យុវជនមួយចំនួនមិនគាំទ្ររបបលោក ហ៊ុន សែន ចំពោះការកែរដ្ឋធម្មនុញ្ញដោយបន្ថែមច្បាប់កំណត់មេដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយនោះទេ។ ពួកគេអះអាងថា កាលៈទេសៈនេះមិនចាំបាច់ឡើយ ប៉ុន្តែរដ្ឋាភិបាលគួរងាកទៅដោះស្រាយបញ្ហានយោបាយ និងគោរពសិទ្ធិមនុស្ស ទើបប្រសើរជាង។
ក្រុមយុវជនព្រួយបារម្ភថា ការកែរដ្ឋធម្មនុញ្ញដោយបន្ថែមច្បាប់កំណត់មេដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយ ពីសំណាក់របបលោក ហ៊ុន សែន ក្រោមស្ថានភាពតានតឹងផ្នែកនយោបាយនិងសង្គមបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃច្បាប់កំពូលមួយនេះ ដែលកើតចេញពីស្មារតីរួបរួម ឯកភាពជាតិពីគ្រប់ភាគី។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ថ្លែងថា ការសម្រេចរបស់រដ្ឋាភិបាលហាក់បង្ហាញពីកំហឹងដោយកេងចំណេញប្រយោជន៍នយោបាយនិងបន្សាបសំឡេងគណបក្សប្រឆាំង។ យុវជនរូបនេះបញ្ជាក់ថា លោកមិនគាំទ្រការកែប្រែច្បាប់កំពូលស្របពេលកម្ពុជាកំពុងជួបវិបត្តិនយោបាយ សេដ្ឋកិច្ច សង្គម ហើយរងការរិះគន់ពីសហគមន៍អន្តរជាតិបែបនេះទេ ។ លោកថាស្ថានភាពនេះរដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះការផ្សះផ្សាជាតិ និងបង្រួបបង្រួមរវាងអ្នកនយោបាយខ្មែរ ដើម្បីស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងស្វែងរកផលប្រយោជន៍ជាតិ ។ លោកយល់ឃើញទៀតថា ការកែប្រែច្បាប់នេះអាចបង្ហាញអំពីការបែកបាក់ជាតិ ព្រោះកម្ពុជាត្រូវការធនធានមនុស្សពីក្រៅប្រទេសចូលរួមអភិវឌ្ឍន៍ជាពិសេសយុវជនដែលមានបំណងចង់ក្លាយជាមេដឹកនាំ៖ «ទីមួយប្រមុខរដ្ឋាភិបាលចង់បញ្ជាក់ថា រដ្ឋាភិបាលមានសញ្ជាតិតែមួយតែពេលច្បាប់នេះចេញមក ទីពីរការបង្កើតច្បាប់នេះឡើងគឺដើម្បីបន្សាបសំឡេងប្រឆាំងពិសេសសកម្មជនគណបក្សសង្គ្រោះជាតិដែលមេដឹកនាំគណបក្សភាគច្រើនគឺមានសញ្ជាតិពីរ អ៊ីចឹងនេះជាយុទ្ធសាស្ត្រនយោបាយមួយដែលគណបក្សប្រជាជនប្រើដើម្បីឱ្យគណបក្សប្រឆាំងហ្នឹងគឺបន្សាបសំឡេង»។
ស្រដៀងគ្នានេះដែរ យុវជនគណបក្សសង្គ្រោះជាតិ លោក សេង ម៉េងប៊ុនរ៉ុង លើកឡើងថា របបក្រុងភ្នំពេញ កែប្រែច្បាប់កំណត់មេដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយនេះ មានបង្កប់ដោយចរិតនយោបាយ និងបម្រើផលប្រយោជន៍បុគ្គលជាធំ។ លោកមើលឃើញថា ច្បាប់នេះមិនផ្តល់ផលប្រយោជន៍ពលរដ្ឋនិងសង្គមឡើយ ប៉ុន្តែវាជាឧបករណ៍នយោបាយការពារអំណាចរបស់លោក ហ៊ុន សែន ទៅវិញទេ៖ «នៅពេលដែលខ្ញុំឃើញច្បាប់ដែលគាត់បង្កើតឡើងនៅពេលសភារបបឯកបក្សច្បាប់ហ្នឹងវាអត់បានបម្រើផលប្រយោជន៍ជាតិអ៊ីចឹង វាធ្វើឱ្យជាតិយើងកាន់តែបែកបាក់ធ្ងន់ធ្ងរ សំណូមពរឱ្យរបបលោក ហ៊ុន សែន ពេលដែលគាត់ធ្វើអីឱ្យគាត់គិតផលប្រយោជន៍ជាតិជាធំ លោក ហ៊ុន សែន ផ្ទាល់ហ្នឹងគឺគាត់យករឿងបុគ្គលជាធំមែនទែន ទាំងគាត់ជាមេដឹកនាំកំពូលមួយរូបដែរ គាត់អត់ដែលយកបញ្ហាជាតិខ្វល់ខ្វាយក្នុងការគិតគូរ គាត់តែងតែខឹងបុគ្គលគាត់បង្កើតច្បាប់លក្ខណៈជាបុគ្គល»។
ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី៨ ខែតុលាថា គោលបំណង និងមូលហេតុដែលលោករៀបចំវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបន្ថែមច្បាប់កំណត់មេដឹកនាំកំពូលមានសញ្ជាតិខ្មែរតែមួយពេលនេះ គឺដើម្បីផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជា ដោយបញ្ចៀសការជ្រៀតជ្រែកពីបរទេស និងបង្ហាញពីភាពស្មោះត្រង់ចំពោះជាតិ៖ «ខ្ញុំបង្ហោះនៅក្នុងហ្វេសប៊ុកតើ លេងកុំខឹង ខឹងកុំលេង ព្រោះទ្វារបានបិទជារៀងរហូតហើយ សម្រាប់អ្នកដែលមានសញ្ជាតិពីរ ហើយប៉ុនប៉ងស្វែងរកតំណែងកំពូលទាំងបីពិសេសតំណែងនាយករដ្ឋមន្ត្រី ត្រូវបានបិទជាស្ថាពរដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ លោកឯងរង់ចាំជាតិក្រោយអ្នកឯងក៏មិនអាចរកពីរភាគបីបានដែរ»។
ក្រោយពេលលោក ហ៊ុន សែន ប្រកាសកែប្រែរដ្ឋធម្មនុញ្ញយ៉ាងតក់ក្រហល់នេះ ក្រសួងស្ថាប័នជាច្រើន ទាំងរដ្ឋ និងឯកជន បានចេញញត្តិបន្ទរសំឡេងតាមគ្នាព្រោងព្រាត ទាំងសេចក្តីព្រាងច្បាប់នេះមិនបានឆ្លងកាត់ការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធផង។
ទោះជាយ៉ាងណា ក្រុមយុវជនលើកឡើងថា ពួកគេមិនគាំទ្រសេចក្តីព្រាងច្បាប់ក្រោមរូបភាពនយោបាយទេ។ ពួកគេអះអាងថា សញ្ជាតិមួយឬពីរមិនមែនជាកត្តាកំណត់ភាពស្មោះត្រង់និងការពារផលប្រយោជន៍ជាតិ ឬជៀសផុតពីការជ្រៀតជ្រៀតពីសំណាក់បរទេសនោះឡើយ ប៉ុន្តែវាអាស្រ័យលើមេដឹកនាំខ្លួនឯងទៅវិញទេ។
យុវជនដែលតែងឈឺឆ្អាលបញ្ហាសង្គម និងធនធានធម្មជាតិ គឺ កញ្ញា តូច ស្រីនិច លើកឡើងថា ច្បាប់ដែលបង្កើតឡើងក្រោមហេតុផលនយោបាយ ឬបម្រើបក្ខពួក មិនបម្រើប្រយោជន៍សាធារណៈឡើយ។ កញ្ញាយល់ថា ពេលនេះរដ្ឋាភិបាលគួរទម្លាក់ការចោទប្រកាន់និងដោះលែងក្រុមយុវជនដែលកំពុងជាប់ពន្ធនាគារឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញភាពស្មោះត្រង់ចំពោះមាតុភូមិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៖ «សម្រាប់ខ្ញុំវិញចង់ឱ្យមានអ្នកចេះច្រើនយល់ដឹងច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យមានការយល់ដឹង ការហាមឃាត់ការរាំងស្ទះវាអត់ល្អទេ ខ្ញុំគិតថាយើងជាសញ្ជាតិតែមួយលុះត្រាតែយើងបញ្ហាខ្លួនឯងថា យើងមិនកេងប្រវ័ញ្ចសម្បត្តិជាតិ»។
ស្រដៀងគ្នានេះដែរ មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា ការកែប្រែរដ្ឋធម្មនុញ្ញដោយ ប្រញាប់ប្រញាល់បែបនេះ ហាក់បង្ហាញរូបភាពផ្ចាញ់ផ្ចាលនិងកេងចំណេញផលប្រយោជន៍នយោបាយ ដែលបញ្ហានេះអាចធ្វើឱ្យបែកបាក់ជាតិបន្ថែមទៀត។ លោកទទូចដល់រដ្ឋាភិបាលឱ្យពិចារណាឡើងវិញចំពោះការយកច្បាប់ធ្វើជាល្បែងនយោបាយដើម្បីប្រយោជន៍ក្រុមម្ខាង ហើយកម្ចាត់ក្រុមម្ខាងទៀត៖ «អ្នកមានសញ្ជាតិមួយសញ្ជាតិពីរមិនប្រាកដថា អ្នកស្នេហាជាតិជាងអ្នកណាទេ សំខាន់ឧទាហរណ៍សព្វថ្ងៃយើងធានាបានអត់បង្កើតច្បាប់សញ្ជាតិតែមួយនេះយើងអាចដោះស្រាយបញ្ហាព្រៃឈើដូចខ្ញុំធ្វើកិច្ចការងារលើព្រៃឈើ រឿងការពារសិទ្ធិមនុស្សអីផ្សេងៗ តើអាចធានាបានទេប្រជាពលរដ្ឋខ្មែរអាចចូលរួមបញ្ចេញមតិយោបល់នៅក្នុងសង្គមប្រជាធិបតេយ្យឱ្យប្រសើរនៅក្នុងសេចក្តីថ្លៃថ្នូរ»។
អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ស្មារតីនៃច្បាប់ជាសេចក្ដីសម្ដែងឆន្ទៈប្រជាជាតិទាំងមូល ហើយច្បាប់ដែលល្អ និងមានប្រយោជន៍ចំពោះជាតិ និងពលរដ្ឋ មិនអាចកើតចេញពីការខឹងសំបារ ឬទោសៈ នៃអ្នកធ្វើច្បាប់នោះទេ។ ដូច្នេះការបង្កើតច្បាប់ដែលចេញពីកំហឹងរបស់លោក ហ៊ុន សែន ពេលនេះ គ្រាន់តែជាបង្ហាញថា លោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការ ដែលមានអំណាចប្រមូលផ្ដុំអាចធ្វើអ្វីតាមចិត្តរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។