ក្រុមយុវជនរិះគន់ការតែងតាំងកូនប្រុសបង្កើតប្រធានមេធាវីរបស់លោក ហ៊ុន សែន គឺលោក គី តិច ឱ្យធ្វើជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ពួកគេថា ការពង្រឹងអំណាចបែបបក្ខពួក គ្រួសារនិយមធ្វើឱ្យមានទំនាស់ផលប្រយោជន៍ក្នុងស្ថាប័នរដ្ឋ ហើយយុវជនគ្មានសែស្រឡាយបាត់បង់ឱកាស។
ក្រុមយុវជនយល់ថា ផែនការដំឡើងកូនអ្នកធំឲ្យធ្វើការមានតំណែងខ្ពង់ខ្ពស់ នោះបង្ហាញថាយុវជនផ្សេងទៀត ដែលមិនមានសែស្រឡាយជាមន្ត្រីធំ មិនអាចមានឱកាសក្នុងការទទួលបានតំណែងនោះទេ។
ពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងជាយុវជនគណបក្សភ្លើងទៀនលោក ម៉ាត់ វណ្ណី ថ្លែងថា សង្គមប្រជាធិបតេយ្យការតែងតាំង ឬដំឡើងតួនាទីត្រូវផ្អែកទៅលើសមត្ថភាព និងអតីតភាពការងារជាដើម។ ប៉ុន្តែលោកថា មានតែរបបដឹកនាំរបស់លោក ហ៊ុន សែន ដែលតែងតាំងកូនចៅ សាច់ញាតិរបស់មេដឹកនាំគណបក្សកាន់អំណាចឱ្យចូលទៅគ្រប់គ្រងនៅក្នុងក្រសួងស្ថាប័នរដ្ឋតាមវង្សត្រកូល។ លោកយល់ថា ប្រព័ន្ធដឹកនាំប្រទេសបែបគ្រួសារនិយមនេះបានជះឥទ្ធិពលអាក្រក់ដល់សង្គមដូចជាការចំណាយលុយខ្ជះខ្ជាយ បាត់បង់ធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ហើយយុវជនដែលគ្មានលទ្ធភាព ឬឪកាន់តំណែងធំៗនោះទេ ពួកគេគ្មានឱកាសបានក្លាយខ្លួនជាអ្នកដឹកនាំស្ថាប័នជាតិឡើយ បើសិនគណបក្សប្រជាជនកម្ពុជានៅតែក្តោបក្តាប់អំណាចបន្តទៀតនោះ។
លោក ម៉ាត់ វណ្ណី៖ «ប្រទេសកម្ពុជារបស់យើងដំឡើងតួនាទីទៅតាមបក្ខពួកគ្រួសារ អ៊ីចឹងវាធ្វើឱ្យបាត់បង់នូវធនធានមនុស្សពិតប្រាកដ ពីព្រោះយុវជនខ្មែរច្រើនណាស់ដែលពួកគាត់មានសមត្ថភាពអាចដឹកនាំប្រទេស អាចកាន់តួនាទីសំខាន់ៗ ប៉ុន្តែពួកគាត់អត់មានលទ្ធភាពប្រកួតប្រជែងយកតួនាទីទាំងអស់ហ្នឹងទេ ដោយសារតែប្រព័ន្ធសន្តតិវង្សនេះធ្វើឱ្យបាត់បង់ធនធានមនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា»។
ចំណែកយុវតីនៅខេត្តកំពង់ធំវិញ កញ្ញា រៀម ស្រីពេជ្ររតនា ថ្លែងថា កញ្ញាស្វាគមន៍ការលើកទឹកចិត្តឱ្យយុវជនមានឱកាសក្លាយជាអ្នកដឹកនាំ ដើម្បីបម្រើប្រយោជន៍របស់ពលរដ្ឋ ប៉ុន្តែកញ្ញាមិនគាំទ្រឡើយចំពោះការតែងតាំងកូនចៅ និងបក្ខពួកនិយមដែលគណបក្សកាន់អំណាចកំពុងធ្វើសព្វថ្ងៃនេះទេ។ លោកថា ទង្វើបែបនេះធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីស្នេហាជាតិរបស់យុវជនគ្រប់និន្នាការទាំងអស់ដែលពួកគាត់ចង់ក្លាយជាមេដឹកនាំ ចំណែកប្រទេសជាតិវិញធ្វើដំណើរទៅរកភាពអន់ថយ និងចាកចេញពីគន្លងប្រជាធិបតេយ្យ។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «ប៉ះពាល់ដល់យុវជនមួយចំនួនដែរ គឺធ្វើឱ្យពួកគាត់បាត់បង់មោទនភាពជាតិ ហើយប៉ះពាល់ដល់ក្តីស្រមៃរបស់ពួកគាត់ដែលចង់បានតំណែងនេះតំណែងនោះ ប៉ុន្តែឱកាសនេះមានតិចណាស់ ដូចជាយើងដៅចង់ធ្វើការងារក្រសួងអ្វីមួយ ចង់គ្រប់គ្រងនៅក្រសួងអ្វីមួយតែវាធ្វើឱ្យរាំងស្ទះដោយសារយើងឃើញថា បក្ខពួកគ្រួសាររបស់ពួកគេបាត់ទៅហើយ»។
