យុវជន​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន

ដោយ ខែ សុណង
2021-10-08
Share
យុវជន​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០២១។
Photo of SPM Page

យុវជន​មួយចំនួន​មិន​គាំទ្រ​របប​លោក ហ៊ុន សែន ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះ​ទេ​។ ពួកគេ​អះអាង​ថា កាលៈទេសៈ​នេះ​មិន​ចាំបាច់​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​នយោបាយ និង​គោរព​សិទ្ធិមនុស្ស ទើប​ប្រសើរ​ជាង។

ក្រុម​យុវជន​ព្រួយបារម្ភ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ ពី​សំណាក់​របប​លោក ហ៊ុន សែន ក្រោម​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​និង​សង្គម​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ច្បាប់​កំពូល​មួយ​នេះ ដែល​កើត​ចេញ​ពី​ស្មារតី​រួបរួម ឯកភាព​ជាតិ​ពី​គ្រប់​ភាគី។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ហាក់​បង្ហាញ​ពី​កំហឹង​ដោយ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​និង​បន្សាប​សំឡេង​គណបក្ស​ប្រឆាំង​។ យុវជន​រូប​នេះ​បញ្ជាក់​ថា លោក​មិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​កំពូល​ស្របពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ សេដ្ឋកិច្ច សង្គម ហើយ​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​បែបនេះ​ទេ ។ លោក​ថា​ស្ថានភាព​នេះ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ចំពោះ​ការផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​រវាង​អ្នក​នយោបាយ​ខ្មែរ ដើម្បី​ស្តារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ស្វែងរក​ផលប្រយោជន៍​ជាតិ ។ លោក​យល់​ឃើញ​ទៀត​ថា ការ​កែប្រែ​ច្បាប់​នេះ​អាច​បង្ហាញ​អំពី​ការ​បែកបាក់​ជាតិ ព្រោះ​កម្ពុជា​ត្រូវ​ការ​ធនធានមនុស្ស​ពី​ក្រៅប្រទេស​ចូលរួម​អភិវឌ្ឍន៍​ជាពិសេស​យុវជន​ដែល​មាន​បំណង​ចង់​ក្លាយជា​មេដឹកនាំ​៖ «ទីមួយ​ប្រមុខ​រដ្ឋាភិបាល​ចង់​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​សញ្ជាតិ​តែមួយ​តែ​ពេល​ច្បាប់​នេះ​ចេញ​មក ទី​ពីរ​ការ​បង្កើត​ច្បាប់​នេះ​ឡើង​គឺ​ដើម្បី​បន្សាប​សំឡេង​ប្រឆាំង​ពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មេដឹកនាំ​គណបក្ស​ភាគច្រើន​គឺ​មាន​សញ្ជាតិ​ពីរ អ៊ីចឹង​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដែល​គណបក្ស​ប្រជាជន​ប្រើ​ដើម្បី​ឱ្យ​គណបក្សប្រឆាំង​ហ្នឹង​គឺ​បន្សាប​សំឡេង»

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង លើកឡើង​ថា របប​ក្រុង​ភ្នំពេញ កែប្រែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នេះ មាន​បង្កប់​ដោយ​ចរិត​នយោបាយ និង​បម្រើ​ផលប្រយោជន៍​បុគ្គល​ជាធំ។ លោក​មើល​ឃើញ​ថា ច្បាប់​នេះ​មិន​ផ្តល់​ផល​ប្រយោជន៍​ពលរដ្ឋ​និង​សង្គម​ឡើយ ប៉ុន្តែ​វា​ជា​ឧបករណ៍​នយោបាយ​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ច្បាប់​ដែល​គាត់​បង្កើត​ឡើង​នៅពេល​សភា​របប​ឯក​បក្ស​ច្បាប់​ហ្នឹង​វា​អត់​បាន​បម្រើ​ផលប្រយោជន៍​ជាតិ​អ៊ីចឹង វា​ធ្វើ​ឱ្យ​ជាតិ​យើង​កាន់តែ​បែក​បាក់​ធ្ងន់ធ្ងរ សំណូមពរ​ឱ្យ​របប​លោក ហ៊ុន សែន ពេល​ដែល​គាត់​ធ្វើ​អី​ឱ្យ​គាត់​គិត​ផលប្រយោជន៍​ជាតិ​ជាធំ លោក ហ៊ុន សែន ផ្ទាល់​ហ្នឹង​គឺ​គាត់​យក​រឿង​បុគ្គល​ជាធំ​មែនទែន ទាំង​គាត់​ជា​មេដឹកនាំ​កំពូល​មួយ​រូប​ដែរ គាត់​អត់​ដែល​យក​បញ្ហា​ជាតិ​ខ្វល់ខ្វាយ​ក្នុង​ការ​គិតគូរ គាត់​តែងតែ​ខឹង​បុគ្គល​គាត់​បង្កើត​ច្បាប់​លក្ខណៈ​ជា​បុគ្គល»

ជុំវិញ​រឿង​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៨ ខែតុលា​ថា គោលបំណង និង​មូល​ហេតុ​ដែល​លោក​រៀបចំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ពេលនេះ គឺ​ដើម្បី​ផលប្រយោជន៍​រយៈពេល​វែង​របស់​កម្ពុជា ដោយ​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស និង​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​ជាតិ​៖ «ខ្ញុំ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​តើ លេង​កុំ​ខឹង ខឹង​កុំ​លេង ព្រោះ​ទ្វារ​បាន​បិទ​ជា​រៀង​រហូត​ហើយ សម្រាប់​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ហើយ​ប៉ុនប៉ង​ស្វែងរក​តំណែង​កំពូល​ទាំង​បី​ពិសេស​តំណែង​នាយករដ្ឋមន្ត្រី ត្រូវ​បាន​បិទ​ជា​ស្ថាពរ​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ លោក​ឯង​រង់​ចាំ​ជាតិ​ក្រោយ​អ្នកឯង​ក៏​មិន​អាច​រក​ពីរ​ភាគ​បី​បាន​ដែរ»

ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​កែប្រែ​រដ្ឋធម្មនុញ្ញ​យ៉ាង​តក់ក្រហល់​នេះ ក្រសួង​ស្ថាប័ន​ជាច្រើន ទាំង​រដ្ឋ និង​ឯកជន បាន​ចេញ​ញត្តិ​បន្ទរ​សំឡេង​តាម​គ្នា​ព្រោងព្រាត ទាំង​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង។

ទោះជា​យ៉ាងណា ក្រុម​យុវជន​លើក​ឡើង​ថា ពួកគេ​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ក្រោម​រូបភាព​នយោបាយ​ទេ។ ពួកគេ​អះអាង​ថា សញ្ជាតិ​មួយ​ឬ​ពីរ​មិនមែន​ជា​កត្តា​កំណត់​ភាពស្មោះត្រង់​និង​ការពារ​ផលប្រយោជន៍​ជាតិ ឬ​ជៀស​ផុត​ពី​ការ​ជ្រៀត​ជ្រៀត​ពី​សំណាក់​បរទេស​នោះ​ឡើយ ប៉ុន្តែ​វា​អាស្រ័យ​លើ​មេដឹកនាំ​ខ្លួនឯង​ទៅវិញ​ទេ។

យុវជន​ដែល​តែង​ឈឺឆ្អាល​បញ្ហា​សង្គម និង​ធនធានធម្មជាតិ គឺ កញ្ញា តូច ស្រីនិច លើកឡើង​ថា ច្បាប់​ដែល​បង្កើត​ឡើង​ក្រោម​ហេតុផល​នយោបាយ ឬ​បម្រើ​បក្ខពួក មិន​បម្រើ​ប្រយោជន៍​សាធារណៈ​ឡើយ​។ កញ្ញា​យល់​ថា ពេល​នេះ​រដ្ឋាភិបាល​គួរ​ទម្លាក់​ការចោទប្រកាន់​និង​ដោះលែង​ក្រុម​យុវជន​ដែល​កំពុង​ជាប់ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​មាតុភូមិ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​៖ «សម្រាប់​ខ្ញុំ​វិញ​ចង់​ឱ្យ​មាន​អ្នកចេះ​ច្រើន​យល់ដឹង​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​ឱ្យ​មាន​ការ​យល់ដឹង ការ​ហាមឃាត់​ការ​រាំងស្ទះ​វា​អត់​ល្អ​ទេ ខ្ញុំ​គិតថា​យើង​ជា​សញ្ជាតិ​តែមួយ​លុះត្រាតែ​យើង​បញ្ហា​ខ្លួន​ឯង​ថា យើង​មិន​កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ»

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ ប្រញាប់ប្រញាល់​បែប​នេះ ហាក់​បង្ហាញ​រូបភាព​ផ្ចាញ់ផ្ចាល​និង​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​បន្ថែម​ទៀត​។ លោក​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​យក​ច្បាប់​ធ្វើជា​ល្បែង​នយោបាយ​ដើម្បី​ប្រយោជន៍​ក្រុម​ម្ខាង ហើយ​កម្ចាត់​ក្រុម​ម្ខាង​ទៀត​៖ «អ្នកមាន​សញ្ជាតិ​មួយ​សញ្ជាតិ​ពីរ​មិន​ប្រាកដ​ថា អ្នកស្នេហាជាតិ​ជាង​អ្នកណា​ទេ សំខាន់​ឧទាហរណ៍​សព្វថ្ងៃ​យើង​ធានា​បាន​អត់​បង្កើត​ច្បាប់​សញ្ជាតិ​តែមួយ​នេះ​យើង​អាច​ដោះស្រាយ​បញ្ហា​ព្រៃឈើ​ដូច​ខ្ញុំ​ធ្វើ​កិច្ចការ​ងារ​លើ​ព្រៃឈើ រឿង​ការពារ​សិទ្ធិមនុស្ស​អី​ផ្សេងៗ តើ​អាច​ធានា​បានទេ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូលរួម​បញ្ចេញ​មតិយោបល់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ឱ្យ​ប្រសើរ​នៅក្នុង​សេចក្តី​ថ្លៃថ្នូរ»

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា ស្មារតី​នៃ​ច្បាប់​ជា​សេចក្ដី​សម្ដែង​ឆន្ទៈ​ប្រជាជាតិ​ទាំងមូល ហើយ​ច្បាប់​ដែល​ល្អ និង​មាន​ប្រយោជន៍​ចំពោះ​ជាតិ និង​ពលរដ្ឋ មិនអាច​កើត​ចេញ​ពី​ការ​ខឹង​សំបារ ឬ​ទោសៈ នៃ​អ្នក​ធ្វើ​ច្បាប់​នោះ​ទេ​។ ដូច្នេះ​ការបង្កើត​ច្បាប់​ដែល​ចេញពី​កំហឹង​របស់​លោក ហ៊ុន សែន ពេល​នេះ គ្រាន់តែ​ជា​បង្ហាញថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​មាន​អំណាច​ប្រមូលផ្ដុំ​អាច​ធ្វើ​អ្វី​តាមចិត្ត​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល