យុវជន​ជំរុញ​ឱ្យ​ម្ចាស់​ឆ្នោត​ចូលរួម​គ្រប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣

0:00 / 0:00

យុវជន​មួយ​ចំនួន​លើកឡើង​ថា ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ ទំនងជា​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ តាម​បែបបទ​ប្រជាធិបតេយ្យ​នោះ​ទេ។ នេះ​គឺ​ដោយសារ​តែ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ខ្វះ​ឯករាជ្យ ហើយ​បរិយាកាស​នយោបាយ​នៅតែ​បន្ត​អាប់អួ។ ក៏ប៉ុន្តែ​ពួកគេ​ថា ម្ចាស់​ឆ្នោត​មិន​អាច​បោះបង់​ចោល​តម្លៃ​នៃ​សន្លឹក​ឆ្នោត​របស់​ខ្លួន​ឡើយ ហើយ​​ត្រូវ​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត​នេះ។

ក្រុម​យុវជន​ជឿ​ថា ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៧ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើយ ប៉ុន្តែ​ពលរដ្ឋ​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​នោះ​ទេ ព្រោះ​នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​ដែល​អាច​ផ្លាស់​ប្ដូរ​ជោគវាសនា​របស់​ជាតិ។

និស្សិត​ផ្នែក​ច្បាប់ កញ្ញា ហេង គឹមសួរ ថ្លែង​ថា អាជ្ញាធរ​គាប​សង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ចាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច។ កញ្ញា​ថា កត្តា​ទាំងនេះ​ហើយ ដែល​មិន​អាច​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ប៉ុន្តែ​យុវជន​រូប​នេះ​នៅតែ​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​ឆ្នោត​ឱ្យ​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេញ​ចិត្ត។

កញ្ញា ហេង គឹមសួរ៖«ដរាបណា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​មាន​សង្ឃឹម នៅ​ជឿជាក់​លើ​គណបក្ស​ណាមួយ​ដែល​យើង​គិត​ថា គាត់​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា​យើង​បាន គាត់​គួរ​ណាស់​តែ​បោះឆ្នោត​ទាំងអស់​គ្នា ដើម្បី​ការ​ផ្លាស់ប្ដូរ​ពី​របប​ដែល​ជិះជាន់​ប្រជាពលរដ្ឋ​ខ្លួន​ឯង»។

ស្រដៀង​គ្នា​នេះ យុវជន​មួយ​រូប​ទៀត​ថ្លែង​ថា ម្ចាស់​ឆ្នោត ឬ​យុវជន​មួយ​ចំនួន​ប្រហែល​ជា​គិត​ថា ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត ជា​រឿង​ដូច​តែ​គ្នា ពីព្រោះ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច ហើយ​បក្ស​នយោបាយ​មួយ​ចំនួន​មិន​អាច​ឱ្យ​ពួកគាត់​ជឿ​ទុក​ចិត្ត​បាន។ ក៏ប៉ុន្តែ​កញ្ញា​ថា នេះ​ជា​ការ​យល់​ខុស។

«[សន្លឹក​ឆ្នោត]មួយ​សន្លឹក គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​ជ្រើសរើស​អ្នក​តំណាង ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ។ បើ​យើង​មិន​ប្រើ​សន្លឹក​ឆ្នោត​ហ្នឹង​ឱ្យ​មាន​តម្លៃ​ទេ នោះ​អ្នក​ដឹកនាំ​នឹង​ធ្វើ​បាប​យើង នៅ​ពេល​ដែល​យើង​បោះឆ្នោត​ហើយ​ដូច​គ្នា»។

យុវជន​មួយ​រូប​ទៀត​ដែល​ជា​អគ្គលេខាធិការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ថន ស័ក្ដិដា យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​កាន់​អំណាច​ក្នុង​អាណត្តិ​ទី៧ បន្ត​ទៀត ព្រោះ​គ.ជ.ប​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច ហើយ​គណបក្ស​ប្រឆាំង​ទើប​តែ​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ឡើង​វិញ ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន។ ក៏ប៉ុន្តែ​លោក​ថា រឿង​នេះ​មិន​គួរ​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ម្ចាស់​ឆ្នោត​អស់​សង្ឃឹម​ឡើយ។

លោក ថន ស័ក្ដិដា៖«ខ្ញុំ​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ក្លាហាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ពិនិត្យ​ឈ្មោះ​បោះឆ្នោត ហើយ​បោះឆ្នោត​ជូន​គណបក្ស​ដែល​គាត់​ស្រឡាញ់ ដែល​គាត់​គិត​ថា អាច​ជួយ​ជាតិ​បាន គាត់​ជ្រើសរើស​គូស​សន្លឹកឆ្នោត​ដោយ​សម្ងាត់​ទៅ»។

ក្រុម​យុវជន​បញ្ចេញ​ទស្សនៈ​បែបនេះ​ស្រប​ពេល​ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ជាង ៦ ខែ​ទៀត គឺ​នៅ​ថ្ងៃ​ទី​អាទិត្យ ទី​២៣ ខែ​កក្កដា ខាងមុខ។

លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គ.ជ.ប បង្ហាញ​ថា ចំនួន​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ ២០២៣ អាច​មាន​ចំនួន ៩ លាន ៥ សែន​នាក់ ដែល​កើន​ឡើង​លើស​ការបោះឆ្នោត​ឃុំ​សង្កាត់​ប្រមាណ ៣ សែន​នាក់។ ក្នុង​នោះ អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ជាង ៥ សែន ៧ ម៉ឺន​នាក់។