ប្រតិកម្មរបស់ក្រុមយុវជននេះ ធ្វើឡើងបន្ទាប់ពី ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីថ្ងៃទី២៩ ខែមិថុនា បានចេញព្រះរាជក្រឹត្យតែងតាំងកូនប្រុសបង្កើតរបស់លោក គី តិច គឺលោក គី ឌីបូម៉ា ឱ្យធ្វើជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក គី តិច ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែកក្កដា។
លោក គី ឌីបូម៉ា ដែលគេស្គាល់ថាឈ្មោះ បូម៉ា គី ទើបរៀនចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាប័ត្រច្បាប់កាលពីខែឧសភា ឆ្នាំ២០២២ នៅសកលវិទ្យាល័យអារីហ្សូណា(Arizona) នៅសហរដ្ឋអាមេរិក។
កូនប្រុសបង្កើតរបស់លោក គី តិច គឺលោក គី ឌីបូម៉ា បានសរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុកបានអរព្រះគុណព្រះមហាក្សត្រដែលបានចេញព្រះរាជក្រឹត្យតែងតាំងលោកក្លាយជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍។ លើសពីនេះលោកគោរពដឹងគុណចំពោះលោក ហ៊ុន សែន ដែលបានផ្តល់ឱកាសឱ្យលោកបានចូលបម្រើការងារជាមួយរដ្ឋាភិបាល ហើយលោក គី ឌីបូម៉ា ប្ដេជ្ញាថានឹងយកកម្លាំងកាយចិត្តចំណេះដឹងទៅបម្រើជាតិ និងក្រុមគ្រួសារលោក ហ៊ុន សែន ដោយស្មោះស្ម័គ្របំផុត។
ការទទួលបានតួនាទីខ្ពស់របស់លោក គី ឌីបូម៉ា នៅពេលនេះទំនងមកពីលោក គី តិច ដែលជាឪធ្វើជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន ដែលមានស្នាដៃរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ រួមទាំងសំណុំរឿងនយោបាយផ្សេងទៀត ដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ព្រមទាំងប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ជាឱ្យក្រុមមេធាវីរបស់លោក ស្វែងរកបទចោទ ដើម្បីប្ដឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀនរួមមាន លោក សុន ឆ័យ លោក ថាច់ សេដ្ឋា និងការរឹបអូសទ្រព្យសម្បត្តិ លោក គង់ គាំ ជាដើម។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្កេតឃើញថា ជាទូទៅគ្រប់សំណុំរឿងដែលមេធាវីរបស់លោក ហ៊ុន សែន ចេញមុខការពារក្ដីទាំងនោះតែងតែបានទទួលជ័យជម្នះ ជាពិសេសសំណុំរឿងនយោបាយ បើទោះបីជាពួកគេ គ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ក៏ដោយ។
យុវជនគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ផន ផាន់ណា និយាយថាលោក ហ៊ុន សែន ដឹកនាំប្រទេសមកដល់ពេលសព្វថ្ងៃនេះ បានដោយសារអំពើហិង្សា និងរៀបចំការបោះឆ្នោតក្លែងក្លាយដែលយកច្បាប់ធ្វើជាឧបករណ៍នយោបាយ ហើយបន្ទាប់មកទៀតរៀបចំឱ្យកូនចៅឡើងដឹកនាំប្រទេសជំនួសឪបន្តទៀត។ លោកយល់ថា ការតែងតែងកូនលោក គី តិច ឱ្យក្លាយជាអនុរដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ ទំនងជាថ្នូរដែលលោក គី តិច ខំជួយការពារគ្រួសារលោក ហ៊ុន សែន តាមរយៈការគាស់រំលើងប្រជាធិបតេយ្យនៅកម្ពុជា។
