ក្រុមយុវជនដែលតាមដានស្ថានការណ៍កម្ពុជា យល់ឃើញស្របគ្នាថា មានតែការស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ ទើបរបបក្រុងភ្នំពេញអាចសម្រួលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាន។ ការលើកឡើងរបស់យុវជននេះ គឺនៅបន្ទាប់ពីប្រធានាធិបតីអាមេរិកទើបតែបានយល់ព្រមតែងតាំង លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។
អ្នកសិក្សាស្រាវជ្រាវ និងយុវជនមួយចំនួនថ្លែងថា វត្តមានរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នឹងមិនគ្រប់គ្រាន់សម្រាប់ការស្ដារទំនាក់ទំនងល្អក់កកររវាងកម្ពុជា និងអាមេរិកឡើយ ដរាបណារបបក្រុងភ្នំពេញមិនព្រមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទេនោះ។
អនុប្រធានបណ្ដាញយុវជនកម្ពុជា និងជាអ្នកសិក្សាផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី ទទួលស្គាល់ថា ឯកអគ្គរដ្ឋទូតថ្មី លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) មានជំនាញការទូតច្បាស់លាស់ និងមានបទពិសោធន៍ការងារច្រើន។ លោករំពឹងថា វត្តមានរបស់តំណាងរដ្ឋាភិបាលអាមេរិករូបនេះ នឹងជួយធ្វើឱ្យទំនាក់កម្ពុជា-អាមេរិក ផ្លាស់ប្ដូរទៅរកភាពប្រសើរឡើងវិញបានខ្លះ។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ លោកថា រដ្ឋាភិបាលកម្ពុជាត្រូវបង្ហាញថា ខ្លួនពិតជាមានបំណងស្ដារស្ថានការណ៍ស្រុកទេសមែន បើពុំដូច្នេះទេទំនាក់ទំនងប្រទេសទាំងពីរនឹងមិនល្អប្រសើរដូចការរំពឹងទុកនោះឡើយ៖ «ប្រសិនបើស្ថានភាពដូចរាល់ថ្ងៃ ហើយរាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅទេ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាន លំហនៃការចូលរួមរបស់ប្រជាពលរដ្ឋ ហើយនិងបើកឱ្យចំហឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងដំណើរការបោះឆ្នោតបែបប្រជាធិបតេយ្យទេ ខ្ញុំគិតថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជានៅតែដូចសព្វថ្ងៃ»។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាឱ្យដឹងនៅថ្ងៃទី១៥ សីហា ថា លោក ប៉ាទ្រីក ម័រហ្វី នឹងមកបំពេញការងារជាឯកអគ្គរដ្ឋទូតថ្មីនៅភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការអនុម័តពីព្រឹទ្ធសភា និងយល់ព្រមតែងតាំងពីប្រធានាធិបតីអាមេរិក។
លោក ប៉ាទ្រីក ម័រហ្វី គឺជាអ្នកមានជំហរដាក់ទណ្ឌកម្មបន្ថែមលើក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ដើម្បីដាក់សម្ពាធឱ្យពួកគេស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ លោកបានថ្លែងនៅចំពោះមុខព្រឹទ្ធសភាអាមេរិកថា លោកនឹងប្រឹងប្រែងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។ លោកក៏បានប្ដេជ្ញាថា នឹងតស៊ូមតិឱ្យមានការផ្សះផ្សារវាងគណបក្សកាន់អំណាច និងបក្សប្រឆាំងផងដែរ។
មន្ត្រីនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន បានបង្ហាញសុទ្ធិដ្ឋិនិយមខ្ពស់ថា ប្រមុខការទូតថ្មីរបស់អាមេរិកប្រចាំនៅក្រុងភ្នំពេញនេះ នឹងអាចបញ្ចប់ភាពល្អក់កករការទូតរវាងកម្ពុជា និងអាមេរិក ដោយសារលោកមានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ។ លោករំពឹងទៀតថា ឯកអគ្គរដ្ឋទូតរូបនេះនឹងបំពេញការងារតាមក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកការទូត។
ទោះជាយ៉ាងណា ក្នុងដំណាក់កាលដែលលោកមិនទាន់បានចូលកាន់តំណែងនេះ មន្ត្រីរបបលោក ហ៊ុន សែន ម្នាក់ទៀត បានបញ្ចេញវោហារសាស្ត្រមាក់ងាយមន្ត្រីស្ថានទូតអាមេរិកនៅភ្នំពេញដោយឥតសំចៃមាត់ នៅពេលស្ថានទូតលើកឡើងពីកង្វល់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស និងបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
