ​សង្គម​បាន​ឡើយ

0:00 / 0:00

យុវជន​ឈឺ​ឆ្អាល​ការងារ​សង្គម និង​អ្នក​ឃ្លាំមើល​សង្គម​រិះគន់ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ថា ការ​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សារភាព​ទោសកំហុស​ជា​ថ្នូរ​នឹង​ការ​ដោះលែង​គឺជា​រំលោភ​សិទ្ធិ​លើ​ប្រព័ន្ធ​តុលាការ និង​មិន​អាច​ដោះស្រាយ​បញ្ហា​សង្គម និង​នយោបាយ​បានទេ។ ប្រតិកម្ម​របស់​យុវជន និង​អ្នកឃ្លាំមើល​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន យក​គុក​ច្រវាក់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សុំទោស និង​ទម្លាក់​កំហុស​ទៅ​លើ​សកម្មជន​ផ្សេង​ទៀត​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

យុវជន និង​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ការ​ចាប់​សកម្មជន​សង្គម​យក​ទៅ​ដាក់គុក​ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ រួចហើយ​បង្ខំ​ឱ្យ​ពួកគេ​ធ្វើ​វីដេអូ​សុំទោស ឬ​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​ដើម្បី​ទទួល​បាន​សិទ្ធិ​សេរីភាព​គឺ កាន់តែ​បង្ហាញ​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​មិន​ឯករាជ្យ និង​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»។

ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៥ ខែ​កញ្ញា ថា ការ​បង្ខំ​ឱ្យ​យុវជន​សុំទោស​រដ្ឋាភិបាល​ទាំង​ដែល​ពួកគេ​គ្មាន​កំហុស នេះ​គឺជា​ការ​បម្រើ​ផលប្រយោជន៍​ដល់​គណបក្ស​កាន់​អំណាច​មិន​បាន​ធ្វើ​ឱ្យ​លំហ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ឡើយ។ ព្រះអង្គ​មាន​ថេរ​ដី​បន្ត​ថា ការ​យក​ប្រព័ន្ធ​តុលាការ​ដើម្បី​ដាក់​សម្ពាធ​លើ​យុវជន​នេះ​មិន​អាច​ធ្វើ​ឱ្យ​យុវជន​ដែល​គិត​ពី​បញ្ហា​សង្គម​ភិតភ័យ​តក់ស្លុត​ឡើយ។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖«តាម​អាត្មា​សង្កេត​ឃើញ​នៅ​ពេល​មាន​ការ​បិទ​សិទ្ធិ​សេរីភាព ឬ​ហៅ​ថា រំលោភ​សិទ្ធិ​មនុស្ស​ខ្លាំង​វា​អត់​មាន​អី​ចំណេញ​ដល់​ជាតិ អត់​មាន​ចំណេញ​អី​ដល់​មន្ត្រី​ ហើយ​ក៏​អត់​មាន​អី​ចំណេញ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​ មាន​តែ​ការ​អាម៉ាស់​មុខ​ជាតិ​ទៅ​វិញ​ទេ។ ទី១​ នោះ​គឺ​អន្តរជាតិ​នឹង​ដាក់​ទណ្ឌកម្ម​មិន​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ថា​ទណ្ឌកម្ម​មន្ត្រី​មិន​ថា ទណ្ឌកម្ម​មន្ត្រី​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដូច​ថ្មីៗ​ នេះ ​ដោយសារ​រំលោភ​សិទ្ធិ​មនុស្ស។ ដោយសារតែ​ពុករលួយ​ហ្នឹង​បាន​ជា​ដាក់​ទណ្ឌកម្ម​មន្ត្រី​ក្នុង​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់»។

ដោយឡែក យុវជន​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) កញ្ញា ស យូណា ថ្លែង​ថា ការ​ចាប់​យុវជន​ដាក់​ពន្ធនាគារ​ហើយ​បង្ខំ​ឱ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នេះ គឺជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​បំពាន​រដ្ឋធម្មនុញ្ញ។ កញ្ញា​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ដោះស្រាយ​វិវាទ​នយោបាយ និង​បញ្ហា​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​គួរតែ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ។

កញ្ញា ស យូណា៖«លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​នូវ​ការ​គំរាមកំហែង​ចាប់​ដាក់គុក គាត់​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ បែប​នេះ​ចេញ​គាត់​កែប្រែ​មក​ជា​ដោះលែង​សកម្មជន​ទាំង​ប៉ុន្មាន​ដែល​គាត់​ចាប់ ទាំង​សកម្មជន​បក្ស​ប្រឆាំង​ក្ដី។ គាត់​ដោះលែង​ចេញ​មក​វិញ​ហើយ​គាត់​បោះឆ្នោត ទទួល​សន្លឹក​ឆ្នោត​ដោយ​ស្រប​ច្បាប់​ដោយ​មាន​ភាព​យុត្តិធម៌ គណបក្ស​ណា​បោះ​ឈ្នះ​ទទួល​បាន​សន្លឹក​ឆ្នោត​ច្រើន​គឺ​យើង​ត្រូវ​ធ្វើ​បែប​ហ្នឹង​វិញ​នេះ​បាន​ហៅថា លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ»។

ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​ដាក់​សម្ពាធ​ឱ្យ​យុវតី​មួយ​រូប​ដែល​ជា​សមាជិក​យុវជន​អ្នក​ស្ម័គ្រ​ចិត្ត​ក្រុម​អ្នក​បន្ត​ដំណើរ កញ្ញា ចៀន សុណា កាល​យប់​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ចេញ​វីដេអូ​សុំទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន ក្នុង​ទឹកមុខ​ស្រពាប់ស្រពោន និង​ស្លេកស្លាំង ដោយ​និយាយ​ទម្លាក់​កំហុស​ទៅ​លើ​សកម្មជន​បរិស្ថាន និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក វន់ ចាន់ឡូត ថា ជា​អ្នក​ញុះញង់​ឱ្យ​កញ្ញា​ចូលរួម​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន និង​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ចាប់​ខ្លួន​យុវជន​សង្គម​ចំនួន៨នាក់​ដែល​រដ្ឋាភិបាល​អះអាង​ទំាង​គ្មាន​ភស្តុតាង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់​ឡែក​ពី​គ្នា ដោយ​តុលាការ​បាន​ចោទប្រកាន់​យុវជន​ចំនួន​៧នាក់រួមមាន លោក ធី ថន លោក ឈាង រិទ្ធី កញ្ញា ចៀន សុណា កញ្ញា កាត់ ស៊ីណាត កញ្ញា នឿន ស្រីណែត កញ្ញា រៀម ស្រីពេជ្ររតនា និង​អ្នកស្រី សាក់ កន្និការ ពី​បទ«រួម​គំនិត​ក្បត់»។ ចំណែក​ឯ កញ្ញា សើន ស្រម៉ៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់»។ ប៉ុន្តែ​រយៈ​ពេល​ចុងក្រោយ​នេះ មាន​ការរៀបចំ​ឱ្យ​ក្រុម​យុវជន​ធ្វើ​វីដេអូ​សុំទោស​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដើម្បី​ជា​ថ្នូរ​ប្ដូរ​យក​សេរីភាព ដែល​គិត​មក​ទល់​ពេល​នេះ​មាន​យុវជន​ចំនួន ២នាក់​ហើយ គឺ​កញ្ញា កាត់ ស៊ីណាត និង​កញ្ញា ចៀន ស៊ីណា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​កញ្ញា ចៀន សុណា និង​កញ្ញា កាត់ ស៊ីណាត ដើម្បី​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៥ ខែកញ្ញា។

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន និង​ដោះលែង​ក្រុម​យុវជន​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​រូបភាព​នយោបាយ។ លោក​បន្ត​ថា តាម​នីតិវិធី​ច្បាប់​ជន​ប្រព្រឹត្ត​ខុស​គឺ​មិន​អាច​សុំទោស​ហើយ​ទទួល​បាន​ការ​ដោះលែង​នោះ​ទេ ប៉ុន្តែ​ករណី​តុលាការ​រក​មិន​ឃើញ​ថា យុវជន​ទាំងនោះ​មាន​កំហុស​ទេ​គួរតែ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ស៊ឹង សែនករុណា៖«តែ​សម្រាប់​ខ្ញុំ​មើល​ឃើញ​វា​មិន​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​បន្ទាបបន្ថោក​ប្រព័ន្ធ​អនុវត្ត​ច្បាប់​យើង​ទៅ​វិញ​ទេ ប្រសិនបើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​រឹងមាំ​រក​មិន​ឃើញ​ថា គេ​មិន​មាន​កំហុស​ដោះលែង​គេ​ឱ្យ​អនុវត្ត​សិទ្ធិ​សេរីភាព​គេ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ។ ហើយ​ប្រសិនបើ​គេ​មាន​កំហុស​ដាក់​ទោស​ទៅ​តាម​ហ្នឹង​ទៅ អា​ហ្នឹង​ជា​ការណ៍ ដែល​ចង់​បញ្ជាក់​ឱ្យ​ច្បាស់​ផង​ដែរ។ ចៀសវាង​គេ​មិន​ខុស​ផង​ទៅ​ចាប់​គេ ដើម្បី​ដាក់​ទោស​បង្ខំ​គេ​ឱ្យ​សុំទោស​ដើម្បី​រួច​ខ្លួន»។

កាលពី​ថ្ងៃទី១៦ ខែ​កញ្ញា អង្គការ​លីកាដូ (LICADO) រក​ឃើញ​ថា មាន​មនុស្ស​ជិត១០០នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន និង​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ជុំវិញ​ការ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម​ ដែល​ហៅ​កាត់​ថា CLV-DTA។ ក្រុម​យុវជន និង​អ្នក​ឃ្លាំ​មើល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់ ហើយ​ដោះលែង​យុវជន​សង្គម​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។