លោក ផន ផាន់ណា៖ «រដ្ឋមន្ត្រីមួយៗលើបន្តុបកូនជាបន្តបន្ទាប់នេះធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ ហើយអំពើពុករលួយកាន់តែកើនឡើង យុវជនដែលមានសមត្ថភាពក្នុងការអភិវឌ្ឍជាតិពុំមានឱកាសក្នុងការកសាងប្រទេសទេ។ លោក ហ៊ុន សែន គឺគាត់តែងតែតបស្នងនូវអ្នកដែលជួយពង្រឹងអំណាចរបស់ខ្លួន អ៊ីចឹងការតែងតាំងកូនលោក គី តិច នេះជាការតបស្នងដែលលោក គី តិច ជួយលោក ហ៊ុន សែន គ្រប់បែបយ៉ាង»។
ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា(TI) លោក ប៉ិច ពិសី កត់សម្គាល់ថា ការតែងតាំងសែស្រឡាយរបស់មន្រ្តីធំៗនៅក្នុងជួរររដ្ឋាភិបាល រួមទាំងនៅក្នុងស្ថាប័នរដ្ឋបានកើតឡើងជាហូរហែចាប់ពីស្ថាប័នជាតិរហូតដល់ថ្នាក់ក្រោមជាតិ។ លោកថាការតែងតាំងចាក់ស្រេះដោយសារសែស្រឡាយបក្ខពួកនិយមនេះ នឹងនាំឱ្យមានទំនាស់ផលប្រយោជន៍សាធារណៈ អំពើពុករលួយក្នុងស្ថាប័នរដ្ឋ ហើយមន្ត្រីរាជការ ឬអ្នកតូចតាចគ្មានបក្ខពួកពុំមានឱកាសធ្វើការងារធំតាមបំណងពួកគេនោះទេ។
លោក ប៉ិច ពិសី៖ «តាមការយល់ឃើញរបស់ខ្ញុំ បច្ចុប្បន្ននេះ គឺកម្ពុជាដូចជាមិនត្រូវការក្បាលម៉ាស៊ីនធំជាងខ្លួនទេ ឬក្បាលម៉ាស៊ីនដឹកនាំធំជាងខ្លួន ធំជាងតម្រូវការជាក់ស្តែងដែលពលរដ្ឋត្រូវការពឹងពាក់សេវាសាធារណៈ។ ការតែងតាំងមន្ត្រីច្រើនពេកទីមួយអត់ចំណេញថវិកាជាតិ ទីពីរបង្កឱ្យមានទំនាស់ផលប្រយោជន៍ មួយវិញទៀតការតែងតាំងហ្នឹងគឺអ្នកផ្សេងដែលមានចំណេះហ្នឹងអត់មានឱកាសដឹកនាំប្រទេសរបស់ខ្លួនទេ»។
ការបញ្ជូលឈាមថ្មីរបស់បក្សកាន់អំណាចទៅក្នុងជួរដឹកនាំរដ្ឋាភិបាល និងនៅថ្នាក់ក្រោមជាតិ បានកើនឡើងកាន់តែខ្លាំង ក្រោយពេលកម្ពុជាក្លាយជាប្រទេសឯកបក្ស។ កូនចៅ និងសាច់ញាតិរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងជាមេទ័ព មេប៉ូលិស រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អភិបាលខេត្ត អភិបាលរងខេត្ត ហើយទាបបំផុតក៏ត្រឹមអភិបាលស្រុកដែរ។ ពួកគេខ្លះរស់នៅ និងរៀនសូត្រនៅក្រៅប្រទេស រួចត្រឡប់មកកាន់តំណែងគ្រាក់ៗដែលឪពុកលើកបន្តុបឱ្យ ដោយគ្មានអតីតភាពការងារ ឬឆ្លងកាត់ការប្រកួតប្រជែងត្រឹមត្រូវឡើយ។
ក្រុមយុវជន ប្រកាសមិនគាំទ្រនយោបាយគ្រប់គ្រងប្រទេសតាមគ្រួសារ និងបក្ខពួកនិយមឡើយ ពីព្រោះកម្ពុជាមិនមែនជាប្រទេសផ្ដាច់មុខរបស់ក្រុមណាមួយនោះទេ ដូច្នេះពួកគេអំពាវនាវដល់យុវជនទូទៅឱ្យប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីប្រឆាំងនឹងទង្វើគ្រួសារ និងបក្ខពួកនិយមរបស់គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។