ប្រធានក្រុមអ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានប្រមាថមន្ត្រីទូតអាមេរិកថា ជាមនុស្សព្រៃ គ្មានតម្លៃនឹងធ្វើការជាមួយ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសាររិះគន់ការបោះឆ្នោតឆ្នាំ២០១៨ ថា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងមិនតំណាងឱ្យឆន្ទៈខ្មែរ។ លោកថែមទាំងបានជំរុញឱ្យមន្ត្រីទូតអាមេរិក វេចបង្វេចចាកចេញពីកម្ពុជាទៀតផង បើមិនពេញចិត្តនឹងស្ថានការណ៍នៅកម្ពុជា៖ «យើងពិបាកនឹងធ្វើការជាមួយនឹងមន្ត្រីរម៉ិករម៉ក់! មាក់ងាយប៉ុណ្ណឹងចុះ! ពីព្រោះពួកគេជាមនុស្សព្រៃសម្រាប់ការញុះញង់។ ទុកឱ្យពួកព្រៃគេប្រើប្រាស់វេទិកាសាធារណៈ។ ដូច្នេះអាចបង្ហាញថា ពួកព្រៃ និងពួកយើងនីតិរដ្ឋស៊ីវិល័យដូចយើងត្រូវនិយាយយ៉ាងម៉េច»។
យុវជនដែលបានតាមដានរឿងនេះ ថ្កោលទោសការលើកឡើងរបស់មន្ត្រីរបបលោក ហ៊ុន សែន ពីព្រោះពួកគេយល់ថា នេះជាសម្តីអសីលធម៌ មាក់ងាយ និងមានចរិតរើសអើង ដែលមិនគួរនិយាយទាល់តែសោះ។
សកម្មជនសង្គម លោក ហេង គីមហុង ជឿជាក់ថា ការបង្ហោះសារ ឬចេញសេចក្តីថ្លែងការណ៍ណាមួយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ ទោះជាក្នុងករណីគ្មានវត្តមានឯកអគ្គរដ្ឋទូតក៏ដោយ គឺនៅតែជាជំហររបស់រដ្ឋាភិបាលអាមេរិក មិនមែនធ្វើតាមអំពើចិត្តរបស់មន្ត្រីទូតណាម្នាក់នោះឡើយ។ លោកយល់ថា ក្នុងនាមជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងជាប្រទេសគំរូប្រជាធិបតេយ្យ សហរដ្ឋអាមេរិកមានសិទ្ធិដាស់តឿនរដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របទៅតាមអ្វីដែលកម្ពុជាធ្លាប់បានសន្យាជាមួយសហគមន៍ជាតិ និងអន្តរជាតិ៖ «គ្រាន់តែមិនមានមន្ត្រីការទូតជាន់ខ្ពស់ ប៉ុន្តែមន្រ្តីបុគ្គលិកការទូតផ្សេងៗ សុទ្ធតែជួសមុខឱ្យរដ្ឋាភិបាលរបស់ខ្លួនបាន។ ទំនាក់ទំនងការបរទេសមួយ គ្មានអ្នកណាគេទៅធ្វើតាមទំនើងចិត្តនោះទេ គឺសុទ្ធសឹងតែមានបែបបទការងារ ហើយជាពិសេសប្រទេសមហាអំណាចដូចសហរដ្ឋអាមេរិកនោះ ខ្ញុំជឿថាមិនបណ្តែតបណ្តោយឱ្យមន្ត្រីការទូតរបស់ខ្លួនធ្វើតាមទំនើងចិត្ត ខុសពីគោលបំណងនៃរដ្ឋទេ»។
ចំណែក សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ អ្នកនាង លីម គីមស័រ វិញ យល់ថា ទំនងជាដោយសារមិនពេញចិត្តចំពោះអាមេរិកដែលតែងឈឺឆ្អាលអំពីបញ្ហាកម្ពុជា និងដោយសារមានជំហរលម្អៀងទៅរកប្រទេសចិនផង ទើបរបបដឹកនាំបច្ចុប្បន្នបញ្ចេញប្រតិកម្មមាក់ងាយមន្ត្រីស្ថានទូតអាមេរិកជ្រុលហួសហេតុបែបនេះ។ សកម្មជនរូបនេះ ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជានៅតែរំលោភសិទ្ធិមនុស្ស និងមិនអនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យទេ នោះទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនឹងមិនអាចល្អប្រសើរឡើយ ទោះជាឯកអគ្គរដ្ឋទូតថ្មីបំពេញការងារបានល្អក៏ដោយ៖ «ពេលដែលគាត់មក ខ្ញុំជឿថា គាត់ប្រាកដជាជំរុញទៀតហើយឱ្យប្រទេសខ្មែរយើងគោរពលទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងបើខ្មែរយើងនៅតែមិនគោរពលទ្ធិប្រជាធិបតេយ្យហ្នឹងទេ គឺគាត់នៅតែអត់អាចធ្វើការងារស្របគ្នាបាន គាត់អត់អាចធ្វើការចូលគ្នាបានទេ»។
សហរដ្ឋអាមេរិក គឺជាប្រទេសឈានមុខគេនៅក្នុងការទាមទារឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស លើកស្ទួយយុត្តិធម៌សង្គម និងលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា។ សហរដ្ឋអាមេរិក ក៏បានចេញមុខជាចំហទាមទារឱ្យរបបក្រុងភ្នំពេញ លើកស្ទួយស្ថានការណ៍ធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលកើតចេញពីការដឹកនាំតាមបែបផ្ដាច់ការរបស់ក្រុមលោក ហ៊ុន សែន ផងដែរ។ បច្ចុប្បន្ននេះ សមាជិកសភាសហរដ្ឋអាមេរិកកំពុងតែសស្រាក់សស្រាំបង្កើតច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ហើយ ហើយប្រសិនបើស្ថានការណ៍កម្ពុជានៅតែយ៉ាប់យ៉ឺនទៀតនោះ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញនឹងចៀសមិនផុតពីទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបដិសេធទិដ្ឋាការឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។