ឆ្លើយ​តប​នឹង​មតិ​រិះគន់​របស់​ក្រុម​យុវជន​ទៅលើ​អព្យាក្រឹត្យ​របស់​ស្ថាប័ន​គ.ជ.ប អ្នក​នាំ​ពាក្យ​ស្ថាប័ន​មួយ​នេះ គឺ​លោក ហង្ស ពុទ្ធា ថ្លែង​ថា ថ្នាក់ដឹកនាំ​គ.ជ.ប មិនមែន​ជា​សមាជិក​គណបក្ស​ណាមួយ​នោះ​ទេ ហើយ​គ.ជ.ប អនុវត្ត​តួនាទី​ស្រប​ទៅ​តាម​ច្បាប់ និង​បទ​បញ្ញត្តិ​នានា។ ទាក់ទង​នឹង​ការ​គាប​សង្កត់​សិទ្ធិ​នយោបាយ​របស់​សមាជិក​បក្ស​ប្រឆាំង​វិញ លោក ហង្ស ពុទ្ធា និយាយ​ដដែលៗ​ថា រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​​គ.ជ.ប ទេ។

លោក ហង្ស ពុទ្ធា៖«ទោះ​មក​ពី​ខាង​ណា​ក៏ដោយ មកពីNGOក៏ដោយ មកពី​គណបក្ស​ណា​ក៏ដោយ គឺ​ត្រូវ​បំពេញ​តួនាទី​ស្របតាម​បទ​បញ្ជា​ផ្ទៃ​ក្នុង។ នេះ​ជា​ចំណុច​ដែល​បង្ហាញ​អំពី​អព្យាក្រឹត្យ​ភាព​របស់​សមាសភាព​គ.ជ.ប។ បញ្ហា​បុគ្គល​រូប​ណា​លោក​មាន​បញ្ហា​អ្វី​ពាក់ព័ន្ធ​នឹង​តុលាការ នោះ​មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​គ.ជ.ប ទេ។ អ្នកណា​ធ្វើ​អ្វី គឺ​ទទួល​ផល​បែប​ហ្នឹង​ស្រប​ទៅ​តាម​ច្បាប់»។

ទោះជា​លោក ហង្ស ពុទ្ធា បកស្រាយ​ថា គ.ជ.ប​ជា​ស្ថាប័ន​ឯករាជ្យ និង​អព្យាក្រឹត្យ​យ៉ាងណាក្ដី ក៏​សមាសភាព​ដឹកនាំ​របស់​គ.ជ.ប ហាក់​បង្ហាញ​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច​រួច​ទៅ​ហើយ ព្រោះ​សមាជិក​ទាំង ៩ រូប​នៃ​គ.ជ.ប បច្ចុប្បន្ន មាន​ ៧ រូប ជា​អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅពី​នេះ គ.ជ.ប តែង​​ចេញ​លិខិត​ជូន​ពរ និង​លើក​សរសើរ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច។ លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​អាជ្ញាកណ្ដាល​មួយ​នេះ​បែរ​ជា​ចេញ​មុខ​ប្ដឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដោយសារតែ​ការ​បញ្ចេញ​មតិ​របស់​លោក​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ថែម​ទៀត។

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល (COMFREL) ពន្យល់​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ និង​ស្មើភាព អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ត្រូវតែ​ឯករាជ្យ អព្យាក្រឹត្យ ស្អាតស្អំ តម្លាភាព និង​មាន​ការ​ជឿជាក់​ពី​សាធារណជន។ ជាមួយ​គ្នា​នេះ គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​ត្រូវ​មាន​ឱកាស​ស្មើគ្នា ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា និង​មាន​សិទ្ធិ​ទទួល​បាន​សន្តិសុខ ដោយ​គ្មាន​ការ​គំរាមកំហែង ការ​បំភិតបំភ័យ ព្រមទាំង​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ដោយ​សេរី គ្មាន​ការ​រារាំង ការ​រំខាន និង​មាន​សុវត្ថិភាព។ បុគ្គល​គ្រប់​រូប និង​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ឱ្យ​ច្បាប់​ការពារ ហើយ​មាន​សិទ្ធិ​ឱ្យ​មាន​ការ​ដោះស្រាយ​ការ​រំលោភ​បំពាន​នានា​លើ​សិទ្ធិ​នយោបាយ និង​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា យុវជន និង​ម្ចាស់​ឆ្នោត​ទូទៅ​គួរតែ​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាងមុខ ដោយ​កុំ​ភ័យ​ខ្លាច​ការ​គំរាមកំហែង និង​កុំ​ឱ្យ​គេ​ទិញ​ទឹក​ចិត្ត​បាន។ លោក​បន្ថែម​ថា ការ​បោះឆ្នោត​ខាងមុខ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ហើយ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិ​នយោបាយ ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់ឃុំ និង​កែ​ទម្រង់​គ.ជ.ប។

លោក គៀន ពន្លក៖«ការ​ចូលរួម​របស់​យុវជន ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ជាពិសេស​យុវជន និង​ប្រជាពលរដ្ឋ​គឺ​ជា​កម្លាំង​ចលករ​មួយ ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​តាមរយៈ​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន​តាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​ទៅ​ដឹកនាំ​ប្រទេស»។

ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ថ្មីៗ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣៣​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​សម្ដែង​ក្ដី​បារម្ភ​អំពី​ស្ថានភាព​ធ្លាក់​ចុះ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ និង​ការ​បន្ត​រឹតត្បិត​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​នយោបាយ។ ក្រៅពី​ទទូច​ឱ្យ​រដ្ឋាភិបាល​គោរព និង​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ហើយ​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​អំពាវនាវ​ឱ្យ​កែទម្រង់​គ.ជ.ប ដើម្បី​បង្កើន​ឯករាជ្យ និង​ភាព​អាច​ជឿ​ទុក​ចិត្ត​បាន ព្រមទាំង​កែប្រែ​ច្បាប់​មួយ​ចំនួន ដើម្បី​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។